សាលាក្តីខ្មែរក្រហមដែលត្រូវបានគាំទ្រដោយអង្គការសហប្រជាជាតិកំពុងប្រឈមនឹងការរិះគន់កាន់តែខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយគិតថា សាលាក្តីនេះមិនបានផ្តល់យុត្តិធម៌ឲ្យជនរងគ្រោះនៃរបបខ្មែរក្រហម។ ដំណើរការយឺតយ៉ាវនេះបណ្តាលឲ្យមានការខឹងសម្បារពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ រហូតមកដល់ពេលនេះមានតែជនជាប់ចោទម្នាក់ប៉ុណ្ណោះគឺសមមិត្តឌុចត្រូវបានប្រកាសសាលក្រមឲ្យជាប់គុកអស់មួយជីវិត។ ហើយនៅសល់តែមេដឹកនាំពីរនាក់ប៉ុណ្ណោះដែលនឹងត្រូវទទួលការកាត់ទោស។ ជនជាប់ចោទពីរនាក់នោះគឺ នួន ជា មេមនោគមន៍វិជ្ជានៃរបបខ្មែរក្រហម និងអតីតប្រមុខរដ្ឋ ខៀវ សំផន។ ខណៈដំណើរការសាលាក្តីកំពុងបង្កើនល្បឿនទៅកាន់គោលដៅចុងក្រោយរបស់ខ្លួន សាលាក្តីនេះរងការរិះគន់ក៏កាន់តែកើនឡើងដែរ។
នួន ជា ដែលមានអាយុ៨៧ឆ្នាំ និងខៀវ សំផន អាយុ៨២ឆ្នាំ រហូតមកដល់ពេលនេះបានឆ្លងកាត់វគ្គទី១នៃការកាត់ទោសដែលមានពីរវគ្គពីបទឧក្រិដ្ឋកម្មនៃរបបដែលខ្លួនកាន់កាប់។ សាលក្រមនៃវគ្គទី១ត្រូវបានរំពឹងថានឹងត្រូវចេញក្នុងពេលឆាប់ៗខាងមុខ ហើយសវនាការបឋមនៃវគ្គទី២ត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅថ្ងៃទី៣០ខែកក្កដានេះ។
អ្វីដែលនឹងកើតឡើងក្រោយពីការកាត់ក្តីនេះត្រូវបានបញ្ចប់ គឺមិនទាន់មាននរណាដឹងនៅឡើយ ហើយអ្នកឃ្លាំមើលព្យាករណ៍ថា វាជាទីបញ្ចប់នៃតុលាការកូនកាត់មួយនេះដែលប្រឈមនឹងវិបត្តិហិរញ្ញវត្ថុនិងការរិះគន់នានាពីបទគ្រប់គ្រងមិនល្អអំពើពុករលួយ និងការជ្រៀតជ្រែកនយោបាយចាប់តាំងពីតុលាការត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៦។
ខែ្មរអាមេរិកាំង លោក ស៊ីវ ស៊ីចាន់ អតីតឯអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានប្រាប់វីអូអេខ្មែរនាពេលថ្មីៗនេះថា តុលាការនេះបរាជ័យក្នុងការរកយុត្តិធម៌ឲ្យជនរងគ្រោះនៃរបបខ្មែរក្រហម។ លោកថា តុលាការដែលត្រូវបានឧបត្ថម្ភជាថវិកាភាគច្រើនដោយអន្តរជាតិនេះក្លាយជា «និមិត្តរូបនៃអយុត្តិធម៌» និងជា «ការទះកំភ្លៀងជនរងគ្រោះ»។ លោក ស៊ីចាន់ មានប្រសាសន៍ថា តុលាការគួរមានការកាត់ទោសប្រហារជីវិតមេដឹកនាំនៃរបបដ៏សែនយង់ឃ្នងមួយនេះ។
