វាជាការពិតមិនអាចប្រកែកបាន ដែលថា គ្មានបុគ្គលណាម្នាក់អាចចៀសពីសេចក្ដីស្លាប់ ឬក៏អាចដឹងមុន ថាខ្លួននឹងស្លាប់នៅពេលណា។ ក៏ប៉ុន្តែ នេះជាករណីលើកលែងសម្រាប់អតីតសកម្មជនការពារបរិស្ថាន លោក ឈុត វុទ្ធី ដែលតោងរំឭកស្មារតីត្រៀមខ្លួនរួចជាស្រេចចំពោះសេចក្ដីស្លាប់ ដែលមាននៅគ្រប់ជំហាននៃការងារកាលលោកនៅមានជីវិត។
មុនពេលដែលលោកត្រូវគេបាញ់ស្លាប់ ការគំរាមកំហែងគ្រប់រូបភាព ដល់អាយុជីវិតរបស់លោក និងក្រុមគ្រួសារបានកើតមានជាបន្តបន្ទាប់ រាប់ចាប់តាំងពីការគំរាមជាពាក្យសម្ដី ការបាញ់បង្អើល និងការគំរាមចាប់ជំរិតសមាជិកក្រុមគ្រួសាររបស់លោកជាដើម។ នេះបើយោងតាម លោកស្រី សម ចាន់ធី ភរិយារបស់លោកប្រាប់ VOA៖
«បាញ់ឡានអីនៅស្រែអំបិល ស្រែអី បាញ់បំបែកកង់ឡានអីទៅណា។ ពួកកាប់ឈើគេថា បើគេចាប់បាន ឈុត វុទ្ធី គេអត់ទុកទេ ហើយគេអត់បាញ់សម្លាប់ភ្លាមៗទេ គេចងគាត់ឆ្កាង ហើយគេអារសាច់ម្ដងមួយដុំៗ»។
បន្ថែមពីនេះ នៅក្នុងរាត្រីមួយនៃខែមីនា ឆ្នាំ២០១២ លោក ឈុត វុទ្ធី បាននិយាយក្នុងន័យហាក់ដូចជាផ្ដែផ្ដាំដល់លោកស្រី សម ចាន់ធី ជាភរិយា ឱ្យត្រៀមលក្ខណៈស្មារតី បើសិនជាលោកត្រូវក្ស័យសង្ខារក្នុងខណៈណាមួយ។
«មុនស្លាប់មួយខែហ្នឹង គាត់ប្រាប់ខ្ញុំថា៖ បើបងស្លាប់ អូនឯងកុំយំ តាំងស្មារតី មើលកូនមើលអី បើបងអត់នៅ … បងធ្វើការប្រឈមគ្រោះថ្នាក់ អាចស្លាប់ស្អែក ឬថ្ងៃហ្នឹង ក៏មិនដឹង។ បងគ្រាន់តែចង់ឱ្យអូនឯងតាំងចិត្តឱ្យហើយ»។
មួយខែក្រោយមក គឺនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ លោកស្រី សម ចាន់ធី បានទទួលទូរស័ព្ទមួយ អំឡុងពេលរសៀលម៉ោងពីរ ពីសំណាក់ប្អូនប្រុសលោក ឈុត វុទ្ធី ដែលពាំនាំព័ត៌មានដ៏មិនគួរឱ្យជឿមួយថា៖
«បងវុទ្ធីគេបាញ់ស្លាប់ហើយ នៅខេត្តកោះកុង!»។
នៅក្នុងឡាន Jeep ពណ៌ឈាមជ្រូករបស់លោក ឯនាយព្រៃជ្រៅក្នុងតំបន់វាលបី ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង លោក ឈុត វុទ្ធី ត្រូវបានត្រូវគ្រាប់កាំភ្លើងរត់ទម្លុះរាងកាយ និងដេកស្លាប់ស្ដូកស្ដឹង ក្នុងកៅអីរថយន្ត អំឡុងពេលដែលលោកកំពុងនាំអ្នកសារព័ត៌មានពីររូបនៃកាសែត The Cambodia Daily ទៅថត និងយកព័ត៌មានពីតំបន់ដីព្រៃ។ លោក ឈុត វុទ្ធី បានទទួលមរណភាពក្នុងជន្មាយុ ៤៦ឆ្នាំ។
