លោក Gerald Davis អាយុ ៦៧ ឆ្នាំ ដែលជាម្ចាស់អាជីវកម្មខ្នាតតូចមួយនៅរដ្ឋធានីវ៉ាស៊ីនតោនកំពុងបើករថយន្តដើម្បីទៅទិញថ្នាំកម្ចាត់សត្វល្អិតនៅហាង 7-11 កាលពីយប់ថ្ងៃសុក្រសប្តាហ៍មុន នៅពេលដែលរថយន្តវែនមួយគ្រឿងចាប់ផ្តើមជិះតាមប្រកិតពីក្រោយគាត់ជាប់ដោយបើកភ្លើងហ្វា។
លោក Davis ថ្លែងថា៖ «ខ្ញុំក៏ឲ្យសញ្ញាឲ្យពួកគេទៅមុនខ្ញុំ ប៉ុន្តែពួកគេនៅតែជិះពីក្រោយធ្វើឲ្យខ្ញុំមានអារម្មណ៍ភ័យខ្លាច។ វាច្បាស់ណាស់ជាស្ថានភាពតាមយាយីមួយ។ ហើយអ្វីដែលបានកើតឡើងនៅរដ្ឋ Minnesota គឺស្ថិតនៅក្នុងខួរក្បាលរបស់ខ្ញុំ»។
លោក Davis បានឃើញឡានប៉ូលិសនៅខាងក្រៅហាង 7-11 ហើយលោកបានបើកឡានទៅឈប់នៅទីនោះ ដើម្បីទៅទិញថ្នាំបាញ់ការពារសត្វល្អិតផង និងទៅនិយាយប្រាប់ប៉ូលិសពីរឿងដែលទើបកើតឡើងចំពោះលោកផង។
លោក Davis ថ្លែងថា៖ «ពួកគេមិនខ្វល់នោះទេ។ ពួកគេមិនចាប់អារម្មណ៍នឹងអ្វីដែលខ្ញុំនិយាយនោះទេ»។
អ្វីដែលកើតឡើងនៅពេលនោះគឺដូចនឹងអ្វីដែលពលរដ្ឋអាមេរិកាំងស្បែកខ្មៅនិងក្រុមអ្នកគាំទ្រមានអារម្មណ៍នៅទូទាំងប្រទេសអ៊ីចឹងដែរ។
លោក Davis ថ្លែងថា៖ «ខ្ញុំចាំបានថា ពេលខ្ញុំអាយុ ៤ ឆ្នាំ ខ្ញុំមិនអាចអង្គុយនៅកន្លែងម៉ាស៊ីនទឹកក្រូចនៅស្រុកកំណើតខ្ញុំបានទេ។ ខ្ញុំនឹកឃើញរឿងពេលនោះ។ ពេលនោះខ្ញុំរៀនក្នុងវិទ្យាល័យដែលមានសុទ្ធតែសិស្សស្បែកស ហើយមានសិស្សស្បែកខ្មៅតែ ១២ នាក់ប៉ុណ្ណោះ។ យើងត្រូវរងការយាយីនិងគំរាមកំហែង។ វាមិនអាចទទួលយកបានទេ។ ខ្ញុំត្រូវបានប៉ូលិសបញ្ឈប់ជាច្រើនដងហើយយាយីខ្ញុំ»។
លោក Davis បន្តថា៖ «វាធ្វើឲ្យប៉ះពាល់អារម្មណ៍ខ្ញុំ។ ខ្ញុំងាករកប៉ូលិស។ ខ្ញុំមិនខ្លាចទេ។ ខ្ញុំគ្រាន់តែនិយាយថា អារម្មណ៍របស់បុរសស្បែកខ្មៅម្នាក់មិនដែលត្រូវបានគេអើពើនោះទេ ព្រោះជនស្បែកស ជាពិសេសប៉ូលិស ត្រូវបានហ្វឹកហាត់ធ្វើឲ្យបាត់បង់លក្ខណៈជាមនុស្សអស់ហើយ»។
សម្រាប់មនុស្សជាច្រើនដែលលែងខ្វល់ពីជំងឺរាតត្បាតកូវីដ១៩ ដោយចេញទៅធ្វើបាតុកម្មនៅទូទាំងសហរដ្ឋអាមេរិកនៅពេលនេះ ការស្លាប់របស់លោក George Floyd ដែលបានស្លាប់ដោយសារតែប៉ូលិសប្រើជង្គង់សង្កត់លើករបស់លោកនោះមិនមែនជាឧប្បទ្ទវហេតុតែឯកឯងខុសគេនោះទេ ប៉ុន្តែវាជាចំណុចរបត់មួយ។
នៅក្នុងអត្ថបទបញ្ចេញមតិមួយក្នុងកាសែត LA Times កីឡាករបាល់បោះលោក Kareem Abdul-Jabbar បានសរសេរថា៖ «ពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិករស់នៅដោយរងការយាយីអស់ជាច្រើនឆ្នាំមកហើយ ហើយពួកគេរងគ្រោះថ្នាក់នៅពេលដែលការយាយីនេះកាន់តែខ្លាំងឡើងៗ»។
អ្នកស្រី Michelle Obama ភរិយារបស់លោកអតីតប្រធានាធិបតី Barack Obama បានសរសេរនៅលើ Twitter ថា៖ «ឥឡូវនេះវាកើតឡើងចំពោះលោក George លោក Breonna និងលោក Ahmaud។ ពីមុនវាកើតឡើងចំពោះលោក Eric អ្នកនាង Sandra និងលោក Michael។ វាបន្តកើតមានឡើងឥតឈប់ឈរ»។
បាតុករមួយរូបគឺអ្នកនាង Diedre O'Brien បានប្រាប់ VOA នៅកន្លែងធ្វើបាតុកម្មនៅខាងក្រៅសេតវិមានកាលពីចុងសប្តាហ៍ថា៖ «លោក George Floyd ត្រូវបានសម្លាប់ដូចសត្វធាតុ។ យើងធុញទ្រាន់នឹងឮរឿងដដែលៗនេះណាស់។ វាក្លាយទៅជាទម្លាប់។ មិនមែនជារឿងថ្មីនោះទេ»។
បាតុករជាច្រើនបារម្ភអំពីជំងឺកូវីដ១៩ ហើយទិន្នន័យបឋមមួយចំនួនបង្ហាញថា ពលរដ្ឋអាមេរិកាំងស្បែកខ្មៅមានអត្រានៃការស្លាប់ដោយសារជំងឺកូវីដ១៩ នេះខ្ពស់ជាងពលរដ្ឋស្បែកស។
អ្នកនាង O'Brien ថ្លែងថា៖ «ខ្ញុំពាក់ម៉ាស ព្យាយាមរក្សាគម្លាតពីអ្នកដទៃ។ ហើយខ្ញុំជាស្ត្រីស្បែកខ្មៅដែលមានជំងឺហឺត ដូច្នេះស្ថិតក្នុងចំណោមអ្នកដែលងាយឆ្លងជំងឺកូវីដ១៩ ដែលបានសម្លាប់ពលរដ្ឋស្បែកខ្មៅជាច្រើនកន្លងមក»។
ទិន្នន័យពីគម្រោងតាមដានជំងឺកូវីដ១៩ បង្ហាញថា ទោះបីជាពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិកមានតែ ១៣ ភាគរយនៃពលរដ្ឋអាមេរិកសរុបក៏ដោយ ក៏ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ គឺមានរហូតដល់ទៅ ២៥ ភាគរយឯណោះ។
មន្ទីរពិសោធន៍ស្រាវជ្រាវ APM រាយការណ៍ថា យោងតាមទិន្នន័យចុងក្រោយ អត្រានៃការស្លាប់របស់ពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិកគឺ ២,៤ ដង ខ្ពស់ជាងពលរដ្ឋអាមេរិកាំងស្បែកស។
ប៉ុន្តែក្រុមបាតុករនៅតែមានអារម្មណ៍ថា ការប្តូរគ្រោះថ្នាក់មកធ្វើបាតុកម្មគឺមានប្រយោជន៍ជាង។ មនុស្សជាច្រើនថ្លែងថា គ្មានមូលហេតុផ្សេងទៀតសម្រាប់ការស្លាប់របស់លោក George Floyd នោះទេ ដូចបានឃើញក្នុងវីដេអូដែលបានចែកចាយពេញប្រទេសយ៉ាងដូច្នេះ។
លោក Davis មិនមែនមកធ្វើបាតុកម្មតែឯងនោះទេ ប៉ុន្តែក្មួយស្រីនិងក្មួយប្រុសរបស់លោកក៏ចូលរួមធ្វើបាតុកម្មដែរ។
លោកបានថ្លែងថា៖ «ខ្ញុំទើបនិយាយជាមួយពួកគេព្រឹកមិញ»។ លោកថាលោកបារម្ភពីពួកគេ «ស្ទើរស្លាប់ហើយ» ប៉ុន្តែលោកមិនឃាត់ឲ្យពួកគេឲ្យនៅផ្ទះទេ។
លោកថ្លែងបន្តថា៖ «ខ្ញុំមិនមានកម្លាំង ឬក៏មនសិការទៅប្រាប់ពួកគេកុំឲ្យរស់នៅដោយមិនមានភាពច្នៃប្រឌិត ហើយរំពឹងថាមនុស្សត្រូវបានគេចាត់ទុកដូចមនុស្សនោះទេ»។
អារម្មណ៍ជាមនុស្ស អារម្មណ៍ត្រូវបានគេស្តាប់ គឺជាអ្វីដែលលោក Davis ថាមានសារៈសំខាន់សម្រាប់លោកនៅពេលឥឡូវនេះ។
ហើយទោះបីជាលោកភ័យខ្លាចដោយសារតែហេតុការណ៍ដែលលោកបានជួបកាលពីថ្ងៃសុក្រសប្ដាហ៍មុនក្តី លោកថា ពេលលោកជួបប៉ូលិសនៅហាង 7-11 គឺមានមនុស្សម្នាក់ស្ដាប់មតិរបស់លោកដែរ។
លោក Davis ថ្លែងថា៖ «បុរសស្បែកសម្នាក់បានយកដៃដាក់លើដៃរបស់ខ្ញុំ ហើយសួរខ្ញុំថា តើគាត់អាចស្តាប់រឿងរ៉ាវរបស់ខ្ញុំបានទេ?។ ខ្ញុំមិនស្គាល់បុរសនោះទេ។ ប៉ុន្តែគាត់បានផ្តល់ក្តីសង្ឃឹមដល់ខ្ញុំ»៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា