ប្រទេសវៀតណាមទទួលបានការទទួលស្គាល់វិជ្ជមានទូទាំងពិភពលោកចំពោះការទប់ស្កាត់ការឆ្លងរាតត្បាតនៃវីរុសកូរ៉ូណានិងបានបើកដំណើរការសេដ្ឋកិច្ចជាតិឡើងវិញ ប៉ុន្តែដំណឹងដ៏ល្អមួយនេះជាការលួងលោមដ៏តូចតាចមួយសម្រាប់អ្នកស្រីTran Thi Hien ដែលរកប្រាក់ចំណូលតាមរយៈការរើសសំណល់ដែកអេតចាយដើម្បីលក់យកប្រាក់។
បន្ទាប់ពីរដ្ឋាភិបាលប្រកាសអំពីថវិកាជំនួយក្នុងគ្រាមានជំងឺរាតត្បាត អ្នកស្រីបានដាក់ពាក្យស្នើសុំពីរដងប៉ុន្តែអ្នកស្រីមិនបានឮដំណឹងអ្វីនោះទេ ហើយអ្នកស្រីក៏មិនទាន់ទទួលបានអ្វីពីរដ្ឋាភិបាលដែរ។
អ្នកខ្លះថាមូលហេតុដែលមានការពន្យារពេលនោះគឺដោយសារអ្នកស្រីត្រូវដាក់ពាក្យស្នើសុំនៅឯស្រុកកំណើតរបស់អ្នកស្រី។ អ្នកខ្លះទៀតសង្ស័យថាអ្នកស្រីមិនស្ថិតក្នុងចន្លោះអាយុដែលអាចស្នើសុំបាន។
អ្នកស្រី Hien អាយុ៤៣ឆ្នាំ បាននិយាយថាដំណើរការសុំថវិកាជំនួយនេះគឺមានភាព«ស្មុគស្មាញខ្លាំងណាស់» ហើយវាមិនបានបម្រើប្រជាជនបានល្អនោះទេ។ ប៉ុន្តែអ្នកស្រីនៅតែមានក្តីសង្ឃឹម។
អ្នកស្រីបាននិយាយថា៖«កញ្ចប់ជំនួយរបស់រដ្ឋាភិបាលគឺពិតជាការជួយសង្គ្រោះមួយសម្រាប់អ្នកធ្វើការឯករាជ្យដូចជាខ្ញុំ»។
សូម្បីតែប្រទេសវៀតណាម ដែលបានរាយការណ៍ថាមិនមានករណីស្លាប់ដោយសារវីរុសកូរ៉ូណានិងមានករណីឆ្លង៣៤៩ជំងឺរាតត្បាតមួយនេះនៅតែប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចនៃប្រទេសនេះ ហើយការប៉ះពាល់ខ្លាំងបំផុតបានធ្លាក់ទៅលើកម្មករដែលមានប្រាក់ចំណូលតិចតួច។ នៅពេលដែលបុគ្គលិកធ្វើការនៅការិយាល័យអាចធ្វើការពីផ្ទះឬសុំច្បាប់សំរាកនៅផ្ទះនៅពេលដែលប្រទេសផ្អាកដំណើរការ ប្រជាជនដែលស្ថិតក្នុងវិស័យមិនផ្លូវការដូចជាអ្នកស្រី Hien ត្រូវតែបង្ហាញមុខនៅកន្លែងធ្វើការហើយធ្វើការប្រើកម្លាំងបើសិនជាអ្នកស្រីចង់មានប្រាក់ទិញអាហារនិងបង់ថ្លៃផ្ទះជាដើម។
អ្នកគាំទ្រថវិកាជំនួយក្នុងគ្រាមានជំងឺរាតត្បាតចង់ទប់ស្កាត់ការកាត់ផ្តាច់មួយរវាងគោលដៅធំនៃកញ្ចប់ជំនួយជាមួយនឹងផលប៉ះពាល់ទៅលើប្រជាជនជាពិសេសអ្នកដែលត្រូវការវាបំផុត។
អង្គការនានាមានតាំងពីអង្គការ Oxfam នៅវៀតណាមនិងអង្គការបណ្តាញត្រួសត្រាយសម្រាប់សំឡេងជនជាតិភាគតិច បានបង្កើនការខិតខំប្រឹងប្រែងដោយបានបង្កើតនៅអ្វីដែលពួកគេហៅថា«បណ្តាញទូរសព្ទទាន់ហេតុការណ៍»។ ពួកគេបានចងក្រងមតិរិះគន់ពីប្រជាជនដូចជាអ្នកស្រី Hien ហើយផ្ញើវាទៅកាន់ទីភ្នាក់ងារការងារនិងប្រចាំខេត្តដើម្បីចែកចាយជំនួយ ដូចដែលបានចែងនៅក្នុងបទបញ្ជារបស់រដ្ឋនៅក្នុងសេចក្តីសម្រេច Decision 15/2020-TTg។
អ្នកស្រី Nguyen Thu Giangនាយកប្រតិបត្តិនៃអង្គការបណ្តាញសកម្មភាពពលករចំណាកស្រុក ឬ M.net បាននិយាយថាអ្នកស្រីចង់ជួយទីភ្នាក់ងារនានារបស់រដ្ឋាភិបាលដើម្បីឲ្យពួកគេ«អាចប្រៀបធៀប ពិនិត្យ និងឆ្លើយតបភ្លាមៗ ទៅកាន់មតិរបស់ប្រជាពលរដ្ឋ ហើយក្នុងពេលជាមួយគ្នានោះដែរ ធ្វើការសម្រួលលើគោលនយោបាយឬវិធីសាស្ត្រអនុវត្តដើម្បីធានាថាសេចក្តីសម្រេច 15/2020-TTg ត្រូវបានអនុវត្តដោយតម្លាភាពនិងប្រសិទ្ធភាព»។