មកដល់ពេលនេះ ប្រាំឆ្នាំមកហើយ ដែលលោក ឈុត វុទ្ធី បានទទួលមរណភាព។
បើតាមទិន្នន័យស៊ើបអង្កេតរបស់អាជ្ញាធរ លោក ឈុត វុទ្ធី ត្រូវបានកម្លាំងអាវុធហត្ថម្នាក់គឺលោក អ៊ិន រតនា បាញ់ស្លាប់ បន្ទាប់ពីមានជម្លោះប្រកែកគ្នា រឿងដែលកងកម្លាំងចងរឹបអូសអង្គចងចាំនៃកាមេរ៉ាដែលក្រុមលោកបានថតនៅឯទីតាំងរបស់ក្រុមហ៊ុន Timber Green ដែលទទួលការអនុញ្ញាតឱ្យកាប់រានដីព្រៃ និងពង្រាបបាតអាង សម្រាប់ការសាងសង់ទំនប់វារីអគ្គីសនីឫស្សីជ្រុំ ភាគខាងជើងខេត្តកោះកុង។
មន្ត្រីអាវុធហត្ថឈ្មោះ អ៊ិន រតនា ក៏បានស្លាប់នៅក្នុងហេតុការណ៍នេះផងដែរ។អាជ្ញាធរបានធ្វើសេចក្ដីសន្និដ្ឋានផ្សេងគ្នា មុននឹងចេញសន្និដ្ឋានចុងក្រោយថា សន្តិសុខម្នាក់របស់ក្រុមហ៊ុន Timber Green ឈ្មោះ រ៉ាន់ បូរ័ត្ន បានទៅដណ្ដើមកាំភ្លើងពីមន្ត្រីអាវុធហត្ថ អ៊ិន រតនា រហូតរាលកៃបណ្ដាលឱ្យស្លាប់មន្ត្រីអាវុធហត្ថរូបនេះ។
ក្រៅពីតុលាការកាត់ទោសឈ្មោះ រ៉ាន់ បូរ័ត្ន ពីបទ «មនុស្សឃាតដោយអចេតនា» មិនមានជនណាផ្សេងទៀតត្រូវបានស៊ើបអង្កេត និងយកមកទទួលខុសត្រូវចំពោះមុខច្បាប់ឡើយ។ សំណុំរឿងបាញ់ប្រហារនេះ ក៏ត្រូវបានបិទបញ្ចប់តាំងពីចុងឆ្នាំ២០១២មក។
លោក អ៊ិន គង់ជិត អ្នកសម្របសម្រួលសិទ្ធិមនុស្សរបស់អង្គការលីកាដូ ប្រចាំខេត្តកោះកុង ដែលបានចូលរួមពិនិត្យសពលោក ឈុត វុទ្ធី និងលោក អ៊ិន រតនា នៅថ្ងៃកើតហេតុផងដែរនោះ នៅតែហៅចំណាត់ការទាំងអម្បាលមាណខាងលើ ថាជាការផ្ដល់ «យុត្តិធម៌ដ៏ស្រពេចស្រពិល» ដល់អ្នកស្លាប់ទាំងពីរ។
ចំណែកលោក ឆឺយ ឧត្តមរស្មី ជាកូនប្រុសច្បងនៃសពលោក ឈុត វុទ្ធី វិញ ក៏បាននិយាយដែរថា លោកមិនដែលមានជំនឿលើព័ត៌មាន និងសេចក្ដីសន្និដ្ឋានរបស់អាជ្ញាធរមានសមត្ថកិច្ច។
«ហើយចំពោះដែលចំណាត់ការ ចំពោះដែលគេស្វែងរកឃាតកអីហ្នឹង ចម្លើយគេ របាយការណ៍របស់គេកន្លងមក គឺខ្ញុំមិនដែលទទួលស្គាល់ថា ជាឃាតកពិតទេ។ ខ្ញុំគិតថា ពួកទាំងនោះ គឺសុទ្ធជាការរៀបចំ ជាឃាតកសិប្បនិម្មិតទាំងអស់»។
លោក ឆឺយ ឧត្ដមរស្មី ដែលបច្ចុប្បន្នបានក្លាយជាអ្នកស្នងតំណែងឪពុករបស់លោក ជាប្រធានអង្គការការពារធនធានធម្មជាតិ បាននិយាយបន្តថា៖
