ចាប់តាំងពីចាកចេញពីកងអវកាសយានិកនៅឆ្នាំ១៩៩៤មក លោកស្រីវេជ្ជបណ្ឌិត Mae Jemison បានជំរុញលើកកម្ពស់ការយល់ដឹងផ្នែកវិទ្យាសាស្រ្ត គឺការយល់ដឹងជាមូលដ្ឋានអំពីវិធីសាស្រ្តបែបវិទ្យាសាស្រ្ត ក៏ដូចជាការអនុវត្តវិធានវិទ្យាសាស្រ្ត។ លោកស្រីបដិសេធនឹងគំនិតដែលយល់ឃើញថា វិទ្យាសាស្រ្តគឺសម្រាប់តែអ្នកដែលមានទេពកោសល្យ ដោយអះអាងថាពិភពលោកត្រូវការមានការយល់ដឹងទូលំទូលាយអំពីវិទ្យាសាស្រ្ត ដើម្បីប្រឈមនឹងឧបសគ្គនានានៅខាងមុខ។
«អ្វីដែលយើងត្រូវស្វែងរកឲ្យឃើញនោះ គឺរបៀបដែលយើងអាចឲ្យមនុស្សម្នាចូលរួម របៀបដែលយើងអាចផ្តល់ជំនួយទៅពួកគេ និងរបៀបដែលយើងអាចប្រែក្លាយពួកគេឲ្យទទួលបាននូវទេពកោលស្យ ក៏ដូចជាសមត្ថភាពដ៏ប្រសើរបំផុតមួយ។»
លោកស្រីJemison គឺជាអ្នកទ្រទ្រង់ចំណេះដឹងផ្នែកវិទ្យាសាស្រ្តជាតិឲ្យក្រុមហ៊ុន Bayer Corporation ដែលបានបង្កើតកម្មវិធីសិក្សាមួយ តាមរយៈការគម្រោង ដែលត្រូវបានហៅថា «ធ្វើឲ្យវិទ្យាសាស្រ្តមានន័យ (Making Science Make Sense)» របស់ខ្លួន។
លោកស្រី Jemison បាននិយាយថា«ផ្នែកសំខាន់នៃការអប់រំផ្នែកវិទ្យាសាស្រ្តគឺការគិតពិចារណាយ៉ាងហ្មត់ចត់ និងជំនាញដោះស្រាយបញ្ហា។ ដួច្នេះហើយ យើងកំពុងតែធ្វើការលើផ្នែកនេះ។ យើងដាក់បញ្ចូលកម្មវិធីសិក្សាថ្មីប្លែកមួយដោយប្រើវិធីសាស្រ្តរបកគំហើញ ដែលបង្រៀនមនុស្សពីរបៀបកំណត់បញ្ហា របៀបស្វែងយល់ថាបញ្ហាទាំងនោះជាអ្វី ហើយបន្ទាប់មក របៀបដោះស្រាយបញ្ហាទាំងនោះ»។
គន្លឹះសំខាន់មួយនៃការរៀបចំកម្មវិធីសិក្សា គឺឲ្យគ្រូៗរៀនធ្វើជាអ្នកណែនាំជាជាងធ្វើជាអ្នកបង្រៀន។ ជាឧទាហរណ៍លោកស្រីJemison បានលើកឡើងនូវ កម្មវិធីមួយទៀតរបស់ក្រុមហ៊ុន Bayer ឈ្មោះថា ASSET ដែលបានឲ្យកូនសិស្សធ្វើការអនុវត្តផ្ទាល់ដៃជាមួយនឹងការពិសោធន៍ និងកិច្ចការផ្សេងៗ។
លោកស្រី Jemison បន្ថែមថា «កម្មវិធីនេះបង្រៀនក្មេងៗអំពីអគ្គីសនីតាមរយៈការដាក់តខ្សែភ្លើងក្នុងពិល។ វាបង្រៀនក្មេងអំពីសត្វល្អិត និងការប្រែរូបរាង ដោយឲ្យសិស្សចិញ្ចឹមសត្វមេអំបៅ។ កូនសិស្សដែលចូលរួមក្នុងកម្មវិធី ASSET មិនគ្រាន់តែទទួលបានពិន្ទុល្អផ្នែកវិទ្យាសាស្រ្តប៉ុណ្ណោះទេ ប៉ុន្តែពិន្ទុនៃការអានរបស់ពួកគេក៏កើនឡើងយ៉ាងប្រសើរផងដែរ»។
លោកស្រី Jemison ក៏ជាអ្នកដឹកនាំគម្រោងផ្តួចផ្តើមមិនរកប្រាក់ចំណេញមួយ ឈ្មោះថា «យានតារា១០០ឆ្នាំ» (100 Year Starship) ដែលលើកកម្ពស់គោលដៅរបស់មនុស្សក្នុងការធ្វើដំណើរទៅកាន់ប្រព័ន្ធព្រះអាទិត្យមួយទៀតនៅក្នុងរយៈពេល១០០ឆ្នាំក្រោយ។
លោកស្រីយល់ឃើញការផ្សងព្រេងដូចនេះជាជោគវាសនាមួយ។
«តើយើងស្នាក់នៅកន្លែងដដែលដែលយើងកំពុងនៅឬទេ? តើយើងសន្មតថា មនុស្សជាតិនឹងនៅលើភពផែនដីនេះជារៀងរហូត ឬក៏យើងគិតអំពីវិធីដែលយើងត្រូវធ្វើដំណើរទៅមុខ និងរីកចម្រើនលូតលាស់?»
