យ៉ាងហោចណាស់ខេត្តចំនួនប្រាំក្នុងប្រទេសកម្ពុជារួមមានខេត្តស្ទឹងត្រែង ក្រចេះ ខេត្តត្បូងឃ្មុំ កំពង់ចាមនិងខេត្តឧត្តរមានជ័យ កំពុងទទួលរងជំនន់ទឹកភ្លៀង ហើយអាជ្ញាធរបានចាប់ផ្តើមជម្លៀសប្រជាជនមួយចំនួនទៅកាន់តំបន់សុវត្ថិភាព។ នេះបើផ្អែកតាមមន្ត្រីផ្លូវការរបស់រដ្ឋាភិបាល។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម បា្រប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា ជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តទាំងនេះជាផ្នែកមួយដែលបណ្តាលមកពីទឹកជំនន់ដែលកំពុងតែវាយប្រហារតាមតំបន់ទន្លេមេគង្គរបស់ប្រទេសថៃនិងប្រទេសឡាវ។
«អ៊ីចឹងទេ យើងឃើញថា ឥឡូវនេះ ខេត្តទាំងពីរតំបន់ទាំងពីរ របស់ថៃនិងឡាវហ្នឹង គឺខុងជាម និងប៉ាក់សេ ក៏កំពុងតែមានជំនន់ធ្ងន់ធ្ងរ ហើយទឹកនោះ បានហូរធ្លាក់មកខាងក្រោម ដែលធ្វើឲ្យប៉ះពាល់និងកំពុងគំរាមកំហែងដល់ខេត្តរបស់យើងនៅមេគង្គលើ មានស្ទឹងត្រែង ក្រចេះ ដែលអាចមានការប្រឈមខ្លាំង»។
លោក ចាន់ យុត្ថា បានបន្តថា ការធ្លាក់ភ្លៀងខ្លាំងនៅតាមតំបន់ជួរភ្នំដងរែក ក៏បានបង្កឲ្យមានការជន់លិចនៅខេត្តមួយចំនួនក្នុងតំបន់នោះដែរ។
«ចឹងជំនន់ទឹកភ្លៀងកើតមាននៅផ្នែកខ្លះនៃខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានការប៉ះពាល់ដល់លំនៅដ្ឋានដីស្រែចម្ការ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន»។
យោងតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃព្រហស្បតិ៍នេះ បង្ហាញថាទឹកទន្លេមេគង្គនៅក្នុងខេត្តស្ទឹងត្រែង ក្រចេះ និងខេត្តកំពង់ចាមនឹងបន្តឡើងនៅថ្ងៃទី៦និងទី៧ខែកញ្ញានេះ។
លោក កែវ វី អ្នកនាំពាក្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបដិសេធផ្តល់ព័ត៌មាននៅពេលដែលVOA ទាក់ទងរូបលោកតាមទូរស័ព្ទ។ លោកបានបង្វែរការទាក់ទងទៅកាន់លោក គន់ គីម ដែលជាអនុប្រធានទី១នៃគណៈកម្មាធិការនេះ។
«ខាង VOA ទាក់ទងទៅឯកឧត្តមគន់ គីម ព្រោះចុះទៅមើលស្ថានភាពអីយ៉ាងម៉េចៗ»។
ដោយឡែកលោក គន់ គីម ដែលឡើងជំនួសលោកញឹម វ៉ាន់ដា ដែលត្រូវដកចេញពីតំណែងកាលពីខែមិថុនា មិនទាន់អាចទាក់ទងបានទេ។
ទោះជាយ៉ាងណាលោក គន់ គីម ត្រូវសារព័ត៌មានក្នុងស្រុកស្រង់សំដីថា «ទឹកកំពុងជន់លិចនៅក្នុងឃុំបុស្សលាវ ស្រុកចិត្របុរី បណ្តាលឱ្យប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១,៩៨៦គ្រួសារ និងសត្វពាហនៈជាងពីរពាន់ក្បាល។ ក្នុងនោះគោក្របីជិតមួយពាន់ក្បាល និងប្រជាពលរដ្ឋជាង ១០០នាក់ ត្រូវបានជម្លៀសមកទីទួលសុវត្ថិភាពរួចហើយ ហើយនឹងបន្តជម្លៀសទៀតបើទឹកនៅតែបន្តឡើង»។
កាលពីថ្ងៃពុធម្សិលមិញនេះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញសារាចរណ៍ណែនាំមួយឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរដែនដីទាំងអស់ឲ្យ«ចាត់វិធានការចាំបាច់នានា ត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់ កាត់បន្ថយឲ្យបានជាអតិបរមានូវការលំបាក និងការប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ»។
គួររំឭកថានេះគឺជាគ្រោះទឹកជំនន់លើកទី២នៅក្នុងឆ្នាំ២០១៩នេះ។ កាលពីខែសីហា គ្រោះទឹកជំនន់បានរាតត្បាតនៅក្នុងខេត្តចំនួនប្រាំមួយដូចជាខេត្តរតនគិរី ព្រះសីហនុ កំពត កែប កោះកុង និងមណ្ឌលគិរី។ ជនរងគ្រោះចំនួនបីនាក់បានស្លាប់ ហើយប្រជាពលរដ្ឋសរុបចំនួនជាង៦០០០គ្រួសារបានទទួលរងផលប៉ះពាល់៕