អតីត​អ្នក​នាំ​សារ​របស់​ ប៉ុល​ ពត ​បាន​ស្លាប់​ដោយ​ជំងឺ

លោក ភី ភួន (ស្តាំ) ​អតីត​កង​ការពារ​​របស់​ ប៉ុល ពត​ ជា​ជនជាតិ​ចារ៉ាយ និង​ជា​អតីត​អ្នក​នាំ​សារ​របស់​ អៀង សារី អតីត​រដ្ឋមន្ត្រី​ការ​បរទេស​​ខ្មែរ​ក្រហម តម្រង់​ជួរ​នៅ​ច្រក​ចូល​សាលាក្តី​ខ្មែរ​ក្រហម​នៅ​ជាយ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១១។

លោក ភី ភួន ​អតីត​កង​ការពាររបស់​ ប៉ុល ពត​ ជា​ជនជាតិ​ចារ៉ាយ ​បាន​ទទួល​មរណភាព​នៅព្រឹក​ព្រលឹម​ថ្ងៃ​អាទិត្យ​ដោយ​ជំងឺ​លើស​ឈាម។

​លោក​ រចឹម ទន់ ​ហៅ​ ភី ភួន ​បា​ន​ឡើង​សម្ពាធ​ឈាម​ខ្លាំង​នៅ​ព្រឹក​ព្រហាមហើយ​គាត់​បាន​ស្លាប់​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​ភ្លឺ​ក្នុង​អាយុ​៦៨​ឆ្នាំ​នៅ​ក្នុង​ភូមិ​ដូង ឃុំ​ម៉ាឡៃ ​ស្រុក​ម៉ាឡៃ ​ខេត្ត​បន្ទាយ​មាន​ជ័យ។

​លោក សួង ស៊ីគឿន ​អតីត​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​នៃ​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ខ្មែរ​ក្រហម​បាន​ឲ្យ​ដឹង​ថា​លោក ភី ភួន ​មាន​ជំងឺ​ទឹកនោម​ផ្អែម​និង​លើស​ឈាម​ជាប់​នឹង​ខ្លួន។

«ព្រឹកមិញ​ម៉ោង​១កន្លះ។​គឺ​ភ្លាមៗ​ដឹក​ទៅ​ពេទ្យ​មិន​ទាន់។​ គាត់​ឡើង​ឈាម​ដាច់​សរសៃ​ខួរ​ក្បាល​ហើយ​គាត់​មាន​ជំងឺ​ទឹក​នោម​ផ្អែម​និង​ជំងឺ​លើស​ឈាម»។

​លោក​ ភី ភួន ​ឬ រចឹម ទន់ ​ហៅ​ចៀម ​បាន​ចូល​ក្នុង​ចលនា​តស៊ូ​ជា​មួយ​ខ្មែរ​ក្រហម​នៅឆ្នាំ​១៩៦៣​នៅ​ក្នុង​ខេត្ត​រតន​គិរី​ដែល​ជា​ស្រុក​កំណើត​របស់​លោក។​ លោ​ក​គឺជា​អង្គរក្ស​ឬ​កងការពារ​របស់​ប៉ុល ពត​ មេ​ស្ថាបនិក​របប​ខ្មែរ​ក្រហម​ផង​និង​ជា​អ្នក​រត់​សំបុត្រ​ពី​ប៉ុល ពត​ទៅ​ឲ្យ​មេដឹក​នាំ​ខ្មែរ​ក្រហម​ដទៃ​ទៀត​ដូច​ជា​អៀង សារី ​សោ ភឹម ​និង​តា ម៉ុក​ ជា​ដើម។

តាម​គម្រោង​លោក​ត្រូវរៀបចំ​នឹង​ចេញ​ដំណើរ​ទៅ​ខេត្ត​រតនគិរីនៅ​ថ្ងៃ​អាទិត្យ​ទី​១២​ខែ​មេសាដើម្បី​ចូល​រួម​ពិធី​ចូល​ឆ្នាំ​ខ្មែរជា​មួយ​សាច់ញាតិ។

