អគ្គីភ័យ​នៅ​តំបន់​រោងចក្រ​នៅ​ផ្លូវ​វ៉េងស្រេង​នាំឲ្យ​ពលរដ្ឋ​ភ្ញាក់​ផ្អើល​ជាថ្មីទៀត

  • នៅ វណ្ណារិន

Your browser doesn’t support HTML5

អគ្គីភ័យ​នៅ​តំបន់​រោងចក្រ​នៅផ្លូវ​វេង ស្រេង​នាំឲ្យ​ពលរដ្ឋ​ភ្ញាក់ផ្អើល​ជាថ្មីទៀត

អគ្គីភ័យ​នៅ​តំបន់​រោងចក្រ​កាត់ដេរ​ ដែល​កាល​ពី​សប្តាហ៍​មុន​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​ប៉ូលិស​និង​បាតុករ​នោះ ​បាន​បង្ក​ឲ្យ​មាន​ការ​ភ័យខ្លាចនិង​ងឿងឆ្ងល់។ ​អាជ្ញាធរ​មិន​ទាន់​អាច​បញ្ជាក់​ពី​មូលហេតុ​នៃ​អគ្គិភ័យ​នេះ​នៅ​ឡើយ​ទេ។​

ប្រជា​ពលរដ្ឋ​នៅ​តាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង​ក្នុង​រាជធានី​ភ្នំពេញ​បាន​ភ័យ​ស្លន់ស្លោ​សា​ជាថ្មី​ម្តង​ទៀត ​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បន្ទាប់​ពី​អគ្គីភ័យ​មួយ​បាន​ឆាបឆេះ​ឃ្លាំង​ស្តុក​កម្ទេច​កំណាត់​មួយ​នៅ​ក្នុង​ភូមិ​ថ្មគោល​ ក្នុង​សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិសែនជ័យ​ ក្បែរ​ទីកន្លែង​ដែល​មាន​ការ​បាញ់​ប្រហារ​ទៅលើ​ក្រុម​បាតុករ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។​

រថយន្ត​ពន្លត់​អគ្គីភ័យ​ជា​ច្រើន​គ្រឿង​ រួមទាំង​កងកម្លាំង​ប្រដាប់​អាវុធ​មក​ពី​កងពល​តូច​ង៧០​ ដែល​គេ​ស្គាល់​ថា​ ជា​កង​ពល​ជំនិតរបស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ហើយ​បាន​ដាក់​ពង្រាយ​នៅ​ប្រចាំការ​នៅ​តំបន់​នោះ​ ក៏​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ធ្វើ​អន្តរាគមន៍​ពន្លត់​អគ្គីភ័យ​មួយ​នេះ​ផង​ដែរ។​

គួរ​បញ្ជាក់​ផង​ដែរ​ថា ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ រដ្ឋាភិបាល​របស់​លោក​ នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ប្រើប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ​បង្រ្កាប​ក្រុម​បាតុករ​ដែល​ទាមទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់ខែ​ អប្បបរមា​សម្រាប់​កម្មករ​រោងចក្រ​កាត់ដេរ ​ឲ្យ​បាន​ចំនួន​១៦០​ដុល្លារ​ ដើម្បី​ទប់ទល់​នឹង​អតិផរណា​និង​តម្លៃ​ទំនិញ​នៅ​ក្នុង​ទីផ្សារ។​ យ៉ាង​ហោចណាស់​មាន​ ប្រជា​ពលរដ្ឋ​និង​បាតុករ​ចំនួន​៥​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​និង​ច្រើន​នាក់​ផ្សេង​ទៀត​បាន​រងរបួស​នៅ​ក្នុង​អំពើ​ហិង្សា​មួយ​នេះ។​

