ការ​បង្ក្រាប​លើ​ការ​នេសាទ​ខុស​ច្បាប់​មាន​ប្រយោជន៍​សម្រាប់​ប្រទេស​ឥណ្ឌូណេស៊ី

  • Steve Baragona

ទាហាន​ជើង​ទឹក​ឥណ្ឌូណេស៊ី​ឈរ​នៅ​លើ​កប៉ាល់​ឥណ្ឌូណេស៊ី​ ដែល​ចង​ជាប់​នឹង​កប៉ាល់​នេសាទ​ខុស​ច្បាប់ Viking ដែល​ត្រូវ​បាន​រឹបអូស​ មុន​ពេល​កប៉ាល់​នេះ​លិច​ នៅ​ក្នុង​ក្រុង Pangandaran ប្រទស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦។

យោង​តាម​ការ​ស្រាវជ្រាវ​ថ្មីៗ ការ​បង្ក្រាប​ដ៏​តឹងរ៉ឹង​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ លើ​ទូក​នេសាទ​បរទេស​ខុស​ច្បាប់​ ទទួល​បាន​ផល​វិជ្ជមាន។ ការ​សិក្សា​ស្រាវជ្រាវ​នេះ​និយាយ​ថា ការ​បណ្តេញ​ទូក​នេសាទ​លួច​ចូល​ក្នុង​ដែន​សមុទ្រ​ បាន​កាត់​បន្ថយ​សម្ពាធ​លើ​ការ​នេសាទ​ដែល​យក​ពន្ធ​ហួស​ហេតុ ហើយ​វា​មិន​ប៉ះពាល់​ដល់​វិស័យ​នេសាទ​ក្នុង​ស្រុក​មួយ​នេះ​​ទេ។ ទង្វើ​នេះ​អាច​ដឹក​នាំ​​​​ប្រទេស​ដទៃ​ទៀត​ឲ្យ​យក​គំរូ​តាម​ ដើម្បី​ធ្វើ​ឲ្យ​វិស័យ​នេសាទ​របស់​ពួកគេ​មាន​ចីរភាព។

ការ​នេសាទ​ខុស​ច្បាប់​ត្រូវ​បាន​គេ​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។ ប្រទេស​នេះ​បាន​ហាមឃាត់​នាវា​នេសាទ​បរទេស​នៅ​ក្នុង​ឆ្នាំ២០១៤។ ចាប់​តាំង​ពី​ពេល​នោះ​មក​ នាវា​ជាង​៣០០​ដែល​ត្រូវ​គេ​ចាប់​បាន​ថា​បំពាន​លើ​បំរាម​នេះ ត្រូវ​បាន​គេ​ជម្លៀស​ចេញ​និងបាញ់​ពន្លិច​។

លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី Joko Widodo និយាយ​ថា នេះ​គឺ​សារ​យ៉ាង​ច្បាស់​មួយ។ លោក​ពន្យល់​ថា៖​

«ការ​បាញ់​ពន្លិច​នាវា​នានា ​ជា​ទម្រង់​មួយ​នៃ​ការ​អនុវត្ត​ច្បាប់​ដែល​បង្ហាញ​ថា ​ប្រទេស​ឥណ្ឌូណេស៊ី​មិន​បាន​ព្រងើយ​កន្តើយ​នឹង​ការ​នេសាទ​ត្រី​ខុស​ច្បាប់​ ឬ​ការ​លួច​ចាប់​ត្រី​នោះ​ទេ។ មិន​មាន​ការលេង​សើច​ជាមួយ​ទេ។ វា​ជា​រឿង​គួរ​ឲ្យ​ខ្លាច​បំផុត​ ហើយ​ការ​បាញ់​ពន្លិច​នាវា​នេះ​ ជា​ឥទ្ធិពល​បង្អាក់​មួយ»។

អ្នក​ស្រាវជ្រាវ​ចង់​ដឹង​ថា តើឥទ្ធិពល​បង្អាក់​នេះមាន​ប្រសិទ្ធភាព​កម្រិត​ណា។ ពួកគេ​បាន​ធ្វើ​ការ​សិក្សា​លើ​ការ​ចុះ​បញ្ជី​របស់​រដ្ឋាភិបាល ទិន្នន័យ​តាមដាន​នាវា និង​រូបភាព​ពី​ផ្កាយ​រណប​លើ​ដែន​ទឹក​ឥណ្ឌូណេស៊ី។ លោក​ Ren Cabral សហនិពន្ធ​នៃ​របាយការណ៍​សិក្សា​ស្រាវជ្រាវ​ខាង​លើ​នៅ​សាកលវិទ្យាល័យ​ California, Santa Barbara បាន​ឲ្យ​ដឹង​ថា ពួកគេ​បាន​រក​ឃើញ​ថា ឥទ្ធិពល​បង្អាក់​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ពិត​ជា​មាន​ប្រសិទ្ធភាព​ខ្លាំង។

លោក Cabral បាន​និយាយ​ថា៖ «ការសិក្សា​របស់​យើង​បាន​បង្ហាញ​ថា កង​នាវា​នេសាទ​បរទេស​បាន​ថយ​ចុះ​ ហើយ​ពេលនេះ​ គឺស្ទើរ​តែ​គ្មាន​តែ​ម្តង​»។

