អង្គការ​សហប្រជាជាតិ​ថា តម្លៃ​ម្ហូប​អាហារ​និង​ប្រេង​ឥន្ធនៈ​នៅ​មីយ៉ាន់ម៉ា​បាន​កើន​ឡើង ក្រោយ​រដ្ឋប្រហារ​យោធា

រូបឯកសារ៖ ទិដ្ឋភាព​លក់​ម្ហូបអាហារ​នៅ​ផ្សារ​មួយ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ក្រោយ​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​ឡើង​កាន់​អំណាច ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។

អង្គការ​សហប្រជាជាតិ​បាន​ព្រមាន​ថា តម្លៃ​ម្ហូប​អាហារ​និង​ប្រេង​ឥន្ធនៈ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​កំពុង​កើនឡើង​យ៉ាង​គំហុក ដោយសារ «ភាព​ចលាចល​នយោបាយ​នា​ពេល​បច្ចុប្បន្ន» ដែល​បង្ក​ឡើង​ដោយ​រដ្ឋប្រហារ​យោធា​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ។

កម្មវិធី​ស្បៀង​អាហារ​ពិភពលោក (WFP) របស់​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា តម្លៃ​ស្រូវ​បាន​កើនឡើង​ជា​មធ្យម ៣% នៅ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា ចាប់​តាំងពី​ពាក់​កណ្តាល​ខែ​មករា​រហូត​ដល់​ពាក់​កណ្តាល​ខែ​កុម្ភៈ។ ប៉ុន្តែ​ទីភ្នាក់ងារ​នេះ​បាន​បញ្ជាក់​ថា តម្លៃ​ទាំង​នេះ​បាន​កើនឡើង​ខ្លាំង​ពី ២០% ទៅ ៣៥% នៅ​ក្នុង​ឃុំ​មួយ​ចំនួន​ក្នុង​រដ្ឋ Kachin នៅ​ភាគ​ខាង​ជើង​ប្រទេស។

ទីភ្នាក់ងារ WFP ក៏​បាន​បញ្ជាក់​ផងដែរ​ថា តម្លៃ​លក់​រាយ​នៃ​ប្រេង​ត្នោត​បាន​កើនឡើង​ខ្លាំង​រហូត​ដល់ ២០% ចាប់តាំង​ពី​ដើម​ខែ​កុម្ភៈ​មក ហើយ​ភាព​ចលាចល​បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​លើ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ទំនិញ​និង​ទីផ្សារ។

ប្រធាន​ទីភ្នាក់ងារ WFP ប្រចាំ​ប្រទេស​មីយ៉ាន់ម៉ា​លោក Stephen Anderson បាន​និយាយ​ថា៖ «សញ្ញា​ដំបូងៗ​ទាំង​នេះ​គឺ​គួរឲ្យ​ព្រួយ​បារម្ភ ជា​ពិសេស​សម្រាប់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត ដែល​រក​ព្រឹក​ខ្វះ​ល្ងាច។ បន្ថែម​ពី​លើ​វិបត្តិ​ជំងឺ​កូវីដ១៩ ប្រសិនបើ​ការ​ឡើង​ថ្លៃ​ទំនិញ​ទាំង​នេះ​នៅតែ​បន្ត​ទៅ​មុខ​ទៀត នោះ​វា​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​លទ្ធភាព​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​បំផុត​និង​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​នៅ​ក្នុង​ការ​រក​ទទួល​ទាន»។

ការ​វាយតម្លៃ​នេះ​បាន​ធ្វើ​ឡើង ស្រប​ពេល​ដែល​របប​យោធា​មីយ៉ាន់ម៉ា​បាន​អនុវត្ត​ច្បាប់​អាជ្ញាសឹក​បន្ថែម​នៅ​តាម​តំបន់​ផ្សេង​ទៀត​នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន នៅ​ចំ​ពេល​ដែល​មាន​សេចក្ដី​រាយការណ៍​ថា អ្នក​តវ៉ា​ជា​ច្រើន​ត្រូវ​បាន​កម្លាំង​សន្តិសុខ​សម្លាប់៕