វ៉ាក់សាំង​ Johnson & Johnson ជំនួយ​អាមេរិក​នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​​សប្តាហ៍​នេះ

រូបឯកសារ៖ ដប​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩ ត្រូវ​បានថត​នៅ​ពី​មុខ​ស្លាកសញ្ញា​របស់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង Johnson & Johnson។

មន្រ្តី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជាបានឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា​វ៉ាក់សាំង ​Johnson & Johnson​ដែល​ជា​ជំនួយ​របស់​អាមេរិក​នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា នា​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ។

នៅ​ក្នុង​លិខិត​មួយ​ច្បាប់ចុះ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ផ្ញើ​ទៅ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​កម្ពុជា និង​ត្រូវ​បាន​បញ្ជាក់​ពី​មន្រ្តី​នាំ​ពាក្យ​របស់​ស្ថានទូតអាមេរិក​ឲ្យ​ដឹង​ថា​វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ១៩​របស់​ក្រុមហ៊ុន Johnson & Johnson ចំនួន​ជាង​១លាន​ដូស (១.០៦០.១០០​ដូស)​នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា​តាម​យន្តការ​កូវ៉ាក់ (Covax) ដោយ​បែង​ចែក​ជា​ពីរ​ជើង​យន្ត​ហោះ។ លិខិត​ដដែល​ឲ្យ​ដឹង​ទៀត​ថា​វ៉ាក់សាំង​ជើង​ទីមួយ​នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា នា​ថ្ងៃ​សុក្រ ទី​៣០ ខែ​កក្កដា​នេះ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ចំនួន​ប៉ុន្មាន​នោះ​ទេ។ ចំណែក​វ៉ាក់​សាំង​ជើង​ទីពីរ​នឹង​ត្រូវ​បញ្ជូន​មក​នៅ​ថ្ងៃ​ទី​២ ខែ​សីហា។

បើ​តាម​លិខិត​នោះ ស្ថានទូត​អាមេរិក​បាន​អញ្ជើញ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​លោក ​ម៉ម ប៊ុនហេង​ឲ្យ​ចូលរួម​ជាមួយ​តំណាង​អង្គការ​សុខភាពពិភព​លោក (WHO) និង​អង្គការ​យូនីសេហ្វ (UNICEF) ដើម្បី​ចូលរួម​ពិធី​ទទួល​វ៉ាក់សាំង​នេះ។

ស្ថានទូត​អាមេរិក​បញ្ជាក់​ថា ការ​មក​ដល់​របស់​ជើង​យន្តហោះទី១​គឺ​នៅវេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក​ថ្ងៃ​សុក្រ ទី​៣០ ខែ​កក្កដា​នេះ នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។

ស្ថានទូត​បញ្ជាក់​ថា៖ «រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នៅ​តែ​ប្តេជ្ញា​ជា​ដៃគូ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​នូវ​សុខភាព​របស់​ប្រជាជន​កម្ពុជា។ យើង​នឹង​បន្ត​នូវ​ការ​ប្រឹង​ប្រែង​របស់​យើង ដើម្បី​គាំទ្រ​ការងារ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ការពារ​ការឆ្លង​ជំងឺ​កូវីដ​១៩ និង​រក​ដំណោះស្រាយ​ចំពោះផល​ប៉ះពាល់​ពីការ​រាត​ត្បាតជំងឺ​ទៅ​លើ​សុខភាព​សាធារណៈ និង​សេដ្ឋកិច្ច»។

អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​លោក​ Chad Roedemeier ​មិន​ទាន់​អាច​បញ្ជាក់​ថា​តើ​វ៉ាក់សាំង​ចំនួន​ប៉ុន្មាន​ដូស​ដែល​នឹង​ត្រូវ​បញ្ជូន​មក​សម្រាប់​ជើង​ទីមួយ​នោះ​ទេ។

គួរ​បញ្ជាក់​ថា​កម្ពុជា​បាន​សម្រុក​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ដល់​ពលរដ្ឋ​របស់​ខ្លួន ដែល​រហូត​មក​ដល់​ពេល​នេះ​បាន​ប្រមាណ​៧​លាន​នាក់​ហើយ គឺ​ស្មើ​ប្រមាណ​៧០%​នៃ​គោល​ដៅ​ចាក់​ឲ្យ​បាន​យ៉ាង​តិច​១០​លាន​នាក់​នា​ត្រឹម​ខែ​តុលា​ខាង​មុខ​នេះ៕