ប្រធានតែងតាំងដំបូង (president-designate) នៃ«ធនាគារវិនិយោគទុនហេដ្ឋារចនាសម្ព័ន្ធតំបន់អាស៊ី» ឬ AIIB ដែលជាធនាគារអភិវឌ្ឍន៍ថ្មីដ៏ចម្រូងចម្រាសរបស់ចិនថ្លែងថា ការទាមទារឲ្យធនាគារថ្មីនេះមានបទដ្ឋាននិងលក្ខខណ្ឌប្រាក់កម្ចីដូចស្ថាប័នធនាគារលោកខាងលិច ជា«លក្ខខណ្ឌហួសហេតុ»។
លោក Jin Liqun (ជីន លីជុន) ធ្លាប់ជាអនុប្រធានធនាគារអភិវឌ្ឍអាស៊ី ADB ត្រូវបានជ្រើសរើសជាប្រធានតែងតាំងថ្មីរបស់ធនាគារ AIIB កាលពីខែសីហាកន្លងទៅនេះ។
ថ្លែងនៅក្នុងបទបង្ហាញមួយនៅវិទ្យាស្ថានស្រាវជ្រាវ Brookings Institute ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃពុធនេះ លោក Jin Liqun (ជីន លីជុន) ប្រធានតែងតាំងថ្មី នៃ AIIB ក៏បានបដិសេធរឿងដែលថា ធនាគារថ្មីរបស់ចិននេះនឹងប្រជែងជាមួយស្ថាប័នធនាគារអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិកដូចជាធនាគារពិភពលោក។
ធនាគារ AIIB ត្រូវបានផ្តួចផ្តើមឡើងដោយប្រទេសចិននិងប្រទេស២១ទៀតនៅចុងឆ្នាំ២០១៤ ហើយត្រូវបានរំពឹងថានឹងមានដំណើរការពេញលេញនៅដំណាច់ឆ្នាំ២០១៥នេះ។ ធនាគារនេះនឹងមានមូលធនដំបូងចំនួន១០០ពាន់លាន (ប៊ីលាន) ដុល្លារ ($100 billion) ដែលរំពឹងថានឹងជួយបំពេញតម្រូវការការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅបណ្តាប្រទេសអាស៊ីដូចជា កម្ពុជា ដែលបានក្លាយជាសមាជិកស្ថាបនិកនៃធនាគារនេះ។
អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិខ្លះបានសម្តែងក្តីបារម្ភថា ប្រាក់កម្ចីពីធនាគារថ្មីនេះនឹងមិនមានលក្ខខណ្ឌកម្ចីធូររលុង និងមិនតឹងរ៉ឹងដូចស្ថាប័នធនាគារពិភពលោកនិងធនាគារអភិវឌ្ឍអាស៊ី ដែលនេះអាចមានផលប៉ះពាល់ដល់ការគោរពសិទ្ធិមនុស្សនិងអភិបាលកិច្ចល្អ។
សហរដ្ឋអាមេរិក និងប្រទេសជប៉ុន ក្នុងពេលកន្លងមកមិនបានចូលរួមជាសមាជិកស្ថាបនិកនៃធនាគារដ៏ចម្រូងចម្រាស់នេះទេ ដោយសារបារម្ភអំពីគុណភាពនៃបទដ្ឋានទាក់ទងនឹងអភិបាលកិច្ចនិងការទទួលខុសត្រូវរបស់គម្រោង។ ក៏ប៉ុន្តែ អ្នកវិភាគយល់ថា ប្រទេសទាំងពីរនេះ ក៏មើលឃើញធនាគារថ្មីរបស់ចិនថាជាគូប្រជែងនឹងធនាគារពិភពលោកនិងធនាគារអភិវឌ្ឍអាស៊ី ដែលខ្លួនមានឥទ្ធិពល។ ទោះយ៉ាងនេះក្តីក៏រហូតមកដល់ខែកញ្ញានេះ មានប្រទេសជិត៦០រួមទាំងប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកដូចជាអង់គ្លេសនិងអូស្ត្រាលីផងបានចូលរួមជាសមាជិកនៃធនាគារ AIIB។
លោក Jin Liquin ថ្លែងថា ធនាគារ AIIB នៅតែបើកទ្វារស្វាគមន៍សហរដ្ឋអាមេរិកដើម្បីក្លាយជាសមាជិកធនាគារដែលដឹកនាំដោយចិនមួយនេះ៕