រយៈពេល​ដែល​នាវា​បរទេស​ចត​ក្នុង​ដែន​ទឹក​ឥណ្ឌូណេស៊ី​ បាន​ថយ​ចុះ​ជាង​៩០ភាគរយ​ ហើយ​សកម្មភាព​ផ្សេងៗ​នៃ​នាវា​ទាំងអស់​នោះ ​ថយ​ចុះ​យ៉ាង​ហោច​ណាស់​២៥ភាគរយ។

លោក Boris Worm បាន​និយាយ​ថា៖ «អ្នក​មាន​ផល​ប្រយោជន៍​យ៉ាង​ធំ​មួយ ប៉ុន្តែ​ការ​ខាតបង់​សម្រាប់​ពលរដ្ឋ​ក្នុង​ស្រុក​គឺ​មិន​មាន​នោះ​ទេ។ មាន​តែ​ផល​ប្រយោជន៍​ប៉ុណ្ណោះ»។

លោក Boris Worm គឺ​ជា​អ្នក​ជំនាញ​ក្នុង​វិស័យ​នេសាទ​នៅ​សាកលវិទ្យាល័យ Dalhousie។ លោក​មិន​បាន​ចូលរួម​ក្នុង​ការ​សា្រវជ្រាវ​នេះ​ទេ។

លោក Worm និយាយ​ថា ការ​ដាក់​ចេញ​គោលការណ៍កាត់​បន្ថយ​ការ​នេសាទ​ហួស​កម្រិត គឺ​ដូចជា​ការ​រឹតត្បិត​ដែល​គេ​មិន​ពេញ​ចិត្ត ដល់​អ្នក​នេសាទ​ក្នុង​ស្រុក​។ ប៉ុន្តែប្រទេសឥណ្ឌូណេស៊ី​ ទទួល​បាន​លទ្ធផល​ច្រើន​ទៅ​ហើយ ដោយ​គ្រាន់​តែបង្ក្រាបការ​នេសាទ​ខុស​ច្បាប់។

«ខ្ញុំ​គិត​ថា ការ​ស្រាវជ្រាវ​នេះ​លើក​ឡើង​យ៉ាង​សម​ហេតុផល ដែល​ថា​នេះ​ជា​ចំណាត់ការ​ដំបូង ​ដែល​អ្នក​គួរធ្វើ​ប្រសិន​បើ​អ្នក​ចង់​ដោះស្រាយ​បញ្ហា​នៃ​ការ​នេសាទ​នៅ​ក្នុង​ប្រទេស​របស់​អ្នក។ ដំបូង​ ត្រូវ​បណ្ដេញ​អ្នក​នេសាទ​ណា​ដែល​មិន​មាន​សិទ្ធិ​នេសាទ​នៅ​ទីនោះ»។

លោក Cabral បាន​និយាយ​ថា នៅ​ពេល​ដែល​ទូក​នេសាទ​បរទេស​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ អ្នក​នេសាទ​ក្នុង​ស្រុក​នឹង​អាច​បង្កើន​ការ​នេសាទ​របស់​គេ។ យ៉ាង​ណា​ក៏​ដោយ ប្រសិនបើ​មិន​គ្រប់គ្រង​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ អ្នក​នេសាទ​ក្នុង​ស្រុកអាច​នឹង​ធ្វើ​ឲ្យផល​ប្រយោជន៍​ពី​ការ​កាត់​បន្ថយ​ការ​នេសាទ​បរទេស​ខុស​ច្បាប់​ ក្លាយ​ជា​អសារបង់​។

«ជំហាន​បន្ទាប់​គឺ​ជា​ការ​គ្រប់គ្រង​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ ទៅ​លើ​ការ​នេសាទ​ក្នុង​ស្រុក​របស់​ពួកគេ ហើយ​ប្រសិន​បើ​ពួកគេ​ធ្វើ​ដូច្នេះ ពួកគេ​ពិត​ជា​អាច​ទទួល​បាន​ផលប្រយោជន៍​ពី​គោលនយោបាយ​ដែល​ពួកគេ​រៀបចំ»។

ការ​សិក្សា​សា្រវជ្រាវ​នេះ​បង្ហាញ​ថា អ្នក​នេសាទ​ឥណ្ឌូណេស៊ី​អាច​រក​ប្រាក់​ចំណេញ​ច្រើន​ជាង​មុន ១២ភាគរយ​នៅ​ត្រឹម​ឆ្នាំ២០៣៥ ប្រសិន​បើ​ពួកគេ​អាច​គ្រប់គ្រង​ការ​នេសាទ​ក្នុង​ស្រុក​ឲ្យមាន​ចីរភាព។ ប៉ុន្តែ​ប្រសិន​បើ​ពួកគេ​មិន​អាច​គ្រប់គ្រង​បាន​ទេ ផលប្រយោជន៍​អាច​នឹង​ធ្លាក់​ចុះ​ពាក់​កណ្ដាល​វិញ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