ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន​ប្រកាស​​ផ្ដល់​ជំនួយ​វ៉ាក់សាំង​១​លាន​ដូស​ដល់​កម្ពុជា​ ខណៈ​កម្ពុជា​​ចាក់​វ៉ាក់សាំងបាន​​ជាង​ពាក់​កណ្តាល​នៃ​គោល​ដៅ


រូបឯកសារ៖ ប្រជាជន​កម្ពុជា​កាន់​ទង់ជាតិ​ខ្មែរ និង​ទង់ជាតិ​ជប៉ុន ខណៈ​ដែល​ពួកគេ​កំពុង​ស្ដាប់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​មួយ​ខ្សែ​ដែល​ឧបត្ថម្ភ​ដោយ​ជប៉ុន នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨។ (AP Photo/Heng Sinith)
រូបឯកសារ៖ ប្រជាជន​កម្ពុជា​កាន់​ទង់ជាតិ​ខ្មែរ និង​ទង់ជាតិ​ជប៉ុន ខណៈ​ដែល​ពួកគេ​កំពុង​ស្ដាប់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​មួយ​ខ្សែ​ដែល​ឧបត្ថម្ភ​ដោយ​ជប៉ុន នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨។ (AP Photo/Heng Sinith)

រដ្ឋាភិបាល​ជប៉ុន​ នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ប្រកាស​ផ្តល់​ជំនួយ​វ៉ាក់​សាំង​បង្ការ​ជំងឺកូវីដ​១៩ ចំនួន១​លាន​ដូសដល់​កម្ពុជា ខណៈ​កម្ពុជា​បាន​សម្រុក​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​ខ្លួន​បាន​ជាង៥លាន​នាក់​ហើយ គឺ​ស្មើ​ពាក់កណ្តាល​នៃ​គោល​ដៅ​១០​លាន​នាក់។

លោក​ឯក​អគ្គរដ្ឋទូត​ជប៉ុន Mikami Masahiro បាន​ឱ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា​ទីក្រុងតូក្យូ​នឹង​ផ្ដល់​ជំនួយ​វ៉ាក់សាំង​ផលិត​ដោយ​ក្រុម​ហ៊ុន AstraZeneca ចំនួន​«ប្រមាណ​១​លាន​ដូស»ដល់​កម្ពុជា។ អ្នក​ការ​ទូត​ជប៉ុន​រូប​នេះ​បាន​លើក​ឡើង​កាល​ពី​ថ្ងៃអង្គារ​ក្នុង​ន័យ​ដើម​ថា៖

«ជំនួយ​នេះ​ធ្វើ​ឡើង​ស្រប​តាម​ចំណង​មិត្តភាព​រវាង ជប៉ុន និង​កម្ពុជា និង​ដោយ​ផ្អែក​លើ​ស្ថាន​ភាព​កូវីដ​១៩​នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន។​ វ៉ាក់សាំង​ដែល​ត្រូវ​បាន​ផ្ដល់​អាជ្ញាបណ្ណផ​លិត​ក្នុង​ប្រទេស​ជប៉ុន នឹង​ត្រូវ​ដឹក​ជញ្ជូន​មក​ដល់​រាជធានី​ភ្នំពេញ ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ នៅ​ពេល​ដែល​ការ​រៀប​ចំ​ភ័ស្តុភារ​ដោយ COVAX Facility បាន​បញ្ចប់»។

COVAX​ជា​កិច្ចសម្រប​សម្រួល​សកល​ ដែល​រៀប​ចំ​រួមគ្នាដោយ​អង្គការ​យូនីសេហ្វ(UNICEF) អង្គការ​សុខ​ភាពពិភពលោក(WHO) សម្ព័ន្ធ​ភាពសាកលដើម្បីវ៉ាក់សាំងនិងភាពស៊ាំ(GAVI) និងសម្ព័ន្ធ​ភាព ​ដើម្បីនវានុវត្តន៍នៃ​ការត្រៀម​បង្ការជំងឺឆ្លង​(CEPI) ដើម្បី​ប្រមូល​ទុន​ទិញ​វ៉ាក់សាំង​ដល់ពល​រដ្ឋ​ប្រមាណ២០%​នៅ​តាម​បណ្ដា​ប្រទេស​នានា​ទូទាំង​ពិភព​លោក ដែល​បាន​ចុះ​ឈ្មោះ​។

លោក​ មាស ប៊ុនលី ​មន្ត្រី​ទំនាក់ទំនង​នៃ​ការិយាល័យប្រចាំ​ប្រទេស​កម្ពុជា​របស់​អង្គការ​ UNICEF បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា ជប៉ុន​ពិត​ជា​បាន​សន្យា​ផ្ដល់​ឱ្យ​នូវ​វ៉ាក់សាំង​១​លាន​ដូស​ដល់​កម្ពុជា​មែន ​ហើយ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​សម្រេច​ព្រម​ទទួល​យក​ហើយ។

ឆ្លើយ​តប​នឹង​សំណួរ​អំពី​កាល​បរិច្ឆេទ​នៃ​ការ​បញ្ជូន​មក​ដល់​កម្ពុជា​ លោក​ ប៊ុនលី ​បាន​បង្វែរ​សំណួរ​នេះទៅកាន់​អង្គការ​សុខភាព​ពិភព​លោក​វិញ។

ការ​ចែក​រំលែក​របស់​ជប៉ុន​នេះ ធ្វើ​ឡើង​ស្រប​ពេល​ ជប៉ុន​ សហរដ្ឋ​អាមេរិក ​និង​អូស្ត្រាលី ​កំពុងរុញបញ្ជូន​វ៉ាក់​សាំងរាប់​លាន​ដូសដល់​បណ្ដា​ប្រទេស​ក្នុងតំ​បន់​អាស៊ី​បូព៌ា ​និង​អាស៊ី​អាគ្នេយ៍។

សហរដ្ឋ​អាមេរិកទើប​បាន​ប្រកាស​ថា​ខ្លួន​នឹង​ចែក​រំលែក​ជា​ចំណែកៗ​នៃ​វ៉ាក់​សាំង​សរុប​១៦​លានដូសដល់​កម្ពុជា​ផង និង​ប្រទេស​ទាំង​១៦​ផ្សេង​ទៀត​នៅ​អាស៊ី​ទក្សិណ និង​អាស៊ី​អាគ្នេយ៍។ ប៉ុន្តែមន្ត្រី​ស្ថាន​ទូត​អាមេរិក​នៅ​ភ្នំពេញ​មិន​ទាន់​អាច​បញ្ជាក់​នៅ​ឡើយ​ទេ​ថា​កម្ពុជា​នឹ​ង​ទទួល​បាន​ប៉ុន្មា​ន​ដូស។

រូបឯកសារ៖ នៅ​ក្នុង​ថត​កាល​ពី​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នេះ បង្ហាញ​ពី​គ្រូពេទ្យ​ម្នាក់​កាន់​ដប​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​របស់​ក្រុមហ៊ុន AstraZeneca នៅ​ក្រុង Ebersberg ប្រទេស​អាមេនី។
រូបឯកសារ៖ នៅ​ក្នុង​ថត​កាល​ពី​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នេះ បង្ហាញ​ពី​គ្រូពេទ្យ​ម្នាក់​កាន់​ដប​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​របស់​ក្រុមហ៊ុន AstraZeneca នៅ​ក្រុង Ebersberg ប្រទេស​អាមេនី។

រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​យក​ប្រទេស​ចិន ជា​«បង្អែកយុទ្ធ​សាស្ត្រ​»ក្នុង​ការ​ផ្គត់​ផ្គង់​បញ្ជូន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​មក​ឱ្យ​កម្ពុជា ​ហើយ​បាន​ប្រើប្រាស់​វេទិកា​អន្តរជាតិ​នានា ទិតៀនដោយ​ប្រយោល​ចំពោះ​លោក​ខាងលិច​រឿង​ស្ដុក​ទុក​វ៉ាក់សាំង។

លោក​ក៏​បាន​បញ្ជាក់​ថា​លោក​មិន​រង់ចាំ​វ៉ាក់សាំង​ពី​ប្រទេស​ផ្សេង​នោះ​ទេ ដោយ​ប្រើប្រាស់​វ៉ាក់សាំង​ចិន​ដែល​រដ្ឋាភិបាល​របស់​លោក​អាច​បញ្ជា​ទិញ​បាន​ដោយ​ស្រួល។