«ប្រសិនបើគេសម្លាប់ម្តាយខ្ញុំ មិត្តភក្តិខ្ញុំ ញាតិជិតខាងខ្ញុំ ប្រជាពលរដ្ឋខ្ញុំជិត២លាននាក់ ខ្ញុំចង់ឃើញគេស្លាប់។ ប្រសិនបើគ្មានទោសប្រហារជីវិតទេនោះ នឹងគ្មានយុត្តិធម៌ទេសម្រាប់អ្នកដែលបានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មប្រភេទនេះ»។
ប៉ុន្តែលោកបណ្ឌិត ក្រេក អេតចេសាន់ (Craig Etcheson) អតីតអ្នកស៊ើបអង្កេតនៅសាលាក្តីខ្មែរក្រហមបានប្រាប់វីអូអេខ្មែរតាមទូរស័ព្ទនាពេលថ្មីៗនេះថា ទោសប្រហារជីវិតមិនអាចទៅរួចទេ។
«អ្នកដែលចង់ឃើញទោសប្រហារជីវិតដាក់ចេញដោយសាលាក្តីខ្មែរក្រហម គួរផ្តោតលើកិច្ចប្រឹងប្រែងរបស់គេលើការផ្លាស់ប្តូររដ្ឋធម្មនុញ្ញកម្ពុជាដែលរារាំងមិនឲ្យមានទោសប្រហារជីវិតនេះ»។
ឌុច ត្រូវបានកាត់ទោសឲ្យជាប់គុកអស់មួយជីវិតដោយសារតួនាទីរបស់គាត់ជាអ្នកគ្រប់គ្រងមន្ទីរឃុំឃាំងទួលស្លែង ជាទីដែលសួរចម្លើយអ្នកដែលត្រូវបានចោទថាខ្មាំងរបស់អង្គការ ដោយធ្វើទារុណកម្មឲ្យសារភាពហើយក្រោយមកសម្លាប់ចោល។ មេដឹកនាំជរាពីរនាក់ទៀតគឺ អៀង សារី និងអៀង ធីរិទ្ធ មិនត្រូវបានកាត់ទោសទេដោយសារ អៀង សារី ដែលជាអតីតរដ្ឋមន្ត្រីការបរទេសនៃរបបនេះស្លាប់ក្នុងមន្ទីរឃុំឃាំងរបស់សាលាក្តី ហើយប្រពន្ធរបស់គាត់ អៀង ធីរិទ្ធ ដែលជាអតីតរដ្ឋមន្រ្តីសង្គមកិច្ចត្រូវបានរកឃើញថាមានជំងឺខួរក្បាលវង្វេងវង្វាន់មិនអាចកាត់ទោសបាន។
ខ្មែរអាមេរិកាំងម្នាក់ទៀត គឺបណ្ឌិត អ៊ា សុផល ជាសាស្រ្តាចារ្យ និងជាអ្នកនិពន្ធ មានប្រសាសន៍ថា សាលាក្តីខ្មែរក្រហមធ្វើឲ្យមនុស្សជាច្រើនអស់សង្ឃឹមដោយសារដំណើរការយឺតយ៉ាវរបស់សាលាក្តីនេះ។ ទោសរបស់ឌុច ដំបូងគឺជាប់គុកចំនួន៣០ឆ្នាំរួចចញ្ចុះមកត្រឹម១៩ឆ្នាំ ដែលការសម្រេចនេះធ្វើឲ្យមនុស្សជាច្រើនខឹងសម្បារយ៉ាងខ្លាំង ទោះបីជាក្រោយមកសាលាក្តីសម្រេចឲ្យឌុចជាប់ពន្ធនាគារអស់មួយជីវិតក៏ដោយ។ បណ្ឌិត អ៊ា សុផល បន្តថា ការជ្រៀតជ្រែកផ្នែកនយោបាយ អំពើពុករលួយ ក្លាយជាផ្នែកនៃដំណើរការតុលាការនេះ ដែលនាំឲ្យមានការអស់សង្ឃឹម សូម្បីតែនៅក្នុងរឿងក្តីរបស់ឌុច។
«ខ្ញុំគិតថា គ្មានជនកម្ពុជាណាម្នាក់ដែលប្រហែលជាគិតថា ដំណើរការនេះសមរម្យ និងមានលទ្ធផលល្អនោះទេ។ ពិតណាស់ថា សហគមន៍អន្តរជាតិយល់ថា សាលាក្តីនេះមានលទ្ធផលល្អ។ ដោយហេតុថា ទីបំផុតគាត់ត្រូវបានកាត់ឲ្យមានទោស។ ទីបំផុតគាត់ជាប់គុក។ ប៉ុន្តែសម្រាប់ជនកម្ពុជាជាច្រើន ដំណើរការនេះប្រៀបបានទៅនឹងយកអំបិលទៅត្រដុសលើដំបៅអញ្ចឹង»។
