សម្រាប់​ប្រធានាធិបតី​ថ្មី​របស់​ប្រេស៊ីល ការ​ជាប់​គាំង​សេដ្ឋកិច្ច​គឺ​ជា​កង្វល់​ដ៏​តូច​មួយ

លោក Michel Temer ប្រធានាធិបតី​បណ្តោះ​អាសន្ន​របស់​ប្រេស៊ីល​ទៅ​វិមាន​ប្រធានាធិបតី​ដើម្បី​ធ្វើ​សុន្ទរកថា នៅ​ក្នុង​ក្រុង Brasilia ប្រទេស​ប្រេស៊ីល កាលពី​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦។

លោក Michel Temer ប្រធានាធិបតី​បណ្តោះ​អាសន្ន​នៃ​ប្រទេស​ប្រេស៊ីល​ចាប់​ផ្តើម​រដ្ឋបាល​ថ្មី​របស់​លោក​នៅ​ថ្ងៃ​សុក្រ​នេះ ខណៈ​ដែល​អ្នក​គាំទ្រ​របស់​ប្រធានាធិបតី​មុន​រាប់​រយ​នាក់​បន្ត​ធ្វើ​បាតុកម្ម​នៅ​តាម​ដងផ្លូវនានា ហើយ​មេដឹកនាំ​ថ្នាក់​តំបន់​បាន​ថ្កោលទោស​ការ​បោះឆ្នោត​របស់​ព្រឹទ្ធសភា​ទៅ​លើ​ការ​ចោទប្រកាន់ប្រធានាធិបតី​មុន​ ថា​ជា​ការ​ធ្វើ​រដ្ឋ​ប្រហារ​ដោយ​ចំៗ។​

លោក Temer ដែល​ជា​អតីត​អនុប្រធានាធិបតី​រូប​នេះ​បាន​បង្កើត​គណៈរដ្ឋមន្រ្តី​ដែល​គាំទ្រ​ដល់​ការ​ធ្វើ​ជំនួញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​សមាជិក​ព្រឹទ្ធសភា​បាន​បោះឆ្នោត​ជា​បណ្តោះអាសន្ន​ដក​លោកស្រី Dilma Rousseff ដែល​ជា​មិត្តភក្តិ​ ប៉ុន្តែ​បាន​ក្លាយ​ទៅ​ជា​សត្រូវ​នយោបាយរបស់​លោក ឲ្យ​ចេញ​ពី​តំណែង​ ចំពោះ​ការចោទ​ប្រកាន់​ពី​បទ​ពុករលួយ។ ​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ទី​១​របស់​លោក Temer ​វ័យ​៧៥​ឆ្នាំ ក្នុង​នាម​ជា​មេដឹកនាំ​ប្រេស៊ីល លោក​បាន​និយាយ​ថា «យើង​ត្រូវ​តែ​លើក​កម្ពស់​ផ្នែក​ជំនួញ​សម្រាប់​វិស័យ​ឯកជន​ និង​ត្រូវ​ធ្វើ​ឲ្យ​ថវិកា​របស់​រដ្ឋាភិបាល​មាន​តុល្យភាព​ឡើង​វិញ»។

ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​ដែល​ត្រួតពិនិត្យ​តាមដាន​ទៅ​លើ​គណៈរដ្ឋមន្រ្តី​របស់​លោក Temer បាន​និយាយ​ថា ប្រទេស​ប្រេស៊ីល​ដែល​មាន​ចម្រុះ​ជាតិសាសន៍នោះ មិន​មាន​ជនជាតិ​ប្រេស៊ីល​ដើម​កំណើត​អាហ្រ្វិកនិង​ស្ត្រីនៅ​ក្នុង​គណៈរដ្ឋមន្រ្តី​នោះ​ទេ ដែល​នេះ​ជា​លើក​ដំបូង​បង្អស់​ដែល​បាន​កើត​មានក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ។

លោក Temer ក៏​មាន​ស្លាកស្នាម​ធ្លាប់​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដែរ។ ថ្វី​ត្បិត​តែ​លោក​មិន​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត លោក​នៅ​តែ​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ក្រុមហ៊ុន​ប្រេង​របស់​រដ្ឋ ដែល​មាន​ឈ្មោះ​ថា Petrobras ​ដែល​ពាក់ព័ន្ធនឹង​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​របស់​លោក និង​លោក​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​របស់​លោកស្រី Rousseff ផង​ដែរ៕