ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​នឹង​ចាប់ផ្ដើម​ដាក់​ទណ្ឌកម្ម​ឡើង​វិញ​លើ​អ៊ីរ៉ង់


លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​ក្នុង​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃទី៤​ ខែសីហា ឆ្នាំ២០១៨។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo បាន​និយាយ​ថា ប្រទេស​អ៊ីរ៉ង់​ត្រូវតែ​ចាប់ផ្ដើម​ធ្វើ​ឲ្យ​ដូច​ទៅ​នឹង «ប្រទេស​ធម្មតា» មួយ ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​ត្រៀម​ដាក់​ទណ្ឌកម្ម​ឡើង​វិញ​លើ​រដ្ឋាភិបាល​របស់​ប្រទេស​នេះ។

លោក Pompeo បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា៖ «នេះ​គឺ​ជា​ការ​មិន​ពេញ​ចិត្ត​របស់​ប្រជាពលរដ្ឋ​អ៊ីរ៉ង់​ចំពោះ​រដ្ឋាភិបាល​របស់​ពួកគេ ហើយ​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​បញ្ជាក់​យ៉ាង​ច្បាស់​ហើយ​អំពី​រឿង​នេះ។ យើង​ចង់​ឲ្យ​ប្រជាពលរដ្ឋ​អ៊ីរ៉ង់​ជា​អ្នក​សម្រេច​អំពី​ថ្នាក់​ដឹកនាំ​របស់​ប្រទេស​របស់​ពួកគេ»។

លោក Pompeo បាន​បញ្ជាក់​ថា សេតវិមាន​ប្រធានាធិបតី​អាមេរិក​នឹង​ផ្ដល់​ព័ត៌មាន​លម្អិត​នៅ​ថ្ងៃ​ចន្ទ​នេះ​អំពី​ការ​ដាក់​ទណ្ឌកម្ម​ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ ប្រឆាំង​នឹង​ឧស្សាហកម្ម​អ៊ីរ៉ង់​ជា​ច្រើន ដូចជា​ឧស្សាហកម្ម​រថយន្ត មាស ធ្យូង​ថ្ម និង​ដែកថែប​ជា​ដើម។ រដ្ឋាភិបាល​អ៊ីរ៉ង់​ក៏​នឹង​មិន​អាច​ទិញ​យន្តហោះ​អាមេរិក និង​យន្តហោះ​អឺរ៉ុប ក៏​ដូចជា​ក្រដាស​ប្រាក់​របស់​សហរដ្ឋ​អាមេរិក​បាន​ដែរ។

កន្លង​មក បុគ្គល និង​ក្រុមហ៊ុន​ណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​ទាំង​នោះ ត្រូវ​បាន​ទុក​ពេល​ឲ្យ ៩០ ថ្ងៃ ដើម្បី​ដក​សកម្មភាព​របស់​ខ្លួន​ចេញ​ពី​ឧស្សាហកម្ម​ទាំង​នោះ។ រយៈពេល ៩០ ថ្ងៃ​នោះ នឹង​ផុត​កំណត់​នៅ​ថ្ងៃ​ចន្ទ​នេះ។

ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​ការ​នាំ​ចេញ​ថាមពល​របស់​អ៊ីរ៉ង់​គឺ​គ្រោង​នឹង​ចូល​ជា​ធរមាន​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

ទណ្ឌកម្ម​ដែល​ត្រូវ​បាន​ដក​ចេញ​កាល​ពី​លើក​មុន ឥឡូវ​នេះ​កំពុង​ត្រូវ​បាន​ដាក់​ឡើង​វិញ បន្ទាប់​ពី​លោក Trump បាន​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ មក៕

XS
SM
MD
LG