លទ្ធភាព​ឈ្នះឆ្នោត​របស់​បេក្ខជន​ខ្មែរ​អាមេរិកាំង​ស្មុគស្មាញ​ដោយ​សារ​ភាព​ចម្រូង​ចម្រាស​លើ​ទីតាំង​នៃ​វិទ្យាល័យ​ឡូវែល

ទិដ្ឋភាព​នៃ​វិទ្យាល័យ​ឡូវែល ស្ថិត​នៅកណ្តាល​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត។

ការ​បោះឆ្នោតក្រុម​ប្រឹក្សា​ក្រុង​ឡូវែល​នៅ​ឆ្នាំ២០១៧​នេះ ត្រូវបាន​គេ​រំពឹង​ថា នឹង​មាន​បេក្ខជន​មក​ពី​សហគមន៍​ជនជាតិ​ភាគតិច​នៅ​ក្រុង​ឡូវែល ឈ្នះ​ការ​បោះឆ្នោត តែ​លទ្ធភាព​នេះ ត្រូវបាន​ស្មុគស្មាញ​ដោយសារ​តែ​បញ្ហា​ទីតាំង​វិទ្យាល័យ​ឡូវែល។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​ឡូវែល​ឆ្នាំ​២០១៧​នេះ នឹង​បង្ក​ឲ្យ​មាន​ការ​បែក​ខ្ញែក​គ្នា​នៅ​ក្រុង​ឡូវែល​នេះ។​

ការ​រំពឹង​ទុក​ដែល​ថា បេក្ខជន​មក​ពី​សហគមន៍​ជនជាតិ​ភាគតិច ភាគច្រើន​គឺ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង អាច​នឹង​ឈ្នះឆ្នោត​នៅ​សាលាក្រុង បែរ​ជា​អាស្រ័យ​លើ​ជោគ​វាសនា​នៃ​វិទ្យាល័យ​ឡូវែល​ទៅ​វិញ។​

មាន​បេក្ខជន​ចំនួន​២៣នាក់ បាន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ក្រុង​នៅ​ឆ្នាំ​នេះ រួម​ទាំង​សមាជិក​ក្រុមប្រឹក្សា​ក្រុង​បច្ចុប្បន្ន​ចំនួន​៩នាក់​ផង​ដែរ ដែល​សុទ្ធ​តែ​ជា​ពលរដ្ឋ​អាមេរិកាំង​ស្បែក​ស។ នៅក្នុង​ទីក្រុង​ឡូវែល​នេះ ចំនួន​ពលរដ្ឋ​អាមេរិកាំង​ស្បែក​ស និង​ចំនួន​ពលរដ្ឋ​មក​ពី​សហគមន៍​ជនជាតិ​ភាគតិច ដូចជា​អាស៊ី អាមេរិក​ឡាទីន និង​អាមេរិក​ស្បែក​ខ្មៅ ស្ទើរ​តែ​ស្មើ​គ្នា គឺ​៥០.២ភាគរយ ស្បែក​ស និង​ជាង​៤៩ភាគរយ​ជនជាតិ​ភាគតិច។

បញ្ហា​ដែល​ត្រូវបាន​យក​មក​ពិភាក្សា​ខ្លាំង​ ក្នុង​ការ​បោះឆ្នោត​ឆ្នោត​អណត្តិ​ថ្មី​នេះ គឺ​ថា តើ​ត្រូវ​ជួសជុល​វិទ្យាល័យ​នេះ ឬ​ក៏​សាងសង់​វិទ្យាល័យ​នេះ​ថ្មី។ ក្នុង​ចំណោម​សិស្ស​ចំនួន​ជាង​៣០០០នាក់ ប្រហែល​៧០ភាគរយ​គឺជា​សិស្ស​មក​ពី​សហគមន៍​ជនជាតិ​ភាគតិច។

ជម្រើស​ជួសជុល​វិទ្យាល័យ​នេះ ដោយ​សាងសង់​ជា​សំណង់​អគារថ្មីៗ នឹង​ត្រូវការ​ចំណាយ​ជា​ទឹកប្រាក់​ចំនួន​ជាង ​៣៥០លាន​ដុល្លារ។