«អ្វីដែលខ្ញុំចង់រកបំផុតនោះ គឺខ្ញុំចង់រកអ្នកណាអ្នកបញ្ជាបាញ់ឪពុកខ្ញុំ ព្រោះខ្ញុំគិតថា រឿងនេះគេតាមគាត់យូរហើយ មិនមែនថាគេមិនតាមទេ។ គេតាមគាត់យូរហើយ ហើយខ្ញុំជឿថាមានអ្នកបញ្ជាឱ្យតាមសម្លាប់គាត់។ អ៊ីចឹងហើយ អ្វីដែលយើងចង់ធ្វើនោះគឺតាមរកអ្នកបញ្ជា និងឃាតករពិតយកមកកាត់ទោស … ខ្ញុំនៅតែមានសង្ឃឹម ព្រោះថាក្នុងលោកនេះ គ្មានអ្វីស្ថិតស្ថិរទេ គ្មានអ្វីជាអមតៈទេ»។
ទម្លាប់ធ្វើការដើរព្រៃរបស់លោក ឈុត វុទ្ធី មិនបានផ្ដល់ភាពអំណោយផលផ្នែកពេលវេលាសម្រាប់លោកមើលថែក្រុមគ្រួសារឱ្យបានគ្រប់ជំហានទេ។ ប៉ុន្តែលោកបានប្រើពេលវេលាដ៏ស្ដួចស្ដែង យ៉ាងមានតម្លៃ ដើម្បីផ្ដល់ការថ្នាក់ថ្នមដល់ក្រុមគ្រួសារបុត្រាបុត្រី។ នេះបើតាម លោកស្រី សម ចាន់ធី ជាភរិយា៖
«និយាយរួមគាត់ម៉ឺងម៉ាត់ អត់ចូលចិត្តនិយាយស្ដីអីច្រើនអ៊ីចឹងទៅណា និយាយរួមចូលចិត្តយកចិត្តទុកដាក់ក្នុងគ្រួសារ។ គាត់ប្រដែប្រដៅកូន គាត់ចូលចិត្តប្រើធម៌ត្រជាក់ … គាត់អត់ដែលវាយកូនទេ ចា៎ គាត់ប្រើពាក្យផ្អែមល្ហែមជាមួយកូន»។
លោក ឈុត វុទ្ធី មានស្រុកកំណើត ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ហើយលោកកើតក្នុងពេលដែលប្រទេសកម្ពុជាកំពុងរអិលខ្លួនធ្លាក់ចូលទៅក្នុងវិនាសកម្មសង្គ្រាមសឹងតែមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ គឺសម័យខ្មែរក្រហម។
លោក វុទ្ធី បានទទួលការសិក្សាផ្នែកបច្ចេកទេសយោធា នៅឯប្រទេសរុស្ស៊ី មុននឹងត្រឡប់មកកាន់ប្រទេសកម្ពុជាវិញបម្រើការជាគ្រូឧទ្ទេសក្នុងក្របខណ្ឌក្រសួងការពារជាតិ។ លោកបានលាលែងពីការងាររាជការមកបម្រើការជាមន្ត្រីអង្គការ Global Witness ដែលនិយមរិះគន់មិនសំចៃមាត់លើការគ្រប់គ្រងចាត់ចែងធនធានរដ្ឋរបស់រដ្ឋាភិបាលខ្មែរ។
លោក Patrick Alley ស្ថាបនិកនៃអង្គការ Global Witness បានរំឭកប្រាប់ VOA អំពីការងារ និងអ្វីដែលលោកបានស្គាល់អំពីវីរភាពលោក ឈុត វុទ្ធី ថា៖
«គាត់គឺជាមនុស្សដែលក្លាហានជាខ្លាំង ហើយជាមនុស្សដែលមានភាពច្នៃប្រឌិតខ្ពស់»។
ក្រោយពីការិយាល័យប្រចាំប្រទេសកម្ពុជា របស់អង្គការ Global Witness ត្រូវបានបិទក្នុងឆ្នាំ២០០៥ លោក ឈុត វុទ្ធី បានបើកបង្កើតអង្គការការពារធនធានធម្មជាតិ និងបានធ្វើយុទ្ធនាការប្រឆាំងការកាប់ព្រៃនៅទូទាំងប្រទេស មកទល់នឹងថ្ងៃលោកទទួលមរណភាព។
