«រដូវ​ផ្ការីក​នៅ​កម្ពុជា‍» ​បង្ហាញ​ពី​ការតស៊ូ​ទាមទារ​កម្មសិទ្ធិ​ដីធ្លី​ទល់​នឹង​អ្នកមាន​អំណាច

«A Cambodian Spring» គឺខ្សែភាពយន្ត​ឯកសារ​មួយ​បង្ហាញ​អំពី​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​បង្ក​ឲ្យ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​រឹបអូស​ដីធ្លី​ជា​បន្តបន្ទាប់ ដែល​ត្រូវបាន​ផលិត​ដោយ​លោក Chris Kelly អ្នក​យក​ព័ត៌មាន​ជនជាតិ​អង់គ្លេស។ (រូបថត​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​របស់ A Cambodian Spring)

«សហគមន៍​បឹង​កក់​គឺ​ជា ​ការ​ពិត​ណាស់​ វា​ជា​កន្លែង​ដែល​បណ្តេញ​ពលរដ្ឋ​ចេញ​ដ៏​ធំ​ជាងគេបំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់​តាំងពី​ក្រោយ​ពេល​ដែល​ប៉ុលពត​បាន​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ទីក្រុង​ក្នុង​ឆ្នាំ​១៩៧៥។ មាន​ពលរដ្ឋ​ជាង​២០.០០០នាក់​ត្រូវ​បាន​បណ្តេញចេញ​ ដូច្នេះ​វាជាសំណុំរឿង​ដ៏​ល្បី​មួយ​នៅ​កម្ពុជា​។»

[កំណត់​និពន្ធ៖ ខ្សែភាពយន្តរឿង ​‍«រដូវ​ផ្ការីក​នៅ​កម្ពុជា‍» (A Cambodian Spring)​ រៀបរាប់​ពី​ការតស៊ូ​ទាមទារ​របស់​ជនរងគ្រោះ​ដោយសារ​ការរឹបអូស​ដីធ្លី​ដើម្បី​ទទួលបាន​កម្មសិទ្ធិ​ស្របច្បាប់។ ផលិតករ​ភាពយន្ត​បាន​ចំណាយ​ពេល​៦ឆ្នាំ​តាម​ថត​សកម្មភាព​តវ៉ា​របស់​ពលរដ្ឋ​រងគ្រោះ​នៅ​តំបន់​បឹងកក់​ក្នុង​រាជធានី​ភ្នំពេញ​ និង​តំបន់​ដទៃ​ទៀត​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​មាន​ថត​ពី​សកម្មភាព​ព្រះតេជគុណ​លួន សូវ៉ាត​ ដែល​ជា​ព្រះសង្ឃ​ប្រើ​ប្រាស់បណ្តាញ​ព័ត៌មាន និង​ការប្រៀនប្រដៅ​តាម​បែប​សាសនា​ដើម្បី​ជួយ​ការពារ​សិទ្ធិ​មនុស្ស​ផង​ដែរ។​ លោកម៉ែន គឹមសេង​នៃ​ VOA ​បាន​សម្ភាស​លោក​ Chris Kelly (គ្រីស ​ខេលលី) ជា​ផលិតករ​ និង​អ្នកនិពន្ធ​នៃ​ភាពយន្ត​ឯកសារនេះ]

VOA៖ សូមជម្រាបសួរលោកគ្រីស!

Chris៖ ជម្រាប​សួរ​លោក​គឹម​សេង។ តើ​សុខសប្បាយ​ទេ?

VOA៖ ខ្ញុំ​សុខសប្បាយ​ទេ។ សូម​អរគុណ​ច្រើន​ដែល​យល់ព្រម​ផ្តល់​បទសម្ភាសន៍​ដល់​ខ្ញុំ។ ខ្សែ​ភាពយន្ត​របស់​លោក​ដែល​មាន​ចំណងជើង​ថា​«រដូវ​ផ្ការីក​នៅ​កម្ពុជា‍» ​នឹង​ដាក់បញ្ចាំង​ជា​លើក​ដំបូងនៅ​ទីក្រុង​តូរ៉ុនតូ (Toronto) ​ប្រទេស​កាណាដា។ តើ​លោក​ចំណាយពេល​ប៉ុន្មាន​ដែរ​ដើម្បី​ថត​ខ្សែភាពយន្តនោះ?​

