កម្ពស់​ទឹក​នៅ​ទំនប់​សណ្ត​ស្ទឹង​ព្រែក​ត្នោត​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន

ស្ថានភាព​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត​នៅ​ភាគ​ខាង​​លិច​​និង​ខាង​ត្បូង​រាជធានី​ភ្នំពេញ​និង​ក្នុង​​ខេត្ត​កណ្តាល បាន​ឈាន​ដល់​កម្រិត​ប្រកាស​អាសន្ន​កាល​ពី​យប់​ថ្ងៃ​អង្គារ។ (រូបថត​ពី​ហ្វេសប៊ុក​ក្រសួង​ធនធានទឹក និង​ឧតុនិយម)

ស្ថានភាព​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត​នៅ​ភាគ​ខាងលិចនិង​ខាង​ត្បូង​រាជធានី​ភ្នំពេញ​និង​ក្នុងខេត្ត​កណ្តាល បាន​ឈាន​ដល់​កម្រិត​ប្រកាស​អាសន្ន​កាល​ពី​យប់​ថ្ងៃ​អង្គារ ដោយ​ធ្វើ​ឲ្យ​ជន់លិច​ផ្នែក​ជាច្រើន​នៃ​ទីក្រុង​និង​ខេត្ត​នេះ​ដែល​នៅ​តាម​បណ្តោយ​ស្ទឹង។ នេះ​បើ​យោង​តាម ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ និង​របាយការណ៍​ព័ត៌មាន​ក្នុង​ស្រុក​ដែល​បាន​រាយការណ៍​នៅ​យប់​ថ្ងៃ​ទី​១៣ខែ​តុលា​ឆ្នាំ​២០២០។

​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​បង្ហោះ​សារ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួនថា​ បរិមាណ​ទឹក​ហូរ​ខ្លាំង​មក​ពី​ផ្នែក​ខាង​លើ​ចូល​ក្នុង​ស្ទឹង​ព្រែកត្នោត​បន្ថែម គួប​ផ្សំ​នឹង​ភ្លៀង​ធ្លាក់​ខ្លាំង​លើស​ពី​កម្រិត​៧២,៨០ មីលីម៉ែត្រ ត្រឹមម៉ោង ១៨:៤០នាទី​យប់ ដោយ​បណ្តាល​ឲ្យ​កម្ពស់ទឹក​នៅ​ទំនប់​អាង​ទឹក​៧​មករា​ឡើង​ខ្ពស់​ជាង​កម្ពស់​អតិបរមា​កាល​ពី​ឆ្នាំ២០១៨​ទៅ​ទៀត។

ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​រាយការណ៍​ថា ដោយសារ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នេះ រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​ធ្វើ​ចរាចរណ៍​ផ្លូវ​ជាតិ​លេខ៣ ចាប់​ពី​យប់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ២០២០​ត​ទៅ។

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​រសៀល​ថ្ងៃ​អង្គារ​ អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​ឆ្នាំ​នេះ​មាន​ចំនួន១១ ​នាក់​និង​ពលរដ្ឋ​យ៉ាង​ហោច​ ៣ ម៉ឺន​គ្រួសារ ​រង​ផល​ប៉ះ​ពាល់​ពី​ជំនន់​លើក​នេះ ក្នុង​នោះ​មាន​ ២ ពាន់​គ្រួសារ ​ត្រូវ​ជម្លៀស​ចេញ​ពី​គេហដ្ឋាន​តែ​ម្ដង៕​