រីឯ ​ការ​ផ្លាស់ទី​វិទ្យាល័យ​នេះ​ទៅកាន់​ភូមិ Belvidere នឹង​ត្រូវការ​ចំណាយ​ជា​ទឹកប្រាក់​ចំនួន​ជាង ​៣៣៤លាន​ដុល្លារ ហើយ​ពលរដ្ឋ​នៅ​ក្រុង​ឡូវែល​នេះ​ទាំងមូល ក៏​ត្រូវ​ចំណាយ​ប្រាក់​ចេញ​ពី​ហោប៉ាវ​របស់​ខ្លួន​ក្នុង​មួយ​ឆ្នាំ ​ចំនួន​៣.២លាន​ដុល្លារ សម្រាប់​សេវា​ដឹក​ជញ្ជូន​សិស្ស​វិទ្យាល័យ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ ទៅ​កាន់​វិទ្យាល័យ​ឡូវែល។

ពលរដ្ឋ​ក្រុង​ឡូវែល បាន​ចូលរួម​កិច្ចពិភាក្សា​សាធារណៈ​របស់​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល ដោយ​លើក​បដា​ដែលសរសេរថា «‍វិទ្យាល័យ​ឡូវែល​នៅ​កណ្តាល​ក្រុង»។ (រូបថត​ដោយ Common Wealth Magazine)

កាលពី​ថ្ងៃទី២០ ខែ​មិថុនា សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ចំនួន​ប្រាំបួន​នាក់ ដែល​សុទ្ធតែ​ជា​ពលរដ្ឋ​អាមេរិកាំង​ស្បែក​ស បាន​បោះឆ្នោត​សម្រេច​ក្នុង​សំឡេង ៥​ទល់​នឹង​៤ ថា វិទ្យាល័យ​ឡូវែល នឹង​ត្រូវ​ផ្លាស់ទី​ទៅកាន់​ទីតាំង​ថ្មី នៅ​ពហុកីឡាដ្ឋាន Cawley Stadium នៅ​ភូមិ Belvidere។ សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​យ៉ាង​ហោច​ណាស់​៥នាក់ រស់នៅ​ក្នុង​ភូមិ Belvidere នេះ។

ប្រាំបី​ថ្ងៃ​ក្រោយ​ពី​សេចក្តី​សម្រេច​នេះ គណៈកម្មាធិការ​សាលារៀន​ឡូវែល ​ចំនួន​ប្រាំមួយ​នាក់ បាន​បោះឆ្នោត​ក្នុង​សំឡេង​៥​ទល់​១ សម្រេច​ថា វិទ្យាល័យ​ឡូវែល​នឹង​ស្ថិត​នៅទីតាំង​ដដែល។

ពលរដ្ឋ​ក្រុង​ឡូវែល​ ដែល​គាំទ្រ​សេចក្តី​សម្រេច​របស់​គណៈកម្មាធិការ​សាលារៀន បាន​ធ្វើ​ប្រជាមតិ​ប្រមូល​ហត្ថលេខា​ពី​ពលរដ្ឋ​ចំនួន​ជាង​៥០០០នាក់ ដោយ​ស្នើ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​សម្រេច​លើ​ជោគវាសនា​នៃ​វិទ្យាល័យ​នេះ តាម​រយៈ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ក្រុង​ជា​ផ្លូវការ ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី៧ ខែវិច្ឆិកា​ខាង​មុខ​នេះ។ ការណ៍​នេះ បាន​បង្ក​ឲ្យ​មាន​ការ​បែក​ខ្ញែក​គ្នា​កាន់​តែ​ខ្លាំង​ជាង​មុន។​

បន្ថែម​លើ​នេះ កាលពី​ថ្ងៃទី៣១ ខែសីហា គណៈកម្មាធិការ​សាលារៀន​ក្រុង​ឡូវែល បាន​ដាក់​ពាក្យ​បណ្តឹង​ទៅកាន់​តុលាការ​ជាន់​ខ្ពស់ Middlesex Superior Court ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល ដោយ​អះអាង​ថា អំណាច​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​លើ​ជោគវាសនា​របស់​វិទ្យាល័យ​នេះ គឺ​ស្ថិត​នៅ​ក្នុង​យុត្តាធិការ​របស់​គណៈកម្មាធិការ​សាលារៀន។

