លោក Mike Huckabee អតីតអភិបាលរដ្ឋ Arkansas កំពុងស្វះស្វែងឈរឈ្មោះលើកទី២ជាបេក្ខជនប្រធានាធិបតី។ លោក Huckabee បានចូលរួមប្រកួតប្រជែងជាផ្លូវការដើម្បីឲ្យបានទទួលការតែងតាំងខាងគណបក្សសាធារណរដ្ឋកាលពីថ្ងៃអង្គារដោយមានពិធីនៅទីក្រុង Hope ដែលជាទីក្រុងកំណើតរបស់លោក។
លោក Mike Huckabee បានចាប់ផ្តើមយុទ្ធនាការប្រកួតប្រជែងយកការតែងតាំងជាបេក្ខជនប្រធានាធិបតីជាលើកទី២របស់លោកដោយការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជាមួយជនជាតិអាមេរិកាំងវណ្ណៈកណ្តាលដែលមានការព្រួយបារម្ភអំពីការងាររបស់ខ្លួនហើយនឹងពួកអភិរក្សនិយមដែលមានការជំទាស់ប្រឆាំងដូចជាលោកដែរដល់ការពន្លូតកូនហើយនឹងការរៀបអាពាហ៍ពិពាហ៍រវាងមនុស្សស្រឡាញ់ភេទដូចគ្នា។
«ការដឹកនាំរបស់អាមេរិកក្នុងពិភពលោក កំពុងអស់ឥទ្ធិពលហើយប្រទេសនេះ មានការបែកបាក់កាន់តែខ្លាំងឡើងជាងពេលណាៗទាំងអស់នៅក្នុងជីវិតរបស់ខ្ញុំ។ យើងបានទទួលការសន្យាអំពីសេចក្តីសង្ឃឹម ក៏ប៉ុន្តែ បានត្រឹមតែនិយាយ។ហើយឥឡូវនេះ យើងចាំបាច់ធ្វើការផ្លាស់ប្តូរដែលប្រាកដអាចធ្វើឲ្យអាមេរិកទទួលបានសេចក្តីសង្ឃឹមកាន់តែច្រើនឡើង»។
ចំពោះគោលនយោបាយការបរទេស លោក Huckabee បានសន្យាធ្វើឲ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធឡើងជាមួយអ៊ីស្រាអែលហើយនឹងមានការឆ្លើយតបយ៉ាងខ្លាំងមួយរបស់សហរដ្ឋអាមេរិកដល់ការគំរាមកំហែងរបស់ពួកអ៊ីស្លាមជ្រុលនិយម។ លោក Huckabee បានមានប្រសាសន៍ទៀតថា ប្រសិនបើលោកជាប់ឆ្នោតលោកនឹងមិនគ្រាន់តែព្យាយាមខ្ទប់លទ្ធិជីហាដនិយមទេ ក៏ប៉ុន្តែ តាមពាក្យសម្តីរបស់លោក លោកបានសន្យាថាបង្ក្រាបវាទៀតផង។
«យើងនឹងចាត់ការពួកជីហាដដូចដែលយើងចាត់ការសត្វពស់មានពិសកំណាចដែរ។ គ្មានការសង្ស័យឡើយថា អ៊ីស្រាអែលនឹងដឹង ហើយពិភពលោកទាំងមូល ក៏ដឹងដែរថា យើងជាមិត្តភ័ក្រ្តដ៏ជិតស្និទ្ធរបស់អ៊ីស្រាអែល ហើយ Ayatollahs នៃប្រទេសអ៊ីរ៉ង់នឹងដឹងថា មេឃរលំភ្នំរលាយមុនពេលពួកគេមានអាវុធបរមាណូ»។
លោក Huckabee មានអាយុ៥៩ឆ្នាំហើយកាលពីពេលមុន បានឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនៅឆ្នាំ២០០៨។ លោកបានទទួលជ័យជម្នះនៅរដ្ឋ Iowa ដោយមានការជួយពីពួកអភិរក្សនិយមខាងសង្គមហើយនៅទីបញ្ចប់លោកបានឈ្នះការបោះឆ្នោតបឋមក្នុងរដ្ឋចំនួន៨។ ក៏ប៉ុន្តែ លោកបានអស់ប្រាក់ហើយបានបញ្ចប់ដោយស្ថិតនៅពីក្រោយលោក John McCain ដែលជាអ្នកបានទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីសម្រាប់គណបក្សសាធារណរដ្ឋ។
លោ Huckabeeជាអ្នករិះគន់ដ៏ខ្លាំងម្នាក់ដល់លោកស្រី Hillary Clinton បេក្ខជននាំមុខខាងគណបក្សប្រជាធិបតេយ្យ ក៏ប៉ុន្តែទាំងលោក Huckabee ហើយអតីតប្រធានាធិបតី Bill Clinton ដែលជាស្វាមីរបស់លោកស្រី Clinton បានធំដឹងក្តីនៅក្នុងទីក្រុង Hope រដ្ឋ Arkansasដូចគ្នា។
នៅក្នុងការឈរឈ្មោះលើកទី២របស់លោក លោក Huckabee ត្រូវគេរំពឹងថានឹងសង្កត់លើការប្រើប្រាស់ប្រាក់ពន្ធដារជាតិបូកនឹងបញ្ហាសង្គមដែលពួកអ្នកកាន់គ្រឹស្តសាសនានិកាយ Evangelicalនិយម ជាពិសេសការជំទាស់ប្រឆាំងរបស់លោកដល់ការពន្លូតទារកហើយនឹងការរៀបអាពាហ៍ពិពាហ៍រវាងមនុស្សស្រឡាញ់ភេទដូចគ្នា៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន