គណៈប្រតិភូសភាអាមេរិកបានមកបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជា ដោយជួបជាមួយមន្ត្រីរដ្ឋាភិបាល សមាជិករដ្ឋសភា ព្រឹទ្ធសភា និងក្រុមអង្គការសង្គមស៊ីវិល ហើយបានពិភាក្សាគ្នាអំពីបញ្ហាសិទ្ធិមនុស្ស នយោបាយ លទ្ធិប្រជាធិបតេយ្យ ការបង្កើនទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងបញ្ហានៅមូលដ្ឋានកងទ័ពរាមក្នុងខេត្តព្រះសីហនុផងដែរ។
ប្រតិភូដែលមានសមាជិកប្រាំរូបនេះ ដឹកនាំដោយសមាជិកព្រឹទ្ធសភាអាមេរិក លោក Edward Markeyដែលកាលពីឆ្នាំមុន លោកបានស្នើសេចក្តីស្នើច្បាប់ S-3052 ស្តីពីលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា ដែលមានគោលបំណងលើកកម្ពស់ការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ ស្តារលទ្ធិប្រជាធិបតេយ្យ សេរីភាពនយោបាយនិងសិទ្ធិមនុស្សនៅកម្ពុជា។ ច្បាប់នេះក៏តម្រូវឱ្យដាក់ទណ្ឌកម្មបុគ្គលទាំងឡាយណាដែលរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដោយការបង្កកទ្រព្យសម្បត្តិដែលមាននៅសហរដ្ឋអាមេរិក ហាមឃាត់ទិដ្ឋាការមិនឱ្យចូលសហរដ្ឋអាមេរិកនិងដកហូតទិដ្ឋាការដែលមានស្រាប់។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃទី ១៦ ខែសីហា រដ្ឋសភាកម្ពុជាបានបញ្ជាក់ថា ជំនួបនេះជា «ការពង្រឹងកិច្ចសហប្រតិបត្តិការ» រវាងប្រទេសទាំងពីរ។ កម្ពុជាបានបញ្ជាក់ប្រាប់ទៅប្រតិភូសភាអាមេរិកអំពីស្ថានភាពកម្ពុជាមួយចំនួន ដូចជាការរៀបចំខ្លួនរបស់កម្ពុជាធ្វើជាម្ចាស់ផ្ទះអាយប៉ាលើកទី ៤៣ ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ការឆ្លុះបញ្ចាំងពីការអភិវឌ្ឍរបស់កម្ពុជា ការបញ្ជាក់អំពីការធ្វើទំនើបកម្មកំពង់ផែក្រុងព្រះសីហនុ និងមូលដ្ឋានទ័ពសមុទ្ររាម ដែលថាមិនមានវត្តមានមូលដ្ឋានយោធាបរទេសណាមួយលើទឹកដីកម្ពុជាឡើយ។
សភាកម្ពុជាក៏បានបញ្ជាក់អំពីសំណុំរឿងសកម្មជននយោបាយ ដោយប្រាប់ទៅប្រតិភូសភាអាមេរិកថា សមត្ថកិច្ចរបស់តុលាការមិនបានបំពានលើសិទ្ធិនយោបាយ និងការបញ្ចេញមតិទេ តែនេះជាការអនុវត្តច្បាប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែលនោះ។
កម្ពុជាក៏បានបញ្ជាក់ពីគោលនយោបាយការបរទេសឯករាជ្យ និងអព្យាក្រឹតដោយឈរលើគោលការណ៍សន្តិសហវិជ្ជមាន ដោយផ្អែកលើរដ្ឋធម្មនុញ្ញ។
បើតាមសេចក្តីប្រកាសព័ត៌មាន កម្ពុជាក៏ចង់ឃើញទំនាក់ទំនង និងកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក ដែលរឹងមាំនិងច្រើនជាងសព្វថ្ងៃ ក៏ដូចជាការវិនិយោគទុនពីបណ្តាក្រុមហ៊ុនសហរដ្ឋអាមេរិកច្រើនបន្ថែមទៀត។
ប្រតិភូសភាសហរដ្ឋអាមេរិកបានឆ្លើយតបថា ការមកបំពេញទស្សនកិច្ចនេះ គឺដើម្បីទំនាក់ទំនងជាដៃគូរ ការបង្កើនកិច្ចសហការជាមួយកម្ពុជា ដោយយកលទ្ធិប្រជាធិបតេយ្យជាមូលដ្ឋាន។ នេះបើតាមរដ្ឋសភាកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាបញ្ជាក់ថា៖ «ជារួម គណៈប្រតិភូសភាសហរដ្ឋអាមេរិកបានបញ្ជាក់ពីបំណងរបស់គណៈប្រតិភូសភាសហរដ្ឋអាមេរិកមកទីនេះ គឺដើម្បីធ្វើជាដៃគូររបស់កម្ពុជា បង្កើនកិច្ចសហការ និងជួយគាំទ្រកម្ពុជាសម្រេចឱ្យបាននូវសក្តានុពលអភិវឌ្ឍន៍របស់ខ្លួន ដោយយកលទ្ធិប្រជាធិបតេយ្យជាមូលដ្ឋានគន្លឹះ តាមរយៈការបង្កើតតម្លាភាពកាន់តែពេញលេញលើការអភិវឌ្ឍនានា»។
វីអូអេបានទាក់ទងទៅលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ដែលបានចូលរួមប្រជុំ ប៉ុន្តែលោកបានឱ្យអ្នកសារព័ត៌មានរបស់សំឡេងសហរដ្ឋអាមេរិក មើលសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាជំនួសវិញ។
ទោះជាយ៉ាងណា លោក សួស យ៉ារ៉ា បញ្ជាក់ថា ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា គឺត្រូវតែមានការចូលរួមយ៉ាងសំខាន់របស់ភាគីអង្គការសង្គមស៊ីវិល បូករួមការពង្រឹងច្បាប់។
លោកថ្លែងថា៖ «បាទ! មានអ្វីក្រៅការពង្រឹងការអនុវត្តច្បាប់ ហើយការចូលរួមរបស់អង្គការសង្គមស៊ីវិលជាចំណុចសំខាន់ មិនមែនឱ្យតែរាជរដ្ឋាភិបាល ឬរដ្ឋសភាខ្មែរ ត្រូវតែធ្វើកិច្ចការបើកទូលាយទេ។ ប៉ុន្តែបើកទូលាយយ៉ាងណា ក៏ត្រូវស្ថិតនៅក្នុងច្បាប់ ហើយសង្គមស៊ីវិលខ្លួនឯងដូចគ្នា ក៏ត្រូវខំប្រឹងប្រែងសហការចូលរួមទៅ អាហ្នឹងលម្ហប្រជាធិបតេយ្យមានហើយក្នុងប្រទេស»។
បន្ថែមពីនេះ លោក សួស យ៉ារ៉ា បញ្ជាក់ថា កម្ពុជាមិនបានលើកឡើងពីសេចក្តីព្រាងច្បាប់ S-3052 ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក ដឹកនាំដោយលោក Ed Markey ទើបតែបានអនុម័តឡើយ។
លោកលើកឡើងបន្ថែមថា ការជជែកគ្នាពីសេចក្តីព្រាងច្បាប់នេះមិនមានភាពចាំបាច់ទេ ព្រោះប្រទេសនីមួយៗមានអធិបតេយ្យភាព និងឯករាជ្យភាពរៀងៗខ្លួន។
លោកបញ្ជាក់ថា៖ «ជាទូទៅ ប្រទេសនីមួយៗមានសេរីភាពរៀងៗខ្លួន ហើយអធិបតេយ្យមានរៀងៗខ្លួន។ អ៊ីចឹងយើងមិនចាំបាច់និយាយគ្នាទៅវិញទៅមករឿងហ្នឹងទេ។ ប្រទេសមួយៗគួរតែដឹងថា អធិបតេយ្យភាព និងឯករាជ្យភាពនៃប្រទេសនីមួយៗ គេមានរៀងៗខ្លួន។ អ៊ីចឹងអ្នកគិតអីជារឿងរបស់អ្នក ខ្ញុំគិតអីជារឿងរបស់ខ្ញុំ»។
លោក Ahmad Ali មន្រ្តីទទួលបន្ទុកផ្នែកព័ត៌មានរបស់លោក Ed Markey ប្រាប់វីអូអេថា លោកសមាជិកព្រឹទ្ធសភាមានភាពមមាញឹកខ្លាំង ដូច្នេះមិនអាចផ្តល់បទសម្ភាសន៍បានឡើយ។
ដំណើរទស្សនកិច្ចនេះ ក៏មានវត្តមានលោក Alan Lowenthal សមាជិករដ្ឋសភាគណបក្សប្រជាធិបតេយ្យមកពីរដ្ឋ California ដែលកាលពីឆ្នាំ ២០១៩ តំណាងរាស្ត្ររូបនោះបានស្នើច្បាប់ថ្មីមួយ ដែលទាមទារឲ្យប្រធានាធិបតីអាមេរិកនៅពេលនោះ គឺលោក ដូណាល់ ត្រាំ (Donald Trump) ថ្លឹងថ្លែងរវាងការខូចខាតលទ្ធិប្រជាធិបតេយ្យ និងការណ៍ដែលកម្ពុជាបន្តទទួលបានឋានៈអនុគ្រោះពន្ធ GSP នៅចំពេលមានការបន្តរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
វីអូអេមិនទាន់អាចសុំការឆ្លើយតបពីលោក Alan Lowenthal តាមសារអ៊ីមែលបាននៅឡើយទេ។
លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី ១០ នៃព្រឹទ្ធសភា ដែលបានជួបជាមួយប្រតិភូសភាអាមេរិក ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ជំនួបនេះទទួលបានផលវិជ្ជមានច្រើន ដោយភាគីទាំងពីរមានការយល់គ្នាច្រើនអំពីការវិវឌ្ឍនានាក្នុងប្រទេសកម្ពុជា បញ្ហានៅមូលដ្ឋានកងទ័ពរាម បញ្ហានយោបាយ និងលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។
លោកថ្លែងថា៖ «ទាំងនីតិរដ្ឋ ទាំងការអនុវត្តលទ្ធិប្រជាធិបតេយ្យ ទាំងសិទ្ធិមនុស្សអីហ្នឹង គឺយើងមើលឃើញនិងឱ្យយោបល់គ្នាទៅវិញទៅមក ហើយយើងទទួលស្គាល់ទៅវិញទៅមក ថាយើងមើលឃើញថា តើចំណុចណាខ្លះដែលនៅខ្វះខាត យើងនឹងប្រឹងប្រែងបំពេញបន្ថែមទៀត យើងមិនដែលព្រងើយកន្តើយទេ។ ប៉ុន្តែរឿងដែលយើងយកលទ្ធិប្រជាធិបតេយ្យយកទៅកេងចំណេញផ្នែកនយោបាយ គឺអាហ្នឹងយើងទទួលយកអត់បានទេ»។
លោកបានបញ្ជាក់បន្ថែមថា ភាគីទាំងពីរក៏បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងសហប្រតិបត្តិការរវាងកម្ពុជា និងព្រឹទ្ធសភាសហរដ្ឋអាមេរិក ដើម្បីធ្វើឱ្យទំនាក់ទំនងមួយនេះកាន់តែមានភាពល្អប្រសើរ និងស៊ីជម្រៅបន្ថែមទៀត។
ដោយឡែក លោក ម៉ម ប៊ុននាង បានចាត់ទុកសេចក្តីស្នើច្បាប់ S-3052 ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានលក្ខណៈលម្អៀងនយោបាយ ច្រើនជាងការផ្តល់យោបល់ក្នុងការកែតម្រូវ និងបំពេញបន្ថែមនូវចំណុចខ្វះខាត ក្នុងការធ្វើឱ្យប្រសើរបន្ថែមទៀតនូវលទ្ធិប្រជាធិបតេយ្យ។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា កញ្ញា Stephanie Arzate បានឆ្លើយតបសារអ៊ីមែលរបស់វីអូអេថា សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក Ed Markey និងសមាជិករដ្ឋសភាចំនួនបួនរូប មកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃ គឺថ្ងៃទី ១៦ និង ១៧ ខែសីហានេះ ដោយជួបជាមួយភាគីរដ្ឋាភិបាលកម្ពុជា និងក្រុមអង្គការសង្គមស៊ីវិល។
អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានជួបជាមួយប្រតិភូសភាអាមេរិក បានប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ប្រតិភូសភាសហរដ្ឋអាមេរិកចង់ដឹងពីបញ្ហាប្រឈមនានារបស់អង្គការសង្គមស៊ីវិល បូករួមការវិវឌ្ឍនៃស្ថានភាពសិទ្ធិមនុស្ស និងសិទ្ធិនយោបាយនៅកម្ពុជា ដើម្បីសភាអាមេរិកងាយស្រួលចូលរួមដោះស្រាយ ដោយធ្វើយ៉ាងណាឱ្យលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាមានភាពល្អប្រសើរ។
អ្នកស្រីថ្លែងថា៖ «គណៈប្រតិភូ គាត់ចង់ដឹងពីបច្ចុប្បន្នភាព ហើយចង់ដឹងពីការធ្វើការងាររបស់យើងមានការប្រឈមអ្វីខ្លះ ហើយថាតើខាងសភាអាមេរិក គាត់អាចចូលរួមចំណែកយ៉ាងម៉េចនៅក្នុងកិច្ចសហប្រតិបត្តិការ ជាផ្នែកនៃទំនាក់ទំនងអាមេរិក និងកម្ពុជាផង ហើយនឹងក្នុងគោលដៅដើម្បីលើកកម្ពស់នូវលទ្ធិប្រជាធិបតេយ្យផងដែរ»។
អ្នកស្រីថ្លែងបន្ថែមថា ប្រតិភូសភាអាមេរិកបានយកចិត្តទុកដាក់ខ្លាំងលើស្ថានភាពរបស់ប្រទេសកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការល្អ ដោយឈរលើគោលការណ៍សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនេះ។
អ្នកស្រីយល់ថា រដ្ឋាភិបាលកម្ពុជាត្រូវតែអនុវត្តតាមរដ្ឋធម្មនុញ្ញ និងច្បាប់នានាឱ្យបានពេញលេញ និងស្មើភាពគ្នា ដើម្បីធានាដល់ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនេះ ព្រោះអ្នកស្រីកត់សម្គាល់ថា អ្នកដែលហ៊ានចេញមុខរិះគន់គោលនយោបាយរដ្ឋាភិបាល អ្នកដែលចេញមុខតវ៉ាលើបញ្ហាផ្សេងៗ គឺតែងតែឃើញមានការចាប់ចង ការចោទប្រកាន់ និងផ្តន្ទាទោសជាដើម ដែលបញ្ហាទាំងនេះមិនមែនជាការអនុវត្តតាមគោលការណ៍នីតិរដ្ឋត្រឹមត្រូវនោះទេ។
អ្នកស្រីថ្លែងថា៖ «ក្នុងមិត្តភាពនេះ យើងត្រូវធ្វើយ៉ាងម៉េចដើម្បីជាប្រយោជន៍ក្នុងការធានាដល់គោលការណ៍ដែលប្រទេសកម្ពុជាយើងទទួលស្គាល់ គឺការគោរពដល់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យហ្នឹង»។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រតិភូសភាអាមេរិកនេះ គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់សមាជិកសភាមកពីគណបក្សធំៗពីររបស់សហរដ្ឋអាមេរិក ទៅកាន់តំបន់អាស៊ី។ ហើយទស្សនកិច្ចរបស់ពួកគេមកកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីក្រុមសមាជិកព្រឹទ្ធសភានិងរដ្ឋសភាទាំងប្រាំរូបនេះបានបញ្ចប់ទស្សនកិច្ចរបស់ខ្លួននៅកោះតៃវ៉ាន់ ដែលកំពុងប្រឈមភាពតានតឹងទាំងផ្នែកការទូត និងយោធា៕