លោក ស៊ីវ ស៊ីចាន់ មានប្រសាសន៍ថា តុលាការនេះប្រើពេលអស់ច្រើន ហើយអស់លុយក៏ច្រើនដែរ។
«សម្រាប់ប្រទេសក្រីក្រដូចកម្ពុជានេះ តើអ្នកចង់ដឹងទេថា ដោយប្រើបា្រក់ទាំងនេះ អ្នកអាចបង្ហាត់បានគ្រូប៉ុន្មាននាក់ គ្រូពេទ្យប៉ុន្មាននាក់ សង់បានសាលារៀនប៉ុន្មាន និងមន្ទីរពេទ្យបានប៉ុន្មាន? ការដែលចាយលុយអស់ប៉ុណ្ណឹងដើម្បីនាំអ្នកទាំងនោះទៅតុលាការកាត់ទោសដោយអយុត្តិធម៌នោះ គឺជាការខាតបង់ធនធានអត់ប្រយោជន៍»។
ប៉ុន្តែលោកបណ្ឌិត ក្រេក អេតចេសាន់ បានប្រាប់វីអូអេខ្មែរថា តុលាការត្រូវចំណាយពេលច្រើនក្នុងការស៊ើបអង្កេតលើករណីឧក្រិដ្ឋកម្មរាប់លានដែលត្រូវបានប្រព្រឹត្តដោយខ្មែរក្រហមពេលគេកាន់អំណាច។
«គោលដៅចម្បងរបស់សាលាក្តីខ្មែរក្រហមគឺបង្ហាញឲ្យជនកម្ពុជានៅក្នុងប្រទេសកម្ពុជាដឹងថា តើច្បាប់មានប្រសិទ្ធិភាពយ៉ាងណានៅក្នុងបរិបទត្រឹមត្រូវ។ ជនជាប់ចោទមានសិទ្ធិច្រើន ហើយគេប្រើសិទ្ធិទាំងអស់នេះ។ ដូច្នេះត្រូវការពេលច្រើនណាស់»។
បណ្ឌិត អេចេសាន់ បានមានប្រសាសន៍ថា សាលាក្តីនេះ មួយផ្នែកគឺជាការពិសោធមួយដើម្បីរកឲ្យឃើញថាតើធ្វើយ៉ាងម៉េចអាចសម្រចបានយុត្តិធម៌អន្តរជាតិដោយប្រើលុយតិច។ បណ្ឌិត ក្រេក អេចេសាន់ ថា សាលាក្តីខ្មែរក្រហមចំណាយលុយតែមួយផ្នែកតូចប៉ុណ្ណោះបើប្រៀបធៀបទៅនឹងចំណាយនៃតុលាការអន្តរជាតិនានា។
«២រយលានដុល្លារហាក់ដូចជាច្រើនណាស់សម្រាប់អ្នក និងខ្ញុំ ប៉ុន្តែប្រសិនបើអ្នកគិតអំពីជនរងគ្រោះនៃរបបប៉ុល ពត ជាង២លាននាក់ ២រយលានដុល្លារដែលត្រូវចំណាយលើតុលាការខ្មែរក្រហមអាចគិតទៅមានន័យថា ត្រូវធ្វើវិនិយោគ១០០ដុល្លារសម្រាប់ជនរងគ្រោះម្នាក់ដែលត្រូវបានសម្លាប់ដោយខ្មែរក្រហម។ ខ្ញុំយល់ថា ១០០ដុល្លារសម្រាប់រកយុត្តិធម៌ឲ្យជនរងគ្រោះម្នាក់មិនថ្លៃពេកទេ»។
មកដល់ពេលនេះ សាលាក្តីខ្មែរក្រហមចេញដីកាកោះហៅបានតែប្រាំប៉ុណ្ណោះ ហើយទីបំផុតកាត់ទោសតែបីនាក់។ បើធ្វើការប្រៀបធៀប តុលាការឧក្រិដ្ឋកម្មសង្គ្រាមយូហ្គោស្លាវី ចេញដីកាកោះហៅចំនួន១៦១ តុលាការនៅរវ៉ាន់ដាចេញ ដីកាចំនួន៩៥ និងតុលាការនៅសេរ៉ាលីអូន ចេញដីកាបានចំនួន២២៕