អ្នកនិពន្ធ អ្នកអាននិងអ្នកកាសែតបានជួបជុំគ្នាដើម្បីចូលរួមមហោស្រពអ្នកអាននិងអ្នកសរសេរនៅកាលពីសប្តាហ៍មុននៅខេត្តកំពត។ មហោស្រពនេះត្រូវបានប្រារព្ធជាលើកទីមួយនៅប្រទេសកម្ពុជា។
មនុស្សជាង៥០០នាក់បានចូលរួមហោស្រពនេះ។ មហោស្រពដែលគេហៅថា៖ «អ្នកសរសេរនិងអ្នកអានកំពត» Kampot Writers and Readers Festival នេះមានការប្រជុំជាលក្ខណៈតូចៗផ្សេងៗគ្នាចំនួន៤០នៅ១៥កន្លែងផ្សេងគ្នានៅក្នុងខេត្តកំពតដែលធ្វើសប្តាហ៍មុននេះ។
លោក Wayne McCallum ជាអ្នករៀបចំកម្មវិធីម្នាក់បាននិយាយថា៖ «យើងមានកំណើតជាអ្នកស្រឡាញ់សៀវភៅ និងពាក្យកំណាព្យ ការសរសេររឿង បទចម្រៀងរឿងប្រឌិត និងរឿងពិត។ ហើយយើងទាំងអស់គ្នាពិតជាចូលចិត្តខេត្តកំពត»។
លោកបាននិយាយថា នេះគឺជាកម្មវិធីដូចគ្នានឹងកម្មវិធី Ubud Writers Festival នៅឥណ្ឌូណេស៊ីដែរ។លោក McCallum ដែលមកពីប្រទេសណូវ៉ែលហ្សេឡង់ បានមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ២០០៣។ហើយអ្នកចូលរួមម្នាក់ទៀតគឺលោក Robert Starkweather មកពីសហរដ្ឋអាមេរិក ហើយនិងលោក Julien Poulson មកពីប្រទេសអូស្ត្រាលី។
មនុស្សប្រហែល១.០០០នាក់បានចុះឈ្មោះតាមបណ្តាញសង្គមហ្វេសប៊ុកដើម្បីចូលរួមព្រឹត្តិការណ៍នេះ។ នៅក្នុងពិធីនេះ ប្រជាជនអាចប្ដូរសៀវភៅ និងផ្តល់សៀវភៅដល់សាលារៀនផ្សេងគ្នានៅក្នុងខេត្តនេះ។ អ្នកនិពន្ធកម្ពុជា និងអ្នកនិពន្ធអន្តរជាតិបានជួបសន្ទនាដើម្បីចែករំលែកបទពិសោធន៍នៃការអាន និងនិពន្ធ ហើយបង្កើតបណ្តាញរបស់គេ។ ព្រឹត្ដិការណ៍ធ្វើឡើងផ្សេងៗគ្នា ដូចជាការអាន ការប្រគុំតន្ត្រី ថ្នាក់ចម្អិនម្ហូប អាហារថ្ងៃត្រង់ និងកម្មវិធីរបស់កុមារ និងស្ថាបត្យកម្ម ដំណើរទេសចរណ៍ក្នុងស្រុក ការតាំងពិព័រណ៍សិល្បៈ ការសម្ពោធសៀវភៅ និងកម្មវិធីដទៃផ្សេងៗទៀត។
លោក Paul Kelly ជាតារាចម្រៀងមកពីប្រទេសអូស្ត្រាលីសម្តែងក្នុងកម្មវិធីនេះ រួមជាមួយនឹងក្រុមតន្រ្តីរបស់ប្រទេសកម្ពុជា។ លោក Robert Carmichael អ្នកយកព័ត៌មាន VOA និងជាអ្នកនិពន្ធ សៀវភៅ«When The Clouds Fell From The Sky» រួមជាមួយ និងលោកខៀវ កុសលចូលរួមនៅក្នុងកម្មវិធីនេះ។
លោក McCallum និយាយថា៖ «ការណ៍ពិតគឺថា ពិធីបុណ្យប្រភេទនេះត្រូវបានធ្វើឡើងនៅជុំវិញពិភពលោក។ តាមពិតនេះគឺជាព្រឹត្តិការណ៍សាកល។ យើងសម្រេចចិត្តថា ដល់ពេលដែលប្រទេសកម្ពុជាគួរមានកម្មវិធីនេះ ហើយយើងបានសម្រេចចិត្តជ្រើសរើសយកខេត្តកំពតគឺព្រោះវាជាកន្លែងល្អ»៕