ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មាធិការ​សភា​ចោទ​លោក Trump ពី​បទល្មើស​ព្រហ្មទណ្ឌ​ករណី​កុបកម្ម​នៅ​វិមាន​សភា


វីដេអូ​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump កំពុង​បង្ហាញ​នៅ​លើ​ផ្ទាំង​ស ខណៈ​ដែល​គណៈកម្មាធិការ​សភា​ស៊ើបអង្កេត​លើ​ករណី​វាយប្រហារ​នៅ​វិមាន​សភា​ ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២២។
វីដេអូ​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump កំពុង​បង្ហាញ​នៅ​លើ​ផ្ទាំង​ស ខណៈ​ដែល​គណៈកម្មាធិការ​សភា​ស៊ើបអង្កេត​លើ​ករណី​វាយប្រហារ​នៅ​វិមាន​សភា​ ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២២។

គណៈកម្មាធិការ​សភា​បាន​សម្រេច​ជា​ឯកច្ឆន្ទ​នៅ​ថ្ងៃ​ចន្ទ​នេះ​ចោទ​ប្រកាន់ លោក Donald Trump ​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ពី​បទ​ល្មើស​ពាក់​ព័ន្ធ​ការ​វាយ​ប្រហារ​វិមាន​សភា​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​៦​ ខែ​មករា ​ឆ្នាំ​២០២១ ​និង​បញ្ជូន​សំណុំរឿង​ទៅ​ក្រសួង​យុត្តិធម៌​ដើម្បី​បើក​ការស៊ើបអង្កេត​ព្រហ្មទណ្ឌ។

នេះ​ជា​លើក​ទី​១​ក្នុង​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​ដែល​អតីត​ប្រធានាធិបតី​រង​ការចោទ​ប្រកាន់​ពី​បទល្មើស​ព្រហ្មទណ្ឌ​ពី​ស្ថាប័ន​នីតិបញ្ញត្តិ។

ដោយ​សំឡេង​៩​គាំទ្រ​និង​គ្មាន​សំឡេង​ប្រឆាំង​ គណៈកម្មាធិការ​នេះ​បាន​ចោទ​ប្រកាន់​លោក​Trump ​និង​គូកន​ពី​បទល្មើស​ចំនួន​៤​ក្នុង​នោះ​មាន​ការរារាំង​ដំណើរការ​ផ្ទេរ​អំណាច ​ឃុបឃិត​គៃ​បន្លំ​រដ្ឋាភិបាល​ ឃុបឃិត​ក្នុង​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​ក្លែង​ក្លាយ​និង​អុចអាល​ជួយ​ឱ្យ​មាន​ការបះបោរ។​

គណៈកម្មាធិការ​សភា​បាន​ស៊ើបអង្កេតករណី​កុបកម្ម​នោះអំពី​របៀប​ដែល​លោក​ Donald Trump ​ព្យាយាម​នៅ​កាន់​តំណែង​នៅ​សេតវិមាន​មួយ​អាណត្តិ​ទៀត បើ​ទោះ​បី​ជា​ចាញ់​លោក Joe Biden ពី​គណបក្សប្រជាធិបតេយ្យនៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២០​ក៏​ដោយ។

គណៈកម្មាធិការពិសេសរបស់​រដ្ឋសភា​បានចំណាយ​ពេល​ស៊ើបអង្កេត​រយៈពេល ១៦ ខែ​ដែល​រួមបញ្ចូល​ការ​សម្ភាស​ជាមួយ​សាក្សី​ជាង ១.០០០ នាក់​ ការពិនិត្យ​ឯកសារ​រាប់ពាន់​ទំព័រ​ដែល​ទាក់ទង​នឹង​រយៈពេល​ប៉ុន្មាន​សប្តាហ៍ចុងក្រោយនៃការ​កាន់​តំណែង​របស់​លោក Trump ជា​ប្រធានាធិបតី​រយៈពេល ៤ ឆ្នាំ និង​សវនាការ​សាធារណៈ​ចំនួន​១០។

គណៈកម្មាធិការនេះមានសមាជិកគណបក្សប្រជាធិបតេយ្យប្រាំពីររូប ​និង​ពីរ​រូប​ដែល​ប្រឆាំង​នឹង​លោក​ Trump ​មកពីគណបក្សសាធារណរដ្ឋ។

ការ​វាយ​តម្លៃ​របស់​គណៈកម្មាធិការ​នេះ​និង​ការ​បញ្ជូន​ទៅ​ក្រសួង​មាន​លក្ខណៈ​ជា​និម្មិត​រូប​ប៉ុណ្ណោះ​ដោយ​ក្រសួង​យុត្តិធម៌​អាច​ឬ​មិន​អាច​ចាត់ការ​តាម​នោះ​ឡើយ​ដោយសារតែ​ឯករាជ្យភាព​របស់​ស្ថាប័ន​នីតិប្រតិបត្តិ​ពី​ស្ថាប័ន​នីតិបញ្ញត្តិ​ ប៉ុន្តែ​វា​អាច​ផ្តល់​កម្លាំង​រុញច្រាន​ដល់​ការស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​ដែល​កំពុង​បន្ត​លើ​លោក Trump ​និង​អ្នក​ផ្សេង​ទៀត​ដែល​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​រដ្ឋអាជ្ញា​ពិសេស លោក ​Jack Smith ​ដែល​ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ​ដោយរដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក Merrick Garland និង​រដ្ឋអាជ្ញា​នៅ​រដ្ឋ Georgia៕

XS
SM
MD
LG