អ្នក​វិយោគ​ទុន​បរទេស​មាន​ទំនុក​ចិត្ត​នៅ​ក្នុងការ​បង្ក្រាប​​អំពើ​ពុករលួយ​ក្នុង​ប្រ ទេស​វៀត​ណាម

  • Ralph Jennings

លោក Nguyen Xuan Son អតីត​នាយក​ក្រុមហ៊ុន PetroVietnam​ ចាកចេញ​ពី​តុលាការ បន្ទាប់​ពី​ស្តាប់​សាលក្រម​នៅ​ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧។

អ្នក​វិនិយោគទុន​បរទេស​ក្នុង​ប្រទេស​វៀត​ណាម ​នឹង​ស្វាគមន៍​ការ​ធ្វើ​ពាណិជ្ជកម្ម​​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ​និងភាពអាច​ទស្សន៍ទាយ​បាន​កាន់​តែ​ខ្លាំង​ឡើង​នៅពេល​ដែល​រដ្ឋាភិបាល​ចាត់​វិធានការណ៍​ប្រឆាំង​នឹង​ប្រធាន​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​ចំនួន​ដោយសារ​បញ្ហា​ពុករលួយ ​នេះតាម​ការ​បញ្ជាក់​របស់​ពួក​អ្នក​វិភាគ។

ក្រុមហ៊ុន​បរទេស​ខ្លះ​ប្រហែល​ពិនិត្យ​មើល​ឡើង​វិញ​នូវ​បញ្ជីក្រុមហ៊ុន​របស់​ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា ​មានគណនេយ្យ​ត្រឹមត្រូវ​នៅពេល​ដែល​ពួករដ្ឋអាជ្ញា​ស៊ើប​អង្កេតនាយក​ប្រតិបត្តិ​ក្នុង​ក្រុមហ៊ុន​វៀតណាម​លើ​បទ​សង្ស័យ​ពុករលួយ។ពួកសេដ្ឋវិទូ​ទស្សន៍ទាយថា ក្រុមហ៊ុន​បរទេស​ជា​ច្រើន​នឹង​សរសើរ​ការ​បង្ក្រាប​នេះ​ថា ជា​ជំហាន​ឆ្ពោះ​ទៅ​កាន់​តម្លាភាព ​ភាព​ត្រឹម​ត្រូវក្នុងការ​ធ្វើ​ពាណិជ្ជកម្ម​ហើយ​នឹង​ភាពប្រសើរ​ឡើងក្នុងការ​ធ្វើ​ជាដៃគូ​ជា​មួយ​ក្រុម​ហ៊ុន​ក្នុង​ស្រុក។

​លោក Song Seng Wun ជា​សេដ្ឋ​វិទូ​នៅ​អង្គភាព​ធនាគារឯកជន CIMB ក្នុង​ប្រទេស​សិង្ហបុរី​បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា រហូត​មក​ទល់​ពេល​នេះ​ការ​បោស​សម្អាត​អំពើ​ពុករលួយ​ហាក់​ដូចជា​ទទួលបាន​ការ​សាទរ​យ៉ាង​ខ្លាំង។ យ៉ាងហោច​ណាស់​ក៏​មាន​ការប្រឹង​ប្រែងបោសស​ម្អាត​អំពើ​ពុករលួយ​ហើយ​និង​មាន​តម្លាភាព​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុងការ​ធ្វើ​ពាណិជ្ជកម្ម​ដែល​ជា​វិធី​មួយ​ធ្វើ​ឲ្យ​ប្រាកដ​ថា​មាន​ការ​ចម្រើន​ទៅ​មុខ​ខ្លាំង​ឡើង​ដែរ‍»។

​ទំនុក​ចិត្ត​បាន​កើន​ឡើង​ក្នុង​ចំណោម​ពួកអ្នក​វិនិយោគទុន​រោងចក្រ​បរទេស​ដែល​ចូលចិត្ត​ប្រទេស​វៀតណាម​ចំពោះ​ដី​ធ្លី និងពលកម្មមាន​តម្លៃ​ថោកនោះ ​នឹងជួយ​លើក​ទឹក​ចិត្ត​សេដ្ឋ​កិច្ចទាំង​មូល​របស់​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នេះ។

ការវិនិយោគទុន​បរទេស​ជា​គ្រឹះ​សម្រាប់​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) ​ចំនួន​២០២​ពាន់​លាន​ដុល្លារ​របស់​វៀត​ណាម​ដែល​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ​រំពឹង​ថា ​នឹង​រីក​ចម្រើន​៦,៥ ភាគ​រយ​នៅ​ឆ្នាំ​នេះ។

