ជន​ភៀសខ្លួន​តំបន់​ភ្នំ​វៀតណាម​ភៀសខ្លួន​មក​កម្ពុជា​កាន់តែ​ច្រើន

  • នៅ វណ្ណារិន

ជនជាតិភាគតិចម៉ុងតាញ៉ានាំគ្នាឡើងរថយន្តក្រុង ក្រោយពី​​បាន​​មក​​ដល់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពីថ្ងទី២៨ ខែកញ្ញា ឆ្នាំ២០០៤។

តំណាង​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ជន​ភៀស​ខ្លួន​បាន​ឲ្យ​ដឹង​ថា ​ជន​ភៀស​ខ្លួន​ពី​តំបន់​ភ្នំ​របស់​ប្រទេស​វៀតណាម​ ឬ​ជន​ភាគ​តិច​ម៉ុងតាញ៉ា​មក​កាន់​កម្ពុជា​មាន​ចំនួន​កើន​ឡើង​ជា​បន្ត​បន្ទាប់​ បើ​ទោះបី​ជា​អាជ្ញាធរ​កម្ពុជា​បាន​រឹត​បន្តឹង​សន្តិសុខ​តាម​បណ្តោយ​ព្រំដែន​នា​ខេត្ត​រតនគីរី​ក៏​ដោយ។ ​អាជ្ញាធរ​កម្ពុជា​ក៏មិន​ទាន់​ផ្តល់​សិទ្ធិ​ជា​ជនភៀស​ខ្លួន​ដល់​ពួក​គេ​នៅ​ឡើយ​ទេ។ សិទ្ធិ​នេះ​ជា​ជំហាន​ជួយ​ឱ្យ​ពួក​គេ​បាន​ទៅ​រស់​នៅ​ប្រទេស​ទី​បី។​

មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា​ ចំនួន​ជនភៀស​ខ្លួន​នៃ​ក្រុម​កុល​សម្ព័ន្ធ​ភ្នំ​ភាគ​តិច​វៀតណាម​ ឬ​ម៉ុងតាញ៉ា​ដែល​រត់ភៀស​ខ្លួន​មក​កាន់​ប្រទេស​កម្ពុជា​មាន​ការ​កើន​ឡើង​រហូតដល់​ជិត​១​រយ​នាក់គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ខណៈ​ពេល​ដែល​អាជ្ញាធរ​កម្ពុជា​នៅ​តែ​បន្តរឹត​បន្តឹង​សន្តិសុខ​នៅ​តាម​ព្រំ​ដែន​នា​ខេត្ត​រតនគីរី។​

លោកស្រី ​វានហេ លី (Wan-Hea Lee)​ តំណាង​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ជន​ភៀស​ខ្លួន​ដែល​ហោះ​កាត់​ថា OHCHR​ ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ប្រាប់​វីអូអេ​ខេមរ​ភាសា​តាម​សារ​អេឡិច​ត្រូនិក​ឬ​ email ​ថា ​ជន​ភៀស​ខ្លួន​តំបន់​ភ្នំ​ដែល​រត់​គេច​ពី​ការ​ធ្វើ​បាប​របស់​អាជ្ញាធរ​វៀតណាម​នោះ​បាន​កើន​ដល់​៩៧​នាក់​ហើយ​ គឺ​កើនឡើង​ពី​៤០​នាក់​នា​ចុង​ខែ​មេសា​នោះ។​

ពួកគេ​ទាំង​នោះកំពុង​ស្នាក់​នៅ​បណ្តោះ​អាសន្ន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ព្យាយាមសុំ​សិទ្ធិ​ជា​ជន​ភៀស​ខ្លួន​ពី​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ទទួល​បានឱកាស​ទៅ​ស្នាក់​នៅ​ប្រទេស​ទី​បី។​

លោក​ស្រី ​វានហេ​ លី (Wan-Hea Lee) ​បាន​សរសេរ​នៅ​ក្នុង​សារ​អេឡិចត្រូនិច​មក​កាន់​វីអូអេ​ខេមរ​ភាសា​យ៉ាង​ដូច្នេះ​ថា៖​ «មាន​បុគ្គល​១៣​នាក់​ត្រូវ​បាន​ទទួល​ស្គាល់​ពេញ​សិទ្ធិ​ជា​ជនភៀស​ខ្លួន។​ ​ហើយមាន​ជន​សុំ​សិទ្ធិ​ជ្រក​កោន​៩៧​នាក់​ថែម​ទៀត​ដែល​កំពុង​ស្នាក់​នៅ​ភ្នំពេញ»។​

