វីអូអេផ្នែកផ្សាយជាភាសាចិនកុងងឺបានរាយការណ៍ថាកាលពីថ្ងៃទី៥ ខែមីនា ក្រសួងការបរទេសជប៉ុនបាននិយាយថារដ្ឋាភិបាលក្រុងប៉េកាំងនិងរដ្ឋាភិបាលក្រុងតូក្យូនឹងធ្វើការចរចាខាងសន្តិសុខលើកទីមួយរបស់ពួកគេក្នុងរយៈពេលបួនឆ្នាំនៅក្នុងរាជធានីនៃប្រទេសជប៉ុននៅពេលក្រោយទៀតនៅក្នុងខែនេះ ដែលនេះជាសញ្ញាថ្មីបំផុតនៃលទ្ធភាពនៃការរឹតបណ្តឹងចំណងមិត្តភាពដែលបានតានតឹងដោយសារជម្លោះទឹកដីមួយ។ ទំនាក់ទំនងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំទីពីរនិងប្រទេសដែលមានសេដ្ឋកិច្ចធំទីបីក្នុងពិភពលោកមានភាពតានតឹងដោយសារជម្លោះដណ្តើមកោះតូចៗមួយចំនួនក្នុងសមុទ្រចិនខាងកើតនិងកេរ្តិ៍ដំណែលនៃការកាន់កាប់ប្រទេសចិនដោយកងទ័ពជប៉ុនក្នុងសម័យសង្គ្រាមលោកលើកទីពីរ។ កងនាវាចម្បាំងនិងកងយន្តហោះប្រតិកម្មប្រយុទ្ធនៃប្រទេសទាំងពីរបានបើកបរនិងហោះហើរឃ្លាំមើលគ្នាទៅវិញទៅមកនៅជិតប្រជុំកោះគ្មានមនុស្សរស់នៅទាំងនោះដែលត្រួតត្រាដោយប្រទេសជប៉ុននាំឱ្យមានការព្រួយបារម្ភថាការបុកគ្នាដោយចៃដន្យអាចបង្កើតឱ្យមានសង្គ្រាម៕