កាល​ពីដើម​ខែ​កក្កដា​ លោក ហ៊ុន សែន ក៏​បាន​ថ្លែង​ថា​ការ​ចាក់​វ៉ាក់សាំង​នេះ​ជា​«មរតក»​នយោបាយ​របស់​លោក ខណៈ​រដ្ឋាភិបាល​លោក​សម្រុក​ចាក់​វ៉ាក់សាំង នៅ​គ្រា​ដែល​មាន​ករណី​ឆ្លង​ច្រើន និង​ស្លាប់​ច្រើន​ក្នុង​ប្រទេស។

គិត​ត្រឹម​ថ្ងៃ​អង្គារ មាន​វ៉ាក់សាំង ១៦.​០២៤.០០០ ដូស​ហើយ ដែល​ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ឱ្យ​កម្ពុជា ដែល​ក្នុង​នោះមាន ១៥.​៧០០.០០០​ដូស នាំ​ចូល​ពី​ចិន ទាំង​តាម​ការ​បញ្ជា​ទិញផង និង​ជាជំនួយ​ផង។ ភាគ​ច្រើន​លើស​លប់​ជាប្រភេទ​វ៉ាក់សាំងCoronaVac របស់​ក្រុមហ៊ុន Sinovac។

តាម​រយៈ​កិច្ច​សម្រប​សម្រួល COVAX កម្ពុជា​ធ្លាប់​បាន​ទទួល​វ៉ាក់សាំង AZD1222 ផលិត​ដោយ​ក្រុម​ហ៊ុន AstraZeneca និង​ក្រុមហ៊ុន​ Serum Institute of India ​ចំនួន​៣២៤.០០០ ដូស កាល​ពី​ដើម​ខែ​មីនា ។

ការ​រំពឹង​ដែល​ថា​វ៉ាក់សាំងដែល​ដឹកជញ្ជូន​មកឱ្យ​កម្ពុជា​តាម​រយៈ​កិច្ច​សម្រប​សម្រួល COVAX មកកម្ពុជា​ កើន​ដល់​១លាន​ដូស​ត្រឹម​ដំណាច់​ខែ​មិថុនា​នោះ ​ត្រូវ​ខកខាន ដោយ​សារ​វិបត្តិ​នៃ​ការ​នាំចេញ​វ៉ាក់សាំង​ពី​ប្រទេស​ឥណ្ឌា ដែល​ជា​បណ្ដុំ​ផលិ​ត​វ៉ាក់សាំង​ធំ​បំផុត ដ្បិត​មហន្តរាយ​កូវីដ​រាល​ដាល​។

មនុស្ស​ជាង​១៦​ម៉ឺន​នាក់​នៅ​កម្ពុជា បាន​ទទួល​វ៉ាក់​សាំង​របស់​AstraZeneca ដែល​លៃលក​ទុក ​ដើម្បី​ចាក់​លើ​ពលរដ្ឋ​ដែល​មាន​អាយុ​៥៩ឆ្នាំ​ឡើង​ទៅ ក្រុម​អ្នក​ការ​ទូត និង​មន្ត្រី​អង្គ​ការ​អន្តរ​ជាតិ។

វេជ្ជបណ្ឌិត​ ឱ វណ្ណឌីន ​រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ ប្រាប់​វីអូអេ​ឲ្យ​រង់​ចាំ ការ​សម្រេច​របស់​នាយក​រដ្ឋមន្រ្តី​ទៅ​លើ​ប្រើ​ប្រាស់​វ៉ាក់​សាំង​ជំនួយ​ជប៉ុន​ទាំង​១​លាន​ដូស​នេះ។​

«យើង​នឹង​មាន​ការ​ជជែក​ ហើយ​ជា​ពិសេស​ទៀត​ យើង​រង់​ចាំ​ការ​សម្រេច​ដ៏​ខ្ពង់ខ្ពស់​ពី​សម្ដេច​តេជោនាយក​រដ្ឋមន្ត្រី [ទៅ​លើ​ថា]​គួរ​តែ​ប្រើប្រាស់​បែប​ណា ​ដើម្បី​ឱ្យ​ចំទិស​ដៅ​ ឱ្យ​ចំគោ​លដៅ​ ដែលក្រុមបច្ចេក​ទេសក្រុម​ការងារ​ក៏មាន​ការ​ពិភាក្សា​គ្នា​ដែរ ដើម្បី​លើក​ជា​សំណើឬ​ក៏​តម្រូវការ​ផ្សេង ដើម្បីការសម្រេច​ចុង​ក្រោយ​របស់​ប្រមុខ​រាជ​រដ្ឋាភិ​បាល​របស់​យើង»។