មួយក្នុងចំណោមស្នាដៃចម្បងៗរបស់លោក ឈុត វុទ្ធី នោះ គឺការជួយជ្រោមជ្រែងបង្កើតបណ្ដាញសហគមន៍ព្រៃឡង់ (PLCN) នៅឆ្នាំ២០០៧ ដើម្បីធ្វើការល្បាតការពារតំបន់ព្រៃទឹកភ្លៀងដ៏ធំល្វឹងល្វើយ ភាគកណ្ដាលនៃប្រទេសកម្ពុជា ដែលកំពុងរងផលប៉ះពាល់ពីការកាប់ទន្ទ្រានទាំងស្របច្បាប់ និងខុសច្បាប់។
លោក សេង សុខហេង អ្នកនាំពាក្យនៃបណ្ដាញសហគមន៍ព្រៃឡង់ បានប្រាប់ VOA ថា លោក ឈុត វុទ្ធី ដែលជាមគ្គុទេសក៍នៃបណ្ដាញសហគមន៍មួយនេះ ធ្លាប់បានបង្ហាញតាមរយៈសកម្មភាពរបស់លោកនូវការតាំងចិត្ត និងពុះពារមិនខ្លាចឧបសគ្គ និងគ្រោះថ្នាក់អ្វីទាំងអស់ក្នុងការការពារព្រៃឈើ។
លោក សុខហេង បាននិយាយដូច្នេះថា៖
«អ្វីដែលយើងដឹងពីគាត់ គឺគាត់ជាមនុស្សដែលប្ដេជ្ញា ហ៊ានធ្វើ។ អ្វីដែលគាត់ចូលចិត្តធ្វើបំផុត គឺគាត់ចូលចិត្តធ្វើការជិតស្និទ្ធ ជាមួយអ្នកភូមិនៅក្នុងតំបន់ព្រៃ។ គាត់ចូលចិត្តនៅជាមួយអ្នកភូមិ កៀងគរអ្នកភូមិ ផ្ដល់បទពិសោធន៍ ផ្ដល់អនុសាសន៍នានាដើម្បីការពារព្រៃអ៊ីចឹង»។
អ្នកនាំពាក្យរូបនេះ បាននិយាយបន្ថែមថា លោកស្រមៃមិនចេញឡើយ ថាវាសនាព្រៃឡង់នឹងទៅជាយ៉ាងណា បើសិនជាមិនមានការជួយជ្រោមជ្រែងពីសំណាក់លោក ឈុត វុទ្ធី កាលពី១០ឆ្នាំមុននោះទេ។ កាលពីឆ្នាំ២០១៥ បណ្ដាញសហគមន៍ព្រៃឡង់ដែលលោក ឈុត វុទ្ធី បានជ្រោមជ្រែងបង្កើតនេះ ទទួលបានពានរង្វាន់លំដាប់អន្តរជាតិមួយពីអង្គការសហប្រជាជាតិក្នុងកិច្ចការការពារបរិស្ថាន។
Your browser doesn’t support HTML5
ក្រុមអង្គការសង្គមស៊ីវិលបានអង្កេតឃើញអំពីការកើនឡើងនៃចលនាមហាជន ដែលផុសចេញក្នុងចំណោមយុវជនទាំងនៅទីក្រុង និងនៅសហគមន៍ ដែលត្រូវបានលើកទឹកចិត្តតាមរយៈវីរភាពរបស់លោក ឈុត វុទ្ធី យ៉ាងសស្រាក់សស្រាំក្នុងការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ។
បើទោះជាមានការធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដល់សិទ្ធិអំណាចធំជាងមុនដល់ក្រសួងបរិស្ថាន ក៏ដូចជាមានការបង្កើតក្រុមការងារចម្រុះថ្នាក់ជាតិ ដើម្បីបង្ក្រាបបទល្មើសព្រៃឈើ និងរក្សាធនធានព្រៃឈើដែលនៅសេសសល់យ៉ាងណាក្ដី របាយការណ៍នានាដែលត្រូវបានផ្សព្វផ្សាយតាមទំព័រសារព័ត៌មានជាតិ និងអន្តរជាតិ នៅតែបង្ហាញថា បទលើ្មសព្រៃឈើ នៅតែមានសភាពខ្លាំងក្លា។
រីឯសុវត្ថិភាពអ្នកការពារព្រៃឈើជាសកម្មជន និងជាប្រជាសហគមន៍ទៀតសោត នៅតែរងបញ្ហាប្រឈមដល់អាយុជីវិត ក្នុងបេសកកម្មរបស់ពួកគេចូលរួមក្នុងការការពារព្រៃឈើ។
លោក សេង សុខហេង នៃបណ្ដាញសហគមន៍ព្រៃឡង់ បានរៀបរាប់អំពីបញ្ហាសុវត្ថិភាពប្រឈមរបស់សមាជិកក្រុមលោកថា៖
«ហើយបន្ទាប់មក ក៏មានសកម្មជនផ្សេងៗទៀត នៅក្នុងតំបន់ព្រៃឡង់ ក៏ត្រូវបានគំរាមកំហែង ពីអ្នករកស៊ីឈើ ពីមន្ត្រីមានសមត្ថកិច្ចដែលពាក់ព័ន្ធនឹងការរកស៊ីឈើហ្នឹងច្រើនមែនទែនបាទ គឺនៅតែមានបញ្ហាប្រឈម»។
កាលពីខែមីនា ឆ្នាំ២០១៦ កញ្ញា ផន សុភ័ក្ត្រ ដែលជាសមាជិកនៃបណ្ដាញសហគមន៍ព្រៃឡង់ បានរងរបួសធ្ងន់ពីការប៉ុនប៉ងមនុស្សឃាតមិនបានសម្រេច ពីសំណាក់ក្រុមអ្នកកាប់ឈើ ដែលបានយករណារអារឈើមកវាយប្រហារលើសកម្មជនវ័យ២២ឆ្នាំរូបនេះ អំឡុងពេលដែលនាងចុះល្បាតព្រៃឡង់។
ក្រៅពីប្រជាសហគមន៍និងសកម្មជន បុគ្គលិករដ្ឋដែលធ្វើការលើការងារព្រៃឈើនេះ ក៏បានជួបគ្រោះដល់បាត់បង់ជីវិតផងដែរ។ ក្នុងខែធ្នូ ឆ្នាំ២០១៥ បុគ្គលិកល្បាតព្រៃពីរនាក់ដែលជាមន្ត្រីរបស់ក្រសួងបរិស្ថាន ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់មុខបាញ់ស្លាប់ ខណៈកំពុងលង់លក់ក្នុងដំណេក អំឡុងពេលដែលពួកលោកចុះបង្ក្រាបបទល្មើសព្រៃឈើនៅខេត្តព្រះវិហារ ភាគខាងជើងនៃប្រទេស។
មិនមានជនដៃដល់ណាម្នាក់ត្រូវបានយកមកជំនុំជម្រះ ទទួលទោសចំពោះមុខច្បាប់ជាធរមានឡើយ ចំពោះករណីវាយប្រហារ និងមនុស្សឃាតទាំងពីរខាងលើ។
ត្រឡប់ទៅខេត្តកោះកុងវិញ ដែលជាទីលោក ឈុត វុទ្ធី ត្រូវបានគេបាញ់សម្លាប់ សកម្មជនការពារបរិស្ថានបានក្លាយជាគោលដៅនៃការប្ដឹងផ្ដល់នៅតុលាការរហូតជាប់ទោសទណ្ឌ ដោយសារតែសកម្មភាពរបស់ពួកគេត្រូវបានរដ្ឋអំណាចមើលឃើញថាមានចរឹតប្រឆាំង និងរារាំងដល់ការអភិវឌ្ឍ។
លោក អ៊ិន គង់ជិត នៃអង្គការលីកាដូខេត្តកោះកុង បានមានប្រសាសន៍ថា៖
«បាទ នៅតែរងការប្រឈមខាងផ្លូវច្បាប់ អ៊ីចឹងនាំគាត់មានការភ័យខ្លាចបាទ»។
មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះ បានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធចូលរួមបន្ថែមទៀតក្នុងការផ្ដល់នូវសុខសុវត្ថិភាព និងការលើកទឹកចិត្តដល់សកម្មជន និងប្រជាសហគមន៍ដែលសកម្មក្នុងការការពារទេសភាពធម្មជាតិ និងប្រពៃណីទំនៀមទម្លាប់របស់ពួកគេឱ្យបានគង់វង្ស មិនថានៅកោះកុង ឬកន្លែងផ្សេងទៀតនោះទេ៕