ក្នុងពេលដែលអាជ្ញាធរនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្តនានារឹតបន្តឹងវិធានការសុខាភិបាលរបាយការណ៍បង្ហាញថាក្នុងរយៈពេល១សប្តាហ៍ចុងក្រោយនេះ មនុស្សប្រមាណ២ម៉ឺននាក់ ត្រូវបានឃាត់ខ្លួន ដើម្បី«អប់រំនិងពិន័យ» ខណៈប្រមាណ៥០នាក់ទៀត ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការបន្ត។
ទិន្នន័យរបស់អនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ឲ្យដឹងថា ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៦ ខែសីហា ដែលមានរយៈពេលមួយសប្តាហ៍ មនុស្សចំនួន១៩.៥៦៣នាក់ទូទាំងប្រទេស ត្រូវបានឃាត់ខ្លួន ដើម្បី«អប់រំនិងពិន័យ» ខណៈ៤៩នាក់ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីបន្តតាមនីតិវិធីច្បាប់។ ចំណែកថវិកាដែលពិន័យបានមានប្រមាណ២៣៧លានរៀល ដែលស្មើប្រមាណ៦ម៉ឺនដុល្លារអាមេរិក។ អាជ្ញាធរក៏ឃាត់បានយានយន្តរាប់ពាន់ផងដែរក្នុងរយៈពេល៧ថ្ងៃចុងក្រោយ។
បើតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃចន្ទ ទី១៦ ខែសីហា អាជ្ញាធរបានឃាត់ខ្លួនមនុស្សចំនួន២.៥៤០នាក់ សម្រាប់ «អប់រំនិងពិន័យ» ហើយបញ្ជូនទៅតុលាការចំនួន៨នាក់។ ចំណែកកាលពីថ្ងៃទី១៤ ខែសីហា មានការឃាត់ខ្លួនមនុស្សចំនួន២.៥៣៨នាក់ ដើម្បី«អប់រំ និងពិន័យ» ហើយមនុស្ស២៥នាក់ត្រូវបានបញ្ជូនទៅតុលាការ។ កាលពីថ្ងៃទី១១ ខែសីហា អាជ្ញាធរបានឃាត់ខ្លួនមនុស្សចំនួន៤.១៥៤នាក់ ដើម្បី«អប់រំ និងពិន័យ» ហើយបញ្ជូនទៅតុលាការចំនួន១៣នាក់។
ចាប់តាំងពីចុងខែកក្កដា រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបន្តដាក់បម្រាមគោចរក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ហើយបានសម្រេចបន្តចំនួន១សប្តាហ៍ទៀត គឺរហូតទៅដល់ថ្ងៃទី១៩ ខែសីហា។ ចំណែកវិធានការរឹតត្បិតការជួបជុំនិងអាជីវកម្មដែលមានហានិភ័យឆ្លងខ្ពស់ ក៏ត្រូវបានបន្តផ្អាកក្នុងរយៈពេល២សប្តាហ៍ គឺរហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។ បច្ចុប្បន្នបម្រាមគោចរក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ធ្វើឡើងនៅចន្លោះម៉ោង១០យប់ ដល់ម៉ោង៣ទៀបភ្លឺ។
ក្នុងពេលរឹតបន្តឹងវិធានការសុខាភិបាលនោះ អាជ្ញាធរក៏ហាមឃាត់ការជួបជុំ ដើម្បីសេពគ្រឿងស្រវឹងនិងហាមការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនដែលមានមនុស្សលើសពី១៥នាក់ រហូតដល់ថ្ងៃទី២៦ ខែសីហាដែរ។
នៅតាមបណ្តាខេត្តក៏មានការរឹតបន្តឹងវិធានការសុខាភិបាលផងដែរ។ កាលពីថ្ងៃទី១៦ ខែសីហា ក្រសួងសុខាភិបាលបានកំណត់ភូមិសាស្រ្តដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ដែលមាន១៥ខេត្តដូចជាខេត្តពោធិ៍សាត់ បាត់ដំបង មណ្ឌលគិរី ក្រចេះ កំពត កំពង់ធំ និងត្បូងឃ្មុំជាដើម។ ការពាក់ម៉ាស់ត្រូវអនុវត្តរហូតដល់មានការជូនដំណឹងសាជាថ្មី។
លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌និងជាអ្នកនាំពាក្យនៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺ១៩ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាវិធានការដែលអាជ្ញាធរអាចធ្វើបាន មានចែងនៅក្នុងច្បាប់ ដែលអនុញ្ញាតឲ្យមានការអប់រំ ពិន័យ និងបញ្ជូនទៅតុលាការ។ លោកបន្ថែមថាភាគច្រើន អាជ្ញាធរអនុវត្តវិធានអប់រំ។ លោកឲ្យដឹងទៀតថាការអប់រំនោះបានកើតឡើងចំពោះអំពើល្មើសវិធានការសុខាភិបាល ដែលក្នុងនោះមានការមិនពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព នៅក្នុងតំបន់ដែលកំណត់ជាកាតព្វកិច្ច។ លោកបន្តថាករណីផ្សេងទៀត គឺការចេញពីធ្វើការយឺតយ៉ាវដែលអាជ្ញាធរប្រកាន់វិធានការអប់រំ ដោយមិនពិន័យនោះទេ។
ចំពោះករណីបញ្ជូនទៅតុលាការ លោក គឹម សន្តិភាព បញ្ជាក់ថាភាគច្រើនជាករណីដែលមានការជួបជុំសេពគ្រឿងស្រវឹង និងបន្តបើកកន្លែងរកស៊ីដែលបំពានវិធានការរដ្ឋបាលក្នុងពេលរឹតបន្តឹង។
លោកប្រាប់វីអូអេថា៖ «ពាក់ព័ន្ធទៅនឹងការមិនអនុវត្តវិធានការរដ្ឋបាល។ ឧទាហរណ៍ថាមានការជួបជុំផឹកស៊ី ហើយម្ចាស់ទីតាំងមួយចំនួនដែលគាត់បង្កើតឲ្យមានអនុញ្ញាតឲ្យមានការជួបជុំដើម្បីផឹកស៊ីហ្នឹង។ កន្លែងខ្លះ នៅតែបើកខារ៉ាអូខេ អញ្ចឹងទោសទាំងអស់ហ្នឹងហើយ ដែលជាមុខសញ្ញាត្រូវបញ្ជូនទៅតុលាការ»។
បើតាមលោក គឹម សន្តិភាព ថវិកាដែលបានមកពីការផាកពិន័យ នឹងត្រូវបញ្ចូលជាថវិកាជាតិ។
លោក សាន សុខសីហា អ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថាចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែសីហា សមត្ថកិច្ចបានឃាត់មនុស្សចំនួន៨៩នាក់នៅភូមិសាស្រ្តរាជធានីភ្នំពេញ ដែលល្មើសនឹងបម្រាមគោចរ និងវិធានការរដ្ឋបាល ដូចជាការបើកកន្លែងលេងបាល់ទាត់ កន្លែងហាត់ប្រាណ និងហាងមួយចំនួន។ លោកបន្ថែមថាចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែសីហា អាជ្ញាធរបានបញ្ជូនមនុស្សចំនួន១៤នាក់ទៅតុលាការ ទាក់ទងនឹងការជួបជុំលេងល្បែងស៊ីសងនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
លោក ប្លង់ សុផល អ្នកនាំពាក្យរបស់តុលាការរាជធានីភ្នំពេញ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា៖ «មានករណីច្រើនដែលយើងបានអនុវត្តតាមច្បាប់។ ដោយសារច្រើនពេក មិនចាំអស់ទេ»។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ មានប្រសាសន៍ថាការឃាត់ខ្លួនមនុស្ស ដើម្បីអប់រំ និងពិន័យ មានប្រមាណ២ម៉ឺននាក់ក្នុងរយៈពេល៧ថ្ងៃចុងក្រោយដែលលោកថាជាចំនួនច្រើន ដែលមានន័យថាប្រជាពលរដ្ឋមិនទាន់ដឹងពីវិធានការរដ្ឋបាល និងសុខាភិបាលនៅឡើយ។
លោកថ្លែងថា៖ «ខ្ញុំគិតថាក្រៅតែពីការអនុវត្តវិធានការ ក៏គួរតែបង្កើននូវការផ្សព្វផ្សាយអប់រំឲ្យប្រជាពលរដ្ឋបានយល់ដឹង ហើយនិងចូលរួមទាំងអស់គ្នា ដើម្បីធ្វើការទប់ស្កាត់នៃការរីករាលដាលនៃកូវីដ១៩ហ្នឹង»។
គួរបញ្ជាក់ថាក្រសួងសុខាភិបាលនៅថ្ងៃអង្គារនេះ បានរាយការណ៍ថាមនុស្ស៥៥៦នាក់បានឆ្លងជំងឺកូវីដ១៩ ហើយករណីស្លាប់ថ្មីមានចំនួន១៤នាក់ ដែលនាំឲ្យករណីស្លាប់សរុបមានចំនួន១.៧១៨នាក់៕