គេ​សង្កេត​ឃើញ​ថា​ កង​កម្លាំង​ទាហាន​មកពី​កងពល​តូច​ង៧០​ប្រដាប់​ដោយ​អាវុធ​និង​កាំភ្លើង​ស្វ័យ​ប្រវត្តិ​ ត្រូវ​បាន​ដាក់​ពង្រាយ​ឲ្យ​យាមកាម​ជា​ប្រចាំ​នៅ​តាម​បណ្តោយ​ផ្លូវ​វ៉េង​ ស្រេង​នោះ ​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​សារ​ជាថ្មី។​

អគ្គីភ័យ​នេះ​ត្រូវ​បាន​ពន្លត់​ជាស្ថាពរ​នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​នេះ។​ ជា​សំណាង​ល្អ​ អគ្គីភ័យ​មួយ​នេះ​មិន​បាន​ឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជា​ពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​ទេ។​

លោក​នេត​ វន្ថា​ ប្រធាន​ការិយាល័យ​ពន្លត់​អគ្គីភ័យ​រាជធានី​ភ្នំពេញ​ បាន​ដឹក​នាំ​កម្លាំងប្រតិបត្តិ​ការ​នៅ​កន្លែង​កើត​ហេតុ។

លោក​ថ្លែង​ថា៖ «យើង​កំពុង​តែ​ប្រតិបត្តិការនៅឡើង​ ហើយ​អញ្ចឹង​អត់​ទាន់​ដឹង​មូលហេតុ​ទេ។​ ជាក់​ស្តែង​ផ្ទះ​ហ្នឹង​អត់​មាន​មនុស្ស ​ហើយ​ខ្ញុំ​កំពុង​ដើរ​រក​មើល​ទីតាំង​ជុំវិញ​ដើម្បី​សួរ​រក​ប្រភព។​ យើង​មិន​ទាន់ជួប​ម្ចាស់​ណា​ម្នាក់​នៅ​ឡើយ​ ដើម្បី​យក​ព័ត៌មាន​លម្អិត​... អត់​ទាន់​បាន​ទេ​ បាទ»។​

នាង​ ចាន់ សុខា​ ជាសាក្សី​ផ្ទាល់​ភ្នែក​នៅ​កន្លែង​កើតហេតុ ​បាន​ប្រាប់ ​VOA ​ថា៖​ «ខ្ញុំ​ ពីព្រឹក​មិញ ​ខ្ញុំមើល​ពីផ្ទះ​ខ្ញុំ​មក​ឃើញ​ឆេះ​រោងចក្រ...​អឺ... គេ​ស្តុក​កំណាត់​ចោល។ អញ្ចឹង​ហើយ ​ខ្ញុំ​មក​ជួយ​រើ​ឥវ៉ាន់​ផ្ទះ​អ៊ុំ​ខ្ញុំ»។​

តាម​ការ​បញ្ជាក់​របស់​ក្រុម​អាជ្ញាធរ​ និង​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​ក្បែរ​ឃ្លាំង​នោះ​ បាន​ឲ្យដឹង​ថា​ ម្ចាស់​ឃ្លាំង​កំណាត់​មួយ​នេះ​បាន​ស្តុក​ទុក​កំណាត់​សំណល់​ដែល​ប្រមូល​ពី​រោងចក្រ​កាត់​ដេរ​ក្បែរៗ​នោះ​ ជាច្រើន​ហួស​ប្រមាណ​និង​ធ្វើឲ្យ​មាន​ការ​ធ្លាយ​ចេញមក​ខាង​ក្រៅ​របង ដោយ​មិន​បាន​អើពើ​ អស់​រយៈពេល​ជាច្រើន​សប្តាហ៍។​

មាន​ការ​សង្ស័យ​ថា​ អគ្គីភ័យ​នេះ​បាន​ឆាប​ឆេះ​រាលដាល​ពី​កម្ទេច​កំណាត់​ដែល​ហៀរ​ចេញ​មក​ខាង​ក្រៅ​នេះ។​

អាជ្ញាធរ​កំពុងតែ​ស្រាវជ្រាវ​ពី​មូលហេតុ​នៃអគ្គិភ័យនេះ៕