មុន​នឹង​បញ្ហា​សាលារៀន​នេះ បាន​កើត​មាន​ឡើង បញ្ហា​ចម្បង​នៅ​ក្នុង​ក្រុង​នេះ គឺ​ការ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​តំណាង​អ្នក​ដឹកនាំ​ជា​ជនជាតិ​ភាគតិច​នៅ​សាលាក្រុង​ឡូវែល ដែល​សព្វថ្ងៃ​នេះ សមាជិក​ទាំង​ប្រាំបួន​នាក់ គឺសុទ្ធ​តែ​ជា​ជនជាតិ​អាមេរិកាំង​ស្បែក​ស។

ក៏ប៉ុន្តែ បញ្ហា​នា​ពេល​បច្ចុប្បន្ន​នេះ ដែល​មើល​ទៅ​ប៉ះពាល់​ខ្លាំង​ដល់​ពលរដ្ឋ​ដែល​ចុះ​ឈ្មោះ​បោះឆ្នោត​នោះ​គឺ គោលជំហរ​របស់​បេក្ខជន​ដែល​ឈរ​ឈ្មោះ​បោះឆ្នោត​ក្នុង​អណត្តិ​ថ្មី​នេះ ថា​តើ​ពួកគេ​ប្រកាន់ជំហរ​រក្សា​វិទ្យាល័យ​នេះ​នៅ​ទីតាំង​ដដែល ឬ​ក៏​ផ្លាស់ទីតាំង​វិទ្យាល័យ​នេះ​ទៅកាន់​ភូមិ Belvidere?

លោក Sokhary Chau បេក្ខជន​ខ្មែរ​អាមេរិកាំង​ម្នាក់ ដែល​បាន​ឈរ​ឈ្មោះ​លើក​ដំបូង​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល​ឆ្នាំ​២០១៧។ (រូបថត​ផ្តល់​ឲ្យ)

លោក Sokhary Chau គឺជា​បេក្ខជន​ខ្មែរ​អាមេរិកាំង​ម្នាក់ ក្នុង​ចំណោម​បេក្ខជន​ខ្មែរ​អាមេរិកាំង​ចំនួន​បួន​នាក់ មក​ពី​សហគមន៍​ខ្មែរ​អាមេរិកាំង​នៅ​ក្រុង​ឡូវែល ដែល​ជា​ក្រុង​ទី២​បន្ទាប់​ពី​ក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វរញ៉ា ដែល​មាន​ចំនួន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ច្រើន។

លោក Sokhary Chauបាន​ប្រាប់​ VOA ថា៖ «‍នេះ​គឺជា​ការ​បោះឆ្នោត​ដ៏​មាន​សារៈសំខាន់​បំផុត​មួយ។ វា​នឹង​ប៉ះពាល់​ដល់​ពលរដ្ឋ​គ្រប់​រូប»។

គោលជំហរ​ខុសគ្នា​របស់​បេក្ខជន​ខ្មែរ​អាមេរិកាំង

មុន​នឹង​ភាព​ចម្រូងចម្រាស់​លើ​បញ្ហា​វិទ្យាល័យ​ឡូវែល​បាន​កើត​ឡើង បញ្ហា​ចម្បង​ដែល​ក្រុម​ប្រឹក្សា​ក្រុង​ត្រូវ​ប្រឈម និង​ដោះស្រាយ គឺ​ពាក្យ​បណ្តឹង​នៅ​តុលាការ​សហព័ន្ធ​ដោយ​ក្រុម​ពលរដ្ឋ​ជនជាតិ​ភាគតិច ប្រឆាំង​នឹង​សាលាក្រុង​ឡូវែល​លើ​ការ​បន្ត​អនុវត្ត​ប្រព័ន្ធ​បោះឆ្នោត​ទូទាំង​ក្រុង (At-Large system) ដែល​ពួកគេ​បាន​អះអាង​ថា រារាំង​មិន​ឲ្យ​បេក្ខជន​មក​ពី​សហគមន៍​ជនជាតិ​ភាគតិច​មាន​លទ្ធភាព​ឈ្នះ​ការ​បោះឆ្នោត។

