ភ្លើងឆេះព្រៃនៅតំបន់ជនបទដ៏ល្បីឈ្មោះខាងផលិតស្រាក្នុងរដ្ឋ California សហរដ្ឋអាមេរិក កំពុងតែរីករាលដាលបន្ថែមទៀត បន្ទាប់ពីបានឆាបឆេះយ៉ាងសន្ធោសន្ធៅដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រភ្លើងឆេះព្រៃរបស់រដ្ឋ California។
គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ ចំនួនអ្នកស្លាប់បានកើនដល់យ៉ាងតិច ៤០ នាក់ ដែលក្នុងនោះយ៉ាងហោចណាស់មានមនុស្ស ១៦ នាក់បានស្លាប់ដោយសារភ្លើងឆេះ។ ផ្នែកមួយនៃតំបន់ដែលឆាបឆេះដោយអគ្គិភ័យនេះបានរីករាលដាលរហូតដល់ទំហំ ១៦០ គីឡូម៉ែត្រការ៉េ ដោយបានបំផ្លាញផ្ទះសម្បែង និងកន្លែងអាជីវកម្មនានាប្រហែល ៥ ពាន់ ៧ រយខ្នង។ មនុស្សប្រហែល ១ សែននាក់ បានជម្លៀសចេញពីផ្ទះសម្បែងរបស់ខ្លួន។
កាលពីយប់ថ្ងៃសុក្រឈានចូលថ្ងៃសៅរ៍ម្សិលមិញ អណ្ដាតភ្លើងបានឆាបឆេះរហូតដល់ក្រុង Sonoma ដោយបានបង្ខំឲ្យមនុស្សចំនួន ៤ រយគ្រួសារក្នុងចំណោមពលរដ្ឋសរុបចំនួន ១ ម៉ឺន ១ ពាន់នាក់នៅក្នុងក្រុងនេះ ជម្លៀសចេញពីផ្ទះសម្បែង។ ក្រុង Santa Rosa ដែលនៅក្បែរនោះក៏មានមនុស្សជាច្រើនជម្លៀសខ្លួនចេញពីផ្ទះសម្បែងផងដែរ។
ខ្យល់ Santa Ana ដែលជាខ្យល់ខ្លាំងនិងស្ងួតបោកបក់មកពីតំបន់ភ្នំនៅរាល់ចុងរដូវក្ដៅ និងដើមរដូវស្លឹកឈើជ្រុះ បានបង្កនូវលក្ខខណ្ឌឲ្យភ្លើងរីករាលដាលយ៉ាងងាយស្រួល។ ខ្យល់ខ្លះមានល្បឿនរហូតដល់ ៦៤ គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។
មនុស្សជាង ៩ ពាន់នាក់កំពុងព្យាយាមពន្លត់ភ្លើងឆេះព្រៃនេះ ដែលក្នុងនោះមានទាំងអ្នកពន្លត់អគ្គិភ័យនៅក្នុងរដ្ឋ California និងអ្នកស្ម័គ្រចិត្តរាប់ពាន់នាក់ទៀត៕