ការ​កាត់​ទោស​មន្ត្រី​ពុករលួយ​ជាន់​ខ្ពស់បាន​ធ្វើ​ឡើងភាគ​ច្រើន​នៅ​វៀត​ណាមកាល​ពី​ឆ្នាំ​២០១៧​នៅពេល​ដែលប្រជា​ពលរដ្ឋ​បាន​ត្អូញត្អែរលាន់​ឮ​កងរំពង​អំពី​ការ​រំលោភ​នានាចាប់​តាំង​ពីការ​ទទួល​សំណូក​របស់​ប៉ូលិស​ចរាចរណ៍​ដល់​កិច្ច​ព្រម​ព្រៀង​ប្រើ​ដីធ្លី​ខុស​ច្បាប់។

​តាមបណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ VnExpress International ​បាន​ប្រាប់​ឲ្យ​ដឹងថា កាលពី​ខែ​កញ្ញា​ឆ្នាំ​ទៅ ​តុលាការមួយ​ក្នុងទី​ក្រុងហាណូយ​បាន​កាត់​ទោស​ប្រហារ​ជីវិត​អតីត​ប្រធាន​ក្រុម​ហ៊ុន​ឧស្ម័ន​ និង​ប្រេង​គឺ​ក្រុមហ៊ុន PetroVietnam ដែល​កាន់​កាប់​ដោយ​រដ្ឋ​និង​បានកាត់ទោស​មន្ត្រី​ម្នាក់​មកពី​ធនាគារ OceanBank ដែល​មាន​ទីតាំង​ក្នុង​ប្រទេស​វៀត​ណាមឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ចំពោះ «តួនាទី​នៅ​ក្នុង​រឿងក្តី​ពុករលួយ​ដែលមាន​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​ដែលបាន​ធ្វើ​ឲ្យ​ប្រទេស​ជាប់​គាំង‍»។

បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក Nguyen Xuan Son ​ដែល​បាន​បម្រើ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​នាយក​បាន​ទទួល​ទោស​ប្រហារ​ជី​វិត​ចំពោះ​ការ​ប្រើ​ប្រាស់ប្រាក់​មិន​ត្រឹមត្រូវ​ចំនួន​១៣​លាន​៦សែន​ដុល្លារ​មកពី​ធនាគារ។

​នៅ​ខែ​នេះ ​លោក Dinh La Thang ​អតីត​សមាជិក​ការិយាល័យ​របស់​គណបក្ស​កុម្មុយនិស្ត​ដែល​ជា​គណបក្ស​កាន់​អំណាច​បាន​ឡើង​តុលាការ​ជាមួយ​មន្ត្រី​២១​នាក់ផ្សេងទៀត​មក​ពី​ក្រុម​ហ៊ុន PetroVietnam និង​សាខា​របស់​ក្រុមហ៊ុន​ប្រេង​នោះ។ លោក​បាន​រងការ​ចោទ​ប្រកាន់​ពីការ​ធ្វើ​ឲ្យ​ខាត​បង់​ប្រាក់​ប្រហែល​៣៥​លាន​ដុល្លារ។

លោក Trinh Xuan Thanh អតីត​ប្រធាន​ក្រុម​ហ៊ុន PetroVietnam Construction ​ប្រឈមការ​ចោទ​ប្រកាន់​ក្នុង​រឿងក្តី​នេះ​ពីការរំលោភ​បទបញ្ញត្តិ​ការ​រៀបចំ​ចាត់​ចែង​សេដ្ឋកិច្ច​និងការ​ចាត់​ចែង​ដីធ្លី​មិន​បាន​ល្អ។​ លោក​បាន​ធ្វើ​ឲ្យ​មាន​ការយក​ចិត្ត​ទុកដាក់ពី​អន្តរជាតិ​កាលពី​ខែ​សីហា​នៅ​ពេល​ដែល​រដ្ឋាភិបាល​អាល្លឺម៉ង់​ចោទ​ប្រកាន់​ពួក​ភ្នាក់​ងារ​មក​ពី​ទីក្រុង​ហាណូយ​ចាប់​ជំរិត​លោក​នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង​នៅពេល​ដែល​លោក​ស្វែងសុំ​សិទ្ធិ​ជ្រកកោន។

​ពួក​អ្នក​សង្កេតការ​និយាយ​ថា ការ​កាត់​ទោស​នេះ​ជា​ផ្នែក​មួយ​នៃយុទ្ធ​នាការ​ដ៏​ធំទូលាយ​របស់​លោក Nguyen Phu Trong អគ្គ​លេខាធិការ​គណបក្ស​កុម្មុយនិស្ត​ប្រឆាំង​នឹង​នឹង​អំ​ពើ​ពុករលួយ។

