ក្រុម​រដ្ឋមន្រ្តី​ការបរទេស​ជួប​ប្រជុំ​គ្នា​អំពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នៅ​ល្ងាច​ថ្ងៃ​កំណត់

ក្រុម​រដ្ឋ​មន្រ្តី​របស់​ប្រទេស​អ៊ីរ៉ង់​រង់​ចាំ​ការប្រជុំ​ជាមួយ​រដ្ឋមន្រ្តី​ក្រុម​ប្រទេស​មហា​អំនាច​ នៅ​ឯ​សណ្ឋាគារ Beau Rivage Palace ប្រទេស​ស្វីស​ កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី​៣០​ ខែ​មីនា​ ឆ្នាំ​២០១៥។​

រដ្ឋមន្រ្តី​ការបរទេស​នៃ​ប្រទេស​អ៊ីរ៉ង់​លោក​ Javad Zarif ​ ​កំពុង​ជួប​គ្នា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​នៅ​ក្នុង​ប្រទេស​ស្វីសជាមួយ​សមភាគី​មក​ពី​សហរដ្ឋ​អាមេរិក ​អង់​គ្លេស ​ចិន ​បារាំង​និង​ប្រទេស​អាល្លឺម៉ង់ ​នៅពេល​ដែល​ភាគីទាំង​២​ព្យាយាម​ធ្វើ​ទៅ​តាម​ពេល​កំណត់ ​ដើម្បី​ព្រម​ព្រៀងគ្នា​ដល់​គម្រោង​នៃ​កិច្ច​ព្រម​ព្រៀង​ដែល​បាន​ស្វះស្វែង​ជា​យូរ​យា​ណាស់​មក​ហើយលើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។

នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ ​ក្រុម​អ្នក​ការទូត​ចង់​បាន​គម្រោង​មួយ​ដែល​នឹង​ធានា​ថា ​ប្រទេសអ៊ី​រ៉ង់​មិន​ស្វែង​រក​អាវុធ​នុយក្លេអ៊ែរ​ នៅ​ក្នុង​ការ​ដោះ​ដូរ​ចំពោះ​ការ​លប់​ចោល​ការ​ដាក់​ទណ្ឌកម្ម​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេ​ស​នោះ។ កំណែ​នៃ​កិច្ចព្រម​ព្រៀង​ថ្មី​ចុង​ក្រោយ​នឹង​មាន​កំណត់​ពេល​បញ្ចប់​នៅ​ចុងខែមិថុនា។

មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​គ្មាន​ការ​សម្រេច​នៅ​ឡើយ​ទេ​ថា​ តើឧបករណ៍​សម្រិត​សម្រាំង​ស្តុក​ទុក​ដែល​មាន​ស្រាប់​ចំនួន​ប៉ុន្មាន​របស់​អ៊ីរ៉ង់​នឹង​ត្រូវ​បោះ​បង់​ចោល ​បន្ទាប់​ពី​សេចក្តី​រាយការណ៍​ថា ​អ៊ីរ៉ង់​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការបញ្ចូន​ឧបករណ៍​នោះ​ទៅ​បរទេស។

មន្រ្តី​រូប​នោះ​បាន​និយាយ​ទៀត​ថា ​ការដឹក​ជញ្ជូន​សំភារៈ​ស្តុក​ទុក​ជា​ជម្រើសមួយ​ដែល​អាច​ធ្វើ​ទៅ​បាន ដែល​ភាគី​ទាំង​២​បាន​ពិភាក្សា​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ។

លោក Abbas Araqchi ​ប្រធាន​ចរចា​នុយក្លេអ៊ែរ​របស់​អ៊ី​រ៉ង់​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ការ​បញ្ជូន​ឧបករណ៍​ទៅ​កាន់​ប្រទេស​មួយ​ទៀត​មិនមែន​ជា​ជម្រើស​ទេ៕