កញ្ចប់ថវិកាសង្គ្រោះនេះមានទឹកប្រាក់ប្រមាណ២,៧ពាន់លានដុល្លារ ទោះបីជាគណបក្សកុម្មុយនីស្តដែលកំពុងកាន់អំណាចបានប្រើអង្គការសាខានានាឲ្យរៀបចំអំណោយនិងជនស្ម័គ្រចិត្តដែលមានដូចជាអង្គការសហភាពយុវជន និងគណបក្សរណសិរ្សមាតុភូមិវៀតណាមជាដើម។ អ្នកនិពន្ធនៃការសិក្សាបែបវិទ្យាសាស្ត្រមួយអំពីការឆ្លើយតបរបស់វៀតណាមលើជំងឺកូវីដ១៩ប្រកបដោយនិរន្តភាពបានលើកឡើងថានាយករដ្ឋមន្ត្រីវៀតណាមបានអំពាវនាវឲ្យប្រជាពលរដ្ឋជួយ«ប្រយុទ្ធប្រឆាំង»នឹងជំងឺនេះ។
ការសិក្សានោះបានលើកឡើងថា៖«ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវនេះ យើងអាចមើលឃើញរូបភាពជាច្រើនអំពីការផ្ទេរប្រាក់ទៅឲ្យគណបក្សរណសិរ្សមាតុភូមិវៀតណាម នៅលើបណ្តាញសង្គមរបស់ប្រជាពលរដ្ឋវៀតណាមដើម្បីគាំទ្ររដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង។ ជាងនេះទៅទៀត សហគ្រាសជាច្រើនមិនថាតូចឬធំក៏បានជួយជ្រោមជ្រែងជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ដោយបានផ្តល់នូវផលិតផលរបស់ពួកគេដូចជាម៉ាស់ អង្ករ ឬទឹកដោះគោ។ ពួកគេក៏បានបរិច្ចាគបន្ទប់សណ្ឋាគាររបស់ពួកគេដើម្បីធ្វើជាទីដាក់ដោយឡែក ឬការបរិច្ចាគដែលមានប្រជាប្រិយភាពជាងគេនោះគឺការបរិច្ចាគជាថវិកាជាដើម»។
អ្នកតស៊ូមតិប្រឆាំងនឹងភាពក្រីក្រកំពុងប្រឹងប្រែងសុំថវិកាជំនួយឲ្យបានច្រើនតាមដែលអាចធ្វើបានសម្រាប់សហគមន៍ប្រជាជនងាយរងគ្រោះ។ អង្គការ Oxfam នៅវៀតណាមបាននិយាយថា ខ្លួនផ្តោតលើជនដែលគ្មានការងារធ្វើនិងជនក្រីក្រ ដូចជាអ្នកដែលធ្វើការដោយគ្មានកិច្ចសន្យាឬត្រូវបានព្យួរការងារដោយគ្មានប្រាក់ខែអំឡុងពេលមានជំងឺរាតត្បាត។ អង្គការនោះក៏ជួយដល់កម្មករចំណាកស្រុកដូចជាអ្នកស្រី Hien ជាដើម ដែលបានផ្លាស់មករស់នៅទីក្រុងហាណូយពីខេត្តNam Dinhដែលនៅជាប់នោះ។ អ្នករស់នៅជនបទជាច្រើនបានប្តូរមករស់នៅទីក្រុងដើម្បីទទួលបានឱកាសការងារល្អប្រសើរប៉ុន្តែមិនអាចទទួលបានសេវាកម្មសង្គមដោយសារពួកគេមិនបានចុះឈ្មោះជាមួយនឹងអាជ្ញាធរមូលដ្ឋាន។
អង្គការ Oxfam នៅវៀតណាមបាននិយាយថា ខ្លួនបានរៀបចំបណ្តាញទូរសព្ទទាន់ហេតុការណ៍មួយសម្រាប់មូលនិធិសង្គ្រោះដូច្នេះទើប«មិនមានអ្នកណាត្រូវបានទុកចោល»។
លោកBabeth Ngoc Han Lefur នាយកអង្គការ Oxfam នៅវៀតណាមបាននិយាយថា៖«គំនិតផ្តួចផ្តើមនេះនឹងបង្កើតឱកាសសម្រាប់ប្រជាជនអាចផ្តល់ជាមតិរិះគន់ប្រកបដោយភាពងាយស្រួលនិងភាពជឿជាក់ ដែលរដ្ឋាភិបាលមូលដ្ឋាននឹងមានព័ត៌មានពិតប្រាកដទាន់ពេលវេលា និងមានគុណភាពដើម្បីផ្តល់សេវាកម្មឲ្យបានប្រសើរជាងមុន»៕
ប្រែសម្រួលដោយទុំម្លិះ