លោកស្រី Jemison បានបញ្ជាក់ថាមួយចំនួននៃការងារដែលមានសារៈសំខាន់ជាច្រើនពាក់ព័ន្ធនឹងការធ្វើដំណើរក្នុងលំហអវកាសមានការទាក់ទងនឹងអ្នកបច្ចេកទេស និងអ្នកជំនាញ ដែលមិនត្រូវការសញ្ញាបត្រពីមហាវិទ្យាល័យ។ លោកស្រីយល់ថាសិស្សានុសិស្សជាច្រើននឹងទទួលបានអត្ថប្រយោជន៍ពីវគ្គបណ្តុះបណ្តាលបច្ចេកទេសរយៈពេលខ្លី។
លោកស្រីបានលើកឡើងពីភាពជោគជ័យនៃកម្មវិធីមួយនៅរដ្ឋកាលីហ្វ័រញ៉ា (Califiornia) ដែលបានដាក់កូនសិស្សដែលស្ទើរនឹងបោះបង់ការសិក្សានៅវិទ្យាល័យនៅក្នុងកម្មវិធីពិសេសមួយ ដែលរួមមាន ការហ្វឹកហាត់ការងារនៅក្នុងមន្ទីរពិសោធន៍ និងរោងចក្រនានា។
«មានសិស្សម្នាក់និយាយថា មានអ្វីម្យ៉ាងធ្វើឲ្យខ្លួនគេភ្ញាក់ខ្លួនយ៉ាងខ្លាំង។ នាងនិយាយថានៅពេលនាងចុះធ្វើកម្មសិក្សាហ្វឹកហាត់ការងារ នាងត្រូវយកផលិតផលមួយចំនួនដែលនាងកំពុងផលិត ពីកន្លែងមួយទៅកន្លែងមួយទៀត ហើយផលិតផលទាំងនោះត្រូវរក្សាទុកឲ្យត្រជាក់។ ពេលនោះធ្វើឲ្យខ្ញុំដឹងថា ចរន្តត្រជាក់មានពិតមែន ហើយខ្ញុំក៏ដឹងទៀតថា អ្នកគ្រប់គ្នាពិតជាពឹងអាស្រ័យលើខ្ញុំ ដែលត្រូវធ្វើការឲ្យត្រឹមត្រូវ។ វាបានក្រែប្រែជីវិតខ្ញុំយ៉ាងខ្លាំង»។
លោកស្រី Jemison បាននិយាយថា លោកស្រីជឿថា មនុស្សដូចសិស្សស្រីម្នាក់នេះអាចដើរតួយ៉ាងសំខាន់នៅពេលយើងជួបនឹងបញ្ហាផ្សេងៗ ដូចជា ការផ្លាស់ប្តូរអាកាសធាតុ និងរកមធ្យោបាយដើម្បីធ្វើដំណើរទៅឆ្ងាយហួសពីភពផែនដីទៅទៀត ហើយប្រហែលនៅថ្ងៃណាមួយ ទៅដល់ភពឆ្ងាយមួយដែលអាចរស់នៅបាន។
ប្រែសម្រួលដោយ៖ សើ សាយ្យាណា