រូបឯកសារ៖ បុគ្គលិកសុខាភិបាលចាក់វ៉ាក់សាំងបង្ការ​ជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ដល់ក្រុមពលរដ្ឋដែលមានអាយុ ៦០ ឆ្នាំឡើងទៅ នៅមជ្ឈមណ្ឌលការចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)
រូបឯកសារ៖ បុគ្គលិកសុខាភិបាលចាក់វ៉ាក់សាំងបង្ការ​ជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ដល់ក្រុមពលរដ្ឋដែលមានអាយុ ៦០ ឆ្នាំឡើងទៅ នៅមជ្ឈមណ្ឌលការចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​សុខាភិបាលរូប​នេះបាន​បន្ថែម​ថា​ប្រសិទ្ធភាព​នៃការ​បង្កើតភាព​ស៊ាំក្នុង​សហ​គមន៍ ជា​ពិសេស​នៅ​ភ្នំពេញ ទី​ដែល​ក្រសួង​អះ​អាង​ថា​ពលរដ្ឋ​ស្ទើរ​តែ​ទាំង​អស់​បាន​ទទួល​វ៉ាក់​សាំងនោះ អាច​នឹង​ត្រូវ​បាន​វាស់វែង​នៅ​ពេល​ខាង​មុខ។

វេជ្ជបណ្ឌិត​ ឱ វណ្ណឌីន ​បាន​ប្រាប់​វីអូអេ​ថា៖

«អ៊ីចឹង​ការណ៍​ដែល យើង​ចាំមើល​បន្តិច​ទៀត តើ​លទ្ធភាព​នៃ​វ៉ាក់​សាំងដែល​បង្កើតនូវភាព​ស៊ាំ​ក្នុងសង្គមរបស់​យើងជា​ពិសេសនៅ​រាជធានី​ភ្នំពេញ​របស់​យើង​ថា​វា​មាន​កម្រិត​ណា? ហើយ​ប៉ុន្តែ​បច្ចុប្បន្ន​នេះ យើង​ឃើញ​មាន​ការ​ស្លាប់​ការ​អីជា​ហូរ​ហែ​អ៊ីចឹង​មក ប៉ុន្តែបើ​តាមព័ត៌មានដែល​ខ្ញុំ​ទទួលបាន ភាគ​ច្រើន​នៃ​ការ​ស្លាប់​នេះ​ ច្រើន​តែ​នៅ​ខេត្ត​ផ្សេងៗ ... ហ្នឹង​ហើយ​អ្នក​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់​សាំង។ អ៊ីចឹង​យើង​ក៏​ពិនិត្យ​មើល​បណ្ដើរ​ៗ​ទៀត»។

កម្ពុជា​មាន​កំណើន​ជា​គំហុក​នៃ​ការ​ឆ្លង​ដែល​ពីរ​សប្ដាហ៍​កន្លង​មក​នេះ មាន​អត្រា​រក​ឃើញការឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​ជា​មធ្យម​៩៥២ ​នាក់​ និង​ស្លាប់​២៦ នាក់​។ គិត​ត្រឹម​ថ្ងៃអង្គារ​ នៅ​កម្ពុជា​ មាន​ករណី​ឆ្លង​សរុប​ឡើង​ដល់​៦២.៧០០​នាក់​ និង​ស្លាប់​សរុប​ឡើង​ដល់​៩៥៣​នាក់។

នៅ​ប្រទេស​ថៃ ទី​ដែល​ក្រុម​វេជ្ជបណ្ឌិត​និង​អ្នក​ស្រាវ​ជ្រាវ​បាន​បង្ហាញ​កង្វល់​អំពី​ប្រសិទ្ធ​ភាព​វ៉ាក់​សាំងCoronaVac ផលិត​ដោយ​ក្រុមហ៊ុន Sinovac ក្រុម​ការងារ​សុខាភិបាលបាន​ផ្ដល់​អនុ​សាសន៍ឱ្យ​អ្នកដែល​បាន​ទទួល​វ៉ាក់សាំង​ផលិត​ដោយSinovac ដូស​ទីមួយ អាច​ទទួលវ៉ាក់សាំងផលិត​ដោយ Astra​Zeneca នៅ​ដូស​ទី​ពីរ ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​កសាង​អង្គ​បដិប្រាណ ឬ​ហៅ​ក្រៅ​ផ្លូវការ​ថា​អង់ទីករ។

