គណៈកម្មាធិការដែលបង្កើតឡើងដោយរដ្ឋសភា ដើម្បីស៊ើបអង្កេតការវាយប្រហារលើវិមានសភារបស់សហរដ្ឋអាមេរិកថ្ងៃទី ៦ ខែមករា ឆ្ នាំ២០២១ បានចេញផ្សាយរបាយការណ៍ចុងក្រោយរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ មាន ៨៤៥ ទំព័រ ដែលគាំទ្រការអះអាងរបស់គណៈកម្មាធិការនេះ ដែលថាការវាយប្រហារគឺបណ្តាលមកពីអតីតប្រធានាធិបតី លោក Donald Trump និងជាសកម្មភាពចុងក្រោយរបស់លោក នៅក្នុង «ការឃុបឃិតពហុភាគីដើម្បីលុបចោលលទ្ធផលស្របច្បាប់នៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០» ។
របាយការណ៍នេះ គឺជាការចម្រាញ់ភស្តុតាងដែលប្រមូលបានពីការសម្ភាសសាក្សីរាប់ពាន់នាក់ ឯកសារ និងការទំនាក់ទំនងតាមប្រព័ន្ធអេឡិកត្រូនិច ក្រោយពីការស៊ើបអង្កេតជាង ១៧ ខែ។ យោងតាមគណៈកម្មាធិការនេះ «ភស្តុតាងនោះបាននាំឱ្យមានការសន្និដ្ឋានយ៉ាងចំហ និងត្រង់ថា មូលហេតុចម្បងនៃថ្ងៃទី ៦ ខែមករា គឺដោយសារបុរសម្នាក់ គឺលោកអតីតប្រធានាធិបតី Donald Trump ដែលមនុស្សជាច្រើននាក់ផ្សេងទៀតបានដើរតាម។ ព្រឹត្តិការណ៍ថ្ងៃទី ៦ មករា មិនអាចកើតឡើង ដោយគ្មានរូបលោកនោះទេ»។
លោក Trump ផ្ទាល់បានបរិហារគណៈកម្មាធិការនេះ និងការងាររបស់ពួកគេ ជាបន្តបន្ទាប់ ហើយបានបន្តទទូចដោយមិនពិតថា ការបោះឆ្នោតឆ្នាំ ២០២០ ត្រូវបានលួចពីលោក៕