អាជ្ញាធរចិននិងក្រុមហ៊ុនទូរគមនាគមន៍ Huawei បានប្រតិកម្មទៅភ្លាមៗទៅនឹងការចោទប្រកាន់របស់រដ្ឋអាជ្ញាសហព័ន្ធសហរដ្ឋអាមេរិកដែលបានប្រកាសប្រឆាំងនឹងក្រុមហ៊ុនHuawei និងលោកស្រី Meng Wanzhou នាយកហរិញ្ញវត្ថុរបស់ក្រុមហ៊ុន។
មេធាវីរបស់លោកស្រី Meng បានប្រឆាំងតវ៉ានឹងករណីចាប់ខ្លួនលោកស្រីធ្វើជាចំណាប់ខ្មាំងនៅក្នុងទំនាក់ទំនងរវាងអាមេរិកនិងប្រទេសចិន ខណៈក្រសួងការបរទេសចិនបានប្រកាសថាករណីចោទប្រកាន់នេះគឺជាការបង្ក្រាបលើក្រុមហ៊ុនចិនដោយគ្មានហេតុផល។ កាលពីថ្ងៃចន្ទ ក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់លោកស្រី Meng ពីបទចូលរួមឃុបឃិតរំលោភទណ្ឌកម្មរបស់អាមេរិកដែលបានដាក់លើប្រទេសអ៊ីរ៉ង់។
ការចោទប្រកាន់នោះបានចោទប្រកាន់ក្រុមហ៊ុន Huawei លោកស្រី Meng និងបុគ្គលិកផ្សេងទៀតថា មានជាប់ពាក់ព័ន្ធនៅក្នុងការឃុបឃិតបោកបញ្ឆោតស្ថាប័នហរិញ្ញវត្ថុនានា និងរដ្ឋាភិបាលអាមេរិកតាមរយៈសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Huawei ក្នុងប្រទេសអ៊ីរ៉ង់។ ករណីដាច់ដោយឡែកមួយទៀត ក្រុមហ៊ុន Huaweiត្រូវបានចោទប្រកាន់ថាបានលួចបច្ចេកវិទ្យាពីក្រុមហ៊ុន T-Mobileរបស់អាមេរិកផងដែរ។
តាមរយៈសេចក្តីថ្លែងការមួយ ក្រុមហ៊ុន Huawei បានច្រានចោលរាល់ការចោទប្រកាន់ទាំងអស់ និងបានប្រកាសថាក្រុមហ៊ុនមានការខកចិត្តយ៉ាងខ្លាំងចំពោះការចោទប្រកាន់ទាំងនេះ។ សេចក្តីថ្លែងការណ៍នេះក៏បានប្រកាសផងដែរថា ក្រុមហ៊ុនធ្លាប់បានព្យាយាមស្នើសុំពិភាក្សាអំពីការចោទប្រកាន់ទាំងនេះជាមួយក្រសួងយុត្តិធម៌អាមេរិក ប៉ុន្តែសំណើរនេះត្រូវបានបដិសេធដោយគ្មានការពន្យល់បកស្រាយ៕