អាជ្ញាធររុស្ស៊ីបាននិយាយថា មានអគ្គិភ័យមួយនៅក្នុងអាគាររោងពុម្ពមួយក្នុងក្រុងមូស្គូ ដែលបានបណ្តាលឱ្យកម្មការិនីចំណាកស្រុក១៧នាក់មកពីប្រទេសកៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) ស្លាប់កាលពីថ្ងៃសៅរ៍។
លោក Abdygani Shakirov អ្នកតំណាងសហគមន៍នៃប្រទេសកៀហ្ស៊ីស៊ីស្ថាន ក្នុងប្រទេសរុស្ស៊ីបាននិយាយថា ជនដែលបានបាត់បង់ជីវិតទាំងអស់គឺស្ត្រីវ័យក្មេងដែលបានជាប់គាំងនៅក្នុងបន្ទប់ស្លៀកពាក់នៅពេលពួកគេប្តូរទៅស្លៀកពាក់សម្លៀកបំពាក់សម្រាប់ធ្វើការ។ លោកបានថ្លែងថា នារីម្នាក់អាយុ១៦ឆ្នាំឋិតក្នុងចំណោមពួកស្ត្រីដែលបានស្លាប់។
ក្រសួងការបរទេសនៃប្រទេសកៀហ្ស៊ីស៊ីស្ថាន បានបញ្ជាក់ថាមនុស្ស១៤នាក់ក្នុងបណ្តាពួកជនដែលបានបាត់បង់ជីវិតជាពលរដ្ឋកៀហ្ស៊ីស៊ីស្ថាន។
ថ្លែងទៅកាន់បណ្តាញផ្សាយព័ត៌មានរុស្ស៊ី លោក Ilya Denisov នាយកផ្នែកសេវាកម្មគ្រាមានអាសន្ននៃក្រុងម៉ូស្គូ បានបញ្ជាក់ថា ជនរងគ្រោះទាំងអស់មកពីប្រទេសកៀហ្ស៊ីស៊ីស្ថាន ដែលជាអតីតសាធារណរដ្ឋមួយរបស់សហភាពសូវៀតនៅក្នុងតំបន់កណ្តាលនៃទ្វីបអាស៊ី ហើយគេមានជំនឿថា ស្ត្រីទាំងនេះបានធ្វើការដោយត្រឹមត្រូវតាមច្បាប់នៅក្នុងប្រទេសរុស្ស៊ី។
លោក Denisov បាននិយាយថា អគ្គិភ័យនេះបានបណ្តាលមកពីចង្កៀងភ្លើងអគ្គិសនីមួយមានដំណើរការមិនល្អនៅជាន់ទីមួយនៃអាគារដាក់ឥវ៉ាន់ដែលនៅទីនោះមានវត្ថុរាវ និងផលិតផលក្រដាសអាចឆាបឆេះជាច្រើនបានត្រូវស្តុកទុក ហើយអគ្គិភ័យនេះបានរាលដាលឆាប់រហ័សទៅកាន់បន្ទប់ស្លៀកពាក់តាមរយៈប្រលោះជណ្តើរយោង។
លោក Denisov បាននិយាយថា ពួកអ្នកពន្លត់អគ្គិភ័យបានរកឃើញសាកសពកម្មារិនី១៦នាក់ ហើយបានបញ្ជូនអ្នកធ្វើការ៤នាក់ដែលត្រូវរបួសទៅកាន់មន្ទីរពេទ្យដែលនៅទីនោះ កម្មារិនីម្នាក់បានបាត់បង់ជីវិតនៅពេលបន្ទាប់មក។
អាជ្ញាធររុស្ស៊ីបានបើកធ្វើការស៊ើបអង្កេតពីបទឧក្រិដ្ឋដើម្បីកំណត់ថា តើអគ្គិភ័យនេះបានកើតមានឡើងដោយសារការលបដុត ឬមួយក៏ដោយសារការធ្វេសប្រហែស។គេបានបន្ទោសជាញឹកញយដល់ស្តង់ដារសុវត្ថិភាពធូររលុងខាងការបញ្ចៀសអគ្គិភ័យដែលបាននាំឱ្យមានអគ្គិភ័យដ៏ប្រល័យនៅក្នុងកន្លែងធ្វើការក្នុងប្រទេសរុស្ស៊ី។ កាលពីខែមករា មនុស្ស១២នាក់បានស្លាប់នៅក្នុងអគ្គិភ័យមួយក្នុងរោងចក្រផលិតសម្លៀកបំពាក់មួយក្នុងក្រុងមូស្គូ៕