លោកស្រី Clinton និង​លោកស្រី Michelle Obama ធ្វើ​យុទ្ធនាការ​រួម​គ្នា​ជា​លើក​ទី១

លោកស្រី Michelle Obama និង​លោកស្រី Hillary Clinton បក់​ដៃ​ទៅ​កាន់​អ្នក​គាំទ្រ​បន្ទាប់​ពី​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​យុទ្ធនាការ​មួយ​នៅ​សាកលវិទ្យាល័យ Wake Forest ក្នុង​ក្រុង Winston-Salem កាលពី​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦។

អតីត​ស្ត្រី​ទី១​ដែល​កំពុង​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​ចូល​កាន់​តំណែង​ប្រធានាធិបតី​ បាន​ឡើង​លើ​វេទិកា​យុទ្ធនាការ​រួម​ជា​មួយ​នឹង​ស្ត្រី​ទី១ នា​ពេល​បច្ចុប្បន្ន​ជា​លើក​ទី១ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ស្រប​ពេល​ដែល​ការ​ស្ទង់​មតិ​បាន​បង្ហាញ​ថា ការ​ប្រកួត​ប្រជែង​ចូល​កាន់​តំណែង​នៅ​ក្នុង​សេតវិមាន​កាន់​តែ​មាន​សភាព​ខ្លាំង​ក្លា​ឡើង។

លោកស្រី Michelle Obama ប្រមូល​ក្រុម​អ្នក​បោះឆ្នោត​នៅ​ក្នុង​ទីក្រុង Winston-Salem រដ្ឋ North Carolina អម​ជាមួយ​នឹង​សុន្ទរកថា​ដ៏​រញ្ចួល​ចិត្ត​និង​បណ្តុះ​ស្មារតី​ដែល​បាន​ក្លាយ​ជា​និមិត្ត​សញ្ញា​របស់​លោកស្រី​ ចាប់​តាំង​ពី​លោក​ស្រី​ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ​យ៉ាង​សកម្ម​ដើម្បី​ជួយ​ដល់​លោកស្រី Hillary Clinton នៃ​គណបក្ស​ប្រជាធិបតេយ្យ។
លោក​ស្រី​បាន​ថ្លែងថា៖ «លោកស្រី Clinton មាន​បទ​ពិសោធន៍​ និង​យល់​ដឹង​អំពី​ភាព​ជា​ប្រធានាធិបតី​ជាង​បេក្ខជន​ណាៗ​ទាំង​អស់​នៅ​ក្នុង​ជីវិត​របស់​យើង។ លោកស្រី​យល់​ដឹង​អំពី​ភាព​ជា​ប្រធានាធិបតី​ជាង​លោក បារ៉ាក់ អូបាម៉ា និង​ជាង​លោក​ Bill Clinton ទៅ​ទៀត។ ដូច្នេះ​ហើយ​លោក​ស្រី​ ពិត​ជា​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​ក្លាយ​ខ្លួន​ទៅ​ជា​អ្នក​ដឹក​នាំ​ប្រទេស​នេះ​នៅ​ថ្ងៃ​ទី១​តែ​ម្តង។ ហើយ​មួយ​វិញ​ទៀត​ លោក​ស្រី​គឺ​ជា​ស្ត្រី​មួយ​រូប​ផង​ដែរ»៕