អនុ​ប្រធាន​ក្រុម​ហ៊ុន​រថយន្ត Ford ​បាន​តែងតាំង​ជាបេសកជន​សហរដ្ឋ​អាមេ​រិក​សម្រាប់​បញ្ហា​កូរ៉េខាង​ជើង

អនុ​ប្រធាន​ក្រុម​ហ៊ុន​រថយន្ត Ford ​បាន​តែងតាំង​ជាបេសកជន​សហរដ្ឋ​អាមេ​រិក​សម្រាប់​បញ្ហា​កូរ៉េខាង​ជើង។

រដ្ឋ​មន្រ្តីការ​បរទេស​អាមេរិកលោក Mike Pompeo បាន​តែងតាំង​លោក Stephen Biegun អនុ​ប្រធាន​ក្រុមហ៊ុន​ផលិត​រថយន្ត Ford ជា​តំណាង​ពិសេសសម្រាប់​ប្រទេស​កូរ៉េខាង​ជើង។

អនុប្រធាន​ប្រតិបត្តិ​និង​ជាអតីតបុគ្គលិក​សន្តិសុខ​ជាតិ​នឹង​ចូល​រួម​ជាមួយ​រដ្ឋបាល​របស់​ប្រធានា​ធិបតី​ត្រាំ​នៅពេល​ដែល​មានការ​ផ្តោត​ការ​យក​ចិត្ត​យ៉ាង​ខ្លាំង​លើ​ការ​ខំ​ប្រឹង​ប្រែង​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​បង្ខំ​ឲ្យ​កូរ៉េខាង​ជើង​រុះរើ​កម្មវិធី​អាវុធនុយ​ក្លែ​អ៊ែរ​របស់​កូរ៉េ​ខាង​ជើង។

​លោករដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក Pompeo បាន​មាន​ប្រសាសន៍​ថា «វាជា​ត្រូវ​ពេលវេលា​សម្រាប់​លោក Steve ​ចូលរួម​ជាមួយ​ក្រុម​របស់​យើង។ លោក​ហើយ​នឹង​ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ធ្វើ​ឲ្យ​វិស័យ​ការទូត​ជឿន​លឿន​បន្ថែម​ទៀត​ឆ្ពោះ​ទៅកាន់​គោលបំណង​របស់​យើង»។

​នៅ​ឯ​ក្រុមហ៊ុន Ford ​លោក Biegun ​មើលការ​ខុសត្រូវ​ទំនាក់​ទំនងអន្តរជាតិ​របស់​ក្រុម​ហ៊ុន​ផលិតភាព​យន្ត។​ លោក​បាននាំ​បទ​ពិសោធន៍ខាង​គ្រប់​គ្រងដោយ​បាន​ទទួល​ការ​តែងតាំងនៅ​ក្រុម​ប្រឹក្សាសន្តិសុខ​ជាតិ​ក្នុង​រដ្ឋបាល​របស់​ប្រធានា​ធិប​តី​George W. Bush។ មុន​ចូល​ធ្វើ​ការ​នៅ​សេតវិមាន ​លោក​បាន​ធ្វើ​ការ​អស់​រយៈ​ពេល​១៤ឆ្នាំជាទី​ប្រឹក្សាគោល​នយោបាយការ​បរទេស​របស់​សភា​ទាំង​២​គឺ​សភា​តំណាង​រាស្រ្ត​និង​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក។

​នៅ​ក្នុង​សុន្ទរកថា​នៅឯក្រសួងការ​បរទេស​អាមេរិក​កាល​ពីព្រឹកថ្ងៃ​ព្រហស្បតិ៍ ​លោក Stephen Biegun បាន​និយាយ​ថា «បញ្ហា​នេះ​មាន​ការ​លំបាក ​ហើយ​បញ្ហា​នេះ​នឹង​មាន​ការ​លំបាក​ដើម្បី​ដោះស្រាយ។ ក៏ប៉ុន្តែ លោក​ប្រធានា​ធិបតីបាន​ធ្វើ​ឲ្យ​មាន​ឱកាស​ហើយ​ដែល​យើង​ទាំងអស់​គ្នា​ត្រូវតែ​ចាប់​យក​ទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន​ដើម្បី​ធ្វើ​ឲ្យ​ទស្សនៈ​សម្រាប់​សន្តិភាពនៅ​ថ្ងៃ​អនាគត​បាន​យល់​ដឹង​ដល់​ប្រជា​ពលរដ្ឋ​កូរ៉េខាង​ជើង»៕