ពលរដ្ឋខ្មែរនៅប្រទេសបារាំង បានទទួលកិត្តិយសមួយនៅចំថ្ងៃខួបលើកទី៤៣ឆ្នាំ នៃការឡើងកាន់អំណាចរបស់ក្រុមខ្មែរក្រហម តាមរយៈស្តូបរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះ ដែលមានការទទួលស្គាល់ពីអាជ្ញាធរក្រុងប៉ារីស។
ក្រុមខ្មែរក្រហមបានឡើងកាន់អំណាច កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ហើយបានចាប់ផ្តើមយុគសម័យប្រល័យពូជសាសន៍ និងបានបណ្តាលឱ្យមនុស្សស្លាប់អស់ជិតពីរលាននាក់ ដោយសារការកាប់សម្លាប់ ធ្វើការហួសកម្លាំង និងជំងឺដម្កាត់ជាដើម។
លោកស្រី Anne Hidalgo ចៅហ្វាយក្រុងប៉ារីសដែលបានផ្តល់កិត្តិយសសម្ពោធបើកស្តូបរំលឹកវិញ្ញាណក្ខន្ធនេះ បានប្រៀបធៀបចំនួននេះទៅនឹងចំនួនពលរដ្ឋក្រុងប៉ារីសទាំងមូល ដែលមនុស្សជាតិត្រូវធ្វើសកម្មភាពការពារ។
«នៅពេលនេះអ្វីៗច្បាស់លាស់ហើយថា ជាការពិត យើងត្រូវនាំគ្នាធ្វើសកម្មភាព និងប្រតិកម្មនៅពេលដែលមានការសម្លាប់រង្គាលកើតឡើង ដូចអ្វីដែលកើតមានលើពលរដ្ឋកម្ពុជាតាំងពីឆ្នាំ១៩៧៥...ពេលវេលាជាង៤០ឆ្នាំ គឺយូរមែន ដែលយើងទើបបានមកជួបជុំគ្នានៅទីនេះ ប៉ុន្តែពេលវេលានេះមិនចំណាយដោយមិនបានការទេ ដែលពួកគេបានឆ្លងកាត់ការឈឺចាប់ និងលំបាក ហើយដែលយើងបានមកជួបជុំគ្នានៅទីនេះ ដើម្បីយល់ដឹងពីការលំបាកទាំងនោះ បើទោះបីជាយើងពិបាកដាក់ខ្លួនយើង ក្នុងស្ថានភាពរបស់ជនរងគ្រោះទាំងនោះក៏ដោយ»។
នេះជាស្តូបរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះ ដែលដាក់នៅទីសាធារណៈដំបូងបំផុតសម្រាប់សហគមន៍ខ្មែរនៅក្រៅប្រទេស ហើយស្ថិតនៅសង្កាត់លេខ១៣ ជាទីដែលមានពលរដ្ឋខ្មែររស់នៅច្រើននៅទីក្រុងប៉ារីសប្រទេសបារាំង។
លោក ប៊ុន តាន់ អ្នកតំណាងរាស្រ្តប្រចាំទីក្រុងប៉ារីស ដែលមានដើមកំណើតខ្មែរ បានយល់ថា ស្តូបនេះនឹងជាកន្លែងដែលក្រុមគ្រួសារជនរងគ្រោះអាចមកជួបជុំគ្នា ប្រារព្ធពិធីរំលឹកដល់អ្នកបានស្លាប់ទៅ និងសម្រាប់កូនចៅជំនាន់ក្រោយរបស់ពួកគេ។