អង្គការ​តម្លាភាព​អន្តរជាតិ​ដែលជា​អង្គការ​មិន​យក​កម្រៃ​បានឲ្យ​ចំណាត់​ថ្នាក់ប្រទេស​វៀត​ណាម​លេខ១១៣​ក្នុង​ចំណោម​ប្រទេសនិង​តំបន់ចំនួន​១៧៦ចំពោះ​ឆ្នាំ​២០១៦​ពាក់​ព័ន្ធ​នឹង​អំពើពុករលួយ។ ក្រុមហ៊ុន​ពិគ្រោះ​យោបល់​ពាណិជ្ជកម្ម Gan Integrity ដែល​មាន​ទីតាំង​ក្នុង​ទីក្រុង​ញូវយ៉ក បាន​និយាយ​យោង​ពី​អំពើ​ពុករលួយ ​ការ​ជ្រៀត​ជ្រែក​ខាង​នយោបាយ​ហើយ​និង​ការ​បង់​ប្រាក់​សម្រាប់​ការ​សម្រប​សម្រួល​ទូទាំង​ឧស្សាហកម្មក្នុង​ប្រទេស​វៀត​ណាម។

កាសែត VnExpress បាន​រាយការណ៍​ថា នៅ​ឆ្នាំ​ដដែល​នោះ រដ្ឋាភិបាល​បាន​ប្រាប់​អង្គនីតិ​ប្រតិបត្តិ​របស់​ខ្លួន​ថា ​មន្ត្រី​ជា​ច្រើនមិនបាន​យក​ចិត្ត​ដាក់​ភារៈ​កិច្ច​របស់​ខ្លួន​ហើយ​មិន​បានធ្វើ​ទៅតាម​បទដ្ឋាន​សីលធម៌​និង​គុណ​សម្បត្តិ​ខាង​នយោបាយ​ទេ។

​ពួក​អ្នក​ជំនាញខាង​ពាណិជ្ជកម្ម​និយាយ​ថា «ក្រុមហ៊ុន​ដែល​កាន់កាប់​ដោយ​បរទេស​អាច​សើរើ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​គុណ​វិបត្តិ​និង​គុណ​សម្បត្តិ ​ឬ​នីតិវិធី​ក្នុង​ការ​ចាត់​ចែង​ប្រាក់​នៅពេល​ឥឡូវនេះ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ​ក្រុម​ហ៊ុនទាំង​នោះ​អនុវត្ត​ទៅ​តាម​បទបញ្ញត្តិ​ក្នុង​ករណី​មាន​បុគ្គលិក​មិន​សប្បាយចិត្ត​ណា​ទៅ​ទាក់​ទង​ពួក​អាជ្ញាធរ‍»។

លោក Ralf Matthaes នាយក​ចាត់ចែង​ក្រុមហ៊ុន​ស្រាវ​ជ្រាវ Infocus Mekong Research ដែល​ជា​ក្រុម​ហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​ក្នុង​ទីក្រុង​ហូជីមិញ​បាន​និយាយថា ក្រុមហ៊ុន​ប្រទេស​លោក​ខាង​លិច​ជាទូទៅ​ធ្វើ​ទៅតាម​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ដ៏តឹងរ៉ឹង​របស់​ចក្រ​ភព​អង់គ្លេស​ពេលនៅ​ក្នុង​ប្រទេស​វៀតណាម ​ទោះជា​ពួក​អ្នក​វិនិយោគទុន​មកពី​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​តំបន់​អាស៊ី​អាច​ប្រើ​បទដ្ឋាន​ផ្សេងៗ​ទៀត។

ក្រុមហ៊ុន Ford Motor Co. ​and Intel ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុមហ៊ុន​បរទេស​ដ៏​ល្បី​ល្បាញ។ ក៏ប៉ុន្តែ ​មូលធុន​ភាគ​ច្រើន​បាន​មក​ពី​ប្រទេស​កូរ៉េ​ខាងត្បូង សិង្ហបុរី ​ជប៉ុន ​និង​កោះ​តៃវ៉ាន់។ ​រោងចក្រ​ដែល​ប្រតិបត្តិការ​នៅ​បរទេស​ជា​ទូទៅ​ផលិត​ទំនិញចាប់​តាំង​ពី​សម្លៀក​បំពាក់​រហូតដល់​ទូរស័ព្ទ Smartphonesសម្រាប់​ការនាំ ចេញ។ លោក Dustin Daugherty អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​ខាង​ការ​ស៊ើបអង្កេត​ពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុនពិគ្រោះ Dezan Shira & Associate ក្នុង​ទីក្រុង​ហូជីមិញ​បាន​និយាយថា៖ «មាន​ភាព​ផ្សេងៗ​គ្នា​នៅ​ក្នុង​ប្រទេស​ខុសៗ​គ្នា‍។ និយាយ​ទូទៅ ​ក្រុម​ហ៊ុន​ទាំងអស់​នោះ​ធ្វើ​ទៅតាម​ការ​ណែនាំ។ ពួកគេ​មានការ​ព្រួយ​កង្វល់​កាន់​តែ​ខ្លាំង​ឡើង​អំពី​ការ​គោរព​ច្បាប់»។

