ការ​វាយប្រហារ​គ្នា​នៅ​តែ​កើត​មាន​ឡើង​មុន​ពេល​បទ​ឈប់​បាញ់​គ្នា​ចូល​ជា​ធរមាន​នៅ​អ៊ុយក្រែន​

ក្បួន​យោធា​ឈប់​នៅ​លើ​ដង​ផ្លូវ​រវាង​ក្រុង​ Dabeltseve និង​ក្រុង​ Artemivsk ប្រទេស​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៥​។ ការ​វាយប្រហារ​គ្នា​នៅ​តែ​កើត​មាន​ឡើង​មុន​ពេល​បទ​ឈប់​បាញ់​គ្នា​ចូល​ជា​ធរមាន​នៅ​អ៊ុយក្រែន​។

នៅ​ថ្ងៃ​សៅរ៍​នេះ​មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែនរវាង​កង​កម្លាំង​រដ្ឋាភិបាល​អ៊ុយក្រែន​និង​ក្រុម​ទាមទារ​បំបែក​រដ្ឋ​លម្អៀង​ទៅ​ខាង​រុស្សី តែ​ប៉ុន្មាន​ម៉ោង​នៅ​មុន​ពេល​ចេញ​ការ​ចេញ​ជា​ធរមាន​នូវ​បទ​ឈប់បាញ់គ្នា​មួយ​ ដែល​មាន​គោលដៅ​បញ្ឈប់​ជម្លោះ​។​

បទ​ឈប់បាញ់គ្នា​នេះ​មាន​កំណត់​នឹង​ត្រូ​វអនុវត្ត​នៅ​ពាក់​កណ្តាល​អធ្រាត្រ​ថ្ងៃ​សៅរ៍​នេះ​ដែល​ត្រូវ​នឹង​ម៉ោង១០យប់​ម៉ោង​សាកល​នៅថ្ងៃ​សៅរ៍នេះ ក្នុង​ពេល​បី​បួន​ថ្ងៃ​ក្រោយ​ពី​ក្រុម​មេដឹកនាំ​នៃ​ប្រទេសអ៊ុយក្រែន រុស្សី​ បារាំង​និងអាល្លឺម៉ង់​បាន​យល់​ស្រប​គ្នា​ឲ្យ​មានការ​ឈប់​បាញ់គ្នានៅ​ក្នុងរដ្ឋធានី Minsk នៃប្រទេស​បេឡារុស​។​

គេរំពឹង​ថា​ ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.នឹង​ប្រជុំ​គ្នាគ្រា​មាន​អាសន្ន​នៅ​ថ្ងៃ​អាទិត្យ ដើម្បី​គាំទ្រ​បទ​ឈប់បាញ់គ្នា​នេះ។ក្រុម​អ្នកការទូត​អ.ស.ប.បាននិយាយ​ថា​ ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.ដែល​មាន​ប្រទេស​ជា​សមាជិក​១៥​នឹង​បោះឆ្នោត​អំពី​សេចក្តី​សម្រេច​ចិត្ត​មួយ​ ដែល​ត្រូវ​បាន​ព្រាង​ដោយ​ប្រទេស​រុស្សី​ក្នុង​ការអំពាវ​នាវ​ដល់​ភាគី​ទាំង​អស់​ឲ្យ​អនុវត្ត​កិច្ច​ព្រមព្រៀងនេះ។​

កាល​ពី​ថ្ងៃ​សុក្រ​ មាន​ការ​ប្រយុទ្ធ​គ្នាយ៉ាងខ្លាំងនៅ​ក្នុង​ប៉ែក​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​តំបន់​យុទ្ធសាស្ត្រ​សំខាន់​មួយ​នៅ​ជុំវិញ​ក្រុង Debatseve។​មាន​មនុស្ស​យ៉ាង​តិចណាស់​២៦​នាក់​បាន​ស្លាប់​ដោយ​មាន​រួម​បញ្ចូល​ទាំង​ក្រុម​ទាហាន​និង​ជន​ស៊ីវិល​អ៊ុយក្រែន​ផងដែរ។​

កាល​ពី​ថ្ងៃ​សុក្រ​ស.រ.អា.​បាន​ចោទ​ប្រកាន់​ប្រទេស​រុស្សី​ថា​ បាន​បញ្ជូន​គ្រឿង​អាវុធ​និង​ប្រដាប់ប្រដា​យោធា​ជា​ច្រើន​ទៅ​ឲ្យ​ក្រុម​យុទ្ធជន​លម្អៀង​ទៅ​ខាង​រុស្សីក្នុង​ផ្នែក​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន។

ប្រទេស​រុស្សី​បាន​បដិសេធ​ថា​ ខ្លួន​មិន​បាន​បញ្ជូន​ក្រុម​ទាហាន ឬ​គ្រឿង​អាវុធ​ឆ្លងកាត់​ព្រំដែន​ទៅ​ជួយ​ក្នុង​ការ​ប្រយុទ្ធ​នោះ​ទេ ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្សយ៉ាង​ហោច​ណាស់​៥.៤​០០​នាក់​ស្លាប់​ និងរាប់ពាន់​នាក់​ទៀត​រង​របួស​ចាប់តាំង​ពី​ពេល​ដែល​ក្រុម​ទាមទារ​បំបែក​រដ្ឋ​បាន​ធ្វើការ​បះបោរ​កាល​ពី​១០ខែ​កន្លង​ទៅ​នេះ​៕