ទស្សនាវដ្តី Newsweek របស់អាមេរិកបានរាយការណ៍ថា គណៈកម្មាធិការពិសេសរបស់រដ្ឋសភា អាមេរិកស្តីពីការស៊ើបអង្កេតទៅលើការវាយប្រហារវិមានសភាអាមេរិក (US Capitol) កាលពីថ្ងៃទី៦ ខែមករា មានគម្រោងនឹងប្រកាសលទ្ធផលស៊ើបអង្កេតរបស់ខ្លួនជាលើកដំបូង ដោយមានការផ្សាយបន្តផ្ទាល់ផងដែរនៅយប់ថ្ងៃព្រហស្បតិ៍នេះ។
គណៈកម្មាធិការដែលរួមមានសមាជិករដ្ឋសភា៧រូបមកពីខាងគណបក្សប្រជាធិបតេយ្យនិង២រូបមកពីខាងគណបក្សសាធារណរដ្ឋ នឹងផ្តល់សក្ខីកម្មដោយមានការផ្សាយបន្តផ្ទាល់ជាមួយនឹងការ បង្ហាញភ័ស្តុតាងវីដេអូនិងសុន្ទរកថាផ្សេងៗដែលជាផ្នែកមួយនៃការរកឃើញរបស់គណៈកម្មាធិការដែលបានបញ្ជាក់ថានឹងបង្ហាញថាមានកិច្ចសហការសម្របសម្រួលគ្នារវាងអតីតប្រធានាធិបតីអាមេរិកលោក Donald Trump និងក្រុមបក្សពួកជំនិតរបស់លោក ដើម្បីបដិសេធលទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០។
សវនាការផ្តល់សក្ខីកម្មលើកទី១ក្នុងចំណោមការផ្តល់សក្ខីកម្មជាច្រើន នឹងត្រូវបញ្ចាំងតាមកញ្ចក់ទូរទស្សន៍ក្នុងម៉ោងផ្សាយដ៏សំខាន់នៅថ្ងៃព្រហស្បតិ៍នេះ ចាប់ពីម៉ោង៨យប់ម៉ោងក្នុងរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក ហើយការផ្តល់សក្ខីកម្មលើកទី២ នឹងត្រូវផ្សាយនៅថ្ងៃចន្ទ ទី១៣ ខែមិថុនា វេលាម៉ោង១០ព្រឹក។
ទស្សនាវដ្តី Newsweek បានរាយការណ៍បន្ថែមថា ដើម្បីឱ្យសវនាការផ្តល់សក្ខីកម្មនោះ ទទួលបានលទ្ធផលល្អតាមដែលអាចធ្វើទៅបាន គណៈកម្មាធិការពិសេសស៊ើបអង្កេតជុំវិញរឿងនេះត្រូវបង្ហាញភ័ស្តុតាងឬសក្ខីកម្មថ្មីៗបន្ថែមទៀតដែលសាធារណជនមិនបានដឹងក្នុងពេលកន្លងទៅ។
សមាជិកជាច្រើននាក់នៃគណៈកម្មាធិការនេះបានសន្យាថា នឹងមានព័ត៌មានថ្មីៗជាច្រើនបន្ថែមទៀតដែលនឹងត្រូវបង្ហាញជូននៅក្នុងសវនាការផ្តល់សក្ខីកម្មនោះដែលអាចដាក់កំហុសទៅលើលោកត្រាំនិងសម្ពន្ធមិត្តរបស់លោក។
សមាជិករដ្ឋសភានៃគណបក្សប្រជាធិបតេយ្យលោក Jamie Raskin មកពីរដ្ឋMaryland ដែលជាសមាជិកមួយរូបនៃគណៈកម្មាធិការពិសេសក្នុងការស៊ើបអង្កេតនោះបានសន្យាកាលពីខែមេសាកន្លងទៅថា ការបង្ហាញពីលទ្ធផលនៃការស៊ើបអង្កេតនឹងធ្វើឱ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ការផ្តល់សក្ខីកម្មលើកទី១ត្រូវបានរាយការណ៍ថា នឹងផ្តោតទៅលើក្រុម Proud Boys និងក្រុមស្តាំនិយមជ្រុលផ្សេងទៀតដែលត្រូវបានចោទប្រកាន់ថា ជាអ្នកធ្វើការលុកលុយនិងវាយប្រហារទៅលើវិមានសភាអាមេរិកក្នុងគោលបំណងបង្ខំឱ្យបញ្ឈប់ការផ្តល់សច្ចាប័នយល់ព្រមទៅលើលទ្ធផលបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ២០២០។
ទស្សនាវដ្តី Newsweek ក៏បានដកស្រង់គណៈកម្មាធិការពិសេសនេះដែលបាននិយាយផងដែរថា មន្ត្រីប៉ូលិសប្រចាំវិមានសភាអាមេរិក លោកស្រី Caroline Edwards ដែលទទួលរងរបួសធ្ងន់នៅក្នុងព្រឹត្តិការណ៍កុប្បកម្មនោះនិងលោក Nick Quested ដែលជាផលិតករភាពយន្តឯកសារដែលបានថតសមាជិកក្រុម Proud Boys នៅពេលដែលពួកគេកំពុងវាយប្រហារអគារវិមានសភាអាមេរិកកាលពីថ្ងៃទី៦នោះ នឹងចូលរួមនៅក្នុងការផ្តល់សក្ខីកម្មនេះផងដែរ។
គណៈកម្មការពិសេសនេះក៏បានរាយការណ៍ដែរថា ខ្លួនក៏មានគម្រោងចាក់ផ្សាយវីដេអូនៃការផ្តល់សក្ខីកម្មរបស់លោកស្រី Ivanka Trump និងស្វាមីរបស់លោកស្រីគឺលោក Jared Kushner ក្នុងអំឡុងពេលនៃសវនាការផ្តល់សក្ខីកម្មរបស់ខ្លួនផងដែរ។
លោកស្រី Ivanka Trump ដែលជាកូនស្រីច្បងរបស់អតីតប្រធានាធិបតី Donald Trumpនិងជាអតីតទីប្រឹក្សារបស់សេតវិមានត្រូវបានគេនិយាយថា បានស្ថិតនៅជាមួយឪពុករបស់ខ្លួន គឺលោកTrumpហើយបានមើលសកម្មភាពអំពើហិង្សារបស់ក្រុមកុបករអស់រយៈពេលប្រមាណ៣ម៉ោង មុនពេលសម្រេចចិត្តធ្វើសកម្មភាពជុំវិញរឿងនេះ៕