​​មន្ត្រី​ជលផល​កម្ពុជា​អាក់​អន់​ចិត្ត​នឹង​បម្រាម​របស់​សហគមន៍​អឺរ៉ុប

  • ​គង់ ​សុឋានរិទ្ធ

កម្មករ​នេសាទ​​កម្ពុជា​​កំពុង​យក​​​ធុងសាំង​​ជួយ​សណ្តោង​ទួកនេសាទ។​

អគ្គនាយក​នៃ​នាយកដ្ឋាន​ជល​ផល​របស់​ក្រសួង​កសិកម្ម​បាន​ហៅ​បំរាម​នាំត្រីពី​កម្ពុជា​ចូល​សហ​ភាព​អឺរ៉ុប​ថា​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​កិត្តិយស​របស់​ប្រទេស​កម្ពុជា​ ប៉ុន្តែ​បំរាម​នេះ​មិន​បាន​បង្ហាញ​ការពិត​នៃ​ស្ថានភាព​នេសាទ​របស់​កម្ពុជា​ទេ។

កាល​ពី​ថ្ងៃ​អង្គារ​ទី​២៦​វិច្ឆិកា​គណៈកម្មការ​សហគមន៍​អឺរ៉ុប​ បាន​ស្នើ​ដល់​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ទាំង​២៨​ប្រទេស​កុំ​អនុ​ញ្ញាត​ឲ្យ​មាន​ការ​នាំ​ត្រី​ចូល​ពី​ប្រទេស​កម្ពុជានិង​ប្រទេសចំនួន​ពីរ​ផ្សេង​ទៀត​ដូចជា​ប្រទេស​បេលីហ្ស៍ ​និង​ប្រទេស​ហ្គីណេ។​ មូលហេតុ​ដោយសារ​ប្រទេស​កម្ពុជា​និង​ប្រទេស​នៃ​ទ្វីប​អាមេរិក​កណ្តាល ​បេលី​និង​ប្រទេស​អាហ្វ្រិក​ខាង​លិច​ ហ្គីណេ ​បរាជ័យ​ក្នុងការ​ទប់​ស្កាត់​ការ​នេសាទ​ខុស​ច្បាប់។

​លោក​ណៅ​ ធួក ​អគ្គនាយក​នៃ​នាយក​ដ្ឋាន​ជល​ផល​របស់​ក្រសួង​កសិកម្ម​ បាន​ឲ្យ​ដឹង​ថា​ប្រទេស​កម្ពុជាមិនដែល​នាំ​ត្រីទៅ​កាន់បណ្តា​ប្រទេស​អឺរ៉ុប​នោះ​ទេ​ហើយ​ការដាក់​ទណ្ឌកម្ម​នេះ​គ្រាន់តែ​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​នៃ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​គឺ​មិន​បាន​សម្តែង​ការ​ពិត​នោះ​ទេ។

«វាប៉ះ​ពាល់​តែ​កិត្តិយស​ប្រទេស​កម្ពុជា​ទេ​ពីព្រោះ​ប្រទេស​កម្ពុជា​មិន​ដែល​នាំត្រី​ទៅ​កាន់​អឺរ៉ុប​ទេ​ដោយសារ​បែប​បទ​នៅអឺរ៉ុប​តឹង​តែង​ពេក ​យើង​មិន​អាច​នាំ​ចូល​បាន។​ប៉ុន្តែ​វាបាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ប្រទេស​កម្ពុជា​ដែល​គេ​ដាក់​ចូល​ក្នុង​បញ្ជី​ខ្មៅ​នេះ»។

​យោងតាម​លោក​ណៅ ​ធួក​ ប្រទេស​កម្ពុជា​នាំ​ផល​ត្រី​របស់​ខ្លួនទៅ​កាន់​ប្រទេស​ចំនួន​ដប់​ដែល​ភាគ​ច្រើន​ទៅ​កាន់​បណ្តា​ប្រទេស​អាស៊ី​ដូចជា​ប្រទេស​ថៃ ​វៀតណាម​ សិង្ហបុរី ​ហុងកុង ចិន ​ជប៉ុន ​កូរ៉េ​ខាងត្បូង ​ប្រទេស​រុស្ស៊ី ​សហ​រដ្ឋអាមេរិក ​និង​ប្រទេស​អូស្រា្តលី។

អ្នក​នាំ​ពាក្យ​គណៈ​កម្មការ​សហគមន៍​អឺរ៉ុប ​និយាយ​ថា​ប្រទេស​កម្ពុជា​បាន​បង្កភាព​ងាយ​ស្រួល​ដល់​ការ​នេសាទ​ខុស​ច្បាប់​«ដោយ​បាន​ផ្តល់​ទង់ជាតិ​របស់​ខ្លួន​ដល់​ទូក​នេសាទ​របស់​ប្រទេស​ដទៃ​ទៀត»។​ហើយ​ប្រសិន​បើ​សមាជិក​សហភាព​អឺរ៉ុប​យល់ព្រម​លើ​សំណើ​ដាក់ទណ្ឌកម្ម​លើ​ការនាំត្រីពី​ប្រទេស​កម្ពុជា ​បែលីហ្ស៍​និង​ហ្គីណេ ​ទណ្ឌកម្ម​នេះ​នឹង​ចូល​ជាធរមាន​នៅ​ឆ្នាំ​២០១៤​។