ដោយសារ​តែ​ចំនួន​ពលរដ្ឋ​អាមេរិកាំង​ស្បែក​ស និង​ពលរដ្ឋ​អាមេរិកាំង​មក​ពី​សហគមន៍​ជនជាតិ​ភាគតិច ដូចជា​អាស៊ីអាមេរិកាំង អាមេរិកាំង​ឡាទីន អាមេរិកាំង​ស្បែក​ខ្មៅ និង​ជនជាតិ​ភាគតិច​ផ្សេងៗ​ទៀត មាន​ចំនួន​ស្ទើរ​តែ​ស្មើគ្នា នោះ​ការណ៍​មាន​តំណាង​ជា​អ្នក​ដឹកនាំ​ដែល​មក​ពី​សហគមន៍​ជនជាតិ​ភាគតិច មាន​សារៈសំខាន់​សម្រាប់​ទីក្រុង​នេះ ដែល​មាន​ភាព​ចម្រុះពូជសាសន៍​ច្រើន។ ប៉ុន្តែ ចុះ​មាន​អ្វី​កើត​ឡើង​ដោយសារ​តែ​បញ្ហា​វិទ្យាល័យ​ឡូវែល?

ជា​បេក្ខជន​ឈរ​ឈ្មោះ​លើក​ដំបូង លោក Sokhary Chau អាយុ​៤៤​ឆ្នាំ និង​មាន​កូន​ប្រុស​ចំនួន​ពីរនាក់ បាន​ប្រាប់​ VOA ថា លោក​សម្រេច​ចិត្ត​ឈរ​ឈ្មោះ​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​រួបរួម​គ្នា​រវាង​សហគមន៍​នានា​នៅក្នុង​ទីក្រុង​ឡូវែល​នេះ។

លោក​បាន​និយាយ​ថា៖ «‍មេដឹកនាំ​សហគមន៍​នានា​នៅ​ក្រុង​នេះ​គាំទ្រ​ខ្ញុំ។ ហើយ​ខ្ញុំ​ជឿថា ខ្ញុំ​អាច​ធ្វើការងារ​ដើម្បី​ឲ្យ​សហគមន៍​ទាំងអស់​ធ្វើការ​រួម​គ្នា​បាន»។

លោក Sokhary Chau គាំទ្រ​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ក្រុង ក្នុង​ការ​ផ្លាស់​ទីតាំង​វិទ្យាល័យ​នេះ​ទៅកាន់​ពហុកីឡាដ្ឋាន Cawley Stadium នៅ​ភូមិ Belvidere។ បេក្ខជន​ខ្មែរ​អាមេរិកាំង​ពីរ​នាក់​ទៀត ក៏​គាំទ្រ​ជម្រើស​នេះ​ដែរ។​

ក៏ប៉ុន្តែ លោក នួន វាសនា អតីត​សមាជិក​ក្រុម​ប្រឹក្សាក្រុង​ឡូវែល​ពី​ឆ្នាំ​២០១១​ដល់​ឆ្នាំ​២០១២ យល់​ថា វិទ្យាល័យ​ឡូវែល​គួរតែ​ត្រូវបាន​ជួសជុល និង​សាងសង់​អគារ​ថ្មី ដែល​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ​នៃ​ទីក្រុង​នេះ។​

លោក​បាន​លើក​ឡើង​ថា៖ «‍ម្លោះ​ហើយ ពូ​យល់​ថា អាហ្នឹង​ជា​សារៈសំខាន់​ដែល​កូន​សិស្ស ជា​ពិសេស​កូនសិស្ស​ជនជាតិ​ភាគតិច ដែល​បាន​ទទួល​នូវ​ service (សេវា) អស់ហ្នឹង»។

​លោក នួន វាសនា យល់​ស្រប​ថា បញ្ហា​ចម្រូង​ចម្រាសលើ​ការ​ផ្លាស់​ប្តូរ​ទីតាំង​របស់​វិទ្យាល័យ ឬ​ការ​ជួសជុល​វិទ្យាល័យ​នេះ បង្ក​ឲ្យ​មាន​«ការ​បែកខ្ញែក​គ្នា​ដ៏​ធំ​មួយ‍» ក្នុង​ចំណោម​អ្នក​បោះឆ្នោត និង​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​បឋម​ជ្រើសរើស​ក្រុម​ប្រឹក្សា​ក្រុង ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី២៦ ខែកញ្ញា​នេះ។

