ការប្រកែក​គ្នា​កើត​មាន​​លើការ​ធ្វើបត្យាប័ន​លោក​ Julian Assange ស្ថាបនិក​ WikiLeaks មក​កាន់​សហ​រដ្ឋអាមេរិក​

រូបភាពឯកសារ៖ ស្ថាបនិកWikiLeaks លោក Julian Assange បាន​ចាកចេញ​ពី​ប៉ុស្តិ៍​ប៉ូលិស​ក្នុង​ទីក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី​១១ ខែមេសា ឆ្នាំ២០១៩។

មួយថ្ងៃបន្ទាប់ពីការចាប់ខ្លួន ​លោក Julian Assange ស្ថាបនិក WikiLeaks ​បាន​ជាប់​នៅ​ក្នុង​គុក​មួយ​នៅ​ចក្រភព​អង់គ្លេស ​ខណៈដែល​ជម្លោះ​វិធាន​ការ​ច្បាប់និង​នយោបាយ​ដ៏​យូរ​អង្វែង​នឹង​កើត​មានឡើង​ទាក់ទង​នឹង​ជោគ​វាសនា​របស់​លោក។​

លោក ​Jeremy Corbyn​ មេដឹក​នាំគណបក្ស​ពលករ​ដែល​ជា​គណបក្ស​ប្រឆាំង​នៅ​ចក្រភព​អង់គ្លេស​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អង់គ្លេសរារាំង​ការ​ធ្វើ​បត្យាប័ន​លោក​ Julian Assange ​មក​កាន់​សហ​រដ្ឋអាមេរិក​ ដោយ​និយាយ​នៅលើ​ Twitter ​របស់​លោក​ថា​ «រដ្ឋាភិបាលគួរ​ជំទាស់​ការ​ធ្វើ​បត្យាប័ន​លោក Julian Assange ទៅ​សហ​រដ្ឋ​អាមេរិក​ដោយ​សារ​ការ​បង្ហាញ​ភស្តុតាងនៃ​អំពើ​ឃោរ​ឃៅ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​អាហ្វហ្គានីស្ថាន»។​ ​

លោកស្រី​ Jennifer Robinson ​មេធាវី​របស់​លោក​ Assange ​នៅទីក្រុង​ឡុងដ៍​បាន​បញ្ជាក់​ថា ​អ្នកស្រីនឹង​តស៊ូ​ប្រឆាំង​នឹង​ការ​ប៉ុនប៉ង​កាត់ទោស​លោក Assange ​នៅតុលាការ​អាមេរិក។​ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ BBC ​កាល​ពីថ្ងៃ​សុក្រ​ ​លោកស្រី​ Robinson ​បាន​និយាយ​ថា ​«គាត់ពិត​ជា​ប្រឆាំង​ការ​ធ្វើ​បត្យាប័ន​ហើយ​ប្រឆាំង​យ៉ាង​ខ្លាំង​ក្លា» ។ ​

សំណួរ​សំខាន់​គឺ​ថា ​ហេតុអ្វី​សហ​រដ្ឋអាមេរិក​ស្វែងរក​ការ​ធ្វើ​បត្យាប័ន​រូប​គាត់​ដោយសារ​តែ​គាត់ផ្សព្វផ្សាយ​ព័ត៌មាន​ពិត?»

ទាក់ទង​នឹងការ​ចាប់ខ្លួនលោក Julian Assange លោក Mike Pompeo ​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា.​និយាយ​ថា​ «ស.រ.អា.​រីករាយនៅពេលមានការ​កាត់ទោស​អ្នកលួច​ព័ត៌មាន​ទៅ​ផ្សព្វផ្សាយធ្វើ​ឲ្យ​ជីវិតទាហាន​ អាកាស​យានិក​អាមេរិក​ប្រឈម​គ្រោះ។ ​ព័ត៌មាន​អំពី​ទាហាន​អាមេរិក​បម្រើការ​នៅ​បរទេស​ត្រូវ​គេលួច​ទៅ​ផ្សព្វផ្សាយ​ជាសាធារណៈ ​ធ្វើ​ឲ្យពួក​គេប្រឈម​គ្រោះ​ថ្នាក់​។ ​ធ្វើដូច្នេះ​មិន​ត្រឹម​ត្រូវ​ទេ។ ​នេះ​មិនមែន​ជា​វិជ្ជាជីវៈ​សារព័ត៌មាន​ទេ»៕​