កាល​ពីដើម​ខែ​មិនា​កន្លង​ទៅ​ ក្រសួង​មហា​ផ្ទៃ​បាន​ទទួល​ស្គាល់​ថា​ ជន​ជាតិម៉ុងតាញ៉ា​ទាំង​១៣​នាក់​ជា​ជន​ភៀស​ខ្លួន​ពេញ​សិទ្ធិ​ ដែលបើក​ឱកាស​ឲ្យ​ពួក​គេ​អាច​ទៅ​រស់​នៅ​ក្នុង​ប្រទេស​ទី​៣​ណា​មួយ​ ដែល​ផ្តល់​ជម្រក​ដល់​ពួក​គេ។ នៅ​ក្នុង​ខែ​មេសា​ មានជនភៀស​ខ្លួន​ម៉ុងតាញ៉ា​ចំនួន​ត្រឹមតែ​៤០​នាក់​តែ​ប៉ុណ្ណោះ​ ដែល​នៅ​ក្រោម​ការ​ជួយ​សង្គ្រោះ​របស់​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជា​ជាតិ​សម្រាប់​ជន​ភៀស​ខ្លួនប្រចាំ​កម្ពុជា។​

បុរសជនជាតិភាគ​តិច​ម៉ុងតាញ៉ា​ដើរ​ឡើង​ផ្លូវ​លំ ក្រោយ​ពី​បាន​ដើរ​កាត់​ព្រៃក្រាស់​ចម្ងាយ​ប្រមាណ​៧០គីឡូម៉ែត្រ​នៃភាគឦសាន​ស្រុកបានលុងនៃ​ខេត្ត​រតនគីរី កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០០៤។

​មាន​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា​ច្រើន​ឡើងបាន​រត់​ពី​ការ​ធ្វើ​បាប​នៅ​ប្រទេស​វៀតណាម​ មក​លាក់​ខ្លួន​នៅ​តំបន់​ព្រៃ​នា​ខេត្ត​រតនគីរី​ចាប់​តាំង​ពី​ដើម​ឆ្នាំ​នេះ​មក។ ​កាលពី​ចុង​ខែ​មេសា​កន្លង​ទៅនេះ​ ​អាជ្ញាធរ​កម្ពុជា​បាន​ពង្រាយ​កម្លាំងតាម​ព្រំដែនជាប់​ប្រទេស​វៀតណាមក្នុង​ប្រតិបត្តិការ​មួយ​ ដែល​អង្គការ​សិទ្ធិ​មនុស្ស​ហៅ​ថា​ ជាការ​ទប់ស្កាត់ ​ការ​រត់​ឆ្លង​ដែន​ ​និង​រុករកចាប់​បញ្ជូន​ជន​ម៉ុងតាញ៉ា​ទាំង​នោះ​ទៅ​ប្រទេស​វៀត​ណាម​វិញ។ ប្រតិបត្តិការ​នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​ទាំង​នោះ​រត់​ចេញ​ពី​ព្រៃ​នា​ខេត្ត​រតន​គីរី​ជា​បន្ត​បន្ទាប់​ម​ក​កាន់​រាជធានី​ភ្នំពេញ​ ដោយ​ប្រថុយ​ប្រថាន​មក​ស្វែង​រក​ជំនួយ​ពី​អង្គការ​សហ​ប្រជាជាតិ។​

លោក​ ឆាយ ​ធី​ អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​រតនគីរី​ បាន​ឲ្យ​ដឹង​ថា ​មក​ដល់​ពេល​នេះ​មាន​ជន​ជាតិ​ចារ៉ាយ​ ឬ​ម៉ុងតាញ៉ា​ ត្រឹម​តែ​៦​នាក់​ប៉ុណ្ណោះ ​ដែល​នៅ​សេស​សល់​ក្នុង​ព្រៃ​នា​ខេត្ត​រតនគីរី​ ហើយ​មិន​មាន​របាយ​ការណ៍​អំពី​ការ​មក​ដល់​នៃ​ជន​ភៀស​ខ្លួន​ផ្សេង​ទៀត​នោះ​ទេ​ ខណៈ​ពេល​ដែល​អាជ្ញាធរ​កម្ពុជា​នៅ​តែ​បន្ត​ពង្រាយ​យាមកាម​តាម​តំបន់​ព្រៃ​នោះ។​

«យើង​មាន​ការ​ព្រួយ​បារម្ភ​ខ្ពស់​ ដោយ​សារការ​ព្រួយ​បារម្ភ​ហ្នឹង​ហើយ​ដែល​ពួក​គាត់​ប្តូរ​ ប្រថុយ​ប្រថាន​ ទោះ​ជា​មាន​ការ​រឹត​បន្តឹង​និង​ការ​តាម​ចាប់​ខ្លួន​ពី​សមត្ថកិច្ច​យ៉ាងណា​ក៏​ដោយ​ គាត់​នៅតែ​ប្តូរ​ការ​លះបង់​របស់​គាត់​ថា ​ទោះ​ជា​មាន​ការ​ចាប់​បញ្ជូន​ទៅ​វិញ ក៏​ចាប់​ចោះ​ អញ្ចឹង​ហើយ​បាន​ពួក​គាត់​ធ្វើ​ដំណើរ​ទៅ​ភ្នំពេញបន្តិច​ម្តងៗ។​ រហូត​មក​ដល់​ពេល​នេះ​ ​នៅ​សល់​តែ​៦​នាក់​ទេ»។​

ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​របស់​លោក ស្គុត បើសប៊ី​ (Scott Busby) ឧបការី​រង​ក្រសួង​ការបរ​ទេស​សហ​រដ្ឋ​អាមេរិកទទួល​បន្ទុក​ផ្នែក​លទ្ធិ​ប្រជា​ធិបតេយ្យ​ សិទ្ធិ​មនុស្ស​ និង​ការងារ​ លោក​ឧបការី​រងរូបនេះ​ក៏​បាន​បញ្ជាក់ពី​ការ​ព្រួយ​បារម្ភ​អំពីបញ្ហា​នេះ​ ​ហើយ​លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​សិទ្ធិ​ជន​ភៀស​ខ្លួនដល់​ជន​ភាគ​តិច​ម៉ុងតាញ៉ា​ទាំង​នោះ​ ដើម្បី​បើក​ឱកាស​ឲ្យ​ពួក​គេ​អាចទៅ​រស់​នៅ​ប្រទេស​ទី​បី។​ ​ក៏​ប៉ុន្តែ​លោក​ ​ហោ ណាំហុង ​ឧប​នាយក​រដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជាបាន​បដិសេធ​សំណើ​នេះ។​

លោក​នាយ​ឧត្តម​សេនីយ៍​ ខៀវ សុភ័គ​ អ្នកនាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ បាន​ថ្លែង​ការពារ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ ដោយ​ថ្លែង​ថា​ កម្ពុជា​ទទួល​ស្គាល់​ជនភៀស​ខ្លួន​ត្រឹមតែ​១៣​រូប​តែ​ប៉ុណ្ណោះ ​ក្រោម​កិច្ច​សហការ​ជួយ​សង្គ្រោះ​ពី​អាជ្ញាធរ​កម្ពុជា ​និង​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ជន​ភៀស​ខ្លួន។ រី​ឯ​ជន​ផ្សេង​ទៀត​គឺ​គ្រាន់​តែ​មក​កាន់​ប្រទេស​កម្ពុជា​តាម​រយៈ​អ្នក​រត់​ពន្ធ​មនុស្ស​តែ​ប៉ុណ្ណោះ។

«បាទ ​ម៉ុងតាញ៉ា​មាន​តែ​១៣​នាក់​ហ្នឹង​តើ!​ ចំពោះ​អ្នក​ដែល​ថា ​ប៉ុន្មាន​នាក់​ផ្សេង​ទៀត​គឺ​ឲ្យ​គេ​ផ្តល់​សិទ្ធិ​ជន​ភៀស​ខ្លួន​ហ្នឹង​ខ្លួន​ឯង​ទៅ!​ ព្រោះ​យើង​វា​មិន​ដឹង។ យើង​វា​មិន​ដឹង។​ អ្នក​ទាំង​នោះ​គឺ​មក​តាម​ការ​លួច​ឆ្លង​កាត់​ព្រំដែន​តាម​រយៈ​អ្នក​រត់​ពន្ធ​មនុស្ស»។​

ទោះជា​យ៉ាង​នេះ​ក៏​ដោយ​ លោក​ស្រី​ វានហេ លី (Wan-Hea Lee)​ តំណាង​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ជន​ភៀស​ខ្លួន​ដែល​ហោះ​កាត់​ថា OHCHR​ ប្រចាំ​ប្រទេស​កម្ពុជា​បាន​ថ្លែង​ថា៖ ​«ជំហរ​របស់​ OHCHR​ នៅ​តែ​មិន​ផ្លាស់​ប្តូរ។​ ​រដ្ឋាភិបាល​កម្ពុជា​គឺហត្ថលេខី​ក្នុង​អនុសញ្ញា​ស្តីពី​ជន​ភៀស​ខ្លួន ​ត្រូវ​តែ​ពិចារ​ណា​លើ​ការ​ស្នើ​សុំ​របស់​ជន​ដែល​សុំ​សិទ្ធិ​ជ្រកកោន​ទាំង​នោះ​រៀងៗ​ខ្លួន»៕​