«ជាការសំខាន់ណាស់សម្រាប់មនុស្សជំនាន់ក្រោយ ដែលធំដឹងក្តីឡើងនៅទីក្រុងប៉ារីស និងអ្នកដែលបានកើតនៅទីក្រុងប៉ារីស។ ពួកគេមិនបានដឹងថា មានរឿងអ្វីកើតឡើងចំពោះឪពុកម្តាយគេទេ និងអ្វីដែលឪពុកម្តាយគេឆ្លងកាត់ឡើយ។ ខ្ញុំគិតថា វាជាការសំខាន់ដែលពួកគេត្រូវដឹងថា ពួកគេមានប្រភពចេញពីណាមក។ តើក្រុមគ្រួសារមានប្រវត្តិយ៉ាងណា ព្រោះវានឹងជួយពួកគេឱ្យរីកចម្រើនធំធាត់ហើយសំខាន់បំផុត គឺរក្សាក្នុងផ្នត់គំនិតមិនឱ្យសោកនាដកម្មដូចនេះកើតឡើងជាថ្មីទៀតទេនៅក្នុងពេលអនាគត»។
មានពលរដ្ឋខ្មែរជាង៨ម៉ឺននាក់ កំពុងរស់នៅប្រទេសបារាំងដែលស្ថិតនៅក្នុងទីក្រុងប៉ារីស តំបន់ជុំវិញទីក្រុងប៉ារីស និងទីក្រុងលីយ៉ុងជាដើម។ ពួកគេភាគច្រើនបានមកស្នាក់នៅក្រោយពីរបបខ្មែរក្រហមបានដួលរលំនៅ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោយពីកាន់អំណាចជិតបួនឆ្នាំ។
លោក ខៀវ វ៉ាតាក់ ពលរដ្ឋខ្មែរនៅទីក្រុងប៉ារីសបានបញ្ជាក់ថា៖
«ខ្ញុំព្រឺក្នុងខ្លួនណាស់ ដែលបានអីចឹង ព្រោះធ្វើពីយូរណាស់មកហើយសុំគេជិត១០ឆ្នាំហើយ ទើបបានសម្រេចនៅពេលហ្នឹង ហើយកន្លែងក៏ល្អ។ សំខាន់គឺនៅពីមុខដើមឈើមួយ ដែលមានឈ្មោះថា La Liberté (សេរីភាព) ហើយដើមឈើមានប្រវត្តិសាស្រ្តតាំងពីឆ្នាំ១៩៣៩។ ក្នុងកន្លែងដែលស្អាតដែលសប្បាយ»។
ស្តូបនេះធ្វើពីកញ្ចក់ក្រាស់មានកម្ពស់១,៨ម៉ែត្រ និងទទឹង៨០សង់ទីម៉ែត្រ មានបង្កប់អក្សរបារាំង និងខ្មែរដែលមានខ្លឹមសារថា «ឧទ្ធិសដល់វិញ្ញាណក្ខ័ន្ធជនរងគ្រោះទាំងអស់ដោយឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនៅកម្ពុជាក្នុងរបបខ្មែរក្រហម ពីឆ្នាំ១៩៧៥ ដល់ ១៩៧៩»។
ពិធីសម្ពោធបើកនៅទីសាធារណៈ ដែលរៀបចំដោយឧត្តមក្រុមប្រឹក្សាអាស៊ីនៅប្រទេសបារាំង បានបន្តដោយកិច្ចពិភាក្សាគ្នានៅសាលាសង្កាត់ដោយផ្តោតលើ «ដើមកំណើតនៃរបបខ្មែរក្រហម និងការវិវត្តន៍ឈានមកដល់សាលាកាត់ក្តី» ដែលមានការចូលរួមពីផលិតករភាពយន្តឯកសារពីរបបខ្មែរក្រហម ដើមបណ្តឹងរដ្ឋប្បវេណី និងមេធាវី។
ប៉ុល ពត ដែលជាស្ថាបនិករបបប្រល័យពូជសាសន៍នេះ បានស្លាប់បាត់បង់ជីវិតកាលពីឆ្នាំ១៩៩៨ដោយគេផុតពីការកាត់ទោស។ បច្ចុប្បន្ននេះ មានមេដឹកនាំខ្មែរក្រហមវ័យចំណាស់ចំនួនពីររូប គឺ នួន ជា អតីតមេមនោគមវិជ្ជា និង ខៀវ សំផន អតីតប្រមុខរដ្ឋកំពុងតែទទួលការកាត់ទោសនៅសាលាក្តីខ្មែរក្រហម។ អតីតប្រធានគុកទួលស្លែងឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ តុលាការនេះរងការរិះគន់ថា ធ្វើការមានភាពយឺតយ៉ាវ និងរងឥទ្ធិពលនយោបាយ។
