អង្គការ UNICEF ថា ការ​ផ្ដោត​តែ​លើ​មនុស្ស​ចាស់​ធ្វើ​ឲ្យ​ជំងឺ​កូវីដ១៩​ប៉ះពាល់​ដល់​កុមារ​ដោយ​កំបាំង​មុខ

  • Lisa Schlein

រូបឯកសារ៖ បុគ្គលិកសុខាភិបាលពាក់គ្រឿងប្រដាប់ការពារខ្លួន មុនពេលរៀបចំកន្លែងដាក់សាកសពនៅមន្ទីរពេទ្យ Saint Luc នៅក្រុង Namur កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។

មូលនិធិ​កុមារ​នៃ​អង្គការ​សហប្រជាជាតិ ដែល​ហៅ​កាត់​ថា UNICEF បាន​ឲ្យ​ដឹង​ថា មិន​មាន​ការ​យក​ចិត្តទុកដាក់​ឲ្យ​បាន​គ្រប់គ្រាន់​ទៅ​លើ​ផលប៉ះពាល់​នៃ​ជំងឺកូវីដ១៩ ទៅ​លើ​កុមារ​នោះ​ទេ។ ខណៈ​ដែល​មនុស្ស​ចាស់​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​កូវីដ១៩ នេះ វិធានការ​ចាំបាច់​នានា​ដែល​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ ប្រហែលជា​អាច​ជះ​ផល​ប៉ះពាល់​ខ្លាំង​ដល់​សុខុមាលភាព​ផ្លូវកាយ​និង​ផ្លូវចិត្ត​របស់​កុមារនៅ​ទូទាំង​ពិភពលោក​ទេ។

របាយការណ៍​មួយ​របស់​អង្គការ UNICEF បាន​រកឃើញ​ថា វិធានការ​ជាច្រើន​ដែល​មាន​គោល​បំណង​ទប់ស្កាត់​ការ​ឆ្លងរាលដាល​វីរុស​កូរ៉ូណា​គឺ​ចាំបាច់​ណាស់ ប៉ុន្តែ​វិធានការ​ទាំង​នោះ​អាច​ផ្ដល់​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កុមារ។

លោក Laurence Chandy គឺ​ជា​អ្នក​និពន្ធ​ដឹកនាំ​ចងក្រង​របាយការណ៍​នេះ និង​ជា​នាយក​ការិយាល័យ​គោលនយោបាយ​ការ​យល់ដឹង​ទូទៅ​ជា​សាកល​នៃ​អង្គការ UNICEF។

លោក​និយាយ​ថា មាន​ជីវិត​កុមារ​តិចតួច​ណាស់​ដែល​មិន​បាន​រង​ផល​ប៉ះពាល់​ដោយសារ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​នេះ។ លោក​បាន​គូស​បញ្ជាក់​ថា ៦០% នៃ​កុមារ​នៅ​ទូទាំង​សាកលលោក​រស់នៅ​ក្នុង​បណ្ដា​ប្រទេស​ដែល​បាន​អនុវត្ត​វិធានការ​ហាម​មិន​ឲ្យ​ពលរដ្ឋ​ចេញ​ពី​ផ្ទះ​ខ្លះៗ ឬ​ទាំងស្រុង​តែ​ម្ដង។

លោក Chandy បាន​ថ្លែង​ក្នុង​សម្ដី​ដើម​យ៉ាង​ដូច្នេះ​ថា៖ «ការ​បិទ​សាលារៀន​ព្រមៗ​គ្នា​ដែល​មិន​ធ្លាប់​ធ្វើ​ពី​មុន​មក​នៅ​ទូទាំង​ពិភពលោក​នេះ​កំពុង​តែ​ប៉ះពាល់​ដល់​កុមារ​ចំនួន ១.៥០០ លាន​ នាក់​។ តួលេខ​នេះ​គឺ​ជិត​ស្មើ​នឹង​ចំនួន​កុមារ​ទាំង​អស់​នៅ​ក្នុង​ពិភពលោក​នេះ។ របាយការណ៍​នេះ​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា កុមារ​ជាង ៣៦០ លាន​នាក់ នៅ​ក្នុង​បណ្ដា​ប្រទេស​ចំនួន ១៤៣ ពឹងផ្អែក​លើ​អាហារ​នៅ​តាម​សាលារៀន»។

លោក Chandy ថ្លែង​ថា កុមារ​លែង​ទទួល​បាន​អាហារ​នៅ​តាម​សាលារៀន​ទៀត​ហើយ ដោយសារ​តែ​សាលារៀន​ត្រូវ​បិទទ្វារ។ សម្រាប់​កុមារ​ជាច្រើន អាហារ​ដែល​ពួកគេ​ទទួល​ទាន​នៅ​សាលារៀន​គឺ​ជាអាហារ​តែ​មួយ​ពេល​គត់​ដែល​ពួកគេ​បាន​ហូប​ក្នុង​មួយ​ថ្ងៃ។ លោកChandy បាន​លើកឡើង​ទៀត​ថា បណ្ដា​សេវាកម្ម​ការពារ​កុមារ​ក៏​ត្រូវ​បាន​បិទ​ដំណើរការ​ភាគច្រើន​ផង​ដែរ ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​កុមារ​ត្រូវ​ប្រឈម​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ទម្រង់​ផ្សេង​ទៀត​នៃ​ការ​បំពាន​និង​ការ​កេងប្រវ័ញ្ច​នានា។ ​

មក​ទល់​នឹង​ពេល​នេះ វីរុស​កូរ៉ូណា​មិន​បាន​សម្លាប់​កុមារ​ច្រើន​នាក់​នោះ​ទេ។ ប៉ុន្តែ​លោក Chandy បាន​និយាយ​ថា វីរុស​នេះ​បាន​ផ្ដល់​ផល​ប៉ះពាល់​ដោយ​ប្រយោល​ទៅ​លើ​សុខភាព​របស់​កុមារ ដែល​នឹង​អាច​ក្លាយ​ជា​គ្រោះ​មហន្ដរាយ។ លោក​បាន​គូស​បញ្ជាក់​ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នៅ​ទូទាំង​ពិភពលោក​ក៏​ត្រូវ​បាន​ផ្អាក​ដំណើរការ​ដែរ។

លោក Chandy បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​យុទ្ធនាការ​ជា​សាកល​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ជំងឺ​គ្រុន​ស្វិត​ដៃជើង​អស់​រយៈពេល​រាប់​ឆ្នាំ។ យើង​រាប់​ឃើញ​ថា មាន​ប្រទេស​ចំនួន ២៣ នៅ​ទូទាំង​ពិភពលោក​ដែល​បាន​ផ្អាក​ដំណើរការ​ចាក់​វ៉ាក់សាំង​ជំងឺ​កញ្ជ្រឹល។ ផលប៉ះពាល់​មួយ​នៃ​វិបត្តិ​សេដ្ឋកិច្ច​សាកលលោក​នេះ​គឺ​បង្កើន​ចំនួន​មរណភាព​ទារក។ គេ​ព្យាករណ៍​ថា នឹង​មាន​អត្រា​ស្លាប់​ថែម​ទៀត​រាប់​សែន​ករណី​ក្នុង​ឆ្នាំ​នេះ ដែល​អ្នក​ស្លាប់​ទាំង​នោះ​គឺ​ជា​កុមារ»។

អង្គការ UNICEF កំពុង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​នានា​ផ្ដោត​ឲ្យ​បាន​ទូលំទូលាយ​ជាង​នេះ មិន​ត្រូវផ្ដោត​តែ​លើ​ការ​រាប់​ចំនួន​ករណី​ឆ្លង​និង​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩​នោះ​ទេ។ អង្គការ​នេះ​បាន​បញ្ជាក់​ថា គេ​ត្រូវការ​វិធីសាស្ត្រ​ដែល​មាន​តុល្យភាព​ជាង​នេះ​ដើម្បី​ដោះស្រាយ​ហានិភ័យ​ថ្មី ដែល​កើត​ចេញ​ពី​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ដែល​កំពុង​តែ​គំរាមកំហែង​ដល់​អាយុ​ជីវិត​កុមារ​នៅ​ទូទាំង​ពិភពលោក៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា