របប​សឹក​យោធា​មីយ៉ាន់ម៉ា​គ្រោង​នឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​សុក្រ​នេះ​​ ​​លើ​បទ​ចោទ​ប្រកាន់​ចុងក្រោយ​ប្រឆាំង​អ្នកស្រី Suu Kyi

រូបឯកសារ៖ ក្រុមបាតុករមីយ៉ាន់ម៉ាកាន់រូបរបស់អ្នកស្រី Aung San Suu Kyi ខណៈចូលរួមបាតុកម្មមួយនៅមុខស្ថានទូតមីយ៉ាន់ម៉ាប្រចាំទីក្រុងបាងកក ប្រទេសថៃ កាលពិថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២។

តុលាការ​នៃ​របប​សឹកយោធា​មីយ៉ាន់ម៉ា​ ​គ្រោង​នឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​សុក្រ​នេះ​ទៅលើ​បទ​ចោទប្រកាន់​ចុង​ក្រោយ​ដែល​នៅ​សល់​ចំនួន​ ៥ នៅ​ក្នុងដំណើរការ​សវនាការ​ក្តី​អស់​រយៈពេល​ ១៨​ ខែ​កន្លងទៅ​ ប្រឆាំង​នឹងមេដឹកនាំ​ស៊ីវិល​ដែល​កំពុង​ជាប់​ពន្ធនាគារគឺ អ្នកស្រី​ Aung San Suu Kyi ។​ នេះ​បើតាម​ប្រភព​អ្នក​ច្បាប់​មួយ​ដែល​បាន​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។ ​

អ្នក​ស្រី Suu Kyi បាន​ជាប់​ពន្ធនាគារចាប់​តាំង​ពី​ក្រុមយោធា​មីយ៉ាន់ម៉ា​ធ្វើ​រដ្ឋប្រហារ​ផ្តួល​រំលំរដ្ឋាភិបាល​របស់​អ្នក​ស្រី​ កាលពី​ខែ​កុម្ភៈ​ឆ្នាំ​ ២០២១​ ដែល​ជា​ការ​បញ្ចប់​នូវ​លិទ្ធិប្រជាធិបតេយ្យ​ដ៏​ក្មេង​ខ្ចីរបស់​ប្រទេសនេះ។​

ជ័យ​លាភី​រង្វាន់ណូបែល​វ័យ​ ៧៧ ​ឆ្នាំ​រូប​នេះ​ ត្រូវបានត្រូវ​បាន​តុលាការនៃ​របប​សឹក​យោធា​មីយ៉ាន់ម៉ា​ រក​ឃើញ​ថា​មាន​កំហុសលើ​បទ​ចោទ​ប្រកាន់​ចំនួន​ ១៤ ​ករណី​ រាប់តាំង​ពីអំពើ​ពុករលួយ​រហូត​ដល់​ការ​នាំ​ចូល​វិទ្យុ​ ទាក់ទង​អៃកូមខុសច្បាប់​ និង​ការ​រំលោភបំពាន​ច្បាប់​សម្ងាត់​ផ្លូវការ​របស់​ប្រទេស។ អ្នក​ស្រី​ត្រូវ​បាន​កាត់​ទោសឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​ ២៦ ​ឆ្នាំ​ជុំវិញ​បទ​ចោទ​ប្រកាន់​ទាំង​អស់​នោះ។​

ភាគីដើមបណ្តឹង​និង​ចុងចោទ​ បាន​ធ្វើ​សេចក្តី​សន្និដ្ឋាន​ចុងក្រោយនៅ​តុលាការ​នៅ​ថ្ងៃចន្ទ​ម្សិលមិញ។​ នេះបើតាម​ប្រភព​មួយ​ ដែល​បាន​ដឹង​ពី​ករណី​នេះ​ ហើយ​ដែល​បានស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ដោយសារ​ខ្លួន​មិន​មាន​សិទ្ធិ​និយាយ​ជាមួយ​អ្នកសារព័ត៌មាននោះ។​

ប្រភព​នេះ​បន្ថែមទៀតថា៖ ​«នឹង​មាន​សាលក្រមមួយ​ចេញនៅ​ថ្ងៃ​សុក្រ​ទី៣០​ ខែ​ធ្នូនេះ»។

អ្នកស្រី​ Suu Kyi​ ហាក់​នៅ​មាន​សុខភាព​ល្អ​ប្រសើរ​នៅ​ឡើយ។​

​ក្រុម​ការពារ​សិទ្ធិមនុស្ស បាន​ថ្កោលទោសសវនាការ​កាត់​ក្តី​អ្នក​ស្រី​ថា​ ជា​ឆាក​ល្ខោន ហើយ​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​កន្លង​ទៅ​ ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ បាន​អំពាវនាវ​ឱ្យ​របប​យោធា​មីយ៉ាន់ម៉ា​ ​ដោះលែង​អ្នកស្រី​ Suu Kyi នៅ​ក្នុងសេចក្តី​សម្រេច​ចិត្ត​លើក​ដំបូង​របស់​ខ្លួន​ ស្តីពីស្ថានភាពនៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ចាប់តាំង​ពី​ធ្វើ​រដ្ឋប្រហារ​ដោយ​ក្រុម​យោធានេះ​មក។​ ​

សេចក្តី​សម្រេច​នេះ​ បាន​បង្ហាញ​ពីការ​ឯកភាព​គ្នាភាគ​ច្រើន​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ​បន្ទាប់​ពី​សមាជិក​អចិន្ត្រៃយ៏​២របស់​ក្រុម​ប្រឹក្សា​នេះ គឺ​ប្រទេស​ចិន​និង​រុស្ស៊ី ដែល​ស្និទ្ធ​នឹង​របប​យោធា​នោះ បាន​បោះឆ្នោត​អនុប្បវាទ ដោយ​មិន​ធ្វើ​ការ​ប្រឆាំង​ បន្ទាប់​ពី​មាន​ការ​សម្រួល​ពាក្យពេចន៍​មួយ​ចំនួន​នៅក្នុង​សេចក្តី​សម្រេច​នោះ​មក។​

បទ​ចោទប្រកាន់ពុករលួយ​នៅ​សល់​ ៥ ទៀត ដែល​អ្នក​ស្រី Suu Kyi កំពុង​ប្រឈម​នោះ​ ពាក់ព័ន្ធ​នឹងការ​ជួល​ឧទ្ធម្ភាគចក្រ​ឱ្យ​រដ្ឋមន្ត្រី​មួយ​រូប​របស់​រដ្ឋាភិបាលអ្នកស្រី​ ដែល​ជា​បណ្តឹង​មួយ​ដែល​ចោទ​អ្នកស្រី​ថា​ មិន​បាន​អនុវត្តទៅ​លើ​គោលការណ៍​ ដែល​ធ្វើ​ឱ្យ​បាត់​បង់​ប្រាក់​ចំណូលរដ្ឋ។​

បទ​ចោទ​ប្រកាន់​និមួយៗ​ដែល​នៅ​សល់​នេះ​ ​អាច​ធ្វើ​ឱ្យ​អ្នក​ស្រីជាប់ពន្ធនាគារ​រហូត​ដល់​ ១៥​ ឆ្នាំ។​ ក្នុង​សំណុំ​រឿង​ក្តី​នៃអំពើ​ពុករលួយ​ក្នុង​ពេល​កន្លង​ទៅ​ តុលាការនៃ​របប​យោធា​សឹក​មីយ៉ាន់ម៉ា បាន​កាត់​ទោស​អ្នកស្រី​ឱ្យ​ជាប់​ពន្ធនាគារ​ជាទូទៅ ​៣ ​ឆ្នាំ សម្រាប់​បទ​ចោទ​និមួយៗ។

ប្រទេស​មីយ៉ាន់ម៉ា​ បាន​ធ្លាក់​ចូល​ទៅក្នុង​ភាព​ច្របូកច្របល់​ ហើយ​ក្រុម​ឧទ្ទាម​ជនជាតិ​ភាគតិច​មួយ​ចំនួន​ បាន​បន្ត​ការ​ប្រយុទ្ធរបស់​ពួក​គេ​ឡើង​វិញ​ ជា​មួយ​ក្រុម​យោធា​រដ្ឋាភិបាល​ នៅ​តាមតំបន់ព្រំដែន​ ហើយ​សេដ្ឋកិច្ច​របស់​ប្រទេសនេះ​កំពុង​មាន​សភាព​ធ្លាក់​ចុះ​ជា​ខ្លាំង៕