Chris៖ ជាបឋម​សូមអរគុណ​ដែល​អញ្ជើញខ្ញុំ​ចូលរួម​ក្នុង​កម្មវិធី​របស់​លោក។ ខ្ញុំ​ត្រេកអរ​ដែល​ចូលក្នុង​កម្មវិធី​នេះ។ យើង​ចំណាយ​ពេល​៩ឆ្នាំ​ដើម្បី​ផលិត​ភាពយន្ត​នេះ​។ ដំបូងខ្ញុំ​បានដឹង​ប្រធានបទ​សាច់​រឿងនេះ​នៅឆ្នាំ​២០០៨។ ខ្ញុំ​ខិតខំ​រក​ថវិកា​ដើម្បី​ថត​ដែល​ត្រូវ​ចំណាយពេល​ប្រហែល​មួយ​ឆ្នាំ​ហើយ​ បន្ទាប់មក​ខ្ញុំ​បាន​ទៅប្រទេស​កម្ពុជានៅ​ខែ​មិថុនា​ ឆ្នាំ​២០០៩។ ខ្ញុំ​តាម​ថត​ក្រុមសកម្មជន​ដែល​នៅក្នុង​ភាពយន្ត​ឯកសារ​នេះ​រហូតដល់​ឆ្នាំ​២០១៥។ យើង​ចំណាយ​ពេល​ប្រហែល​មួយឆ្នាំ​កន្លះ​ដើម្បី​កាត់​ត​បញ្ចប់​។​

VOA៖ ពិតជា​ចំណាយ​ពេល​យូរ​ហើយ​មាន​ការប្តេជ្ញា​ចិត្ត​ខ្ពស់​មែន។ ខ្សែភាពយន្ត​ផ្តោតខ្លាំង​ទៅ​លើ​ព្រះតេជគុណ​លួន សូវ៉ាត​ និង​សកម្មជន​ដីធ្លី​ដូចជា​អ្នកស្រី​តុល ស្រីពៅ​ និង​អ្នកស្រី​ទេព វន្នី​។ តើ​ហេតុអ្វី​បាន​ជា​ លោកសម្រេចផ្តោតលើ​តួអង្គ​ទាំងបី?

Chris៖ ​បាទ​ពេល​ដែល​ខ្ញុំ​ទៅដល់​ប្រទេស​កម្ពុជា​ខ្ញុំ​បាន​ស្នាក់នៅ​ទីក្រុង​ភ្នំពេញ​ហើយ​ខ្ញុំ​រកមើល​ព័ត៌មាន​ពី​សិទ្ធិ​ដីធ្លី​ និង​ការបណ្តេញ​ចេញ​ដោយបង្ខំ។ ពេលដែល​ខ្ញុំ​ទៅកន្លែង​សន្និសីទ​សារព័ត៌មាន​មួយ​ខ្ញុំ​ឃើញ​ព្រះសង្ឃ​មួយ​អង្គ​ថតអ្នកចូលរួម​ដោយ​កាម៉េរា​ណូគៀ ​ហើយ​អ្នកបកប្រែ​របស់​ខ្ញុំ​ក៏​ណែនាំ​ឱ្យ​ស្គាល់​ដែល​នោះ​គឺ​ព្រះតេជគុណ​លួន សូវ៉ាត។ នៅពេលនោះ​មិន​សូវមានគេ​ស្គាល់​ព្រះអង្គ​ទេ​ហើយ​ព្រះអង្គ​ធ្វើការ​ជាមួយនឹង​សហគមន៍​ជីក្រែង​ ខេត្ត​សៀមរាប។ ខ្ញុំ​ក៏បាន​ទៅដល់​កន្លែង​ព្រះអង្គ​ហើយ​សម្រេច​ចិត្ត​ថា​ នឹង​ថត​ព្រះអង្គ​ដោយសារ​ព្រះអង្គ​ជា​សង្ឃ ហើយ​ចូលរួម​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ដីធ្លី​ដើម្បី​ជួយ​សហគមន៍​ និង​សាច់ញាតិ​របស់​ព្រះអង្គ​ដែល​មាន​បញ្ហា​ដែរ។ រីឯ​នៅ​សហគមន៍​បឹង​កក់​គឺ​ជា ​ការ​ពិត​ណាស់​ វា​ជា​កន្លែង​ដែល​បណ្តេញ​ពលរដ្ឋ​ចេញ​ដ៏​ធំ​ជាងគេបំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់​តាំងពី​ក្រោយ​ពេល​ដែល​ប៉ុលពត​បាន​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ទីក្រុង​ក្នុង​ឆ្នាំ​១៩៧៥។ មាន​ពលរដ្ឋ​ជាង​២០.០០០នាក់​ត្រូវ​បាន​បណ្តេញចេញ​ ដូច្នេះ​វាជាសំណុំរឿង​ដ៏​ល្បី​មួយ​នៅ​កម្ពុជា​។ ដូច្នេះ​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​បឹងនោះ​ដើម្បីជួប​អ្នកពាក់​ព័ន្ធ​នឹង​ការ​តវ៉ា​ហើយ​ពេលនោះខ្ញុំ​ជួប​នឹង​អ្នកស្រី​តុល ស្រីពៅ ​និង​អ្នកដទៃ​ទៀត​ដូចជា​ឃុនចាន់ថា ​និង​យាយម៉ាមី។ នៅពេល​នោះ​មាន​អ្នកស្រី​លីមុំ​ផងដែរ​។ បន្ទាប់​មក​មានអ្នកស្រី​ទេពវន្នី​។ ដូច្នេះ​ខ្ញុំ​បាន​ថត​ពួកគេ​ទាំងអស់​គ្នា។

VOA៖ ពិតជា​គួរ​ឱ្យ​ចាប់​អារម្មណ៍​មែន។ ខ្ញុំ​នឹង​ត្រឡប់​មក​សាកសួរ​ពី​ព្រះតេជគុណ​លួន​ សូវ៉ាត​នៅពេលក្រោយ​ ប៉ុន្តែ​ចង់​ផ្តោត​លើ​បញ្ហា​ថា ​កត្តា​អ្វី​ដែល​ផ្លាស់ប្តូរ​ស្ត្រី​មេផ្ទះ​ទាំង​នោះ ​ឲ្យ​ក្លាយ​ជា ​សកម្មជន​ដីធ្លី?

Chris៖ នេះ​គឺ​ជា​ សំណួរ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ណាស់។ ជាការពិត​បើ​លោក​មើល​លើ​ការតវ៉ា​ពី​សិទ្ធិ​ដីធ្លី​វា​ស្ទើរតែ​ក្លាយជា​ចលនា​តវ៉ា​ថ្នាក់​ជាតិ​មួយ។ នៅពេល​ពួកគេ​ចាប់​ផ្តើម​ពួកគេ​មិន​ដឹង​ថា​ ត្រូវ​ទំនាក់​ទំនង​អ្នកកាសែត​ ​អង្គការ​ក្រៅរដ្ឋាភិបាល​ជាតិ​ និង​អន្តរជាតិ​យ៉ាង​ណា​ទេ​ ដើម្បី​សង្គ្រោះ​ផ្ទះ​របស់​ពួកគេ។ ខ្ញុំ​គិតថា​ជាដំបូង​គឺ​ ពួកគេ​ចង់បាន​បន្ត​ស្នាក់​នៅ​ផ្ទះ​របស់​គេ​ ឬក៏​ទទួល​បាន​សំណង​សមស្រប​តាម​តម្លៃ​ទីផ្សារ​ដើម្បី​អាច​ទិញ​ផ្ទះ​ថ្មី​នៅកន្លែង​ផ្សេង​នៅទីក្រុង​ភ្នំពេញ។ ពួកគេ​តែង​តែ​និយាយ​ថា ​គេ​មិន​ដែល​ប្រឆាំង​នឹង​ការអភិវឌ្ឍ​ទេ​ ប៉ុន្តែ​ការអភិវឌ្ឍ​ដែល​មាន​ការចូលរួម​ពី​គ្រប់​ភាគី​គឺ​មិនមែន​មក​បំផ្លាញ​ទេ។

នៅថ្ងៃ​ទី​ ២៧​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៧​ ក្រុម​ស្ត្រី​នៅ​សហគមន៍​បឹង​កក់​ និង​សហគមន៍​ផ្សេង​ទៀត​ប្រមាណ​ជាង​ ២០​នាក់​ ដើរ​ចេញ​ពី​សាលា​ឧទ្ធរណ៍​ ឆ្ពោះទៅកាន់​តុលាការ​កំពូល ក្រោយ​ការ​តវ៉ា​ឲ្យ​ដោះ​លែង​អ្នកស្រី​ ទេព​ វន្នី​ សកម្មជន​ដីធ្លី​នៅ​សហគមន៍​បឹងកក់​។(ហ៊ុល រស្មី/VOA)

VOA៖ ខ្ញុំ​ដឹង​ថា​ លោក​នៅ​កៀកនឹង​ព្រះសង្ឃ​ និង​សកម្មជន​ដីធ្លី​ក្នុង​ពេល​ផលិត​ខ្សែភាពយន្ត​នេះ​ ហើយ​បាន​ឃើញ​ដោយផ្ទាល់ពី​ការ​គំរាមកំហែង​បំភិតបំភ័យ។ តើ​លោក​មានអារម្មណ៍យ៉ាង​ម៉េច​ដែរ ដែល​បាន​ជួប​ហេតុការណ៍​ដោយ​ផ្ទាល់​ដូចនេះ?

Chris៖ ជា​ការពិត​ដោយសារ​តែ​ខ្ញុំ​ជា​មនុស្ស​ក្រៅ​សហគមន៍​ ស្ថានភាព​វាមិន​តានតឹង​សម្រាប់​ខ្ញុំ​ដូច​សម្រាប់​អ្នក​សហគមន៍​ទេ​។ ខ្ញុំ​មាន​កិត្តិយស​ណាស់​ ដែល​ទទួលបាន​ការ​អនុញ្ញាត​ឱ្យ​ថត​អ្នកស្រី​ ស្រីពៅ និង​ទេពវន្នី និង​សហគមន៍​ទាំងមូលក្នុងពេល​ដែល​ពួកគេ​ជួបប្រទះ​បញ្ហា​លំបាក​ទាំង​នេះ ការតវ៉ា​និងការបណ្តេញចេញ​ដោយបង្ខំ​។ ខ្ញុំ​ដឹងថា ​វាជាបទពិសោធន៍​ដ៏​លំបាក​ ប៉ុន្តែខ្ញុំ​គិតថា​ វត្តមានខ្ញុំ​នៅទីនោះ​ ហើយធ្វើ​ជាសាក្សី​ និងមានកាម៉េរា​ ដែល​អាច​ថត​ពីសកម្មភាព​ទាំងនោះ​ដើម្បី​បង្ហាញ​ពីអ្វីដែល​បាន​កើត​មានឡើង​ហើយ​យក​មកបញ្ចាំង​ជា​ឯកសារ​នៅក្នុងពេល​អនាគត​ នោះគឺជា​រឿង​ដ៏​មាន​សារៈប្រយោជន៍។ ខ្ញុំ​ជឿ​ថា​ ដោយ​ហេតុនេះ​ហើយ​បានជា​សហគមន៍ ​បឹង​កក់​យល់ព្រម​អនុញ្ញាត​ឱ្យ​ខ្ញុំ​ថត​ ហើយ​អាច​និយាយ​ពី​រឿង​របស់​គេ​ប្រាប់​ទៅ​ខាង​ក្រៅ​បាន។

VOA៖ ដោយសារតែ​ការ​លះបង់ ​និង​ការ​ខិត​ខំប្រឹង​ប្រែង​របស់​លោក​គឺ​ ពិភពលោក​នឹង​អាចមើល​ខ្សែភាព​យន្ត​ដ៏ល្អ​អស្ចារ្យ​នេះ​ក្នុងពេល​ឆាប់ៗនេះ។ គណបក្សប្រឆាំង​ក៏​បាន​ទទួលដឹង​ឮ​ពីការ​លំបាក និង​ការទាមទារ​រកយុត្តិធម៌​របស់​ពួកគេ​ ហើយ​រដ្ឋាភិបាល​ក៏​ខិត​ខំ​ស្វែងរក​ដំណោះស្រាយ​សមស្រប​ដល់​ពួកគេ​។ ប៉ុន្តែ​តើ​ហេតុអ្វី​ក៏​បញ្ហា​នេះ​អូសបន្លាយ​យូរម្ល៉េះ?

Chris៖ នេះ​គឺជា​ សំណួរ​ដ៏លំបាកខ្ញុំ​គិត​ថា​ យើង​អាច​នឹង​ចំណាយពេល​មួយថ្ងៃ​និយា​យពី​បញ្ហា​នេះ​ក៏​បាន​ដែរ​ព្រោះ​តាមពិត​ទៅ​បញ្ហាគឺ​ នៅត្រង់ថា ​អ្វី​ទៅ​ជា​គោលនយោបាយ​ពិតប្រាកដ​របស់​រដ្ឋាភិបាល​? តើ​គោលដៅ​អភិវឌ្ឍន៍​យ៉ាងម៉េចដែលពួកគេ​ចង់​បាន? តើ​អ្វី​ទៅជាតួនាទី​របស់​សហគមន៍​អន្តរជាតិ​ និង​ស្ថាប័ន​ដូចជា​ ធនាគារពិភពលោក​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា? ខ្ញុំ​គិត​ថា​ វា​នៅ ​តែ​បន្ត​ដដែល​ព្រោះ​គ្មាន​ដំណោះស្រាយ​ណា​ ដែល​ជា​ទីពេញចិត្ត​នៅឡើយទេ​ ឬក៏​មាន​ចេតនា​ក្នុ​ង​ចំណោម​រដ្ឋាភិបាល​ និង​អ្នក​អភិវឌ្ឍន៍​ក្នុង​ការ​ផ្តល់​ដំណោះស្រាយ​ជាទីពេញចិត្ត​សម្រាប់​សហគមន៍​ទេ។ ពលរដ្ឋ​ថា​ ពួកគេ​នឹង​សប្បាយ​រីករាយ​ ប្រសិន​បើ​គេ​ទទួលបាន​សំណង​គួរ​ជាទីពេញចិត្ត​ ប៉ុន្តែ​ហាក់​មិន​ទទួល​បានទេ ​ទាំងក្រុមហ៊ុន ​ហាក់​ដូច​ជា​សហការ​ជាមួយ​នឹង​រដ្ឋាភិបាល​និង​សាលាក្រុង​ដើម្បី​បំបែក​និង​ត្រួតត្រា​លើ​អ្វី​ដែល​សហគមន៍​នៅ​សេសសល់​បន្តិច​បន្តួច​ ហើយ​ព្យាយាម​ចាប់​យក​ដី​នោះ​ឱ្យ​បានច្រើន​តាម​គេ​អាច​ធ្វើ​បាន​ ពីព្រោះ​ដីនោះ​មានតម្លៃ​ខ្លាំង​ណាស់។ បញ្ហា​មួយ​នៅ​ប្រទេស​កម្ពុជា​គឺ​ដី​នៅទីក្រុង​ភ្នំពេញ​មាន​តម្លៃ​ខ្លាំង​ណាស់​អីចឹង​ហើយ​ក្រុមហ៊ុន​មិន​ចង់​ផ្តល់​តម្លៃ​សមស្រប​ដល់​ម្ចាស់ដី​ទាំងនោះទេ។

VOA៖ ជាការគួរឱ្យ​ចាប់​អារម្មណ៍​ណាស់​ដែល​លោក​និយាយពី​យុទ្ធសាស្រ្ត​បំបែកនិងគ្រប់គ្រង​ ដែល​គេបាន​ប្រើ​រាប់​ពាន់ឆ្នាំ​មក​ហើយ​នៅក្នុង​យុទ្ធសាស្រ្ត​យោធា ​នយោបាយ​ ហើយ​ឥឡូវ​គេ​យក​មកប្រើ​នៅក្នុង​បញ្ហា​កម្មសិទ្ធិ​ដី​ធ្លី​ទៀត។ លោក​ក៏​បាន​បង្ហាញ​ក្នុង​ខ្សែភាព​យន្ត​របស់​លោក​ពី​ការបែកបាក់​ក្នុង​ចំណោម​សកម្មជន​ដីធ្លី ។ ពី​ដំបូង​សកម្មជន​តុល ស្រី​ពៅ​ជាអ្នក​ដែល​ដើរប្រមូល​មនុស្ស​រួមទាំង​ប្រមូល​អ្នកស្រីទេព វន្នី ​ប៉ុន្តែ​ហេតុអ្វី​បាន​ជា​គាត់​បោះបង់​លែង​តស៊ូ​ហើយ​រហូតដល់​វាយតប់​គ្នាទៀត?

Chris៖ ខ្ញុំ​មិន​ច្បាស់​ថា​យើងនឹង​ដឹង​ពី​ហេតុផលពិតប្រាកដទេ​ថា​ហេតុអ្វី​បាន​ជាក្រុម​សកម្មជន​ចាប់ផ្តើម​វាយគ្នា​ឯង​។ វាកើតឡើង​នៅទូទាំងពិភពលោក​ពេលដែល​ពាក់​ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​គឺ​មិន​មែន​តែនៅក្នុង​ប្រទេស​កម្ពុជា​ទេ។ ដូចលោក​បាន​និយាយ​អីចឹង​ថា​យុទ្ធសាស្រ្ត​បំបែក​និង​គ្រប់​គ្រងនេះ​ត្រូវ​បាន​គេ​យក​មកប្រើ​ជាច្រើនពាន់ឆ្នាំ​មកហើយ។ វាគឺជាលទ្ធផល​នៃ​អ្វី​ដែលបាន​កើតមាន​ឡើង​នៅពេល​ដែលក្រុម​ត្រូវ​បង្ខំ​ចូលរួមជាមួយ​គ្នា​ដើម្បី​សាមគ្គី​ដើម្បី​ប្រយុទ្ធទល់នឹង​សត្រូវ​ធំជាងឬ​អង្គការ​ដែល​ធំជាង​។ ហើយ​នេះ​គឺជា​អ្វី​ដែលពិបាកក្នុងការ​សម្រេច​បាន​ក្នុងការ​រក្សា​សាមគ្គីភាព​ហ្នឹង​។ នៅទីបំផុត​វា​អាស្រ័យលើ​ការចង់បាន​របស់​បុគ្គលនោះ​ និង​ការភ័យខ្លាចផ្ទាល់ខ្លួន និង​តម្រូវ​ការ​ដែល​កើត​ឡើង​ខុសពី​ការចង់​បាន​របស់​ក្រុមធំ។ ដូច្នេះ​នេះប្រហែលជាអ្វី​ដែលបាន​កើតមានឡើង​នៅក្នុង​ករណីនេះ។ អ្នកស្រី​ស្រី​ពៅ​ក្លាយ​ជា​ជន​រងគ្រោះ​នៃការ​ផ្សាយ​ពាក្យ​ចចាមអារ៉ាមរបស់​សមាជិកដទៃ​ទៀត​នៅក្នុង​សហគមន៍​ ឬក៏ស្រីពៅ​ទទួល​យក​ការផ្តល់ជូន​ពីរដ្ឋាភិបាល​។ ខ្ញុំ​ដឹង​ថា​ មកដល់​សព្វថ្ងៃនេះ​បើទោះបីជា​អ្នកស្រី​ទទួល​យកការផ្តល់​ជូននោះក៏​មិន​ទាន់​បាន​ទទួលដែរ​ដោយសារតែ​អ្នកស្រី​រស់នៅផ្ទះ​ដដែល​ ហើយ​ទ្រាំរស់​យ៉ាងត្រដាបត្រដួស​។ អាច​ថា​អ្នកស្រី​លំបាក​ប្រឈមនឹង​ការតវ៉ាដែល​កើតឡើង​ស្ទើរតែ​រាល់ថ្ងៃ​ដូច្នេះ​ត្រូវ​តែ ត្រឡប់​មក​គ្រួសារវិញ​ ដែល​អ្នកស្រី​មានអារម្មណ៍​ថា​ខ្លួន​មិនបាន​យក​ចិត្ត​ទុកដាក់​។ វាជាការ​ពិបាក​រកចម្លើយ​ពិតប្រាកដ​ណាស់​ ប៉ុន្តែ​វាជារឿង​កើត​ឡើង​នៅ​គ្រប់​កន្លែង​ទាំងអស់​នៅ​លើ​ពិភពលោក​មិនមែន​តែ​កម្ពុជា​ទេ។

VOA៖ មុន​នេះ​លោក​ក៏បាននិយាយ​ពី​ដំណោះស្រាយ​គួរជាទីពេញចិត្ត។ គោលបំណងរបស់​ក្រុមអ្នក​តវ៉ា​គឺ​ដើម្បី​ទាមទារសិទ្ធិដីធ្លី។ ពួកគេ​ភាគច្រើន​បាន​ទទួល​ប្លង់កម្មសិទ្ធិ​ដី ក្នុង​នោះមានទាំងអ្នកស្រី​ទេពវន្នី​ផងដែរ​។ ប៉ុន្តែ​គាត់​នៅតែ​បន្ត​ការតវ៉ា ហើយ​ឥឡូវនេះ​គាត់​កំពុងជាប់ពន្ធនាគារ។ ហេតុអ្វីបាន​ជា​គាត់​នៅ​បន្តការតវ៉ា?

Chris៖ ខ្ញុំ​គិត​ថា​ នៅពេល​ណាដែល​យើង​តវ៉ា​ជាក្រុម​ ហើយ​មាន​សមាជិកខ្លះ​ទទួលបាន​លទ្ធផល​គួរ​ជា​ទីពេញចិត្ត​ខ្លះ​ ហើយ​អ្នកខ្លះ​ទៀតមិន​ទទួលបាន​។ តើ​យើង​អាច​ដើរ​ចោលក្រុមយើង​យ៉ាងម៉េចនឹងបាន? ខ្ញុំ​គិត​ថា​នេះ​ គឺជា​រឿង​ត្រឹមត្រូវ​នៅពេល​ណា​ដែល​អ្នក​តវ៉ា​ជាសហគមន៍​ដើម្បី​ទាមទារ​សិទ្ធិ​សមាជិក​សហគមន៍​ទាំងមូល​។ អីចឹង​អ្នក​ត្រូវ​តែ​បន្ត​ការតវ៉ា​រហូតទាល់​តែ​សមាជិកគ្រប់​គ្នា​ទទួល​បាន​អ្វី​តាម​សិទ្ធិ​ដែល​គេ​គួរ​ទទួលបាន។ ខ្ញុំ​គិត​ថា​នេះគឺជា​ការ​គួរ​ឱ្យ​យល់​បាន។

រូបឯកសារ៖ អ្នក​ស្រី​ទេព​ វន្នី​ ​សកម្ម​ជន​ការ​ពារ​ដីធ្លី​ ​នៅ​តុលាការ​កំពូល​នាព្រឹក​ថ្ងៃ​ពុធ​ ទី​ ១៨​ ខែ​ មករា​ ឆ្នាំ​ ២០១៧​។ (ហ៊ុល រស្មី/VOA)

VOA៖ សូមត្រឡប់​មក​ព្រះតេជគុណលួន សូវ៉ាតវិញ។ ព្រះអង្គ​នៅបន្តថត​វីដេអូ​ពីការតវ៉ា​បើ​ទោះបីជា​មាន​ការ​គំរាម​កំហែង​ជាច្រើន​និង​ការ​បណ្តេញ​ចេញ​ពី​ទីអារ៉ាម។ តើ​លោក​គិត​ថា​ ព្រះអង្គនឹង​បញ្ឈប់​សកម្មភាព​ទេ​នៅថ្ងៃ​ណាមួយ?

Chris៖ ទេខ្ញុំ​មិនគិត​ថា​ ព្រះតេជគុណ​លួន សូវ៉ាតនឹង​ឈប់​ដោយ​ព្រះអង្គឯងទេ។ ប្រហែល​ជា​មាន​អ្នកផ្សេង​ព្យាយាម​បញ្ឈប់​ព្រះអង្គ ប៉ុន្តែ​ព្រះអង្គ​នៅតែ​រក្សា​ជំហរ​ដូចដើម។ ព្រះអង្គមិនដែល​ដឹកនាំបាតុកម្ម​ទេ។ ព្រះអង្គនៅតែ​បន្ត​ថត​សកម្មភាព​បាតុកម្ម​នៅពេល​ដែល​មានកើត​មានឡើង​។ ព្រះអង្គ​តែងតែ​បញ្ជូល​ការអប់​រំ​តាមបែបព្រះពុទ្ធ​សាសនា​ថា​អ្វីទៅ​ជា​សិទ្ធិ​របស់​អ្នកការពារសិទ្ធិ​មនុស្ស។ ខ្ញុំ​គិត​ថា​ព្រះអង្គនៅតែ​រក្សា​ជំហរ​នេះ​បាន​ប្រកបដោយ​សុចរិត​ភាព។

VOA៖ បើ​តាម​ទស្សនៈរបស់​លោក​ដែល​ជាអ្នក​ពីខាងក្រៅ​តើ​ព្រះអង្គ​លួន សូវ៉ាត​ធ្វើ​កិច្ចការ​នេះ​ត្រឹមត្រូវ​ទេ? ពីព្រោះ​នៅក្នុងភាពយន្ត​របស់​លោក​ពីខាងដើម​មានក្រុមអ្នកតវ៉ា​បាន​សរសើរ​ព្រះអង្គដែលបាន​និមន្ត​ទៅសួរសុខទុក្ខពួកគេ​ និង​ថត​សកម្មភាព​តវ៉ា​របស់​ពួកគេ។ ប៉ុន្តែ​នៅ​ជិតបញ្ចប់​នៃភាពយន្តនេះ​គឺ​ពួកគេ​រិះគន់​ព្រះអង្គ។ សូម្បី​តែ​អ្នកស្រី​តុល ស្រីពៅ​ក៏​បាន​និយាយ​ថា​ ព្រះអង្គគួរតែ​គង់​នៅវត្តវិញនោះ?

Chris៖ នេះគឺជាអ្វីដែល​រដ្ឋាភិបាល​តែងតែ​រិះគន់​ដល់​ព្រះសង្ឃសកម្ម​ថា​ ទីកន្លែង​របស់​ព្រះសង្ឃគឺ ​មិនមែន​នៅ​ក្នុង​សហគមន៍​ទេ​គឺ​នៅ​ឱ្យស្ងៀមក្នុងវត្ត​ ហើយ​សូត្រធម៌​។ តាមពិតទៅ​ការរិះគន់​នេះ​ផ្ទុយពីការប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​ ​និងអ្វីដែល​ព្រះមហាឃោសនន្ទដា​បាន​មាន​ថេរៈដីកា​ថា​តួនាទីព្រះសង្ឃគឺ​ មកជួយសហគមន៍​មិនមែននៅស្ងប់ស្ងៀមនៅក្នុង​វត្ត​ទេ។ ខ្ញុំ​គិត​ថា​ព្រះតេជគុណលួន សូវ៉ាត​កំពុង​តែ​បដិបត្តិ​តាម​គន្លង​នេះហើយ។

VOA៖ ត្រឡប់មកខ្សែភាពយន្តរបស់​លោក​វិញ​មានរូបភាព​ខ្លះ​គឺ​ ថត​ដោយ​កាម៉េរា​លាក់មិន​ឱ្យ​គេ​ដឹង។ តើ​លោក​រៀបចំ​ថត​យ៉ាង​ម៉េច? ឬក៏ជាវីដេអូគេផ្តល់ជូន?

Chris៖ រូបភាព​ជាច្រើន​ដែលលោក​មើលឃើញ​នៅក្នុង​ភាពយន្ត​ឯកសារនេះគឺ​ ថត​ដោយ​ព្រះតេជគុណ​លួន សូវ៉ាត។ រូបភាព​ខាងដើម​ដែល​មាន​សមាជិក​ក្រុមគ្រួសារ​របស់​ព្រះអង្គ​សម្រាក​នៅក្នុង​មន្ទីរពេទ្យ​ទទួល​ការព្យាបាល​របួស​ពីគ្រាប់​កាំភ្លើង​។ នៅក្នុង​ភាពយន្ត​នេះ​យើង​ឃើញ​រូបភាព​តវ៉ា​ជាច្រើន​ថតដោយ​ព្រះតេជគុណ​លួន សូវ៉ាត ​ដោយ​ប្រើប្រាស់​កាម៉េរាផ្សេងៗ។ រូបភាព​ថត​ដោយ​កាម៉េរា​លាក់​នោះគឺ ថត​ដោយ​ព្រះតេជគុណ​លួន សូវ៉ាត​ក្នុង​អំឡុងពេលដែលគេ​ចាប់​ព្រះអង្គក្នុង​ឆ្នាំ​២០១២។

VOA៖ តើ​លោក​មានព្យាយាម​សុំសម្ភាស​ម្ចាស់ក្រុមហ៊ុន​អភិវឌ្ឍន៍​ស៊ូកាគូអ៊ីនទេ?

Chris៖ យើង​បាន​ព្យាយាម​ដាក់​ពាក្យ​សុំសម្ភាស​ដែរ​ ប៉ុន្តែពួកគេ​មិន​ដែល​បាន​ឆ្លើយ​តប​មក​វិញ​ទេ។

VOA៖ រូបភាព​ជាច្រើន​គឺ​គេ​ធ្លាប់​ឃើញ​ ប៉ុន្តែ​តើ​លោក​មានបំណង​យកភាពយន្តនេះទៅផ្សាយ​ក្នុង​ប្រទេស​កម្ពុជា​ទេ?​ បើ​សិនជាមាន​បំណង​តើ​លោក​សង្ឃឹមថា​ នឹង​ទទួលបាន​ការអនុញ្ញាត​ ហើយ​មិន​ត្រូវ​បាន​ហាមឃាត់​ដូច​ខ្សែភាពយន្ត​ដទៃ​ទៀត​ស្តីពី​ការរំលោភសិទ្ធិ​មនុស្ស​ក្នុង​ប្រទេសកម្ពុជា?

Chris៖ ខ្ញុំ​ពិតជា ចង់​ដាក់​បញ្ចាំងខ្សែភាពយន្តនោះនៅក្នុង​ប្រទេស​កម្ពុជា​។ ខ្ញុំ​សង្ឃឹម​ថា​ រដ្ឋាភិបាល​នឹង​អនុញ្ញាត​ឱ្យ​ដាក់​បញ្ចាំង​។ យើង​នឹង​ដាក់សំណើជាផ្លូវការ​ដើម្បី​អាច​បញ្ចាំ​ង​បាន​នៅក្នុង​ពេល​អនាគត​។ សម្រាប់​ខ្ញុំ​គឺ​ វាជាការសំខាន់​ណាស់​ដែល​ទស្សនិកជនខ្មែរ​អាចមើល​ខ្សែ​ភាពយន្ត​នេះ​បាន​ដើម្បី​ឱ្យ​ពួកគេ​ដឹង​បាន​ពី​ព្រឹត្តិការណ៍ដែលបានកើត​មានឡើង​នៅក្នុង​ប្រទេស​កម្ពុជា​។ ខ្ញុំ​ក៏សង្ឃឹម​ថា​សហគមន៍ខ្មែរ​នៅ​ទូទាំងពិភពលោក​ដែលមានដូចជា​សហរដ្ឋ​អាមេរិក បារាំង​ ស្វីស ​និងកាណាដា​អាច​ទស្សនាភាពយន្តនេះ​បាន។ បើសិន​ជា​រដ្ឋាភិបាលបដិសេធ​គឺ​ យើងនឹង​រកវិធី​បញ្ចាំ​ង​ខ្សែភាពយន្ត​នេះ​តាម​មធ្យោបាយ​ផ្សេងៗ។

VOA៖ ចំណងជើង​ខ្សែភាពយន្ត​នេះ​គឺ​«រដូវផ្ការីកនៅកម្ពុជា‍» ​ដែល​ស្តាប់​ទៅស្រដៀងនឹង​បដិវត្តន៍​ «រដូវផ្ការីក​នៅអារ៉ាប់‍»។ តើ​លោក​គិត​ថា​ វា​អាច​នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ភ្ញាក់ផ្អើលទេ? ពីព្រោះ​ពួកគេ​ហាក់​ដូច​ជា​ភ័យព្រួយ​នឹង​ការធ្វើបដិវត្តន៍ពណ៌ខ្លាំងណាស់។ តើ​លោក​គិត​ថា ​វាអាច​ជាការបញ្ជូនសារ​ខុស​មួយ​ដល់​រដ្ឋាភិបាលទេ?

Chris៖ ខ្ញុំ​មិនគិត​ថា​វា គឺជាសារ​ខុស​មួយ​ទេ។ ភាពយន្តនេះ​មានចំណងជើង​ថា​«រដូវផ្ការីក​នៅ​កម្ពុជា‍» ដែល​ជាការបកស្រាយ​ផ្ទាល់ខ្លួន​របស់ខ្ញុំ។ វាមិនមែន​ជា​ការបញ្ជាក់​ថា​ មាន​បដិវត្តន៍​រដូវ​ផ្ការីក​នៅ​កម្ពុជា​ ឬ​ក៏​នឹង​មាន​បដិវត្តន៍​មួយ​ទេ។ នេះ​គ្រាន់​តែ​ជាបទពិសោធន៍​ពិត​ផ្ទាល់ខ្លួន​និង​កត្តា​សត្យានុម័ត​ដែល​ខ្ញុំ​បានចំណាយ​ពេល​៦ឆ្នាំ​ផលិតភាពយន្ត​ឯកសារនេះ។ ចំណងជើង​នេះ​មិនមាន​ន័យ​អ្វីលើស​ពីនេះទេ។

VOA៖ សូមអរគុណគ្រីសដែលបានពិភាក្សា​ជាមួយ​នឹង​វីអូអេ​ហើយ​សូមជូនពរ​លោក​ឱ្យ​មានសំណាង​ថែមទៀត។​

Chris៖ បាទសូមអរគុណ។ វាជាការរីករាយណាស់​។