ក្រុមការងារពន្លត់អគ្គីភ័យបានចំណាយពេលជាង ៤ ថ្ងៃ ដើម្បីពន្លត់អគ្គីភ័យមួយ ដែលបានឆាបឆេះនាវាទាហានជើងទឹកមួយគ្រឿងរបស់សហរដ្ឋអាមេរិក ដែលចតនៅមូលដ្ឋាននាវាជើងទឹក San Diego ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
មូលហេតុដែលបណ្ដាលឲ្យមានអគ្គីភ័យឆាបឆេះនាវាទាហានជើងទឹកដែលមានឈ្មោះថា USS Bonhomme Richard ដែលមានតម្លៃរាប់ពាន់លានដុល្លារ នៅកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។
នាយឧត្តមសេនីយ៍ទាហានជើងទឹកសហរដ្ឋអាមេរិក លោក Philip Sobeck បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា៖ «យើងនៅមិនទាន់ដឹងអំពីមូលហេតុ ដែលបង្កជាអគ្គីភ័យនេះនៅឡើយទេ។ យើងក៏នៅមិនទាន់ដឹងពីទំហំនៃការខូចខាតនាវានោះដែរ។ គេនៅមិនទាន់អាចសន្និដ្ឋានពីទំហំនៃការខូចខាតរបស់នាវានេះបានទេ។»
គេបានប្រើទឹកចំនួន ១.៥០០ ធុង ដែលបាញ់ពីឧទ្ធម្ភាគចក្រចំនួនបីគ្រឿងទៅលើនាវា ដែលឆាបឆេះនោះ ទម្រាំតែក្រុមការងារពន្លត់អគ្គីភ័យអាចពន្លត់អគ្គីភ័យនោះទាំងស្រុងបាន៕