និស្សិតអន្តរជាតិ ដែលកំពុងសិក្សាក្នុងសហរដ្ឋអាមេរិក ដែលស្ថានភាពនៃការសិក្សា និងអន្តោប្រវេសន៍របស់ខ្លួន មានការផ្លាស់ប្តូរក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump នោះ បានលើកឡើងថា ពួកគេសង្ឃឹមថា ការស្នាក់នៅនិងការសិក្សារបស់គេក្នុងសហរដ្ឋអាមេរិក នឹងមានស្ថិរភាព ក្រោមការដឹកនាំរបស់ប្រធានាធិបតីជាប់ឆ្នោតថ្មីលោក Joe Biden ។
និស្សិតមួយរូបមកពីប្រទេសអ៊ុយក្រែនឈ្មោះ Roman Ivasiy (រ៉ូមែន អ៊ីវ៉ាស៊ី) ដែលកំពុងសិក្សាក្នុងសាកលវិទ្យាល័យ Georgia State និយាយថា ខ្ញុំជឿជាក់ថា និស្សិតអន្តរជាតិ នឹងមានស្ថិរភាពច្រើនក្នុងការសិក្សារបស់គេក្នុងសហរដ្ឋអាមេរិក ជាពិសេសក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩ នៅពេលដែលកម្មវិធីសិក្សារបស់គេភាគច្រើន បានធ្វើឡើងតាមប្រព័ន្ធអនឡាញវិញ។
ជំងឺរាតត្បាតកូវីដ១៩ បានធ្វើឲ្យសាលារៀន និងសាកលវិទ្យាល័យជាច្រើននៅទូទាំងសហរដ្ឋអាមេរិក ត្រូវបិទទ្វារ ចាប់តាំងពីខែមីនាមក ដោយធ្វើឲ្យប៉ះពាល់ដល់និស្សិតបរទេសដែលកំពុងសិក្សាក្នុងសហរដ្ឋអាមេរិក និងប្រឈមការបាត់បង់ទិដ្ឋាការសិក្សារបស់គេផងដែរ។
និស្សិតបរទេស កំពុងប្រឈមការផ្លាស់ប្តូរគោលការណ៍នៃទិដ្ឋាការសិក្សារបស់គេក្នុងឆ្នាំនេះ ក្រោមរដ្ឋបាលរបស់លោក Trump ដោយធ្វើឲ្យប៉ះពាល់ និងបង្កើតភាពមិនច្បាស់លាស់ដល់និស្សិតបរទេសរាប់លាននាក់ ដែលកំពុងសិក្សាក្នុងសហរដ្ឋអាមេរិក ថាតើគេអាចបន្តការសិក្សានៅទីនេះ ដោយគ្មានការអាក់ខានឬយ៉ាងណានោះ។
កាលពីខែកញ្ញា ក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក បានស្នើឲ្យមានគោលការណ៍ថ្មីមួយដោយដាក់កម្រិតរយៈពេលនៃប្រភេទទិដ្ឋាការ F ឬ J សម្រាប់និស្សិតបរទេស ឲ្យមានរយៈពេលតែ ៤ ឆ្នាំប៉ុណ្ណោះ ទោះបីជាកម្មវិធីសិក្សាជាច្រើនមានរយៈពេលវែងជាងនេះក៏ដោយ៕