រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden កំពុងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយជាផ្លូវការដើម្បីជាប្រយោជន៍ស្នូលសម្រាប់សន្តិសុខជាតិ។
កាលពីថ្ងៃទី០៣ ខែមិថុនាកន្លងទៅ លោកប្រធានាធិបតី Biden បានចេញសារាចរជាលើកដំបូងស្តីពីសន្តិសុខជាតិ ដោយបង្ហាញពីកិច្ចការប្រឆាំងនឹងអំពើពុករលួយ។
លោកប្រធានាធិបតីបានបញ្ជាក់នៅក្នុងសារាចររបស់លោកថា៖
«អំពើពុករលួយគំរាមកំហែងដល់សន្តិសុខជាតិ សមភាពសេដ្ឋកិច្ច និងកិច្ចប្រឹងប្រែងប្រឆាំងនឹងភាពក្រីក្រជាសាកល និងការអភិវឌ្ឍរបស់សហរដ្ឋអាមេរិក និងលទ្ធិប្រជាធិបតេយ្យផងដែរ។ ប៉ុន្តែតាមរយៈការទប់ស្កាត់ និងបង្ការអំពើពុករលួយប្រកបដោយប្រសិទ្ធភាព និងការបង្ហាញពីផលប្រយោជន៍នៃអភិបាលកិច្ចប្រកបដោយតម្លាភាព និងគណនេយ្យភាព យើងអាចធានាបាននូវផលប្រយោជន៍សំខាន់ៗសម្រាប់សហរដ្ឋអាមេរិក និងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យផ្សេងទៀត»។
មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោក Biden បានប្រាប់អ្នកសារព័ត៌មាននៅក្នុងការជជែកតាមទូរស័ព្ទដោយសង្ខេបថា សារាចររបស់លោកប្រធានាធិបតី Biden ជាការជូនដំណឹងជាផ្លូវការពីប្រធានាធិបតីថា «លោករំពឹងឱ្យក្រសួង និងទីភ្នាក់ងារថ្នាក់សហព័ន្ធដែលពាក់ព័ន្ធទាំងអស់បង្កើនការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយរបស់ខ្លួនតាមមធ្យោបាយជាក់លាក់បំផុត»។
មួយផ្នែក សារាចរនេះអំពាវនាវឱ្យមានការប្រយុទ្ធប្រឆាំងនឹងហិរញ្ញប្បទានខុសច្បាប់នៅក្នុងប្រទេស និងក្នុងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិគ្រប់ទម្រង់។ សារាចរនេះអំពាវនាវឱ្យក្រុមហ៊ុនសហរដ្ឋអាមេរិករាយការណ៍ពីម្ចាស់ទទួលផលរបស់ពួកគេទៅកាន់ក្រសួងហិរញ្ញវត្ថុ និងកាត់បន្ថយការសម្ងាត់ហិរញ្ញវត្ថុនៅក្រៅប្រទេស។
ការចុះបញ្ជីកម្មសិទ្ធិករដែលទទួលផលជាមួយនឹងក្រសួងហិរញ្ញវត្ថុមានបំណងធ្វើការហាមឃាត់ប្រកបដោយប្រសិទ្ធភាពលើទ្រព្យសម្បត្តិខុសច្បាប់ពីការលាក់បាំងដោយប្រើប្រាស់ក្រុមហ៊ុនស្រមោលដែលលាក់ឈ្មោះ។
មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោក Bidenដែលនិយាយទៅកាន់អ្នកសារព័ត៌មានដោយសុំមិនបញ្ចេញឈ្មោះបានទទួលស្គាល់ថា៖
«វាជាការសន្យាដ៏ធំធេងមួយ។ យើងធ្លាប់ឃើញឧទាហរណ៍ជាច្រើនអស់ជាច្រើនឆ្នាំមកហើយ ដែលផលបានពីអំពើពុករលួយត្រូវបានគេបង្វែតាមរយៈក្រុមហ៊ុនស្រមោល និងហូរចេញពីតំបន់ទីក្រុងសំខាន់ៗក្នុងសហរដ្ឋអាមេរិកទៅក្រៅប្រទេសដើម្បីជាប្រយោជន៍ដល់អ្នកដែលមានបំណងអាក្រក់ទាំងនោះ។ ដូច្នេះ យើងត្រូវចាត់វិធានការបន្ថែមដើម្បីធ្វើឱ្យប្រាកដថា ការណ៍នេះមិនកើតឡើងនាពេលអនាគតនោះទេ»។
