រហូតមកដល់ពេលនេះ មានមនុស្សប្រមាណ ៣៣.០០០នាក់បានខ្ចាត់ព្រាត់ពីផ្ទះសំបែងរបស់ពួកគេនៅខាងក្នុងនិងនៅជុំវិញក្រុង Mosul ចាប់តាំងពីមានកិច្ចប្រតិបត្តិការយោធាបានចាប់ផ្តើមធ្វើកាលពីបីសប្តាហ៍មុននេះ ដើម្បីណ្តេញពួករដ្ឋឥស្លាម ចេញពីក្រុងធំទីពីរនៃប្រទេសអ៊ីរ៉ាក់នេះ។
បើតាមមន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋបាលស.រ.អា. បានឲ្យដឹងថា ទោះណាជាមានការប្រយុទ្ធគ្នាយ៉ាងសាហាវនៅក្នុងក្រុងនេះក៏ដោយ ក៏ចំនួនពួកជនដែលបានរត់គេចខ្លួនចេញពីក្រុងនេះមានតិចជាងចំនួនដែលគេរំពឹងទុកពីដំបូង ក៏ប៉ុន្តែពួកមន្ត្រីខាងមនុស្សធម៌កំពុងតែត្រៀមខ្លួនដើម្បីជួយអ្នកភៀសខ្លួនរហូតដល់ ៧សែននាក់ ដែលនេះបង្ហាញពីការវិវត្តទៅរកទិសដៅអាក្រក់បំផុត ដែលគេបានរំពឹងថានឹងកើតមាន នៅពេលមានស្ថានការណ៍មួយដែលវិវត្តយ៉ាងលឿន»។
បើតាមមន្ត្រីរូបនេះ ពាក់កណ្តាលនៃពួកជនដែលបានរត់គេចខ្លួនចេញពីក្រុង Mosul បានទៅកាន់ទីជម្រក ហើយតួលេខនេះជាតួលេខខ្ពស់មិនធម្មតា។
មានកញ្ចប់ម្ហូបអាហារដែលគេហៅកាត់ថា MREs ដែលមានន័យថា អាហារដែលគេបានត្រៀមជាស្រេចហើយ សម្រាប់មនុស្ស១.២៥០.០០០នាក់។ ជំរំជាផ្លូវការដើម្បីទទួលមនុស្ស៨០.០០០នាក់ឱ្យស្នាក់អាស្រ័យនឹងរៀបចំស្រេចបាច់នៅពាក់កណ្តាលខែធ្នូនេះ។ មានការរៀបចំរួចស្រេចហើយនូវធុងទឹកធំៗ៩០០ ប្រព័ន្ធទឹកសម្រាប់គ្រួសារ ៥០.០០០ និងឡានពេទ្យចំនួន១០០៕