អតីតប្រធានាធិបតីអាមេរិក ៥ រូប បានចូលរួមនៅក្នុងការប្រគំតន្ត្រីរៃអង្គាសប្រាក់មួយដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍ម្សិលមិញ ដើម្បីជួយដល់ជនរងគ្រោះដោយសារខ្យល់ព្យុះសង្ឃរាកន្លងមក ដែលបានបំផ្លិចបំផ្លាញផ្ទះសម្បែងនានានៅក្នុងសហរដ្ឋអាមេរិក និងដែនដី Puerto Rico និង Virgin Islands របស់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ។
អតីតប្រធានាធិបតីអាមេរិកទាំងនោះគឺលោក Barack Obama លោក George W. Bush លោក Bill Clinton លោក George H.W. Bush និងលោក Jimmy Carter។ លោកទាំង ៥ បានចូលរួមការប្រគំតន្ត្រីរៃអង្គាសប្រាក់នៅក្នុងទីក្រុង College Station រដ្ឋ Texas សហរដ្ឋអាមេរិក។ ការប្រគំតន្ត្រីដែលមានឈ្មោះថា «ចេញពីក្រអៅបេះដូង៖ ការអំពាវនាវរួមគ្នារបស់សហរដ្ឋអាមេរិក» បានធ្វើឡើងនៅទីធ្លាកីឡា Reed Arena នៅក្នុងបរិវេណសាកលវិទ្យាល័យ Texas A&M។
លោកប្រធានាធិបតី Donald Trump នឹងមិនចូលរួមនៅក្នុងពិធីរៃអង្គាសប្រាក់នេះដោយផ្ទាល់នោះទេ ប៉ុន្តែនឹងបង្ហាញខ្លួនតាមវីដេអូដើម្បីថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានរួមចំណែកនៅក្នុងកិច្ចប្រឹងប្រែងមនុស្សធម៌នេះ។
នៅក្នុងវីដេអូនោះ លោក Trump បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងងើបឡើងវិញពីខ្យល់ព្យុះសង្ឃរានេះ យ៉ាងខ្លាំងក្លា និងប្រសើរជាងមុន។
អតីតប្រធានាធិបតីទាំង ៥ រូប បានសហការគ្នារៃអង្គាសប្រាក់សម្រាប់ជនរងគ្រោះ ចាប់តាំងពីពេលដែលខ្យល់ព្យុះសង្ឃរា Harvey បានបោកបក់ចំរដ្ឋ Texas កាលពីខែកញ្ញាកន្លងទៅនេះមកម្ល៉េះ។ បន្ទាប់ពីខ្យល់ព្យុះ Harvey នេះផុតទៅ ខ្យល់ព្យុះ Irma បានបោកបក់កាត់ដែនដី Puerto Rico និងរដ្ឋ Florida ហើយបន្ទាប់មកទៀត ខ្យល់ព្យុះ Maria បានបោកបក់ចំដែនដី Puerto Rico និងដែនដី Virgin Islands របស់សហរដ្ឋអាមេរិក។
ស្របពេលនោះដែរ ភ្លើងឆេះព្រៃដែលមិនដែលមានក្នុងប្រវត្តិសាស្ត្របានបំផ្លិចបំផ្លាញសហគមន៍រស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ភាគខាងជើងរដ្ឋ California ដោយធ្វើឲ្យមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែងស្នាក់នៅ៕