ច្បាប់នៅសហរដ្ឋអាមេរិក និងប្រទេសជឿនលឿនផ្សេងទៀតដែលអនុញ្ញាតឱ្យលុយពុករលួយអាចឆ្លងកាត់ប្រព័ន្ធហិរញ្ញវត្ថុបានគឺជា«បញ្ហាដ៏ធំមួយ»។ នេះបើយោងតាមលោក Gary Kalman នាយកអង្គការតម្លាភាពអន្តរជាតិប្រចាំសហរដ្ឋអាមេរិក។
លោក Kalman បានប្រាប់VOAថា៖
«សហរដ្ឋអាមេរិកគួរតែជាប្រទេសបើកចំហ និងស្អាតស្អំ ប៉ុន្តែប្រាក់ខុសច្បាប់កាន់តែច្រើនប្រហែលហូរឆ្លងកាត់សហរដ្ឋអាមេរិកជាងប្រទេសផ្សេងៗទៀតនៅលើភពផែនដីនេះ»។
លោក Kalmanបន្តថាអង្គការតម្លាភាពអន្តរជាតិនឹងតាមដានមើលថាតើនឹងមានវិធានការតឹងរ៉ឹង «ដែលពិតជាអាចបង្ការប្រាក់កខ្វក់ដែលហូរចូលទៅក្នុងប្រព័ន្ធសហរដ្ឋអាមេរិក ឬក៏តើពួកគេនឹងចេញវិធានការអន់ៗ និងអនុញ្ញាតឱ្យការគេចវេះកើតមានបន្តទៀត?»។
យុទ្ធនាការរបស់លោកប្រធានាធិបតី Biden នឹងមានភាពស្មុគស្មាញដោយសារតែកំណើនយ៉ាងខ្លាំងក្នុងការប្រើប្រាស់រូបិយបណ្ណ crypto ដែលងាយស្រួលដោះដូរ រួមទាំងការបង់ប្រាក់លោះទៅឱ្យឧក្រិដ្ឋជនតាមអ៊ីនធឺណិត ដែលលួចចូលក្រុមហ៊ុនដែលងាយរងគ្រោះ និងដែលជារឿយៗយកហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាមេរិក និងប្រទេសដទៃទៀតជាគោលដៅ។
លោក Charles Kupchan អ្នកស្រាវជ្រាវជាន់ខ្ពស់នៅក្រុមប្រឹក្សាទំនាក់ទំនងបរទេស និងជាសាស្ត្រាចារ្យកិច្ចការអន្តរជាតិនៅសាកលវិទ្យាល័យ Georgetown បាននិយាយថា៖
«រូបិយបណ្ណ crypto អនុញ្ញាតឱ្យហិរញ្ញប្បទានខុសច្បាប់ជាច្រើនកើតមានឡើង ដូច្នេះខ្ញុំគិតថា គោលដៅទី១គឺត្រូវព្យាយាមបង្ក្រាបលើការគំរាមកំហែងប្រចាំថ្ងៃទាំងនេះជាមុន»។
នៅក្នុងសារាចររបស់លោក លោកប្រធានាធិបតី Biden បានអំពាវនាវឱ្យនាំ «បុគ្គលពុករលួយ អង្គការឧក្រិដ្ឋកម្មឆ្លងប្រទេស និងអ្នកសម្របសម្រួលរបស់ពួកគេ» មកទទួលខុសត្រូវ រួមទាំងចាត់វិធានការអនុវត្តច្បាប់ព្រហ្មទណ្ឌប្រឆាំងអ្នកទាំងនោះផងដែរ។
លោក Ryan Berg អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិបានប្រាប់VOAថា៖
«សកម្មភាពនេះគួរតែត្រូវបានធ្វើជាយូរមកហើយ ជាពិសេសក្នុងបរិបទនៃការប្រកួតប្រជែងអំណាចដ៏ខ្លាំងដែលមាននៅទូទាំងពិភពលោក ដែលបណ្តាញពុករលួយគឺជាឆ្អឹងខ្នងនៃរបបផ្តាច់ការដែលផ្តល់ភាពងាយស្តារឡើងវិញភាគច្រើនរបស់ពួកគេ»។
លោក Ryan Berg បាននិយាយថា៖
«ការកម្ទេចបណ្តាញដ៏ស្មុគស្មាញ និងមានការបង្កប់នេះគឺជាគន្លឹះសំខាន់ក្នុងការធ្វើឱ្យរបបផ្តាច់ការទន់ខ្សោយ និងផលប្រយោជន៍ដែលពួកគេផ្តល់ឱ្យគ្នាទៅវិញទៅមក។ សារាចរនេះផ្តល់ក្របខណ្ឌដ៏សំខាន់មួយក្នុងការពិចារណានៅពេលស្វែងរកវិធីសាស្ត្ររួមក្នុងជួររដ្ឋាភិបាលចំពោះការប្រកួតប្រជែងយុទ្ធសាស្ត្រជាមួយនឹងប្រទេសផ្សេងដូចជាចិន រុស្ស៊ី និងអ៊ីរ៉ង់នៅក្នុងការប្រកួតប្រជែងពាក់ព័ន្ធទាំងអស់»។