តាម​ក្រសួង​ផែនការ​និង​វិនិយោគទុន​បាន​ប្រាប់​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០១៧ ការវិនិ យោគ​ទុន​បរទេស​ដោយ​ផ្ទាល់​ដែល​បាន​ចុះបញ្ជី​ក្នុង​ប្រទេស​វៀត​ណាម​បាន​ឡើង​ទៅ​ដល់ ២៩,៦៨​ពាន់​លាន​ដុល្លារ​នៅ​ចុងឆ្នាំ២០១៧ដែល​ជាការ​កើន​ឡើង​ចំនួន​៤៤​ភាគរយ​ក្នុង​រយៈ​ពេល​ដូច​គ្នា​បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៦។

ក្រុមហ៊ុន​បរទេស​និង​ក្នុង​ស្រុក ​ជារឿយៗ​បាន​ផល​ប្រយោជន៍ពី​គ្នា​ទៅ​វិញទៅមក​នៅពេល​ឥឡូវ​នេះ​ជាជាង​ប្រកួត​ប្រជែង​គ្នា។ ឧទាហរណ៍ ក្រុមហ៊ុន​ផ្គត់ផ្គង់​ក្នុង​ស្រុក​ផ្តល់វត្ថុ​ធាតុ​ដើម​ដល់​រោងចក្រ​ដែល​កាន់​កាប់​ដោយ​បរទេស​ឬ​ផ្តល់​ការ​គាំទ្រ​ពី​ក្រោយ។ ក្រុមហ៊ុន​ឧស្ម័ន​រដ្ឋ​និង​ក្រុមហ៊ុន OceanBank ​មិន​បាន​ប្រឈម​ការ​ប្រកួត​ប្រជែង​ដោយផ្ទាល់​ពី​អ្នក​វិនិយោគទុន​បរទេស​ទេ។

ក៏ប៉ុន្តែ ក្រុមហ៊ុនស្អាតស្អំ​អាច​មិនបាន​ទទួល​កិច្ច​ព្រម​ព្រៀង​ដី​ធ្លីឬ​ការ​ផ្គត់​ផ្គង់​ពី​រដ្ឋាភិបាល ប្រសិនបើ ​ពួកគេ​ប្រកួត​ជាមួយ​ក្រុម​ពុករលួយ​ដែល​សុខ​ចិត្ត​បង់​ប្រាក់​សំណូក​នោះ។

លោក Carl Thayer ជា​សាស្ត្រាចារ្យនៅ​សាកល​វិទ្យាល័យ New South Wales ​ក្នុង​ប្រទេស​អូស្ត្រាលី​និយាយ​ថា នៅ​ទី​បញ្ចប់ ​បណ្តា​ក្រុមហ៊ុន​រដ្ឋ​អាច​ប្រកួត​ប្រ​ជែង​នឹងក្រុមហ៊ុន​បរទេស។ ការ​ផ្លាស់​ប្តូរ​នេះ​នឹងបង្កើន​ភាពត្រឹម​ត្រូវ​ក្នុងការ​ធ្វើ​ពាណិជ្ជកម្ម។

លោកCarl Thayer និយាយ​ទៀត​ថា៖ «ពួក​មន្ត្រី​វៀតណាម​កំពុង​ព្យាយាម​ម្តង​ទៀត​ដើម្បី​បន្តការ​ខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ប្រតិបត្តិ​សហគ្រាស​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ​ ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​ទាំងនោះ​ក្លាយ​ជាឯកជន ធ្វើ​ឲ្យ​មាន​ប្រសិទ្ធិ ភាព​ឡើង ​ដែល​អាច​ឲ្យ​ពួកគេ​អាច​ប្រកួត​ជាមួយ​ក្រុមហ៊ុន​បរទេស​ហើយ​នឹង​រក​ស៊ី​នៅ​បរទេស‍»។

លោក Thayer ដែល​មាន​ឯកទេស​ក្នុង​កិច្ច​ការ​តំបន់​អាស៊ី​អាគ្នេយ៍​បាន​និយាយ​ទៀត​ថា «អំពើ​ពុករលួយ​ហាក់​ដូចជាមិនមាន​ផល​ប៉ះពាល់ដល់​លំហូរ​វិនិយោគ ទុន​បរទេស​ទេ ​ក៏ប៉ុន្តែ ​វាប៉ះពាល់​ដល់​វៀត​ណាម‍»៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន