ដើម​បណ្តឹង​កាត់ទោស​ខ្មែរក្រហម​រំឭក​អំពី​ការ​ឈឺចាប់

កាលពី​ថ្ងៃ​ទី​៧​ខែ​សីហា ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្តី​ខ្មែរក្រហម​ បាន​ប្រកាស​សាល​ក្រម​​ដោយ​ផ្តន្ទាទោស​នួន ជា ​និង​ខៀវ សំផន​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ចំពោះ​អំពើ​ប្រឆាំង​មនុស្ស​ជាតិ​ដែល​តុលាការ​បាន​រក​ឃើញ។​

កាលពី​ជិត​៤០​ឆ្នាំមុន ​លោក​ហង្សរី ​ខាត់ឆុន ​ត្រូវ​ពួក​ខ្មែរក្រហម​ជម្លៀស​ចេញ​ពីភូមិ​កំណើតក្នុង​ខេត្ត​ស្វាយរៀង​ទៅ​កាន់​ខេត្ត​ក្រចេះ។​

លោក​បាន​បាត់បង់​កូនស្រី​ ដែល​ទើប​ប្រសូតិ​និង​សាច់ថ្លៃ​ជាច្រើន​នាក់​ត្រូវ​ពួក​ខ្មែរក្រហម​សម្លាប់។​

សព្វថ្ងៃ​លោក​ហង្សរី​ ខាត់ឆុន ​ដែល​កំពុង​រស់នៅ​សហ​រដ្ឋ​អាមេរិក​គឺ​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​មួយ​រូប​ក្នុង​សំណុំ​រឿង​០០២ ​ដែល​កាត់​ទោស​នួន ជា​ និង​ខៀវ សំផន។​

លោក​បាន​មក​កាន់​ប្រទេស​កម្ពុជា​ដើម្បី​ស្តាប់​ការ​ប្រកាស​សាលក្រម​ប្រឆាំង​ជន​ជាប់ចោទ​ទាំង​ពីរ​កាល​ពី​ខែ​មុន។​

ការ​ដក់ជាប់​នូវ​ការ​ឈឺ​ចាប់​និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទទួល​បាន​នូវ​យុត្តិធម៌​បាន​ក្រាល​ផ្លូវ​ដើរ​សម្រាប់​លោក​ហង្សរី ខាត់ឆុន​អស់​រយៈ​ពេល​១៧​ឆ្នាំ​មក​ហើយ។​

ជា​ពលរដ្ឋខ្មែរ​មួយ​រូប​ ដែល​បាន​ទៅរស់​នៅ​សហ​រដ្ឋ​អាមេរិក​ក្នុង​ទសវត្ស១៩៨០​ លោក​ខាត់ឆុន​បាន​ចាប់​ផ្តើម​តាមដាន​ដំណើរ​ការ​ឆ្ពោះ​ទៅ​រក​ការ​កាត់ទោស​អតីត​មេដឹកនាំ​កំពូល​របស់​ខ្មែរក្រហម​ និង​កម្មាភិបាល​ជាន់​ខ្ពស់​ខ្មែរក្រហម​ ចាប់តាំង​ពី​ការ​រៀបចំ​ការ​ចរចា​រវាង​អង្គការ​សហ​ប្រជាជាតិ​និង​រាជរដ្ឋា​ភិបាល​ខ្មែរ​នៅ​ឆ្នាំ​១៩៩៧។ ​អ្វីដែល​សំខាន់​សម្រាប់​លោក​នោះ​គឺ​ថា​ការ​កាត់​ក្តី​នេះ​ត្រូវ​ធ្វើ​ជា​គម្រូ​យុត្តិធម៌​មួយ​សម្រាប់​មនុស្ស​ជាតិ​ក្នុង​ពិភព​លោក។​

«ខ្ញុំ​ត្រូវ​តែ​ចង់​ដឹង។ ​ខ្ញុំ​ត្រូវតែ​តាម​ដាន​តុលាការដើម្បី​រក​យុត្តិ​ធម៌​ឲ្យ​មនុស្ស​ទូទាំង​ពិភព​លោក​ រួម​ទាំង​ជន​រងគ្រោះ ​ព្រោះ​ខ្ញុំ​ចង់​តាមដាន​ ថា​តើ​តុលាការ​នេះ​អាច​រក​យុត្តិធម៌​ ធ្វើ​ជា​គម្រូឲ្យ​មនុស្ស​ភាគ​ច្រើន​នៅ​ក្នុង​ពិភពលោក​បាន​ដែរ​ឬ​ទេ?»​

កាលពី​ថ្ងៃ​ទី​៧​ខែ​សីហា ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្តី​ខ្មែរក្រហម​ បាន​ប្រកាស​សាល​ក្រមដោយ​ផ្តន្ទាទោស​នួន ជា ​និង​ខៀវ សំផន​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ចំពោះ​អំពើ​ប្រឆាំង​មនុស្ស​ជាតិ​ដែល​តុលាការ​បាន​រក​ឃើញ។​

សក់​ស្កូវ​ស្ទើរ​ទាំង​ស្រុង ​ប៉ុន្តែ​លោក​ហង្សរី ខាត់ឆុន​ ដែល​មាន​អាយុ​៦២​ឆ្នាំ​ទៅ​ហើយ​នោះ​ ហាក់​ដូចជា​មនុស្ស​នៅ​មាន​សុខភាព​មាំទាំ​នៅ​ឡើយ។​

លោក​បានធ្វើ​ដំណើរ​ពី​រដ្ឋ​ម៉ាសាជូសេត​ សហ​រដ្ឋ​អាមេរិក​ ជាទី​ដែល​លោក​បាន​តាំង​លំនៅ​នោះ​ ដើម្បី​មក​ចូលរួម​ ជា​ពិសេស​ក្នុង​ការ​ប្រកាស​សាលក្រម​នេះ។​

ថ្វី​ដ្បិតតែ​ជន​រងគ្រោះ​ភាគច្រើន​បាន​ពេញ​ចិត្ត​នឹង​ការ​សម្រេច​របស់​អង្គ​ជំនុំ​ជម្រះ​ជាន់ទាប​នេះក្តី​ ប៉ុន្តែ​លោក​ហង្សរី ខាត់ឆុន​មិន​ស្ថិត​នៅ​ក្នុង​ចំណោម​ពួក​គេ​ទេ។​

«ខ្ញុំ​បាន​ទៅ​ស្តាប់​ផ្ទាល់​នៅ​តុលាការ។​ ខ្ញុំ​មិន​សូវ​ពេញ​ចិត្ត​ប៉ុន្មាន​ទេ​ ពីព្រោះ​យក​មនុស្ស​តែ​ពីរ​នាក់​យក​មក​កាត់​ទោស។​ អ្នក​ពាក់ព័ន្ធ​ដទៃ​មិន​បាន​យក​មក​ទេ។​ នេះ​ជា​បទ​ប្រល័យ​ពូជ​សាសន៍​ មាន​របប​ចាត់​តាំង​ពី​ថ្នាក់​លើ​ដល់​ថ្នាក់​ក្រោម។​ ​បើ​ដាក់​ទោស​ត្រឹម​ប៉ុណ្ណឹងគឺ​មិន​ស្មើ​នឹង​ទម្ងន់ទោស ​ដែល​គាត់​ធ្វើ​ជា​ប្រព័ន្ធ​នោះ​ទេ។​ តាម​គំនិត​ខ្ញុំ​គួរ​ដាក់ទោស​(ជាប់​ពន្ធនាគារ)​ពី​១០០​ទៅ​១២០​ឆ្នាំ​ឲ្យ​បាន​ច្បាស់​លាស់​អញ្ចឹង​ទៅ»។​

ពិត​ហើយ​អ្វី​ដែល​ពលរដ្ឋ​ខ្មែរអាមេរិកាំង​រូប​នេះ​មិន​ពេញ​ចិត្តនោះ​គឺ​មិន​អាច​លាក់លៀម​ពី​ជម្រៅ​ចិត្ត​របស់​គាត់​បាន​ទេ។​ អ្វី​ដែល​មិន​អាច​លាក់​បាន​នោះ​គឺ​ការ​ឈឺ​ចាប់​របស់​គាត់។​

«កូនស្រី​ខ្ញុំ​ម្នាក់​ស្លាប់​ដោយ​សារ​ប្រពន្ធ​របស់​ខ្ញុំ​អត់​ទឹកដោះ​ឲ្យ​កូន​បៅ។ ​កូន​កើត​ហើយគេ​ឲ្យ​យើង​ទៅ​ធ្វើ​ការ​ដូច​ទាសករ។ ​នៅ​ពេល​នោះ​ ប្រពន្ធ​ខ្ញុំ​ទាស់។​ គាត់​អត់​ទឹក​ដោះ​ឲ្យ​កូន​បៅ។ ​ដោយឡែក​គ្រួសារ​ខាង​ប្រពន្ធ​របស់​ខ្ញុំ​ស្លាប់​អស់។​ ពូមីង​របស់ខ្ញុំ​សុទ្ធ​តែ​អ្នក​មាន​បណ្តា​សក្តិ​ក្នុ​ងរបប​សាធារណ​រដ្ឋ។​ ហើយ​នៅ​ពេល​ដែល​ខ្ញុំ​រួច​ជីវិត​ហើយ​ ​ខ្ញុំ​ត្រូវតែ​បំពេញ​កាតព្វ​កិច្ច​ក្នុង​នាម​ខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់។​ ​ខ្ញុំសុខ​ចិត្ត​បូជា​កម្លាំង​កាយ ​កម្លាំង​ចិត្ត​ និង​ថវិកា​ចូល​ស្តាប់​នៅ​តុលាការ​នេះ ​ដើម្បី​ឲ្យដឹង​រឿង​ពិត ​ហេតុពិត ​តើ​វា​យ៉ាង​ម៉េច? ​ ​តើ​តុលាការ​នេះ​រក​យុត្តិធម៌ឲ្យ​ប្រជា​ពលរដ្ឋ​បាន​ដែរ​ ឬ​អត់?​ ខ្ញុំ​ចង់​ដឹង​អញ្ចឹង»។​

លោក​ហង្សរី ខាត់ឆុន​មានកូន​ចំនួន​បីនាក់។ ​ជា​អកុសល្យ ដូចលោក​បាន​បញ្ជាក់​ខាង​លើ ​កូន​ស្រី​របស់​លោក​ម្នាក់​ស្លាប់​នៅ​ក្នុង​សម័យ​ខ្មែរក្រហម។​

លោក​មាន​ឪពុក​ជា​មន្ត្រី​គយ​ក្នុង​របប​សាធារណ​រដ្ឋ​ខ្មែរ​របស់​លោក​សេនា​ប្រមុខ​លន់ នល់​ ដែល​គាំទ្រ​ដោយ​សហ​រដ្ឋ​អាមេរិក។​

ហើយ​ក្រោយមក​ លោក​ក៏​បាន​ចូល​ធ្វើ​ជា​ទាហាន​ក្នុង​របប​នោះ​ដែរ។​ ប៉ុន្តែ​មាន​ឋានៈ​ជា​ពល​ទាហាន។​

ពួក​ខ្មែរក្រហម​បាន​សង្ស័យ​ថា ​រូប​លោក​ជា​កងទ័ព​នៃ​របប​លោក​លន់ នល់។​ ប៉ុន្តែ​លោក​បាន​ព្យាយាម​លាក់​អត្ត​សញ្ញាណ​ និង​បាន​ប្តូរ​ឈ្មោះ​ពិត​នេះ​ចេញ។​

លោក​ខាត់ឆុន​ត្រូវ​ពួក​ខ្មែរក្រហម​ជម្លៀស​ចេញ​ពី​ភូមិ​កំណើត​នៅ​ខេត្ត​ស្វាយរៀង​ជា​បន្តបន្ទាប់​រហូត​ដល់​ខេត្ត​ក្រចេះ ​ដែលនៅ​ទីនោះ​លោក​បាន​ព្យាយាម​បម្រើ​កម្មាភិបាល​មូលដ្ឋាន​ខ្មែរក្រហម​ម្នាក់។​ ហើយ​កម្មាភិបាល​នៃ​របប​កុម្មុយនិស្ត​នេះ​បាន​បញ្ជាក់​ប្រាប់​លោក​ថា ​គេ​មាន​សិទ្ធិ​សម្រេច​លើ​ជីវិត​របស់​លោក។​

«គាត់​និយាយ​ប្រាប់​ខ្ញុំ​ត្រង់​ថា ​ឯង​ខំតែ​ធ្វើការ​ទៅ! ​អញ​ចង់​ឲ្យ​ងាប់​គឺ​ងាប់​ អញ​ចង់​ឲ្យ​រស់​គឺរស់​ហើយ។​ ឯង​កុំ​ខ្វល់ ​ប្រឹងតែ​ធ្វើការ​ទៅ!»។​

ពិត​ហើយ​ សម្តីនេះ​បាន​ធ្វើ​ឲ្យ​លោក​ងឿង​ឆ្ងល់​ស្រឡាំង​កាំង ​ហើយ​លោក​បាន​អះអាង​ថា ​លោក​បាន​បន់ស្រន់​វត្ថុ​ស័ក្តិ​សិទ្ធិ​នានា​រួមទាំង​វិញ្ញាណ​ក្ខន្ធ​ឪពុក​របស់​លោក​ឲ្យ​ជួយ​ទ្រទ្រង់​ជីវិត​លោក។​

នៅទី​បំផុត​ ក្រោយ​ពី​តាមដាន​ដំណើរការ​កាត់​ទោសមេដឹកនាំ​ខ្មែរក្រហម​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ​លោក​បាន​ដាក់​ពាក្យ​បណ្តឹង​សុំតាំង​ខ្លួន​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​ទៅ​កាន់​សាលាក្តី​ខ្មែរក្រហម​នៅ​ឆ្នាំ​២០១០​សម្រាប់​សំណុំ​រឿង​០០២។​

ការ​ដាក់​ពាក្យ​បណ្តឹង​នេះ​ធ្វើ​ឡើង​ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​អង្គការ​មួយ​នៅ​សហ​រដ្ឋ​អាមេរិក​ឈ្មោះ​ថា ​Asric។​ លោក​ហង្សរី ខាត់ឆុន​ បាន​ភៀសខ្លួន​ទៅ​កាន់​ជំរុំ​ក្នុង​ប្រទេស​ថៃ​នៅ​ឆ្នាំ​១៩៨០​មុន​នឹង​លោកបាន​ទទួល​សិទ្ធិ​ជាជន​ភៀសខ្លួន​ទៅ​រស់​នៅ​សហ​រដ្ឋ​អាមេរិកប្រាំ​ឆ្នាំ​ក្រោយ។​

ថ្វី​បើ​ឆ្នាំ​នេះ​លោក​មាន​វ័យច្រើន​ទៅ​ហើយ ​ប៉ុន្តែ​អតីត​ពល​ទាហាន​រូបនេះ​ហាក់ដូច​ជា​នៅ​តែ​មាន​ទឹកចិត្ត​ក្លៀវក្លា។​

លោក​ហង្សរី ​ខាត់ឆុន​ប្រកាស​ថា​ លោក​នឹង​បន្ត​ចូល​រួម​ដំណើរស្វែង​រក​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​ដោយ​របប​ខ្មែរក្រហម​ត​ទៅ​ទៀត​ក្នុង​នាម​ជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី។​ ​ហើយ​លោក​នឹង​តាម​ដាន​ការ​កាត់​ទោស​ក្នុង​សំណុំ​រឿង​០០២​វគ្គទី​២​ក្នុង​ពេល​ខាង​មុខ​នេះដោយ​មិន​រំលង៕