ទឹក​ជំនន់​សម្លាប់​មនុស្ស​អស់​២៧​នាក់​នៅ​​មីយ៉ាន់ម៉ា

រូបភាព​ពី​អាកាស​បង្ហាញ​ពី​ទឹកជំនន់​នៅ​តំបន់​ Sagaing ប្រទេស​មីយ៉ាន់ម៉ា។

ទឹក​ជំនន់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ាបាន​សម្លាប់​មនុស្ស​អស់​យ៉ាង​តិច២៧​នាក់ និង​ប៉ះ​ពាល់​ដល់​មនុស្ស​ជាង​១៥០.០០០​នាក់។​ រដ្ឋាភិបាល​មីយ៉ាន់​ម៉ា​រំពឹង​ថា​ តួលេខ​ទាំង​ពីរ​នេះ​នឹង​កើន​ឡើង​ថែម​ទៀត ខណៈ​ដែល​រដ្ឋាភិបាល​ កង​យោធា និង​អង្គការ​សង្គ្រោះ​បានកំពុង​ធ្វើការ​សង្គ្រោះ​ និង​ផ្តល់​ជំនួយ​បន្តបន្ទាប់។

លោក​ប្រធានាធិបតី Thein Sein ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់ Sagaing នៅ​ភាគ​ខាង​ជើ​ងនៃ​ប្រទេស​មីយ៉ាន់ម៉ា ​កាល​ពី​ថ្ងៃ​សៅរ៍។​ នេះ​ជា​តំបន់​មួយ​ក្នុង​ចំណោម​តំបន់បួន ​ដែល​លោក​បាន​ប្រកាស​ថា​ ជា​តំបន់​មាន​អាសន្ន។

ភ្លៀងធ្លាក់​យ៉ាង​ជោគ​ជាំ​អស់​ពេល​រាប់​សប្តាហ៍ បន្ថែម​ពី​លើព្យុះ​សង្ឃរា​មួយ​ដែល​បាន​កើត​ឡើង​កាល​ពី​សប្តាហ៍​មុន បាន​នាំ​ឲ្យមាន​ការ​លិច​ទឹក និង​ការ​ហូរ​បាក់​ដី នៅ​ភាគខាង​លិច​នៃ​ប្រទេស​នេះ។ នៅ​កន្លែង​ខ្លះទឹក​លិច​មាន​កម្ពស់​រាប់​ម៉ែត្រ។

នៅ​រដ្ឋ Rakhine ​ដែល​ស្ថិត​នៅតាម​បណ្តោយ​ឆ្នេរ​សមុទ្រ​នៅភាគនិរតីនៃ​ប្រទេស​មីយ៉ាន់​ម៉ា ទីភ្នាក់ងារ​ជំនួយមនុស្សធម៌អ.ស.ប បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា មាន​របាយការណ៍​អំពី​ការ​រង​ខូច​ខាត​យ៉ាង​ខ្លាំង​នៅ​តាម​ជំរុំជុំ​វិញតំបន់ Sittwe ​ដែល​នៅ​ទី​នោះ មនុស្ស​មួយ​សែន​នាក់ ដែល​បាន​បាត់​បង់​ទី​លំនៅ​ដោយ​សារ​ជម្លោះ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា កំពុង​រស់​នៅ៕