​លោក​ណៅ ធួក ​មាន​ប្រ​សាសន៍​បន្ថែម​ទៀត​ថា​បម្រាម​ដែល​ស្នើ​ដោយ​គណៈ​កម្មការ​សហគមន៍​អឺរ៉ុប ​ផ្តោត​លើ​ការ​នេសាទ​សមុទ្រ​និង​ក្នុង​ដែន​នេសាទ​អន្តរជាតិ​តែ​ប៉ុណ្ណោះ​គឺ​មិនពាក់ព័ន្ធ​នឹង​ការ​នេសាទ​ទឹក​សាប​ទេ។​

«យើង​មិន​ដឹង​ធ្វើ​ម៉េចទេ​ព្រោះ​វា​ស្ថិត​នៅ​ក្រៅ​រង្វង់​ទទួល​ខុសត្រូវ​របស់​យើង។​នាវា​បរទេស​ដោត​ទង់​ជាតិ​កម្ពុជាហើយ​មិនស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​នាយក​ដ្ឋាន​ជល​ផល​នៃ​ក្រសួង​កសិកម្ម​ទេ។​នៅ​ក្នុង​ដែន​សមុទ្រ​អន្តរជាតិ​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​នាវា​បរទេស​ដោត​ទង់​ជាតិ​កម្ពុជា​ឯណោះ​ទេ»។

សហភាព​អឺរ៉ុប​គឺ​ជា​ទីផ្សារ​នៃ​អាហារ​សមុទ្រ​ដ៏ធំ​របស់​ពិភព​លោក។​ហើយ​បរិមាណ​ត្រី​នេសាទខុស​ច្បាប់​ក្នុង​មួយឆ្នាំៗ​មានចន្លោះពី​១១​ទៅ​១៦លានតោន។​

បើ​តាម​តួ​លេខ​ផ្លូវការ​របស់​គណ​កម្មការ​សហគមន៍​អឺរ៉ុប ​ការនាំ​ផល​នេសាទ​សមុទ្រ​ដែល​ពាក់​ព័ន្ធ​នឹង​ប្រទេស​កម្ពុជា​ បេលីហ្ស៍​និង​ប្រទេស​ហ្គីណេ ​មាន​ទំហំ​មិន​ដល់​១០​លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ​ឬ​ច្រើន​ជាង​១០​លាន​ដុល្លារ​អាមេរិក​បន្តិច​ផ្ទុយ​ទៅវិញ​បើ​តាម​តួលេខ​ពី​ប្រទេស​ទាំង​នេះ​ការ​នាំចេញ​ផល​នេសាទ​ទៅ​កាន់​សហភាព​អឺរ៉ុប​មាន​រហូត​ដល់​ជាង​២០០​លាន​អឺរ៉ូ​ឬ​ប្រមាណ​៣០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។

ថ្វី​បើ​មន្ត្រី​ផ្លូវ​ការ​កម្ពុជា​លើក​ពី​ការ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​កម្ពុជា​ទាក់ទង​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​គណ​កម្មការ​អឺរ៉ុប​ខាង​លើ​ក៏ដោយ​ ក៏​លោក​ហួត ​ស៊ីណាត​ មន្ត្រី​គម្រោង​នៃ​សម្ព័ន្ធ​ភាពដើម្បី​អភិរក្ស​ធនធាន​ជលផល​ដែល​ហៅកាត់​ថា​FACT ​បាន​ឲ្យ​លើក​ពី​ការ​នេសាទ​ខុសច្បាប់​ជាច្រើន​កើត​នៅ​តាម​បណ្តា​ខេត្ត​ក្នុង​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា។ ខេត្ត​ទាំងនោះ​រួម​មាន​ខេត្ត​កំពត ​កោះកុង​និង​ខេត្ត​ព្រះ​សីហនុ។

លោក​ហួត ​ស៊ីណាត​ បញ្ជាក់​ថា​ការ​នេសាទ​សមុទ្រ​ខុស​ច្បាប់​កើត​ឡើង​ជាពិសេស​ដោយ​ការ​ប្រើ​ឧបករណ៍​ខុស​ច្បាប់ ​ការ​កាប់​បំផ្លាញ​ព្រៃ​ជម្រក​ត្រី​និង​ការ​លួច​ចូល​នេសាទ​ក្នុង​ដែន​សមុទ្រ​កម្ពុជា​របស់​ជន​ជាតិ​វៀតណាម។

«បទ​ល្មើស​ភាគ​ច្រើន​គឺ​ទាក់ទង​ទៅ​នឹង​អ្នក​មាន​អំណាច​ ថៅ​កែ​មាន​ឥទ្ធិពល។​ជាទូទៅ​បទ​ល្មើស​ដែល​បង្រ្កាប​បាន​ហើយ​រួច​ទៅ​វិញ។​ជាទូទៅ​គឺបទ​ល្មើស​ទាក់ទង​ទៅ​នឹង​ការ​ប្រើ​ម៉ាស៊ីន»។

កាល​ពី​ឆ្នាំ​២០១២​កន្លង​ទៅ​ផលនេសាទ​សមុទ្រ​ នេសាទ​ទឹក​សាប​ និង​ផល​ត្រី​ចិញ្ចឹម ​នៅ​ប្រទេស​កម្ពុជា​សរុប​ជាង​៧០០ ​០០០ ​តោន៕