នៅពេលដែលខ្យល់ព្យុះសង្ឃរា Irma បោកបក់ទៅកាន់រដ្ឋ Florida មន្ត្រីនៅក្នុងរដ្ឋនេះព្រមានមនុស្សរាប់លាននាក់ថាជិតអស់ពេលហើយដើម្បីជម្លៀសចេញពីទីនោះនៅក្រោយខ្យល់ព្យុះនេះបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់២២នាក់ស្លាប់នៅក្នុងតំបន់ Caribbean និងនាំឱ្យមានការបំផ្លិចបំផ្លាញជាច្រើនផងដែរ។
អាជ្ញាធររដ្ឋ Florida បានសុំដល់ប្រជារាស្ត្រ៥លាន៦សែននាក់គឺជាងមួយភាគបួននៃចំនួនប្រជារាស្ត្រក្នុងរដ្ឋនេះឱ្យជម្លៀសចេញពីទីនោះឱ្យបានមុនពេលដែលខ្យល់ព្យុះនេះនឹងបោកបក់លើផ្ទៃដីនៅថ្ងៃអាទិត្យស្អែកនេះ។
លោក Rick Scott អភិបាលរដ្ឋ Florida បានចាត់ទុកខ្យល់ព្យុះសង្ឃរា Irma ថាជា «ខ្យល់ព្យុះនាំឱ្យមានមហន្តរាយមួយដែលរដ្ឋនេះមិនដែលជួបប្រទះពីពេលមុនទេ» ដោយលោកកត់សម្គាល់ថាខ្យល់ព្យុះនេះមានទំហំធំជាងរដ្ឋ Florida ទៅទៀត។
លោក Scott បានព្រមានថា «យើងអស់ពេលហើយ។ ខ្យល់ព្យុះនេះបោកបក់ជិតមកដល់ទីនេះហើយ»។
អ្នកព្យាករណ៍អាកាសបានកែតម្រូវផ្លូវបោកបក់នៃខ្យល់ព្យុះនេះកាលថ្ងៃសុក្រឆ្ពោះទៅកាន់ឆ្នេរសមុទ្រខាងលិចនៃរដ្ឋ Florida ដែលអាចមានន័យថាតំបន់ក្រុង Miami ដែលមានប្រជារាស្ត្រ៦លាននាក់អាចជៀសផុតពីការបោកបក់ចំដោយខ្យល់ព្យុះនេះ។ លោក Alp Inal អ្នកជំនួញក្នុងក្រុង Miami បានពណ៌នាអំពីក្រុងនេះប្រាប់ VOA ជាភាសាតួកគី ថាវាជាក្រុងស្ងាត់ជ្រងំពីព្រោះមនុស្សភាគច្រើនបានជម្លៀសចេញពីតំបន់នេះហើយ៕