លោក​ ភី ភួន ​ធ្លាប់​ធ្វើ​ជា​ភ្នាក់ងារ​សម្រប​សម្រួល​មួយ​រូប​ដើម្បី​អូស​ទាញ​កង​ទ័ព​ខ្មែរក្រហម​ក្នុង​ខេត្ត​ចំនួន​ប្រាំបួន​ឲ្យ​ចុះ​ចូល​ជា​មួយ​រដ្ឋាភិបាលក្រោយ​ពី​អៀង សារី ​និង​លោក​អ៊ី ឈាន ​បាន​ចុះ​ចូល​ជា​មួយ​រដ្ឋាភិបាល​នៅ​ខេត្ត​ប៉ៃលិន​នៅ​ឆ្នាំ​១៩៩៦។

លោក​បាន​ក្លាយ​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ស្រុក​ម៉ាឡៃ​ហើយ​លោក​ធា្លប់​បាន​ចូល​ផ្តល់​សក្ខីកម្មក្នុង​ការ​កាត់​ទោស​ក្នុង​សំណុំរឿង​០០២កាល​ពី​ឆ្នាំ​២០១២។

លោកសួង ស៊ីគឿន ​សម្តែង​ការ​សោក​ស្តាយចំពោះ​អតីតអ្នក​តស៊ូក្នុង​ចលនា​ជាមួយ​គ្នា​នេះ។

«លោកស្តាយ​ណាស់​ពី​ព្រោះ​គាត់​ជា​តំណាង​ម្នាក់​របស់​អ្នក​តស៊ូ​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា​ប្រជា​ធិបតេយ្យ​ដែល​គេ​ហៅ​ធម្មតា​ថា​ជា​ខ្មែរក្រហម។​ទី​១​គាត់​ជា​ជន​ជាតិ​ចារ៉ាយដែល​ចាប់​តស៊ូ​ពេល​ដែល​លោក​ប៉ុល ពត​និង​លោក​អៀង សារី ចាប់​ផ្តើម​បដិវត្តន៍​នៅ​រតនគិរី គាត់​ចូល​តស៊ូ​ចាប់​ពី​ពេល​នោះ​មក។​ទី២ គាត់​ជា​យុទ្ធ​ជន​អង់​អាច​ក្លាហាន​ណាស់។​គាត់​មាន​ស្មារតី​ទទួល​ខុសត្រូវ​ហើយ​ឆ្លាត​បើ​ទោះ​ជា​គាត់​មិន​បាន​ចូល​សាលារៀន​ចេះ​ដឹង​ ប៉ុន្តែ​ឈ្លៀសវៃ​និង​មាន​ចិត្ត​ទូលាយ។​ម្យ៉ាង​វិញ​ទៀត​ខួរ​ក្បាល​គាត់​ចាំ​បាន​ល្អណាស់។​ កន្លែង​ណាដែល​គាត់​ទៅ​ ទាំង​ថ្ងៃខែ ​ទីកន្លែង​គាត់​ចាំ​បាន​ទាំង​អស់»។

​លោក​ឆាំង យុ​ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​គិតថា​ការ​ស្លាប់​របស់​លោក​ភី ភួន ​ជា​ការ​បាត់​បង់​សាក្សី​សំខាន់​ម្នាក់​ក្នុង​រឿង​រ៉ាវ​សម័យ​ខ្មែរ​ក្រហម។

«សាក្សី​សំខាន់ៗ​(ស្លាប់)​ទៅម្តង​មួយៗ​ហើយ​តុលាការ​ហាក់​ដូច​ជា​មិន​មាន​ល្បឿន​ស្មើ​នឹង​ការ​បាត់​បង់​របស់​សាក្សី។ នេះ​ជា​ការ​ព្រួយ​បារម្ភ​របស់​យើង។​យើង​បាន​សាក្សី​ល្អៗ​ដែរ​តែ​យើង​ចេះ​តែ​បណ្តោយ​ឲ្យ​បាត់​បង់​ហាក់​ដូច​ជា​យើង​មិន​លះ​បង់​ទៅ​នឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង»។

តាម​គម្រោង​សព​របស់​អតីត​កង​ការពារ​និង​ជា​អ្នក​នាំសារ​របស់​ប៉ុល ពត ​លោក​ភី ភួន ​នឹង​ត្រូវ​បូជា​ថ្ងៃ​ពុធ​ទី​១៥ ​ខែ​មេសា​ដោយ​រង់ចាំ​សាច់​ញាតិ​មក​ពី​ខេត្ត​រតនគិរី៕