តំណាងរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នេសាទតាមឆ្នេរសមុទ្រ នៅថ្ងៃពុធនេះ កំពុងស្វែងរកការបង្កើតមុខរបរបន្ថែមផ្សេងៗទៀតក្រៅពីមុខរបរនេសាទ ដោយសារផលនេសាទសមុទ្ររបស់ពួកគាត់មិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារបាន។
ក្លឹបអ្នកកាសែតកម្ពុជា និងរដ្ឋបាលជលផលដោយសហការជាមួយអង្គការគម្រោងថ្នាក់តំបន់ស្តីពីការចិញ្ចឹមជីវិត ដោយផ្អែកលើវិស័យជលផល និងអង្គការម្ហូបអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បានធ្វើការពិភាក្សារវាងមន្ត្រីរដ្ឋាភិបាល អង្គការសង្គមស៊ីវិល តំណាងសហគមន៍នេសាទសមុទ្រ និងអ្នករាយការណ៍ព័ត៌មាននៅសណ្ឋាគារ កាំបូឌីយ៉ាណា (Cambodiana)។
លោកស្រី កាំង ឃីម អគ្គនាយិការរងនៃរដ្ឋបាលជលផល បានថ្លែងថា ផលនេសាទសមុទ្រមានប្រមាណ៨៥.០០០តោនក្នុងឆ្នាំ២០១០។
«អ្នកប្រកបមុខរបរនេសាទមានចំនួនកើនឡើង។ អញ្ចឹងចំនួនអ្នកនេសាទមានចំនួនច្រើន។ អញ្ចឹងផលនេសាទរបស់គាត់ បើយើងគិតក្នុងម្នាក់ គឺគាត់នេសាទត្រីបានតិចជាងមុខ ប៉ុន្តែបើយើងគិតផលចាប់ត្រីសរុប វាមិនមានការថយចុះខ្លាំងក្លាទេ»។
អ្នកស្រីនួ ឆៃ តំណាងសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រកោះខ្ចង ខេត្តកោះកុង បាននិយាយថាមុខរបរនេសាទរបស់គ្រួសារអ្នកស្រីមិនអាចរកប្រាក់ផ្គត់ផ្គង់ជីវភាពបានទេ ដោយសារការនេសាទសមុទ្ររបស់អ្នកស្រីមិនអាចចាប់ត្រីបានគ្រប់គ្រាន់។
អ្នកស្រី នួ ឆៃបានបញ្ជាក់ថា ឥឡូវនេះ អ្នកស្រីធ្វើការដាំដំណាំហូបផ្លែបន្ថែមពីលើមុខរបរនេសាទដោយមានការជួយគាំទ្រឥណទានបច្ចេកទេស និងគ្រាប់ពូជ ដែលអាចធ្វើឱ្យជីវភាពរបស់អ្នកស្រីបានប្រសើរឡើង។
«ការនេសាទគឺនេសាទតែមួយមុខទេ ដល់ពេលយើងបង្វែរមុខរបរពីនេសាទមកធ្វើមុខរបរដាំបន្លែ និងលក់ដូរទើបអាចរស់បាន។ អង្គការបានជួយជាឥណទាន បច្ចេកទេស និងគ្រាប់ពូជ»។
លោកស៊ឹម ហ៊ីម តំណាងសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រត្រពាំងសង្កែ ខេត្តកំពត បានថ្លែងថាអង្គការបានជួយបណ្តុះបណ្តាលជំនាញ ចិញ្ចឹមមាន់ ដាំបន្លែ ចិញ្ចឹមត្រី និងការជួសជុលទូកនេសាទ។
លោកស៊ឹម ហ៊ីមបានបញ្ជាក់ថា បើអង្គការ និងរដ្ឋាភិបាលដាក់គម្រោងទៅលើតែធនធានជលផល ដោយមិនបង្វែរគម្រោងខ្លះមកវិស័យកសិកម្មទេ នោះធនធានជលផលមិនអាចផ្តល់ផលនេសាទដល់សហគមន៍បានទេ ពីព្រោះសមាជិកសហគមន៍នេសាទកើនឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែដែននេសាទនៅដដែល។
«បើមានគម្រោងអ្វី គាត់ (រដ្ឋាភិបាល និងអង្គការ) អាចកែច្នៃទាក់ទងនឹងការបង្កើតមុខរបរក្រៅពីនេសាទឱ្យមកខាងកសិកម្ម។ ខ្ញុំសប្បាយចិត្ត»។
លោក Steve Needham មន្ត្រីព័ត៌មាននៃអង្គការគម្រោងថ្នាក់តំបន់ស្តីពីការចិញ្ចឹមជីវិតដោយផ្អែកលើវិស័យជលផល បានថ្លែងថា គេត្រូវមានវគ្គបណ្តុះបណ្តាលអ្នកភូមិទាំងនោះក្នុងការធ្វើផែនការហិរញ្ញវត្ថុ ដើម្បីយល់ពីរបៀបសន្សំប្រាក់ និងអ្វីដែលកើតឡើង ដើម្បីខ្ចីប្រាក់ និងដើម្បីធ្វើឱ្យពួកគាត់ងាយទទួលបានឥណទានខ្នាតតូច។
លោកថាយ សុមុនី អ្នកសម្របសម្រួលគម្រោងថ្នាក់ជាតិស្តីពីការចិញ្ចឹមជីវិតដោយផ្អែកលើធនធានជលផលបានបញ្ជាក់ថា ជីវភាពរបស់អ្នកនេសាទក្រីក្រ និងអ្នកនេសាទទ្រង់ទ្រាយតូច កំពុងប្រឈមមុខនឹងរបរដែលមានហានិភ័យ និងការបាត់បង់ជម្រកជលផល។
លោកថាយ សុមុនីបានបន្តថា អ្នកនេសាទខ្នាតតូចខាតបង់ប្រាក់ដែលបានមកពីការនេសាទ និងតម្រូវការប្រាក់ចំណូលបន្ថែម មុខរបរបន្ថែមទៀត ដើម្បីគាំទ្រជីវភាពរស់របស់ពួកគាត់។
លោកថាយ សុមុនីបានថ្លែងថា សហគមន៍នេសាទតំបន់ឆ្នេរចំនួន១៥ត្រូវបានជ្រើសរើសជាសហគមន៍គោលដៅរបស់គម្រោង រួមមានប្រាំមួយសហគមន៍នៅខេត្តកំពត ប្រាំមួយសហគមន៍នៅខេត្តព្រះសីហនុ និងបីសហគមន៍ទៀតនៅខេត្តកោះកុង៕