លោក Michael Johnston សាស្ត្រាចារ្យចូលនិវត្តន៍ជំនាញវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Colgate បាននិយាយថា ទោះជាយ៉ាងនេះក្តី ការដោះស្រាយបញ្ហាពុករលួយគឺជារឿងរសើប ចម្រូងចម្រាស មានហានិភ័យ និងជាការប្រយុទ្ធរយៈពេលវែង។
លោក Johnston បានកត់សម្គាល់ថា អង្គការ និងស្ថាប័នអន្តរជាតិដែលចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយចេះតែមានទំនោរដើរចេញពីការប្រយុទ្ធជួនកាល «ដោយសារមួយផ្នែកពួកគេទទួលបានហិរញ្ញប្បទានពីរបបដែលពួកគេធ្វើការដោះស្រាយបញ្ហានេះជាមួយ»។
មន្ត្រីសហរដ្ឋអាមេរិកជាន់ខ្ពស់ម្នាក់បាននិយាយថា ការិយាល័យនាយកស៊ើបការណ៍សម្ងាត់ជាតិ និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលក៏នឹងចូលរួមក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើពុករលួយនេះដែរ ដែលនឹងប្រើប្រាស់ «គ្រប់មធ្យោបាយដែលយើងមានដើម្បីធ្វើឱ្យប្រាកដថា យើងកំណត់អត្តសញ្ញាណអំពើពុករលួយ ទីកន្លែងដែលកំពុងកើតឡើង និងតាក់តែងគោលនយោបាយឆ្លើយតបត្រឹមត្រូវ»។
លោក Kupchan បានប្រាប់VOAថា សកម្មភាពរបស់សហរដ្ឋអាមេរិក «នឹងក្លាយជាការផ្តល់ដំណឹងអំពីបុគ្គលជាច្រើន ទាំងរដ្ឋាភិបាល និងភាគីផ្សេងទៀតនៅជុំវិញពិភពលោកដែលពាក់ព័ន្ធនឹងការអនុវត្តពុករលួយ។ ប៉ុន្តែនិយាយឱ្យត្រង់ទៅ នេះជាដំណើរការរយៈពេលវែង»។
បទបញ្ជារបស់លោកប្រធានាធិបតី Biden ស្នើឱ្យមានការត្រួតពិនិត្យអន្តរស្ថាប័នដែលត្រូវបញ្ចប់ក្នុងរយៈពេល ២០០ ថ្ងៃដោយត្រូវដាក់របាយការណ៍ និងការផ្តល់អនុសាសន៍ជូនលោកប្រធានាធិបតីដើម្បីដាក់ទិសដៅ និងសកម្មភាពបន្តទៀត។
លោកប្រធានាធិបតីបានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា៖
«សហរដ្ឋអាមេរិកនឹងដឹកនាំដោយឧទាហរណ៍ និងក្នុងភាពជាដៃគូជាមួយនឹងសម្ព័ន្ធមិត្ត សង្គមស៊ីវិល និងវិស័យឯកជនដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ប៉ុន្តែនេះគឺជាបេសកកម្មសម្រាប់ពិភពលោកទាំងមូល ហើយយើងត្រូវរួមគ្នាគាំទ្រដល់ពលរដ្ឋក្លាហាននៅជុំវិញពិភពលោកដែលកំពុងទាមទារឱ្យមានអភិបាលកិច្ចទៀងត្រង់ និងមានតម្លាភាព»។
លោកJohnston ដែលជាអ្នកនិពន្ធកម្រងអត្ថបទ៤លេខអំពី«អំពើពុករលួយក្នុងវិស័យសាធារណៈ» និងសៀវភៅផ្សេងទៀតទាក់ទងនឹងប្រធានបទនេះបានចាត់ទុកការប្រកាសរបស់លោកប្រធានាធិបតី Biden ថាជា«សំណើមានតម្លៃនឹងធ្វើ និងជាអ្វីដែលយើងកំពុងព្យាយាមធ្វើ ប៉ុន្តែត្រូវធ្វើឱ្យបានល្អជាងនេះ»។
លោកJohnston បាននិយាយថា គេត្រូវយកចិត្តទុកដាក់បន្ថែមនៅកម្រិតប្រជាជនមូលដ្ឋានជាជាងយកគោលដៅពីលើមកក្រោម។
លោកបានប្រាប់ VOAថា «វាមិនមែនជាបញ្ហាបច្ចេកទេសនៃអភិបាលកិច្ចនោះទេ។ វាជាសំណួរនៃភាពយុត្តិធម៌ដែលអ្នកអាចមើលឃើញនៅគ្រប់ផ្នែកក្នុងពិភពលោក»៕