លោក ម៉ាសែល ឡឺម៉ុង អតីតចៅក្រមសាលាក្តីខ្មែរក្រហម ដែលបានចូលរួមជាវាគ្មិនមួយរូបក្នុងការពិភាក្សានោះ បានប្រាប់វីអូអេថា វាជាការងាយស្រួលក្នុងការរិះគន់ ក៏ប៉ុន្តែសាលាក្តីក៏បានចូលរួមចំណែកជាច្រើនដល់ការផ្សះផ្សារសហគមន៍ ដែលបានបែកបាក់ក្នុងពេលកន្លងមកនេះ៖
«មានចំណុចជាច្រើនដែលបង្ហាញពីសារៈសំខាន់នៃសាលាក្តីនេះ។ ជាដំបូងគឺមានការកំណត់ច្បាស់រវាងជនល្មើស និងជនរងគ្រោះ។ ហើយនៅមានសារៈសំខាន់ជាច្រើនទៀត ដែលមានដូចជាការពិភាក្សាក្នុងសហគមន៍ពីរបបខ្មែរក្រហមដែលរៀបចំឡើងដោយសាលាក្តី។ មុនពេលមានសាលាក្តីគឺបញ្ហានេះ គ្មានអ្នកហ៊ាននិយាយទេក្នុងគ្រួសារ ដោយសារមនុស្សចាស់នៅឈឺចាប់ ហើយក្មេងជំនាន់ក្រោយមិនចាប់អារម្មណ៍។ ឥឡូវនេះផ្លាស់ប្តូរហើយ។ សាលារៀនមានកម្មវិធីបង្រៀនពីរបបខ្មែរក្រហមដែលមុនឆ្នាំ២០០៨ គឺគ្មានសោះ»។
សាលាក្តីខ្មែរក្រហមមិនមានផ្តល់សំណងជាថវិកាទេ ប៉ុន្តែផ្តល់សំណងផ្លូវចិត្ត និងសំណងសមូហភាពដល់ដើមបណ្តឹងរដ្ឋប្បវេណី។ បច្ចុប្បន្នសាលាក្តីបានទទួលស្គាល់សំណងរដ្ឋប្បវេណីចំនួន១១គម្រោង ដែលក្នុងនោះមានទិវាចងចាំដែលត្រូវធ្វើឡើងជារៀងរាល់ ថ្ងៃទី២០ ខែឧសភា។
លោកស្រី អាន់តូនីញ៉ា ជូឡុង ជាដើមបណ្តឹងម្នាក់និងជាអ្នកចូលរួមផ្តួចផ្តើមសាងសង់ស្តូបរំលឹកវិញ្ញាណក្ខន្ធនេះបានបញ្ជាក់ថា ពលរដ្ឋខ្មែរនៅប្រទេសបារាំងបានតស៊ូទាមទារចង់ឱ្យមានស្តូបមួយនៅប្រទេសកម្ពុជា ប៉ុន្តែមិនបានសម្រេចទើបឈានដល់ការទាមទារខិតខំប្រឹងប្រែងឱ្យមានស្តូបនៅប្រទេសបារាំង។
លោកស្រី អាន់តូនីញ៉ា បានបន្ថែមថា៖
«ខ្ញុំគិតថា ស្តូបរំលឹកវិញ្ញាណក្ខន្ធនេះសម្រាប់គ្រប់គ្នា។ វាស្ថិតនៅសួនសាធារណៈ ហើយវាអាស្រ័យលើសមាជិកម្នាក់ៗ ក្នុងការធ្វើពិធីផ្ទាល់ខ្លួនតាមតែគេចង់ ដើម្បីរំលឹកដល់មាតាបីតា។ អ្វីដែលនឹងកើតឡើងបន្ទាប់ទៀត គឺខ្ញុំគិតថា វាជាសញ្ញាល្អនៃសាមគ្គីភាពរបស់សហគមន៍ខ្មែរថា នៅពេលណាដែលយើងធ្វើការរួមគ្នាយើងអាចទទួលបានផលប្រយោជន៍រួម»៕