លោក នួន វាសនា អតីត​សមាជិក​ក្រុម​ប្រឹក្សាក្រុង​ឡូវែល​ពី​ឆ្នាំ​២០១១​ដល់​ឆ្នាំ​២០១២។ (រូបថត​ផ្តល់​ឲ្យ)

ការ​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​លើ​ប្រព័ន្ធ​បោះឆ្នោត

ទាំង​បេក្ខជន និង​ពលរដ្ឋ​ដែល​ចុះឈ្មោះ​បោះឆ្នោត ក៏​នៅតែ​ខ្វែង​គំនិត​គ្នា​លើ​ពាក្យ​បណ្តឹង​នៅ​តុលាការ​សហព័ន្ធ​ស្តី​ពី​ការ​កែប្រែ​ប្រព័ន្ធ​បោះឆ្នោត​ទូទាំង​ក្រុង (At-Large system) និង​ការ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​តំណាង​អ្នក​ដឹកនាំ​មក​ពី​សហគមន៍​ជនជាតិ​ភាគតិច​នៅ​សាលាក្រុង​ឡូវែល។

លោក​ នួន វាសនា បាន​ប្រាប់ VOA ថា៖ «‍ការ​បោះឆ្នោត​លើក​នេះ ​វា​ផ្តល់​ឱកាស​ដ៏​ពិសេស​មួយ ឲ្យ​អ្នក​គ្រប់គ្នា​ពិភាក្សា​គ្នា និង​ដោះស្រាយ​បញ្ហា​នេះ។ បើសិនជា​ទុក​យូរ​នៅ​តុលាការ​ វា​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​របស់​ក្រុង»។

លោក Sokhary Chau ក៏យល់​ស្រប​តាម​លោក នួន វាសនា ដែរ​ទាក់ទង​នឹង​ពាក្យ​បណ្តឹង​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​បោះឆ្នោត​នេះ។

លោក​បាន​និយាយ​ថា៖ «‍វា​ល្អ​ជាង បើសិន​ជា​យើង​ធ្វើការ​រួម​គ្នា​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ពី​ក្នុង​ក្រុង»។ លោក​បាន​បន្ថែម​ថា បើសិន​ជា​តុលាការ​សហព័ន្ធ​សម្រេច​ឲ្យ​សាលាក្រុង​ចាញ់​ក្តី នោះ​«‍វា​អាច​បង្ក​ជា​ផលវិបាក​លើ​សាលាក្រុង​ឡូវែល»​ ដោយសារ​តែ​ស្ថានភាព​នយោបាយ​នាពេល​បច្ចុប្បន្ន​របស់​ក្រុង​នេះ។​

យ៉ាងណាមិញ ទាំង​លោក Sokhary Chau និង​លោក នួន វាសនា ចង់​ឃើញ​សាលាក្រុង​ឡូវែល អនុវត្ត​ប្រព័ន្ធ​បោះឆ្នោត​ចម្រុះ គឺ​ប្រព័ន្ធ​បោះឆ្នោត​ទូទាំង​ក្រុង និង​ប្រព័ន្ធ​បោះឆ្នោត​តាម​សហគមន៍ ដែល​ប្រព័ន្ធ​បោះឆ្នោត​ចម្រុះ​បែប​នេះ ត្រូវបាន​អនុម័ត​នៅ​ក្នុង​ទីក្រុង Springfield ក្បែរ​ក្រុង​ឡូវែល នៅឆ្នាំ​២០០៦​ យោង​តាម​សេចក្តី​សម្រេច​របស់​តុលាការ​សហព័ន្ធ។

លោក ហុង ណិត ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង Lynn ដែល​បាន​ឈ្នះ​ការ​បោះឆ្នោត​បី​អាណត្តិ​តាំង​ពី​ឆ្នាំ២០១១​មក យល់ឃើញ​ថា «‍សម្រាប់​ទីក្រុង​ឡូវែល ដែល​មាន​ពូជសាសន៍​ចម្រុះ​ ការ​ប្រើប្រាស់​ប្រព័ន្ធ​បោះឆ្នោត​ចម្រុះ​វា​ល្អ ​ដល់​ក្រុង​នេះ ដោយសារ​តែ​វា​ផ្តល់​ឱកាស​ឲ្យ​បេក្ខជន​មក​ពី​សហគមន៍​ជនជាតិ​ភាគតិច​មាន​លទ្ធភាព​ឈ្នះ​ការ​បោះឆ្នោត​បាន»។

លោក ហុង ណិត បាន​ពន្យល់​ថា សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ដែល​ឈរ​ឈ្មោះ និង​ឈ្នះ​ការ​បោះឆ្នោត​ទូទាំង​ក្រុង មាន​តួនាទី​សំខាន់ៗ​ដូចជា មើល​ការ​ខុសត្រូវ​លើ​ដំណើរការ​អភិវឌ្ឍ​ក្នុង​ក្រុង អត្រា​ពន្ធដារ ការ​ចាត់ចែង​ថិវកា និង​ការ​បង្កើត​ឲ្យ​មាន​សន្តិសុខ​នៅ​ក្នុង​ក្រុង។ រីឯ សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ ដែល​ឈរ​ឈ្មោះ និង​ឈ្នះ​ការ​បោះឆ្នោត​តំណាង​ឲ្យ​សហគមន៍​នីមួយៗ មាន​តួនាទី​មើល​ការ​ខុសត្រូវ​លើ​កិច្ចការងារ​ និង​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​សហគមន៍ ដែល​មិន​ធ្លាប់​មាន​តំណាង​អ្នក​ដឹកនាំ​ចេញ​ពី​របស់​ខ្លួន។

បើ​ទោះបី​ជា​មាន​ការ​ខ្វែង​គំនិត​គ្នា​លើ​បញ្ហា​ចម្រូង​ចម្រាស​នៃ​ជោគវាសនា​វិទ្យាល័យ​ឡូវែលរវាង​បេក្ខជន​ជនជាតិ​ភាគ​តិច​ខ្មែរ​អាមេរិកាំង​ក្តី ក៏​លោក នួន វាសនា យល់​ថា ‍«ការ​បោះឆ្នោត​លើក​នេះ​មាន​ន័យ​ណាស់​សម្រាប់​រូប​លោក‍» ដោយសារ​តែ​លោក​សង្ឃឹម​ថា យ៉ាងហោចណាស់​បេក្ខជន​ខ្មែរ​ម្នាក់ ឬ​ពីរនាក់ នឹង​ឈ្នះការ​បោះឆ្នោត​នេះ ហើយ​ធ្វើ​ជា​តំណាង​ឲ្យ​សហគមន៍​ជនជាតិ​ភាគតិច​នៅ​សាលាក្រុង​ឡូវែល​នេះ។

សមាជិក​ទាំង​ប្រាំបួន​នាក់​នៃ​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល បាន​បោះឆ្នោត​សម្រេច​ក្នុង​សំឡេង ៥​ទល់​នឹង​៤ ថា វិទ្យាល័យ​ឡូវែល នឹង​ត្រូវ​ផ្លាស់ទី​ទៅកាន់​ទីតាំង​ថ្មី នៅ​ស្ថាត​ Cawley Stadium នៅ​ភូមិ Belvidere។ (រូបថត​ដកស្រង់​ពី​ហ្វេសប៊ុក)

«‍ការ​មិន​ពេញ​ចិត្ត និងភាព​ដាច់​ឆ្ងាយ​ពី​អ្នក​ដឹកនាំ»

ក្រៅ​ពី​បញ្ហា​ចម្រូង​ចម្រាស​លើ​វិទ្យាល័យ​ឡូវែល និង​ពាក្យ​បណ្តឹង​គ្នា​ទៅ​វិញ​ទៅ​មក បេក្ខជន​ជំនាន់​ក្រោយ និង​វ័យ​ក្មេង ក៏អំពាវ​នាវ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ជួរ​អ្នក​ដឹកនាំ​នៅ​ក្នុង​សាលាក្រុង​ឡូវែល។