បណ្ដា​ប្រ​ទេស​នានា​ក៏​បាន​បញ្ជាក់​អំពី​ការ​សាក​ល្បង​លាយ​បញ្ចូល​វ៉ាក់​សាំង​ពីរ​ដូស​ពី​ប្រភេទ​ផ្សេងគ្នា​ផង​ដែរ រហូត​អង្គការ​សុខភាព​ពិភព​លោកបាន​ព្រមាន​កាល​ពី​ថ្ងៃចន្ទ​ថា​ជា​«និន្នាការប្រកបដោយគ្រោះថ្នាក់»​ ដ្បិត​ខ្វះ​ទិន្នន័យ​បង្ហាញ​គ្រប់​គ្រាន់​អំពី​និយាម​សុវត្ថិភាព​នៃ​ការ​អនុវត្តន៍​ដូច្នោះ​។

ក្រោយ​បញ្ចប់​ការ​ចាក់​វ៉ាក់សាំងលើ​ពលរដ្ឋ​ពេញ​វ័យ​១០​លាន​នាក់​ដែល​កំណត់​ត្រឹម​ខែ​តុលា ឆ្នាំ​២០២១​នេះ កម្ពុជា​ក៏​គ្រោង​នឹង​បង្កើន​ការ​ចាក់វ៉ាក់​សាំងដល់​ពលរដ្ឋ​អាយុ​ក្រោម​១៨ឆ្នាំ និង​ពិចារ​ណា​ចាក់​ដូស​ទី​បី​ដល់​អ្នក​ដែល​ទទួលវ៉ាក់​សាំង​ពីរ​ដូស​រួច​មក​ហើយ​ផង​ដែរ។

វេជ្ជបណ្ឌិត​ អ៊ូច វុឌ្ឍី ​ប្រធាន​សមាគម​គ្រូពេទ្យ​គុណ​ធម៌​កម្ពុជា បានស្នើក្រសួងសុខាភិបាល​រក​ប្រភពវ៉ាក់​សាំងដែល​មាន​គុណ​ភាព​និង​គោរព​តាម​និយាម​អន្តរជាតិ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការបង្កើត​ភាព​ស៊ាំ​សហគមន៍ ហើយ​ក៏​ត្រូវ​មាន​ពិនិត្យ​តាម​ដានលើ​អ្ន​ក​ទទួល​វ៉ាក់​សាំង​រួច​ផង​ដែរ។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖

«ចង់​ដឹងថា​តើគាត់​មានអង់ទីករការពារ​ខ្លួន​ឬ​អត់​ បើ​សិនជា​យើង​ធ្វើតេ​ស្ដ​ទៅអត់​មាន​អង់​ទីករការពារ​ខ្លួន​ទេ​ អ៊ីចឹង​បាន​ន័​យថា​គាត់នៅ​តែ​ប្រឈមឆ្លង​វីរុស​នេះ​ដដែល​ទេ​បាទ! ហើយ​និង​អាចគ្រោះថ្នាក់ដល់ជីវិតគាត់ទៅថ្ងៃ​ក្រោយ។ អ៊ីចឹង​គួរ​ណា​តែ​ពី​៣​ខែ​ ទៅ​៦​ខែ ​អ្នក​ដែល​បាន​ចាក់ពីរ​ដូស​ហ្នឹង​គួរតែបាន​ធ្វើ​តេស្ដផ្ទាល់ហ្នឹង ដើម្បី​ចង់ដឹង​ថា​វា​ឈឺ ឬ​វា​អត់​ឈឺ​»។

នៅ​ពេល​ត្រូវ​បាន​សួរ​អំពីការ​ចាក់​ដូស​ទីបី ឬ​ការ​ចាក់​លាយ​វ៉ាក់សាំង​ប្រភេទ​ផ្សេង​គ្នា​នោះ វេជ្ជ​បណ្ឌិត​ ឱ វណ្ណឌីន ថា​ក្រុម​ជំនាញ​កំពុង​ពិចារ​ណា​ និង​សិក្សា ប៉ុន្តែ​មិន​ទាន់​សម្រេច​នៅ​ឡើយ​៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG