មន្ត្រី​ប៉ូលិស​​ជិត​៥ពាន់​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​ទូទាំង​ប្រទេស​ក្នុង​ថ្ងៃបុណ្យ​ចូល​ឆ្នាំ​ថ្មី​ដើម្បី​សុវត្ថិភាព​ពលរដ្ឋ

រូបឯកសារ៖ ក្រុម​សមត្ថកិច្ច​ចល័ត​នៅ​ក្បែរ​វិមាន​ឯករាជ្យ​ ដើម្បី​រៀបចំ​សណ្ដាប់​​និង​រក្សា​សន្តិសុខ​ដើម្បី​ស្វាគមន៍លោក​ប្រធានា​ធិបតី​ចិន​ Xi Jinpingស្វាគមន៍​លោក​ក្នុង​​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ខែ​តុលា​ ឆ្នាំ​២០១៦។​( ឡេង ឡែន/VOA)

លោក​ ​រុន រ័ត្នវាសនា​ ​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដង​ផ្លូវ​ ​ទាំង​ផ្លូវគោក​ ​និង​ផ្លូវ​ទឹក​ ​មាន​ការ​ប្រុង​ប្រយ័ត្ន និង​បើកបរ​ដោយ​ទំនួល​ខុសត្រូវ​ខ្ពស់។

ខណៈ​ប្រជាពលរដ្ឋ​កំពុង​សម្រុក​ធ្វើ​ដំណើរចេញ​ពី​រាជធានី​ភ្នំពេញ​ទៅ​តាម​បណ្តា​ខេត្ត​នានា​ ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​មួយ​នេះ​ ​ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ ​និង​សណ្តាប់​ធ្នាប់​សាធារណៈ​ ​បាន​ពង្រាយ​មន្រ្តី​ចរាចរណ៍​ជិត​៥ពាន់​នាក់​ ​ដើម្បី​សម្រួល​ ​និង​កាត់បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍។​

លោក​ ​រុន រ័ត្ន​វាសនា​ ​ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ ​និង​សណ្តាប់ធ្នាប់​សាធារណៈ​ ​ប្រាប់​ VOA​ ​នា​រសៀល​ថ្ងៃសុក្រ​នេះ​ថា​ ​ជា​ទូទៅ​ក្នុង​ពិធី​បុណ្យ​ជាតិ​ធំៗនៅ​កម្ពុជា​ ​តែង​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើន​ឡើង​ច្រើន​ ​ដូច្នេះ​លោក​ថា​ ​កម្លាំង​សមត្ថកិច្ច​ចរាចរណ៍​ជិត​៥ពាន់​នាក់​ ​ត្រូវ​បាន​ដាក់​ពង្រាយ​ទូទាំង​ប្រទេស​ដើម្បី​សម្រួល​ចរាចរណ៍​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខ្មែរនេះ។​

លោក​បន្ថែម​ថា​ ​ក្រៅ​តែ​ពីកម្លាំង​សមត្ថកិច្ច​ចរាចរណ៍​ ​ក៏​នៅ​មាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជាច្រើន​នាក់​ទៀត​ ​ត្រូវ​បាន​ពង្រាយ​ឲ្យ​ជួយ​សម្រួល​ចរាចរណ៍​តាម​តំបន់​ប្រជុំជន​ជាច្រើន​ ​ដែល​រួមមានតាម​វត្ត​អារាមជាដើម​ ​ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍។​

លោក​ ​រុន រ័ត្នវាសនា​ ​បន្ថែម​ដោយ​រំពឹង​ថា​ ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​នេះ​នឹង​ថយ​ចុះ​ ​ដោយ​សារ​ស្ថាន​ភាព​នៃ​ការធ្វើ​ដំណើរ​របស់​ប្រជាពល​រដ្ឋ​ឆ្នាំ​ហាក់​មាន​ភាព​ល្អ​ប្រសើរ​ច្រើន។​

លោក​មាន​ប្រសាសន៍​ថា៖​

«ឆ្នាំ​នេះ​ខ្ញុំ​ឃើញ​ដូចជា​ការ​បើកបរ​ ​ក៏​ដូចជា​ការ​ចេញ​ដំណើរ​របស់​បងប្អូន​មិន​លើស​កំណត់​ ​មិន​ដាក់​សំពីង​សំពោង​ ​ឬ​ការ​ផ្តល់​សេវា​ឡាន​ដោយ​មិនគិតថ្លៃហ្នឹង​ ​ខ្ញុំ​គិត​ថា​ជួយ​បាន​ច្រើន។​ ​ខ្ញុំ​សង្ឃឹម​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ឆ្នាំ​នេះ​នឹង​ថយ​ចុះ»។​

ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិខ្មែរ​ឆ្នាំ​នេះ​ ​រដ្ឋាភិបាល​បាន​ដាក់​រថយន្ត​ក្រុង​សាធារណៈ​របស់​រដ្ឋ​ចំនួន​៦០​គ្រឿង ដើម្បី​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិត​ថ្លៃ ​ទៅ​តាម​បណ្តា​ខេត្ត​នានា​ ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៨។​

លោក​ ​រុន រ័ត្នវាសនា​ ​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដង​ផ្លូវ​ ​ទាំង​ផ្លូវគោក​ ​និង​ផ្លូវ​ទឹក​ ​មាន​ការ​ប្រុង​ប្រយ័ត្ន និង​បើកបរ​ដោយ​ទំនួល​ខុសត្រូវ​ខ្ពស់។​

លោក​បញ្ជាក់​ថា៖

«ក្នុង​ឱកាស​នេះ​ដែរ​យើង​ចង់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ហ្នឹង​ដំណើរ​កំសាន្ត​ដោយ​សុវត្ថិភាព​ ​ជួបជុំ​បងប្អូន​គ្រួសារ។ ហើយ​ទន្ទឹម​នឹង​សុវត្ថិភាព​ជួបជុំ​គ្រួសារ សូម​ធ្វើ​ដំណើរ​ដោយ​មើល​ទឹក មើល​ប្រេង មើល​ហ្វ្រាំង​ទាំងអស់។​ ហើយ​សំខាន់​មួយទៀត​ដែល​មិន​អាច​ខាន​បាន គឺ​ថា​ធ្វើ​ដំណើរ​ដោយ​ម៉ូតូហ្នឹង គឺត្រូវ​ពាក់មួក​សុវត្ថិភាព​ជានិច្ច»។​

នៅ​ក្នុង​រយៈពេល​៤ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំខ្មែរ​កាល​ពី​ឆ្នាំ២០១៧​កន្លង​ទៅ​ ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើត​ឡើង​ចំនួន​៩៥​ករណី​ ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៤៣​នាក់​ ​និង​រង​របួសធ្ងន់​ស្រាល​ ​ជិត​២០០​នាក់។

នៅដើម​សប្តាហ៍​នេះ​ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​បាន​អះអាង​ថា ​មាន​ការ​ប៉ុនប៉ង​រៀបចំ​គម្រោង​បង្ក​ឲ្យ​មាន​អសន្តិសុខ​នៅ​រាជធានី​ភ្នំពេញ​ ​និង​នៅ​ខេត្ត​សៀមរាប​ ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះ។​ ​ទោះ​យ៉ាង​ណា​លោកថា គម្រោង​នោះ​ត្រូវ​បាន​លោក​ដឹង​មុន​ ​និង​ទប់ស្កាត់​ទាន់​ពេល ព្រម​ទាំង​បញ្ជា​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បង្កើន​ការ​ការពារ​សន្តិសុខ​ ​និង​តាម​ចាប់​ជន​ដែល​ត្រូវ​បានគេ​បញ្ជា​នោះ​ផង​ដែរ។​

VOA​ ​មិនអាច​ទាក់ទង​សុំការ​អធិប្បាយ​ពី​លោក​ ​គៀត ច័ន្ទថារិទ្ធ​ ​អគ្គស្នងការរង​នគរបាល​ជាតិ​ពាក់​ព័ន្ធ​នឹងការ​ពង្រឹង​សុវត្ថិភាព​ និង​សន្តិសុខ​ ​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​បានទេ​ ​រហូត​ដល់​ល្ងាច​ថ្ងៃ​សុក្រ​នេះ។​

ទោះយ៉ាងណា​លោក​ ​គៀត ច័ន្ទថារិទ្ធ​ ​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល កាលពី​ថ្ងៃចន្ទ​ថា​ ​កម្លាំង​នគរបាលជាតិ​រាប់​ម៉ឺន​នាក់​ ​នឹង​ត្រូវ​ដាក់​ពង្រាយ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប់​ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ ​ចាប់ពី​ថ្ងៃទី១៤ ដល់​ថ្ងៃទី១៦ ខែ​មេសា ឆ្នាំ២០១៨។​

ពិធី​បុណ្យ​សង្ក្រាន្ត​ដែល​ធ្លាប់តែ​ល្បីនៅ​ខេត្ត​សៀមរាប​ ​ក៏​ត្រូវ​បាន​ប្រារព្ធ​នៅ​តាម​ខេត្ត​នានា​មួយ​ចំនួន​ផងដែរ។​ ចំណែក​អង្គរ​សង្ក្រាន្ត​នៅ​ខេត្ត​សៀមរាប​ដែល​រៀបចំ​ដោយ​កូនប្រុស​ពៅរបស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ គឺ​ ​លោក​ ​ហ៊ុន ម៉ានី​ ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពីថ្ងៃ​សុក្រ​នេះ​ ​ដោយ​រំពឹង​ថា​ ​មាន​ពលរដ្ឋ​ជា​ច្រើន​ម៉ឺន​នាក់ចូល​រួម៕