ចាប់តាំង​ពី​ឆ្នាំ​១៩៩៩​មក បេក្ខជន​ដែល​មក​ពី​សហគមន៍​ជនជាតិ​ភាគតិច​ យ៉ាងហោចណាស់​បួន​នាក់​ប៉ុណ្ណោះ ដែល​ត្រូវបាន​ជ្រើសតាំង​ឲ្យ​ក្លាយ​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល។ ហើយ​អ្នក​បោះឆ្នោត មិន​ដែល​បាន​បោះឆ្នោត​ជ្រើសតាំង​បេក្ខជន​មក​ពី​សហគមន៍​ជនជាតិ​ភាគតិច ឲ្យ​ឈ្នះ​ការ​បោះឆ្នោត​ចូល​បម្រើ​ជា​សមាជិក​នៃ​គណៈកម្មាធិការ​សាលារៀន​ក្រុង​ឡូវែល​ទេ។​

លោក Sokhary Chau បាន​លើក​ឡើង​ថា៖ «‍មាន​ការ​មិន​ពេញ​ចិត្ត និង​ភាព​ដាច់​ឆ្ងាយ​ច្រើន​រវាង​ពលរដ្ឋ និង​អ្នក​ដឹកនាំ​ក្នុង​ក្រុង។ ហើយ​ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​ក្លាយ​ជា​បេក្ខជន​ម្នាក់ ដែល​នាំ​មក​នូវ​ភាព​ចម្រុះ​ពូជសាសន៍​ និង​គំនិត​ថ្មី ជាពិសេស​គឺ​មុខមាត់​ថ្មី​ចូល​ក្នុងជួរ​អ្នក​ដឹកនាំ​ក្នុង​ក្រុង​នេះ»។

ជាមួយ​គ្នា​នោះ លោក Mathew LeLacheur ដែល​ជា​បេក្ខជន​អាមេរិកាំង​ស្បែក​ស​ម្នាក់ បាន​លើក​ឡើង​នៅ​ក្នុង​បទសម្ភាសន៍​មួយ​តាម​ទូរទស្សន៍​ក្នុង​ក្រុង​ថា លោក​ចង់​ឃើញ​ពលរដ្ឋ​មក​ពី​សហគមន៍​ជនជាតិ​ភាគតិច ចូលរួម និង​មាន​វត្តមាន​នៅ​ក្នុង​ជួរ​ដឹកនាំ​គ្រប់​ជាន់​ថ្នាក់​នៅ​ក្រុង​នេះ បើ​ទោះ​បី​ជា​បេក្ខជន​មក​ពី​សហគមន៍​ជនជាតិ​ភាគតិច​ ឈ្នះ ឬ​ចាញ់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ក្រុង​អណត្តិ​ថ្មី​នេះ​ក៏​ដោយ។

លោក LeLacheur ដែល​ធំ​ដឹង​ក្តី​ឡើង​នៅ​ក្រុង​ឡូវែល ស្រប​ពេល​ដែល​ជនភៀស​ខ្លួន​មក​ពី​តំបន់​អាស៊ីអាគ្នេយ៍​បាន​កំពុង​តាំងទី​លំនៅ​នៅ​ទីក្រុង​នេះ បាន​និយាយ​ថា៖ «‍អ្វី​ដែល​ខ្ញុំ​ចង់​ឃើញ និង​ចង់​ឲ្យ​កើត​ឡើង​នោះ គឺ​ថា សមាជិក​នៃ​សហគមន៍​ខ្មែរ​ជាច្រើន​នាក់ មាន​វត្តមាន​នៅ​ក្នុង​គណៈកម្មការ​ និង​បេសកកម្ម​នានា​នៅ​ក្នុង​ក្រុង​ឡូវែល​យើង​នេះ»។

ក៏​ប៉ុន្តែ បើ​និយាយ​ពី​គោលជំហរ​លើ​ជោគវាសនា​នៃ​វិទ្យាល័យ​ឡូវែល​វិញ លោក LeLacheur គឺ​គាំទ្រ​ការ​ផ្លាស់ទីតាំង​វិទ្យាល័យ​នេះ​ទៅកាន់​ពហុកីឡាដ្ឋាន Cawley Stadium នៅ​ភូមិ Belivdere៕